Listen to audio here.
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃព្រហស្បតិ៍ ទី២៧
ខែកញ្ញា បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ នៃសភាអាមេរិក
ទទួលបន្ទុកផ្នែកគណៈកម្មការសិទ្ធិមនុស្ស ថំ ឡែនថុស៍ (Tom Lantos Human
Rights Commission of US Congress)
និងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្ដីពីស្ថានភាពរំលោភសិទ្ធិមនុស្ស សិទ្ធិសាសនា និងវប្បធម៌
មកលើព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម នៅក្នុងទឹកដីកម្ពុជាក្រោម។
នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រាន់ ម៉ាន់រិន
មានប្រសាសន៍ថា ក្នុងជំនួបនោះ តំណាងប្រតិភូខ្មែរកម្ពុជាក្រោម
បានប្រាប់សមាជិកសភា និងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
ពីព្រឹត្តិការណ៍ចុងក្រោយដែលអាជ្ញាធរវៀតណាម បានធ្វើបាប
និងគាបសង្កត់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
កំពុងរស់នៅប្រទេសវៀតណាម។
លោក ត្រាន់ ម៉ាន់រិន៖ «យើងប្រាប់គេពីស្ថានភាពទូទៅថ្មីៗ
នៅខ្មែរកម្ពុជាក្រោម មានករណី ៣ថ្មីៗ។ ទី១ ករណីលោកនៅវត្តតាសេក
ត្រូវបានអាជ្ញាធរវៀតណាម បង្ខំឲ្យសឹក តែលោកអត់ព្រមសឹក។ ទី២ លោក ងៀ
សន ដែលយួនចោទថាបានរំលោភយាយជីម្នាក់ អាយុជិត ៧០ឆ្នាំ នៅវត្ត។ ទី៣
លោក ចៅ ហេន ដែលទើបរួចពីគុក ដោយសារលោកឈឺធ្ងន់
ទើបខ្លាចស្លាប់ក្នុងគុក ទើបលែងលោក»។
លោក ត្រាន់ ម៉ាន់រិន បន្តថា នេះជាលើកទី១ហើយ
ដែលក្រុមរបស់លោកបានជួបជាមួយសហប្រធាន
នៃគណៈកម្មការផ្នែកសិទ្ធិមនុស្ស ថំ ឡែនថុស៍ ពីខាងគណបក្សប្រជាធិបតេយ្យ
និងសាធារណរដ្ឋ។ លោកថា
គណៈកម្មការនេះបានទទួលស្គាល់សកម្មភាពរំលោភបំពានរបស់អាជ្ញាធរ
វៀតណាម។ មន្ត្រីទាំងនោះ បានសន្យា នឹងជំរុញឲ្យរដ្ឋាភិបាលវៀតណាម
យកចិត្តទុកដាក់បន្ថែមទៀត
អំពីស្ថានភាពលំបាករបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោក ត្រាន់ ម៉ាន់រិន៖ «យើងនៅសង្ឃឹមដែរថា
អ្នកស្រីតំណាងឲ្យខាងគណបក្សសាធារណៈ គាត់ថាសព្វថ្ងៃនេះ
យួនដើរបញ្ច្រាសទិស មានន័យថា បញ្ច្រាសពីប្រជាធិបតេយ្យ
មកផ្តាច់ការវិញ។ លោក ហ្វ្រែន ហ្វូល (Frank Wolf)
បានផ្ញើលិខិតទៅរដ្ឋាភិបាលក្រុងហាណូយ
ដោយសារតែធ្វើកិច្ចការមិនបានល្អ។ ដូចនេះហើយ
គេមិនសប្បាយចិត្តចំពោះរឿងសភាពការណ៍សព្វថ្ងៃ
ដែលរដ្ឋាភិបាលយួនកំពុងធ្វើទៅលើដល់ជនជាតិដើម។ គេមានឱកាស
គេនឹងរៀបចំឲ្យខាងជនជាតិដើម ធ្វើកិច្ចប្រជុំមួយ
ដើម្បីជម្រាបទៅរដ្ឋសភា
ឲ្យបានដឹងពីស្ថានភាពការរំលោភសិទ្ធិទាំងនោះ»។
ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា នោះដែរ មន្ត្រី
៤នាក់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ក៏បានស្នើសុំឲ្យគណៈកម្មការផ្នែកថវិកា នៃសភាអាមេរិក
លៃលកបែងចែកថវិកាផ្នែកសិក្សាធិការដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
ក្នុងគម្រោងថវិកាដល់ប្រទេសវៀតណាម។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានជួបពិភាក្សាផងដែរជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក ត្រាន់ ម៉ាន់រិន មានប្រសាសន៍បញ្ជាក់ថា
ប្រការដែលក្រុមលោកជួបប្រជុំនេះ
គឺដើម្បីជំរុញឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក
បានដឹងច្បាស់អំពីព្រឹត្តិការណ៍ចុងក្រោយ ដែលអាជ្ញាធរវៀតណាម
នៅតែបន្តរំលោភសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនជាតិដើម៖ «ក្រសួង
ការបរទេសនឹងរៀបចំទៅក្រុងហាណូយ
ទៅចរចាខាងសិទ្ធិមនុស្សក្នុងមួយឆ្នាំម្តង។ ប៉ុន្តែលើកនេះ
គេដាច់ខាតនឹងលើកករណី ចៅ ហេន មកនិយាយ
គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ។ រឿងមួយទៀត គឺលោកនៅខាងវត្តតាសេក
ដែលមេគណត្រូវបានរដ្ឋអំណាច បញ្ជាឲ្យលោកសឹក»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)
ក៏បានសម្ដែងការព្រួយបារម្ភចំពោះការរំលោភបំពាននេះដែរ។
អង្គការនេះចាត់ទុកថា អំពើឃោរឃៅរបស់អាជ្ញាធរវៀតណាម
ដែលបានធ្វើទៅលើប្រជាពលរដ្ឋស្លូតត្រង់នោះ
មិនត្រូវបានគេផ្ដន្ទាទោសឡើយ។ លើសពីនេះទៀត
អង្គការនេះបានចាត់ទុកប្រទេសវៀតណាម
ជាប្រទេសមួយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅអាស៊ីអាគ្នេយ៍៕
1 comment:
Go ! Khmers krom goes!...If there were oppression,there were struggles to be freed as well.Your struggled were all khmers struggled...
Post a Comment