លោក ហ៊ុន សែន៖ កម្ពុជាមិនមែនទទួលបានសន្តិភាពដោយសារវត្តមានអ៊ុនតាក់
ដោយ វណ្ណ វិចារ
2012-09-30 Radio Free Asia
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីថា ប្រទេសកម្ពុជា
មិនមែនបានទទួលសន្តិភាពពេញលេញ
ដោយសារវត្តមានអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា
ហៅថា អ៊ុនតាក់ (UNTAC) នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងពិធីប្រគល់ប្លង់ដីជូនពលរដ្ឋខេត្តបាត់ដំបង នៅថ្ងៃទី៣០ កញ្ញា
ថ្លែងជាថ្មីថា កងកំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
អ៊ុនតាក់ មិនបានស្វែងរកសន្តិភាពពិតប្រាកដជូនពលរដ្ឋកម្ពុជា នោះទេ។
ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា
មិនឯកភាពនឹងការលើកឡើងរបស់លោក ហ៊ុន សែន ឡើយ។
លោក ហ៊ុន សែន មានប្រសាសន៍ថា អ៊ុនតាក់
បានចំណាយលុយជាងពីរពាន់លានដុល្លារដើម្បីនាំកម្ពុជា
ទៅរកប្រជាធិបតេយ្យ និងសន្តិភាព ប៉ុន្តែបែរជាមិនជោគជ័យ។ លោកបន្តថា
បន្ទាប់ពីបោះឆ្នោតឆ្នាំ១៩៩៣
កម្ពុជានៅតែជាប្រទេសមួយតំបន់ត្រួតត្រាពីរ
គឺរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលខ្មែរក្រហម
ដែលប្រយុទ្ធគ្នាជារៀងរាល់ថ្ងៃ។
លោក ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយឈ្នះៗរបស់លោកទើបជាការនាំកម្ពុជា ឲ្យសន្តិភាពពេញបរិបូរណ៍ពិតប្រាកដ៖
«ព្រោះពេលដែលត្រឡប់ទៅវិញ ខ្ញុំនៅចាំបាន បណ្ដាក់គ្នាចេញទាំងយប់
ព្រោះនៅខ្លាចជាប់ផុង។
អ៊ុនតាក់អនុវត្តកិច្ចព្រមព្រៀងបានតែបីភាគីទេ ហើយទីក្រុងអន្លង់វែង
ថែមទាំងបានបោះក្រដាសប្រាក់ចាយទៅទៀត»។
លោក ហ៊ុន សែន បន្តថា
អ៊ុនតាក់មិនមែនជាតួឯកដែលនាំមកនូវសន្តិភាពជូនកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ
ថ្លែងថា
កម្ពុជាបានទទួលសន្តិភាពក៏ដោយសារតែមានកិច្ចព្រមព្រៀងទីក្រុង
ប៉ារីស និងការបោះឆ្នោតឆ្នាំ១៩៩៣។
លោកបន្តថា ប្រទេសកម្ពុជាមុនការបោះឆ្នោតឆ្នាំ១៩៩៣ ជាប្រទេសឯកោ
ពិភពលោកមិនទទួលស្គាល់ កុម្មុយនិស្តស្ថិតក្រោមឥទ្ធិពលវៀតណាម
ពលរដ្ឋរស់នៅរងការគំរាមកំហែងគ្រប់ពេលវេលា។
លោក យឹម សុវណ្ណ បញ្ជាក់ថា
ប្រទេសកម្ពុជាបានមកដល់សព្វថ្ងៃដោយសារពលរដ្ឋ
និងអ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា
មិនមែនជាកម្មសិទ្ធិផ្ដាច់មុខជនណាម្នាក់ឡើយ៖ «ក្រោយ
កិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងមានការបោះឆ្នោត
ការរៀបចំរដ្ឋធម្មនុញ្ញទើបធ្វើឲ្យកម្ពុជា អាចទទួលជំនួយបានពីបរទេស
ធ្វើសមាហរណកម្មទៅក្នុងតំបន់ក្នុងពិភពលោក
ជាគុណសម្បត្តិរបស់ខ្មែរគ្រប់ភាគី មិនមែនរបស់នរណាម្នាក់
ឬគណបក្សណាមួយនោះទេ»។
ទោះយ៉ាងណាក្តី អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ
ចោទជាចម្ងល់ថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ព្យាយាមបដិសេធគុណសម្បត្តិនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស?
លោកបន្តថា មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
មានការបោះឆ្នោតរៀបចំដោយឆ្នាំ១៩៩៣
ទើបបរទេសលែងហ៊ានលូកដៃជួយខ្មែរក្រហម។
ប្រការនោះជាភ្លើងខៀវដែលអាចនាំឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ
ក្លាយជាស្របច្បាប់ និងអាចសម្រេចយុទ្ធសាស្ត្រឈ្នះៗបាន។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា បើមិនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
និងការបោះឆ្នោតទេនោះ កម្ពុជានឹងមានសង្គ្រាមរហូតដល់សព្វថ្ងៃ៖ «ហ្នឹងគួរនិយាយផងថា អ៊ុនតាក់អត់ប្រសិទ្ធភាពហ្នឹងមកពីយើងមិនឲ្យគេគ្រប់គ្រងឲ្យគ្រប់ផ្នែកគ្រប់ភាគីហ្នឹង»។
ក្រុមអ្នកតាមដាននៅតែចាត់ទុកថា វត្តមានអ៊ុនតាក់
ជាផ្នែកមួយដ៏សំខាន់ដែលនាំឲ្យកម្ពុជា មានពន្លឺនៃសន្តិភាព
ហើយចំណុចដែលនាំឲ្យអ៊ុនតាក់ មិនអាចរំលត់សង្គ្រាមនៅកម្ពុជា
មកពីភាគីជម្លោះនៅកម្ពុជា
មិនព្រមគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដោយភាគីទាំងអស់មិនព្រមទម្លាក់អាវុធចុះដើម្បីចូលរួមបោះឆ្នោត
ដូចជាភាគីហ៊្វុនស៊ុនប៉ិច ខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជា។
អ្នកវិភាគយល់ថា ពលរដ្ឋកម្ពុជា
បច្ចុប្បន្ននេះកំពុងតែត្រូវការនូវសិទ្ធិសេរីភាព សន្តិភាព ទាំងកាយ
និងចិត្ត ព្រមទាំងការគោរពសិទ្ធិមនុស្ស៕
2 comments:
Hun Sen said the UN peace process failed in Cambodia in 1993.
Why ? Back then, he could NOT cheat on the supervised election !!!
Agree. Hun Sen is angry with the UN because in 1993 he could not cheat to win the election. Now he is happy because he can cheat to win the election every time.
Post a Comment