លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូន ទៅតុលាការ នៅថ្ងៃចន្ទ NGO និងបក្សនយោបាយ រិះគន់ការចាប់ខ្លួន
Sunday, 15 July 2012 ដោយ៖ អេង គឹមជាង-Posted:ID068 Dap News
ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃអាទិត្យ ទី១៥
ខែកក្កដា ឆ្នាំ២០១២ នេះថា លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅសាលាដំបូង
រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា
បើទោះបីជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា លោក ម៉ម សូណង់ដូ
ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសម្បុកឃ្មុំ FM 105 MHz
បានបញ្ជូនទៅពន្ធនាគារនោះហើយ ក៏ដោយ ។ ដោយឡែកនៅថ្ងៃអាទិត្យនេះផងដែរ
គណបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់
រិះគន់អាជ្ញាធររដ្ឋាភិបាល ចំពោះការចាប់លោក ម៉ម សូណង់ដូ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ
បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា
បន្ទាប់ពីមានការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗ
ចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ
ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ
កាលពីពេលកន្លងទៅនោះ រហូតមកដល់រសៀល ថ្ងៃទីដដែល លោកត្រូវបញ្ជូនទៅពន្ធនាគារហើយ
ដើម្បីរង់ចាំការបើកសវនាការ ពីតុលាការ។
លោក ខៀវ សុភ័គ បន្តថា ការឃាត់ខ្លួនលោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធ
ជាមួយបទល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រម
សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ ។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា បទល្មើសចំនួន៤ នោះ រួមមានទី១
-ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ
ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ
របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤
-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
លោក ម៉ម សូណង់ដូ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែកក្កដា ស្អែកនេះ
ដោយលោកមិនទាន់ត្រូវបាន បញ្ជូនទៅពន្ធនាគារនៅឡើយទេ នេះបើយោងតាមប្រភព
ផ្សេងមួយទៀតបានឲ្យដឹង។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញថ្លែងការណ៍នៅថ្ងៃទី១៥ ខែកក្កដា នេះ
ដោយបានហៅការចាប់ ខ្លួន លោក ម៉ម សូណង់ដូ គឺជាការប៉ុនប៉ងដ៏គួរឲ្យខ្មាសអៀនមួយ
ដែលបានកប់ចោលនូវជម្លោះដីធ្លី ក្នុងខេត្តក្រចេះ ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា " នេះជាករណីអាក្រក់បំផុត។
ការចាប់ខ្លួនរបស់លោក ម៉ម សូណង់ដូ គឺមិនមានមូលដ្ឋានជាក់លាក់នោះទេ
អី្វដែលអាចពន្យល់បាននោះ គឺនេះគ្រាន់តែជាប៉ុនប៉ងរបស់អាជ្ញាធរ
ដើម្បីទម្លាក់កំហុសទៅលើនរណាម្នាក់ ឲ្យទទួលខុសត្រូវចំពោះការស្លាប់របស់ ហេង
ចន្ថា ។ ចាប់តាំងពីសកម្មភាពដ៏គួរឲ្យអាម៉ាស់នោះមក
អាជ្ញាធរបានលូកដៃចូលយ៉ាងជ្រៅ ដើម្បីបង្កើតជារឿងមួយផ្សេងទៀត
ដោយបង្កើតបទចោទប្រកាន់ ស្តីពីការធ្វើអប្បគមន៍ និងចលនាបះបោរ
ហើយឥឡូវការចាប់ខ្លួននោះ ដែលមើលទៅគឺអាចឃើញយ៉ាង ច្បាស់
ថាគ្រាន់តែជាករណីមួយទៀត ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវបានជម្លៀសចេញដោយបង្ខំ
និងដោយ ខុសច្បាប់ចេញពីលើដីរបស់ពួកគេ
ដើម្បីផ្តល់ដីសម្រាប់ឲ្យក្រុមហ៊ុនឯកជនមួយទទួលប្រាក់ចំណេញតែ ប៉ុណ្ណោះ"។
រីឯគណបក្សសិទ្ធិមនុស្សឯណោះវិញ
ក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាល ចំពោះការចាប់ខ្លួន លោក ម៉ម
សូណង់ដូ នេះដែរ។ សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្ស
ដែលចេញនៅថ្ងៃអាទិត្យ ទី១៥ ខែកក្កដា នេះ បានសរសេរថា
"គណបក្សសិទ្ធិមនុស្សមានការសោកស្តាយចំពោះ ករណីដែលអាជ្ញាធរ
រាជរដ្ឋាភិបាលចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ
និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ កាលពីវេលាម៉ោង ៨និង៤០នាទី
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២" ។
គណបក្សសិទ្ធិមនុស្សបានចាត់ទុកការចាប់ខ្លួនលោក ម៉ម សូណង់ដូ ខាងលើនេះ
គឺជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរ ផ្នែកនយោបាយ និងដើម្បីបំបាក់ស្មារតី
ប្រជាពលរដ្ឋខ្មែរ អ្នកជាតិ និយម និងអ្នកប្រជាធិបតេយ្យនៅកម្ពុជា ។
គួរបញ្ជាក់ថា ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ
បានធ្វើឡើងបន្ទាប់ពីលោក ធ្វើដំណើរមកពីបរទេស ហើយមកដល់ប្រទេសកម្ពុជាវិញ
កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ
ដែលនៅពេលនោះ លោក ម៉ម សូណង់ដូ បានស្រែកប្រាប់អ្នកកាសែត ដោយមិនខ្លាចរអា
នៃការចាប់ខ្លួននេះ ។
កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្រៅពីបញ្ជាឲ្យតាមចាប់ខ្លួន ប៊ុន រដ្ឋា សម្តេចក៏បានបញ្ជាឲ្យតាមចាប់ខ្លួន
ប្រធានសមាគម អ្នកប្រជាធិបតេយ្យ ដោយមិនសំដៅឲ្យចំឈ្មោះនោះទេ បើទោះបុគ្គលនេះ
រត់ទៅទីណាក៏ដោយ៕
1 comment:
Post a Comment