បក្សប្រឆាំងធ្វើពហិការមិនប្រើការិយាល័យបក្សប្រជាជនសម្រាប់បម្រើការរដ្ឋ
ដោយ វណ្ណ វិចារ 2012-10-12 RFA
អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី
ច្បាប់ប្រឆាំងអំពើពុករលួយ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
កាលពីថ្ងៃទី៩ តុលា
ដែលអាជ្ញាធរស្រុកតម្រូវឲ្យសមាជិកក្រុមប្រឹក្សាឃុំ
មកពីគ្រប់គណបក្សចូលរួមក្នុងវគ្គនេះ។
ប៉ុន្តែ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ដែលមកពីគណបក្សប្រឆាំង ធ្វើពហិការមិនចូលរួមឡើយ ដោយសារមូលហេតុនយោបាយ។
សមាជិកគណបក្ស សម រង្ស៉ី នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
គ្រោងដាក់លិខិតជូនប្រធានក្រុមប្រឹក្សាស្រុក
និងប្រធានក្រុមប្រឹក្សាខេត្ត
ដើម្បីដេញដោលពីមូលហេតុដែលអាជ្ញាធរស្រុក
យកទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ជាទីតាំងផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ។
សមាជិកក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល លោក កុល ហូ នៅថ្ងៃទី១២ តុលា
មានប្រសាសន៍ថា អាជ្ញាធរស្រុកខ្សាច់កណ្ដាល
បានចេញលិខិតអញ្ជើញសមាជិកក្រុមប្រឹក្សាស្រុក ឃុំ
ទាំងអស់ចូលរួមស្វែងយល់ពីច្បាប់ប្រឆាំងអំពើពុករលួយ
ដែលអង្គភាពប្រឆាំងអំពើពុករលួយជាអ្នកបណ្ដុះបណ្ដាល
នៅទីតាំងសាលាស្រុកខ្សាច់កណ្ដាល។
លោកបន្តថា លុះព្រឹកថ្ងៃទី៩ តុលា
អាជ្ញាធរស្រុកបែរជាប្រាប់ឲ្យអ្នកចូលរួមទាំងអស់ចូលទៅក្នុង
ស្នាក់ការគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសមាជិកក្រុមប្រឹក្សាស្រុក
ឃុំ មកពីគណបក្ស សម រង្ស៉ី និងសិទ្ធិមនុស្សជាង ៣០នាក់
ធ្វើពហិការមិនចូលរួមតែម្តង។
លោក កុល ហូ បញ្ជាក់ថា គណបក្ស សម រង្ស៉ី នឹងមិនអាចនៅស្ងៀមចំពោះបញ្ហានេះឡើយ៖ «និយាយ
ទៅ គេឆ្លៀតយកចំណេញផ្នែកនយោបាយ
អ៊ីចឹងទៅខាងខ្ញុំមិនអាចទទួលយកបានទេ ប្រជុំក្រុមប្រឹក្សាស្រុក
ខ្ញុំនឹងយករឿងនេះទៅនិយាយ។
ហើយខ្ញុំធ្វើសេចក្តីជូនដំណឹងនេះទៅក្រុមប្រឹក្សាខេត្ត»។
ទោះយ៉ាងណាក្តី អភិបាលស្រុកខ្សាច់កណ្ដាល លោក គង់ សោភ័ណ
បំភ្លឺមូលហេតុនេះថា មកសាលាស្រុកមានទីតាំងតូចពេក
ណាមួយបើធ្វើរោងនៅកណ្ដាលវាល ក៏ពិបាកខ្លាចត្រូវភ្លៀងខ្យល់
ទើបយកទីស្នាក់ការបក្សប្រជាជនកម្ពុជា ដែលអាចផ្ទុកមនុស្ស
១ពាន់នាក់មកជំនួស។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា
មិនមានចេតនាណាមួយកេងចំណេញនយោបាយនោះទេ។ លោក គង់ សោភ័ណ បញ្ជាក់ថា
ការធ្វើពហិការមិនចូលរួមស្វែងយល់ពីច្បាប់
ជាការខាតបង់របស់ក្រុមប្រឹក្សាស្រុក ឃុំ មកពីគណបក្សប្រឆាំង៖ «គណបក្ស
ប្រជាជន គេមិនប្រកាន់ផង ឲ្យចូលកន្លែងគេប្រជុំ យើងគិតមើល
គណបក្សគាត់ដែលឲ្យគណបក្សប្រជាជនចូលកន្លែងគាត់ទេ
គាត់អត់មានកន្លែងផងហ្នឹង។ យើងមិនប្រកាន់ទេបក្សនយោបាយ
អីគ្រាន់តែប្រជុំផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយសោះហ្នឹង»។
លោក គង់ សោភ័ណ បន្តថា លោកស្នើឲ្យសមាជិកបក្សប្រឆាំងទាំងអស់ បើកចិត្តឲ្យទូលាយក្នុងនាមជាខ្មែរដូចគ្នា។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) លោក ហង្ស
ពុទ្ធា បានពន្យល់ថា ការប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជន
មកធ្វើជាកន្លែងផ្សព្វផ្សាយណាមួយក្នុងនាមរដ្ឋាភិបាលនោះ
ជាប្រការមិនត្រឹមត្រូវ។ លោកបន្តថា មន្ត្រីបក្សកាន់អំណាច
គឺមិនអាចគេចរួចពីការចោទប្រកាន់ថា កេងចំណេញនយោបាយបាននោះឡើយ៖ «ការ
ធ្វើពហិការរបស់គណបក្សប្រឆាំង ជាសិទ្ធិរបស់ពួកគាត់
និងជាសកម្មភាពតស៊ូមតិមួយទៀត
ដូចនេះមន្ត្រីរដ្ឋាភិបាលត្រូវតែគិតគូរពីសំឡេងភាគតិច»។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា
ការយកទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
មកធ្វើជាកន្លែងធ្វើការរដ្ឋ ជាភស្តុតាងមួយបង្ហាញថា
គណបក្សកាន់អំណាចមានធនធានសម្បូរបែប
ដើម្បីកសាងទីស្នាក់ការរបស់គណបក្សខ្លួន ខណៈពេលដែលរដ្ឋាភិបាលកម្ពុជា
មានលទ្ធភាពតិចតួចក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការធ្វើ
ការរបស់មន្ត្រីរាជការ៕
No comments:
Post a Comment