A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 26 November 2012

Hun Sen warned that he would not intervene for land grab victims who asked political parties and civil society for help [Is this a political blackmail?] សង្គម​ស៊ីវិល​ប្រតិកម្ម​តប​នឹង​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី

ដោយ វិជ័យ អានន្ទ 2012-11-25 RFA
សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រកាស​របស់​​នាយករដ្ឋមន្ត្រី ថា​កុំ​ឲ្យ​តំណាងរាស្ត្រ​មក​ពី​បក្ស​នយោបាយ និង​សង្គម​ស៊ីវិល ចូល​រួម​ឈឺ​ឆ្អាល​ជាមួយ​នឹង​ប្រជា​សហគមន៍​ទាំង​នោះ។

RFA/Tin Zakariya. Boeung Kak residents protest against evictions from their houses and lands.
០៩-មករា-២០១១: អ្នក​ភូមិ​បឹងកក់ តវ៉ា​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​បញ្ចប់ បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក មិន​មាន​ដំណោះស្រាយ។
មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ប្រជា​សហគមន៍​ទាំង​នោះ​អះអាង​ថា ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ដូច្នោះ អាច​នាំ​ឲ្យ​មាន​ការ​បែងចែក​បក្ស​ពួក​នៅ​ក្នុង​សង្គម។
តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ថា នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​សហគមន៍​គឺ​ជា​ដំណឹង​ល្អ ដែល​ឆ្លើយ​តប​ការ​ទន្ទឹង​រង់​ចាំ​របស់​ពួកគាត់។ ប៉ុន្តែ​ពួកគាត់​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​ចាត់​ទុក​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ទាំង​អស់​មក​ពី​គ្រប់​គណបក្ស ជា​ដៃគូ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស។
អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាម​អ្នក​នយោបាយ​ និង​មន្ត្រី​សង្គម​ស៊ីវិល​កុំឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​ប្រជា​សហគមន៍​ នោះ ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​ថា ការ​លើក​ឡើង​នោះ​អាច​នាំឲ្យ​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​នៃ​បក្ស​នយោបាយ​នានា ​ខក​ចិត្ត​ចំពោះ​អ្វី​ដែល​ពួកគាត់​ខិតខំ​ជួយ​លើក​ស្ទួយ​ប្រទេស​ជាតិ​ឲ្យ​មាន ​ការ​អភិវឌ្ឍ។ ផ្ទុយ​ទៅ​វិញ ការ​ខិតខំ​របស់​ពួកគាត់​ត្រូវ​រង​ការ​ចោទ​ពី​សំណាក់​រដ្ឋាភិបាល​ថា ពួកគាត់​ជា​អ្នក​បង្ក​ឲ្យ​មាន​ជម្លោះ​ដីធ្លី​រីក​សាយ​កាន់​តែ​ធំ​ទៅ​វិញ។
អ្នកស្រី​បញ្ជាក់​ថា កន្លង​មក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ជួយ​ដល់​ប្រជា​សហគមន៍​យ៉ាង​ ច្រើន តាម​រយៈ​ការ​ផ្ដល់​ចំណេះ​ផ្លូវ​ច្បាប់ ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្គាល់​ពី​សិទ្ធិ និង​ចេះ​ការពារ​សិទ្ធិ​សេរី​របស់​ខ្លួន​កុំ​ឲ្យ​ក្រុម​ហ៊ុន​រំលោភ​បំពាន​តាម ​អំពើ​ចិត្ត។
អ្នកស្រី ទេព វន្នី៖ «ដោយសារ​តែ​មាន​ការ​អប់រំ ​ពន្យល់​ឲ្យ​មាន​ការ​យល់​ដឹង​ពី​សិទ្ធិ ពី​ច្បាប់​ទៅ​ដល់​ប្រជាជន ទៅ​ដល់​សហគមន៍​អ៊ីចឹង​ទៅ ដូច​ជាក់ស្ដែង​បទពិសោធន៍​ខ្លួន​ខ្ញុំ​ផ្ទាល់​អី គឺ​យើង​ពិចារណា​បាន​វែង​ឆ្ងាយ យើង​អត់​គិត​ខ្លី​ទេ ហើយ​ប្រើ​ការ​ទាមទារ​ដោយ​សន្តិវិធី យើង​ប្រើ​តាម​សិទ្ធិ​ច្បាប់​ដែល​យើង​មាន ដែល​យើង​អាច​ទទួល​យក​បាន។ គឺ​ជា​ចំណែក​មួយ​ដ៏​ធំ​សម្រាប់​អង្គការ​ដែល​គាត់​បាន​ចូល​រួម​ជួយ​ដល់​ រដ្ឋាភិបាល ដល់​សង្គម ដល់​ប្រជាជន​ដែល​គាត់​អត់​យល់​ដឹង​នោះ ចៀស​វាង​ការ​ប្រើ​អំពើ​ហិង្សា ការ​តបត​ហិង្សា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​មាន​ការ​ចលាចល​នោះ​ណា»
