មន្ត្រីអង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា
បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង
ចំពោះការសម្រេចចិត្តរបស់តុលាការខេត្តកោះកុង
បញ្ចប់រឿងក្ដីបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ចុះថ្ងៃទី៧ តុលា បានហៅការបិទសំណុំរឿងរបស់តុលាការខេត្តកោះកុង
លើសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី ថា ជារឿងនយោបាយនៅពីក្រោយខ្នង
បិទបាំងក្រុមមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលស៊ុមគ្រលុំជាមួយ
ក្រុមហ៊ុនចិនមួយ កាប់បំផ្លាញព្រៃឈើនៅខេត្តកោះកុង
ទទួលផលប្រយោជន៍ពីការកាប់បំផ្លាញព្រៃឈើនេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា
ការបិទសំណុំរឿងអាចឲ្យឃាតកពិតរួចខ្លួន
ហើយគ្រួសារអ្នកដែលត្រូវគេបាញ់សម្លាប់ដូចជាគ្រួសារសពលោក ឈុត
វុទ្ធី និងគ្រួសារសពលោក អ៊ិន រតនា
ដែលជាអតីតសន្តិសុខក្រុមហ៊ុនចិនដែរនោះ
ដែលដំបូងឡើយគេសង្ស័យថាជាអ្នកបាញ់លោក ឈុត វុទ្ធី
មិនទទួលបាននូវយុត្តិធម៌។
លោក អ៊ូ វីរៈ៖ «ខ្ញុំយល់ថា រឿងនេះបើសិនជាបិទបែបហ្នឹង
គេនឹងទម្លាក់កំហុសទាំងអស់លើអ្នកស្លាប់ គឺលោក អ៊ិន រតនា។
ខ្ញុំយល់ថា រឿង រ៉ាន់ បូរ័ត្ន ត្រូវបានចោទថា បានព្យាយាមចាប់កុំឲ្យ
អ៊ិន រតនា បាញ់អីហ្នឹង ខ្ញុំអត់ជឿទេ ហាក់ដូចជាមានការគ្រោងទុក។
ខ្ញុំអត់ដឹងថា មូលហេតុអីទេ បានជា អ៊ិន រតនា
ឈានដល់ការស្លាប់បណ្ដាលមកពីត្រូវគ្រាប់ពីរគ្រាប់បែបនេះទេ។
ដូច្នេះខ្ញុំគិតថា គួរធ្វើការស៊ើបមែនទែន
ក្រុមហ៊ុនណាដែលជាម្ចាស់ថៅកែ លោក រ៉ាន់ បូរ័ត្ន ដែលបាញ់លោក អ៊ិន រតនា
ហ្នឹង ហើយតើអ្នកណាគេជាអ្នកបញ្ជូនលោក អ៊ិន រតនា ទៅទីតាំងហ្នឹង?
