Opposition parties and civil society want to see the effectiveness of Hun Manith's land dispute resolution.
បក្សប្រឆាំងនិងសង្គមស៊ីវិលចង់ឃើញប្រសិទ្ធភាពនៃសកម្មភាពបែងចែកដី
ដោយ ដែន អយុធ្យា
2012-06-30 Radio Free Asia
មេដឹកនាំគណបក្សប្រឆាំង
និងសង្គមស៊ីវិលមួយចំនួនកំពុងចាំមើលសកម្មភាព
នៃក្រុមយុវជនស្ម័គ្រចិត្ត ដឹកនាំដោយលោក ហ៊ុន ម៉ានិត
ត្រូវជាកូនប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អាចមានប្រសិទ្ធភាពត្រឹមកំរិតណា។
កាលពីថ្ងៃទី២៨ ខែមិថុនា ក្រុមយុវជនស្ម័គ្រចិត្តមានគ្នាជាង
៧០០នាក់ មានឯកសណ្ឋានទាហានប៉ារ៉ា និងមួកមានសញ្ញាក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ បានធ្វើដំណើរតាមរថយន្តយោធា
ចេញពីទីក្រុងភ្នំពេញ ទៅខេត្តចំនួន៧
ក្នុងគោលដៅវាស់ដីជូនពលរដ្ឋខ្វះដីធ្លីប្រើប្រាស់។
យុទ្ធនាការបែងចែកដីជូនពលរដ្ឋក្រីក្រខ្វះដីប្រើប្រាស់នេះ
អនុវត្តទៅតាមការចង្អុលបង្ហាញរបស់ប្រមុខដឹកនាំរដ្ឋាភិបាល
មានផ្ទៃដីសរុបប្រមាណ ៣សែន៥ម៉ឺនហិកតារ។
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស
និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម
លោកមិនទាន់មានទំនុកចិត្តជុំវិញយុទ្ធនាការចុះចែកដីរបស់លោក ហ៊ុន
សែន អាចបានដល់ដៃកសិករខ្វះដីធ្លីពិតប្រាកដទេ។ លោកបន្តថា
តាមការសង្កេត បទបញ្ជារបស់លោក ហ៊ុន សែន កន្លងមក
មន្ត្រីក្រោមឱវាទលោកអនុវត្តមិនមានប្រសិទ្ធិ
ឬមានមន្ត្រីខ្លះមិនបានអនុវត្តតាមក៏មាន។
លោក កឹម សុខា
បានចាត់ទុកសកម្មភាពចុះវាស់វែងដីជូនពលរដ្ឋតាមបញ្ជា លោក ហ៊ុន សែន
ពេលនេះថា ជាការបិទបាំងទង្វើអាក្រក់របស់រដ្ឋាភិបាល
ឬគ្រាន់ជាការកេងចំណេញនយោបាយរបស់បក្សកាន់អំណាច
មុនការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ចូលមកដល់។
មិនខុសគ្នានឹងការអះអាងរបស់មេដឹកនាំគណបក្ស សិទ្ធិមនុស្ស ទេ
សម្រាប់មន្ត្រីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) វិញ
គឺមានជំនឿតិចតួចចំពោះប្រសិទ្ធភាពនៃយុទ្ធនាការចុះចែកដី
អាចបានដល់ដៃពលរដ្ឋខ្វះខាតពិតប្រាកដនោះ។
លោក អ៊ំ សំអាត ជាមន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្ស
លីកាដូ លោកមានប្រសាសន៍ថា មិនទាន់មានទំនុកចិត្ត ១០០%ទេ
ចំពោះបេសកកម្មចែកដីធ្លីជូនពលរដ្ឋក្រីក្រ ដឹកនាំផ្ទាល់ដោយ ហ៊ុន
ម៉ានិត កូនប្រុសប្រមុខដឹកនាំពេលនេះ។ ប៉ុន្តែលោកយល់ថា
ការដែលលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យកូនប្រុសលោកចុះបែងចែកដីជូន
ពលរដ្ឋក្រីក្រផ្ទាល់ អាចជាសញ្ញាវិជ្ជមានប្រសើរជាងលោក ហ៊ុន សែន
បញ្ជាឲ្យមន្ត្រីក្រោមឱវាទជាអ្នកអនុវត្ត
ព្រោះកន្លងមកមន្ត្រីតាមក្រសួង ឬស្ថាប័នភាគច្រើន
តែងធ្វើរបាយការណ៍ភូតកុហក។
ទោះយ៉ាងណា មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ
ចង់ឃើញប្រសិទ្ធភាពនៃការចុះវាស់វែងដីជូនពលរដ្ឋរបស់រដ្ឋាភិបាល
បានដល់ដៃពលរដ្ឋខ្វះដីសង់លំនៅឋាន និងបង្កបង្កើនផលពិតប្រាកដ។
ចំណែកលោក សុន ឆ័យ ជាប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី
លោកបានចាត់ទុកការចេញបញ្ជារបស់លោក ហ៊ុន សែន ឲ្យកូនប្រុសបង្កើត
ចុះវាស់ដីចែកជូនពលរដ្ឋក្រីក្រ តាមខេត្តចំនួន៧
ក្នុងប្រទេសកម្ពុជាពេលនេះ អាចជាសញ្ញាវិជ្ជមានមួយ។ ព្រោះកន្លងមក
ការប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន
មន្ត្រីលោកអនុវត្តមិនមានប្រសិទ្ធភាពទេ
ដូចជាបទបញ្ជាឲ្យលុបបំបាត់បទល្មើសព្រៃឈើ បទល្មើសនេសាទ
ឬកុងត្រូលជជុះជាដើម។
លោក សុន ឆ័យ បានលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្ត
ដឹកនាំដោយលោក ហ៊ុន ម៉ានិត ចុះបំពេញបេសកកម្មបែងចែកដីជូនពលរដ្ឋ
ពិតជាបានដល់ដៃកសិករខ្វះខាតដីពិតប្រាកដ។
ព្រោះតាមការសង្កេតរបស់លោកកន្លងមក មន្ត្រីរដ្ឋាភិបាលអនុវត្ត
ឬក៏បែងចែកដី មិនបានត្រឹមត្រូវទេ
គឺពួកគេបានកេងយកប្រយោជន៍ផ្ទាល់ខ្លួន។
ទោះជាបែបនេះក្តី លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានឲ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនា ថា
ជំហានដំបូងនៃការចុះវាស់វែងដីផ្តល់កម្មសិទ្ធិស្របច្បាប់
ជូនពលរដ្ឋក្រីក្រ តាមខេត្តចំនួន៧ ពេលនេះ
មានគ្រួសារកសិករក្រីក្រជាង ១សែនគ្រួសារ ឬស្មើផ្ទៃដីសរុបចំនួន
៣សែន៥ម៉ឺនហិកតារ។ ហើយថា ខេត្តចំនួន៧ ដែលរាជរដ្ឋាភិបាល
បានលើកយកមកអនុវត្តជំហានដំបូង មានខេត្តមណ្ឌលគិរី រតនគិរី
បន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ចាម និងកំពត៕
No comments:
Post a Comment