ទោះ​យ៉ាង​ណា​អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា សកម្មភាព​តវ៉ា​ផ្សេងៗ​របស់​ប្រជា​សហគមន៍​ដែល​ធ្វើ​ឡើង​ជា​រឿយៗ​នោះ ដោយសារ​ពួកគេ​មាន​បំណង​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគាត់​ ប៉ុណ្ណោះ ដូច្នេះ​ហើយ​អ្នកស្រី​ទទូច​សុំឲ្យ​រដ្ឋាភិបាល​ចាត់​ទុក​បញ្ហា​របស់​រាស្ត្រ​ ជា​បញ្ហា​អាទិភាព មុន​នឹង​គិត​បញ្ហា​ដទៃ​ទៀត។
កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឱកាស​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​នា​ខេត្ត​ ព្រះវិហារ ថា​លោក​នឹង​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​ទាំង​ឡាយ​ណា ដែល​មាន​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​ចូល​រួម​ឈឺ​ឆ្អាល​នោះ​ឡើយ ព្រោះ​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ទាំង​នោះ​បង្ក​ឲ្យ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​ ដោះស្រាយ​លើ​បញ្ហា​ទាំង​នោះ។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​ដែរ នាយក​លេខាធិការដ្ឋាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀរ ភារម្យ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នាំ​ឲ្យ​មាន​ការ​បែងចែក​បក្សពួក​នៅ​ក្នុង​សង្គម ព្រោះ​ការ​លើក​ឡើង​នោះ ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​រើសអើង​រវាង​ពលរដ្ឋ​មាន​និន្នាការ​ទៅ​រក​បក្ស​ កាន់​អំណាច​ជាមួយ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។
ម្យ៉ាង​ទៀត​លោក​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នោះ​បាន​បង្ហាញ​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​ទៅ​ នឹង​ទង្វើ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត ព្រោះ​បញ្ហា​ដែល​កើត​ឡើង​នោះ គឺ​បណ្ដាល​មក​ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ការ​ផ្ដល់​ដីសម្បទាន​ សេដ្ឋកិច្ច​ ដែល​មាន​រយៈពេល​វែង​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​វិនិយោគ។ ដូច្នេះ​ការ​ចោទ​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិបាក​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ ​ជា​រឿង​មិន​ពិត ព្រោះ​អ្វី​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​នោះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​សហគមន៍​រង​គ្រោះ​ដោយសារ​ បញ្ហា​ដីធ្លី​ទាំង​នោះ ចេះ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ពី​សំណាក់​ អាជ្ញាធរ​ដែល​មិន​គោរព​ច្បាប់​មួយ​ចំនួន និង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ធ្វើ​ការ​អភិវឌ្ឍ​ទាំង​ឡាយ​ណា​ដែល​មិន​គោរព​ តាម​កិច្ចសន្យា​ស្រប​គោលការណ៍​របស់​រដ្ឋាភិបាល​បាន​កំណត់​ឲ្យ។
លោក សៀរ ភារម្យ៖ «នៅ​ពេល​គាត់​មាន​ប្រសាសន៍​ដូច្នេះ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​សោកស្ដាយ មាន​ការ​ខក​ចិត្ត នៅ​ពេល​ដែល​សម្ដេច​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ដែល​ជា​ការ​រើសអើង ដែល​ជា​ការ​មិន​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ​របស់​ខ្លួន»