ព្រោះអីប៉េអិមនៅទីតាំងហ្នឹង បើយើងមើល»។
តុលាការខេត្តកោះកុង បានសម្រេចបិទសំណុំរឿងឃាតកម្មលើរូបលោក ឈុត
វុទ្ធី នៅថ្ងៃទី៤ តុលា ឆ្នាំ២០១២ ដោយសំអាងថា ឈ្មោះ អ៊ិន រតនា
អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ដែលគេចោទថា
ជាជនល្មើសបាញ់លោក ឈុត វុទ្ធី នោះបានស្លាប់។
ដូច្នេះបណ្ដឹងនេះត្រូវរលត់ ព្រោះចុងចោទបានស្លាប់ទៅហើយ។
លោក អ៊ិន រតនា អតីតមន្ត្រីប៉េអិម ខេត្តកោះកុង
និងជាសន្តិសុខរបស់ក្រុមហ៊ុនចិន ហ្គ្រីន ធិមប៊ឺ (Green Timber)
ត្រូវបានគេចោទថា ជាអ្នកដៃដល់បាញ់លោក ឈុត វទ្ធី កាលពីថ្ងៃទី២៦
មេសា ឆ្នាំ២០១២ នៅក្បែរក្រុមហ៊ុនចិន ហ្គ្រីន ធិមប៊ី ខេត្តកោះកុង
ក្បែរភ្នំក្រវាញ និងក្បែរតំបន់ព្រៃឡង់
ក្នុងពេលលោកចុះស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើ
ដែលកាលនោះមានអ្នកកាសែតពីរនាក់រួមដំណើរជាមួយផង។
បន្ទាប់មកអាជ្ញាធរខេត្តកោះកុង
បានចុះស៊ើបអង្កេតដល់កន្លែងកើតហេតុ ហើយបានអះអាងថា លោក អ៊ិន រតនា
ជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី នៅក្នុងទំនាស់ពាក្យសម្ដី
ដោយសារលោក ឈុត វុទ្ធី មិនស្ដាប់លោក អ៊ិន រតនា ហាមឃាត់មិនឲ្យលោក ឈុត
វុទ្ធី សម្រុកចូលទៅក្នុងបរិវេណក្រុមហ៊ុនចិនមួយ
ដើម្បីស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើ តែលោក ឈុត វុទ្ធី
នៅតែចចេសដែលនាំឲ្យលោក អ៊ិន រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី
ដែលរៀបនឹងបើកឡានចេញទៅហើយនោះ ស្លាប់តែម្ដងទៅ
ហើយក៏បាញ់សម្លាប់ខ្លួនឯងជាក្រោយ ព្រោះខ្លាចជាប់ទោស។
តែរបាយការណ៍នេះត្រូវបានអង្គការការពារសិទ្ធិមនុស្សនានា
ចំអកឲ្យថា
ជារឿងបោកប្រាស់ដើម្បីបិទបាំងការរកស៊ីកាប់បំផ្លាញព្រៃឈើរបស់
ក្រុមហ៊ុនចិន ដែលមន្ត្រីអង្គការនានាចោទថា
មានមន្ត្រីធំៗនៅពីក្រោយខ្នងបានទទួលប្រយោជន៍។
ដោយសារមានការរិះគន់ពីមជ្ឈដ្ឋាននានា
រដ្ឋាភិបាលក៏បានសម្រេចបង្កើតគណៈកម្មការស៊ើបអង្កេតមួយ
ស៊ើបអង្កេតករណីនេះឡើងវិញ។
គណៈកម្មការដែលបង្កើតថ្មីនោះ
បានបំបែកសំណុំរឿងឃាតកម្មនោះជាពីរ។ ទី១ សំណុំរឿងឃាតកម្មលើលោក
ឈុត វុទ្ធី ដែលមានឈ្មោះ អ៊ិន រតនា ជាជនជាប់ចោទ។ សំណុំរឿងទី២
សំណុំរឿងឃាតកម្មលើរូបលោក អ៊ិន រតនា ដែលជនជាប់ចោទឈ្មោះ រ៉ាន់
បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុនដែលក្រុមមន្ត្រីប៉ូលិសអះអាងថា
អ្នកទាំងពីរជាមិត្តភ័ក្ដិជិតស្និទ្ធនឹងគ្នា
ពីបទមនុស្សឃាតដោយអចេតនា។ ប៉ុន្តែនៅពេលនេះ
តុលាការបានបិទសំណុំរឿងឃាតកម្មលើរូបលោក ឈុត វុទ្ធី ហើយ
