មន្ត្រីបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល
ចោទប្រកាន់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្នថា
ជារបបមួយដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ
និងធនធានធម្មជាតិរបស់ប្រទេសយ៉ាងច្រើនសន្ធឹក សន្ធាប់
ដែលមាននៅក្នុងអតីតកាល។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាសាធារណៈថា
លោកនឹងភ្នាល់ដាក់ជីវិត
ប្រសិនបើលោកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនេះមិនបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបនឹងបង្កើតថ្មីអះអាងថា
របបគ្រប់គ្រងក្រោមការដឹកនាំរបស់គណបក្សប្រជាជនបច្ចុប្បន្ន
បានធ្វើឲ្យសម្បត្តិធនធានរបស់កម្ពុជា ត្រូវរងការបំផ្លិចបំផ្លាញ
និងបាត់បង់ជាបន្តបន្ទាប់ ដែលផ្ទុយពីរបបដឹកនាំមុនៗ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
និងជាប្រធានគណបក្សសិទ្ធិមនុស្ស
លោកហៅការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីក្នុងចង្កោមគណបក្សប្រជាជនកម្ពុជា ថា
គឺជាអ្នកដែលធ្វើឲ្យសម្បត្តិធនធានធម្មជាតិរបស់ខ្មែរលើដី
និងក្នុងទឹក ដោយរួមទាំងត្រី រ៉ែ មាស និងព្រៃឈើផងនោះ
ត្រូវរងការកាប់បំផ្លាញ
និងទន្ទ្រានយកធ្វើជាកម្មសិទ្ធិស្ទើរតែគ្មានសេសសល់ក្នុងពេល
បច្ចុប្បន្ននេះ។
លោកបន្តថា
ទាំងរបបគ្រប់គ្រងក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្ដេច
ព្រះនរោត្ដម សីហនុ របបសាធារណរដ្ឋខ្មែរ លោក លន នល់ និងរបបខ្មែរក្រហម
ឬកម្ពុជាប្រជាធិបតេយ្យរបស់ ពល ពត ជាដើម
គឺធនធានធម្មជាតិពុំមានការបាត់បង់ ឬត្រូវគេជួញដូរឲ្យបរទេស
ដូចសម័យនេះនោះទេ៖ «គឺក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ហើយសម័យណាដែលបំផ្លិចបំផ្លាញធនធានធម្មជាតិច្រើនជាងសម័យដែលដឹកនាំ
ដោយគណបក្សប្រជាជនកម្ពុជា ទេ។ គ្រប់របបទាំងអស់ ទោះបីរបប ពល ពត
ដែលសម្លាប់មនុស្សច្រើនជាងគេ
ប៉ុន្តែរបបឥឡូវនេះសម្លាប់ធម្មជាតិច្រើនជាងគេទៀតបាទ»។
ទាក់ទិនករណីនេះ អង្គការការពារបរិស្ថានពិភពលោក (Global Witness)
ដែលមានមូលដ្ឋាននៅទីក្រុងឡុង (London) ប្រទេសអង់គ្លេស
បានហៅប្រទេសកម្ពុជាថា ជាប្រទេសសម្រាប់លក់។
នៅក្នុងរបាយការណ៍របស់អង្គការការពារបរិស្ថានពិភពលោក
ចេញនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១១ ឲ្យដឹងថា ពលរដ្ឋប្រមាណ ៧០%
នៃចំនួនប្រជាជនសរុបទូទាំងប្រទេសប្រមាណជាង ១៤លាននាក់
ពួកគេរកប្រាក់ចំណូលបានតិចជាង ២ដុល្លារក្នុងមួយថ្ងៃ
ខណៈមន្ត្រីក្នុងជួររដ្ឋាភិបាលកំពុងដាក់វិនិយោគទុនប្រមាណ ៤៥%
នៃផ្ទៃដីសរុបទៅលើវិស័យធនធានធម្មជាតិនេះ។
កាលពីឆ្នាំ២០០៨ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់សន្យាថា
ប្រសិនបើលោកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើសម្រាប់ជាតិមាតុភូមិ
មិនបាននោះទេ លោកអះអាងថា នឹងភ្នាល់ដាក់ជីវិត។ ក៏ប៉ុន្តែ
មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា សារដែលលោក ហ៊ុន សែន លើកឡើងនេះ
គឺគ្រាន់តែដើម្បីកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយបានទេ
ជុំវិញការរកឃើញរបស់មន្ត្រីបក្សប្រឆាំង
និងមន្ត្រីអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៧ ខែកញ្ញា
ពីមន្ត្រីនាំពាក្យរបស់រដ្ឋាភិបាល។
ទាក់ទងនឹងបញ្ហានេះដែរ លោក ឈឹម សាវុធ
មន្ត្រីសម្របសម្រួលគម្រោងវេទិកាសាធារណៈ
និងវគ្គបណ្ដុះបណ្ដាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោកចាត់ទុកការគ្រប់គ្រងលើវិស័យធនធានធម្មជាតិរបស់លោក ហ៊ុន សែន នោះ
ពុំមានប្រសិទ្ធភាពទេ។ លោកព្រមានថា
ប្រសិនចំណាត់ការរបស់រដ្ឋាភិបាលនៅតែបន្តធូររលុងដូចពេល
បច្ចុប្បន្ននេះ សម្បត្តិទាំងឡាយដែលសេសសល់នៅ
នឹងប្រឈមចំពោះការបាត់បង់បន្តទៀត៖ «បើនិយាយពីធនធានធម្មជាតិ
វិញ បើនិយាយពីការគ្រប់គ្រងវិញ យើងមើលឃើញហើយកន្លងមក
ការគ្រប់គ្រងអត់មានប្រសិទ្ធភាពទាល់តែសោះ
ហើយបើនិយាយពីការបាត់បង់វិញ
បើសិននៅតែគ្រប់គ្រងរបៀបដូចរាល់ថ្ងៃទៀត ធនធានធម្មជាតិស្រុកខ្មែរ
នឹងបាត់បង់ទាំងស្រុងតែម្តង»។
ទោះជាបែបណា អង្គការការពារបរិស្ថានពិភពលោក រកឃើញថា
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រើប្រាស់ទឹកលុយយ៉ាងសន្ធឹកសន្ធាប់ ដែលបានមកពីវិស័យព្រៃឈើ
រ៉ែ ឧស្ម័ន និងធនធានធម្មជាតិដទៃទៀត សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន
និងជ្រោមជ្រែងរក្សាតួនាទី
ដើម្បីបាននៅក្នុងអំណាចយូរអង្វែងបន្តទៀត៕
No comments:
Post a Comment