ប្រធាន និងអនុប្រធានអាចារ្យវត្តធ្មា ស្រុករំដួល
បានចោទមន្ត្រីការិយាល័យធម្មការ និងសាសនា
ព្រមទាំងមន្ត្រីពាក់ព័ន្ធខេត្តស្វាយរៀង ថា
បានបណ្ដេញពួកគាត់ពីវត្តធ្មា និងដាក់ជំនួសអ្នកថ្មី។
អតីតអាចារ្យវត្តធ្មា
បានចាត់ទុកសកម្មភាពបណ្ដេញរូបលោកពីអាចារ្យវត្តធ្មា
អាចបណ្ដាលមកពីរូបគាត់ជាសកម្មជនគាំទ្រគណបក្ស សិទ្ធិមនុស្ស។
អតីតអាចារ្យវត្តធ្មា មានទីតាំងនៅឃុំធ្មា ខេត្តស្វាយរៀង លោក គង់
សុខុម បានអះអាងនៅថ្ងៃទី៣ ខែតុលា ថា រូបលោក និងលោក ប៉ាល់ សារី
ជាអនុប្រធានអាចារ្យវត្តធ្មា ត្រូវមន្ត្រីការិយាល័យធម្មការ និងសាសនា
ស្រុករំដួល បដិសេធន៍មិនឲ្យឈរឈ្មោះជាបេក្ខជនអាចារ្យវត្តធ្មា
អាណត្តិថ្មីទៀតទេ ព្រោះដឹងថាពួកគាត់គាំទ្របក្ស សិទ្ធិមនុស្ស។
សកម្មភាពនេះ លោក គង់ សុខុម បញ្ជាក់ថា
កើតឡើងបន្ទាប់ពីមានមន្ត្រីការិយាល័យធម្មការ និងសាសនាស្រុករំដួល
មកបញ្ចុះបញ្ចូលរូបលោកឲ្យដកខ្លួនពីបក្ស សិទ្ធិមនុស្ស
មកចូលរួមជាមួយបក្សកាន់អំណាច ត្រូវបរាជ័យ។
លោកឲ្យដឹងថា ការរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យវត្តធ្មា
អាណត្តិថ្មី ធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២
ដោយមានមនុស្សពីរនាក់ទេ ឈរឈ្មោះជាបេក្ខជនប្រធាន
និងអនុប្រធានអាចារ្យវត្តធ្មា។ ហើយថា បេក្ខជនទាំង២
ចាត់តាំងដោយមន្ត្រីការិយាល័យធម្មការ និងសាសនា ស្រុករំដួល
និងមិនបានផ្តល់ព័ត៌មានជាមុនទេ។
ប្រតិកម្មបញ្ហានេះ លោក ព្រំ សំអុន អនុប្រធានធម្មការ និងសាសនា
ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងថា
មន្ត្រីលោកមិនបានបណ្ដេញអតីតអាចារ្យវត្តធ្មា ពីវត្ត
ឬមិនឲ្យឈរឈ្មោះដឹកនាំវត្ត ដូចការចោទប្រកាន់ទេ។ លោកថា
ការមិនចូលរួមឈរឈ្មោះជាបក្ខជនអាចារ្យវត្តធ្មា
ក្នុងអាណត្តិថ្មីរបស់អតីតអាចារ្យវត្តចាស់ ជាជម្រើសពួកគាត់
មិនមែនមានការរើសអើងនយោបាយទេ។
លោក ព្រំ សំអុន បានច្រានចោលការចោទប្រកាន់ដែលថា
មន្ត្រីការិយាល័យធម្មការ ស្រុករំដួល
មកបញ្ចុះបញ្ចូលឲ្យអតីតប្រធានអាចារ្យវត្តធ្មា និងអនុប្រធាន
ចូលរួមជាមួយបក្សប្រជាជន ជារឿងមិនពិត។
បញ្ហានេះ ព្រះចៅអធិការវត្តធ្មា ព្រះនាម អ៊ឹម លន់ ព្រះអង្គមិនធ្វើអត្ថាធិប្បាយទេលើបញ្ហានេះ។
យ៉ាងនេះក្តី លោកបណ្ឌិត ហង្ស ពុទ្ធា
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌
ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច
(NEFEC) បានចាត់ទុកសកម្មភាពនេះថា
ជាការជ្រៀតជ្រែកសិទ្ធិធ្វើនយោបាយរបស់បុគ្គល។ លោកថ្លែងថា
ពលរដ្ឋគ្រប់ៗរូបមានសិទ្ធិចូលរួមនយោបាយជាមួយគណបក្សណាមួយដែល
ខ្លួនពេញចិត្ត ដោយគ្មានការរើសអើង ឬគំរាមកំហែងនោះទេ។
ទោះយ៉ាងណា លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស
បានចាត់ទុកសកម្មភាពរារាំងរបស់មន្ត្រីធម្មការស្រុករំដួល
មកលើសកម្មជនគាំទ្របក្សខ្លួនថា ជាការគំរាមកំហែង។
មន្ត្រីសង្គមស៊ីវិល ឲ្យដឹងថា មុនការបោះឆ្នោតចូលមកដល់ម្តងៗ
តែងកើតមានការគំរាមកំហែង ឬការទិញទឹកចិត្តសកម្មជនពីគណបក្សមួយ
ឲ្យទៅចូលរួមជាមួយគណបក្សមួយ ពិសេសបក្សកាន់អំណាច។ ប៉ុន្តែ
ការបោះឆ្នោតដែលអាចទទួលយកបាន ទាល់តែមានលក្ខណៈសេរី យុត្តិធម៌
និងត្រឹមត្រូវ គ្មានការគំរាមកំហែង
និងគ្មានការកេងបន្លំសន្លឹកឆ្នោតជាដើម៕
2 comments:
I would say a vicar instead of a priest.
As you Know the CPP has set up its strctures at all levels, including the pagodas.
Post a Comment