នៅសល់តែសំណុំរឿងទី២ ដែលមន្ត្រីសិទ្ធិមនុស្សអះអាងថា
រដ្ឋាភិបាលមានចេតនាបំបែររឿងឃាតកម្មលោក ឈុត វុទ្ធី ទៅជារឿងផ្សេង។
លោក អំ សំអាត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ
(Licadho) បានបន្ទរថា រដ្ឋាភិបាលក៏មានចេតនាលាក់បាំងរឿងនេះ
បើមិនដូច្នោះទេ រឿងក្ដីនេះអាចប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនចិន
ដែលគេជឿថា កំពុងរកស៊ីកាប់ឈើខុសច្បាប់
និងកាប់វល្លិល្មៀតនៅទីនោះ។
លោក អំ សំអាត៖ «ខ្ញុំមើលក្នុងគោលបំណងដូចតែគ្នាទេ
គឺថាជនល្មើសដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី ហ្នឹងក៏បានស្លាប់។
អ៊ីចឹងគេចង់បំបិទរឿងឃាតកម្មលោក ឈុត វុទ្ធី តែម្ដង។ យើងឃើញហើយថា
នៅពីក្រោយខ្នងរបស់លោក ឈុត វុទ្ធី
គឺទាក់ទងនឹងបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ
និងតំបន់ព្រៃឡង់ អ៊ីចឹងការស៊ើបអង្កេតរបស់គេ
គេស៊ើបអង្កេតតែលើរឿងករណីឃាតកម្មហ្នឹងទេ
គេមិនបានស៊ើបអង្កេតស្រាវជ្រាវរកឫសគល់នៃការស្រាវជ្រាវរបស់លោក
ឈុត វុទ្ធី រហូតដល់ពីការបាញ់សម្លាប់គាត់
ពីការស្រាវជ្រាវអំពីបទល្មើសព្រៃឈើនៅតំបន់ហ្នឹង។ ខ្ញុំជឿថា
បទល្មើសព្រៃឈើនៅទីនោះ
ពាក់ព័ន្ធនឹងអ្នកមានអំណាចអ្នកមានបុណ្យស័ក្ដិ»។
ទោះយ៉ាងណា លោក ម៉ក់ ជីតូ
ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខយុត្តិធម៌នៃក្រសួងមហាផ្ទៃ
ដែលជាប្រធានគណៈកម្មការស៊ើបអង្កេតសំណុំរឿងនេះ
ជំទាស់ទៅនឹងការអះអាងរបស់មន្ត្រីអង្គការការពារសិទ្ធិមនុស្សទាំង
នោះ។
លោក ម៉ក់ ជីតូ បញ្ជាក់ថា ការស៊ើបអង្កេតករណីនេះធ្វើឡើងមិនមានទាក់ទងនយោបាយទេ៖ «ខ្ញុំ
ធ្វើការតាមច្បាប់ តាមបច្ចេកទេសហ្នឹងអ៊ីចឹងទៅ។
ប៉ុន្តែដល់គាត់ឃើញយ៉ាងម៉េចទៀតស្រេចតែគាត់ទៅ។ គាត់អត់ស្ដាប់
គាត់អត់មើល គាត់ចេះតែថាទៅ គាត់នៅតែរឿងនយោបាយៗហ្នឹង ស្រេចគាត់
គាត់ថា ថាទៅ! គាត់ថារាល់តែថ្ងៃ»។
ជាចុងបញ្ចប់សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស
កម្ពុជា នៅតែបញ្ជាក់ថា
រដ្ឋាភិបាលនៅតែមិនមានឆន្ទៈស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត
វុទ្ធី ទេ ព្រោះថា
រឿងនេះមានមន្ត្រីរដ្ឋាភិបាលជាច្រើនបានផលចំណេញយ៉ាងច្រើនពីការ
រកស៊ីឈើនៅទីនោះ។
ករណីនេះបានបង្ហាញលទ្ធផលដែលគេសង្ស័យកន្លងមកថា
ការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលទៅលើតុលាការ គឺជាការពិត
ហើយក្រុមអង្គការការពារសិទ្ធិមនុស្សមានតួនាទីក្នុងការបញ្ជាក់
បង្ហាញអំពីភាពរួចទោសនៅក្នុងសង្គមខ្មែរ
និងតស៊ូមតិដើម្បីយុត្តិធម៌ និងការពិត៕
No comments:
Post a Comment