ប្រហាក់​ប្រហែល​គ្នា​នេះ តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស លោក ញ៉ែម បុញ្ញាឫទ្ធិ មាន​ប្រសាសន៍​ថា បញ្ហា​ជម្លោះ​ដីធ្លី​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​បាន​ទទួល​នូវ​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ពលរដ្ឋ​របស់​ ខ្លួន​តាម​រយៈ​ការ​បោះ​ឆ្នោត។
បន្ថែម​លើ​នេះ លោក ញ៉ែម បុញ្ញាឫទ្ធិ បញ្ជាក់​ថា តំណាងរាស្ត្រ​គ្រប់​គណបក្ស​នយោបាយ​សុទ្ធ​តែ​មាន​សិទ្ធិ​ចុះ​ជួយ​ប្រជាពលរដ្ឋ ​ទាំង​ឡាយ​របស់​ខ្លួន​ដែល​មាន​បញ្ហា និង​ទុក្ខ​លំបាក​មិន​ថា ពួក​គាត់​ស្ថិត​នៅ​កន្លែង​ណា​នោះ​ឡើយ។ ម្យ៉ាង​ទៀត លោក​ថ្លែង​បន្ត​ថា អ្នក​នយោបាយ​គួរ​រួបរួម​គ្នា​កសាង​ប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​រីក​ចម្រើន​ ទៅ​មុខ​ជា​ជាង​ចាត់​ទុក​គ្នា​ជា​សត្រូវ។
ទោះ​យ៉ាង​ណា អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នោះ​ពុំ​សូវ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ឲ្យ ​ស្រប​តាម​តួនាទី​របស់​ខ្លួន​នៅ​ឡើយ ដោយ​លោក​បញ្ជាក់​ថា បើ​សិន​រដ្ឋាភិបាល​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ ប្រហែល​ជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ​មិន​ទៅ​ពឹង​ពាក់​បក្ស​ ប្រឆាំង និង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នោះ​ឡើយ។
ដោយ​ឡែក ទាក់ទង​នឹង​ការ​ហាម​ឃាត់​តំណាងរាស្ត្រ​កុំ​ឲ្យ​លូកដៃ​ចូល​ក្នុង​រឿង​ជម្លោះ​ ដីធ្លី លោក កែម ឡី មាន​ប្រសាសន៍​ថា ជា​ការ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស៖ «តួនាទី​របស់​ តំណាងរាស្ត្រ​គឺ​មាន ៤ សំខាន់ៗ តាក់តែង​ច្បាប់ ត្រួត​ពិនិត្យ​ដំណើរ​ការ​យន្តការ​ដោះស្រាយ​បញ្ហា​ការ​អនុវត្ត​របស់​ រដ្ឋាភិបាល សួរសុខទុក្ខ​ប្រជាជន និង​តំណាង​ឲ្យ​ប្រជាជន។ ពេល​ដែល​ប្រជាជន​មាន​បញ្ហា​ហ្នឹង គឺ​ធ្វើ​ជា​តំណាង​ដល់​ពេល​យើង​អត់​ឲ្យ​គាត់​ធ្វើ​ជា​តំណាង អត់​ឲ្យ​គាត់​ធ្វើ​ជា​សាក្សី អត់​ឲ្យ​គាត់​ធ្វើ​ការ​តាមដាន អា​ហ្នឹង​បែរ​ជា​រឹតត្បិត​តួនាទី និង​ភារកិច្ច​របស់​តំណាងរាស្ត្រ​ទៅ​វិញ»
បន្ថែម​លើ​នេះ លោក កែម ឡី បញ្ជាក់​ថា ការ​ទាមទារ​របស់​រដ្ឋាភិបាល​ចាត់​ចែង​ក្នុង​ការងារ​ប្រទេស​ជាតិ​តែ​ម្ខាង ដោយ​គ្មាន​ការ​ចូល​រួម​ពី​សំណាក់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​នោះ វា​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង​ផល​ប៉ះពាល់​មួយ​ចំនួន រួម​មាន​ការ​ដឹកនាំ​គ្មាន​តម្លាភាព ម្ចាស់​ជំនួយ​មិន​សូវ​មាន​ទំនុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល និង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស​មិន​ឆ្លើយ​តប​នឹង​ តម្រូវ​ការ​ប្រជាពលរដ្ឋ​គ្រប់​ជ្រុងជ្រោយ។
ជាង​នេះ​ទៀត លោក​អះអាង​ថា គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ឃ្លាំ​មើល​ភាព​ខុស​ឆ្គង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដឹកនាំ​ប្រទេស ដើម្បី​រិះគន់​នូវ​ចំណុច​ខ្វះខាត​ទាំង​នោះ ក្នុង​បំណង​កែ​លំអ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន។ មួយ​វិញ​ទៀត ការ​បង្ហាញ​ពី​សកម្មភាព​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​ពលរដ្ឋ​ក្នុង​សង្គម ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ក្នុង​សង្គម​នោះ​កំពុង​តែ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ៕

No comments: