A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 22 July 2012

Cracks in the Norodom Ranariddh Party គណបក្ស នរោត្ដម រណឫទ្ធិ រង្គោះរង្គើ​ជា​ថ្មី​ម្ដង​ទៀត

Cracks in the Norodom Ranariddh Party after party Secretary General Sao Rany attempted to sack party president Prince Norodom Ranariddh only to have himself sacked as party secretary general.
 
ដោយ សុ ជីវី 2012-07-21

រចនា​សម្ព័ន្ធ​ដឹកនាំ​ក្នុង​គណបក្ស នរោត្តម រណឫទ្ធិ ចាប់​ផ្ដើម​រង្គោះរង្គើ​ជា​ថ្មី​ម្ដង​ទៀត​ហើយ នៅ​ក្រោយ​ពេល​ដែល​គណបក្ស​នេះ​បរាជ័យ​ក្នុង​ការ​ចង​សម្ព័ន្ធភាព ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។

RFA/Sok Serey
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​ជំទប់​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី នា​ទី​ស្នាក់​ការ​បក្ស​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២។

គណបក្ស​នេះ​បាន​សម្រេច​តែង​តាំង អគ្គលេខាធិការ​បក្ស​ថ្មី នៅ​ពេល​ដែល​គេ​បាន​ដឹង​ថា អគ្គលេខាធិការ​បក្ស​ចាស់​បាន​ទី​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ​ចរចា ស្ដីពី​ការ​បង្រួប​បង្រួម​ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។

គណបក្ស នរោត្តម រណឫទ្ធិ បាន​សម្រេច​តែង​តាំង លោក ឈឹម សៀកឡេង អោយ​បំពេញ​តួនាទី​ជា​អគ្គលេខាធិការ​គណបក្ស​នេះ ជំនួស​អោយ​លោក សៅ រ៉ានី ដែល​ត្រូវ​បណ្ដេញ​ពី​តួនាទី។
ការ​បណ្ដេញ​លោក សៅ រ៉ានី ចេញ​ពី​ដំណែង​នេះ ដោយ​សារ​តែ​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​កិច្ចការ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ បក្ស ក្នុង​ការ​ចរចា​ចុះ​កិច្ច​ព្រមព្រៀង​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច។
សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​២១ ខែ​កក្កដា ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ក្រុម​ព្រះ ប្រធាន​គណបក្ស បាន​បញ្ជាក់​ថា លោក ឈឹម សៀកឡេង ដែល​កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​ស្ដីទី ត្រូវ​តែងតាំង​ជា​អគ្គលេខាធិការ​គណបក្ស​នេះ។
អ្នកនាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​ថា ការ​សម្រេច​បញ្ចប់​តួនាទី​លោក សៅ រ៉ានី គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចរចា​របស់​អតីត​អគ្គលេខាធិការ​បក្ស​រូប​នេះ​ ជាមួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច ដោយ​ពុំ​បាន​ការ​យល់​ព្រម​ពី​ប្រធាន​គណបក្ស គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក ប៉ែន សង្ហា៖ «គណបក្ស និង​សម្ដេច​ក្រុម​ព្រះ បាន​ហាម​គាត់​មិន​អោយ​គាត់​ទៅ​ចុះ​ហត្ថលេខា ជាពិសេស​គាត់​បាន​ចុះ​ហត្ថលេខា​លើ​កំណត់ហេតុ ស្ដីពី​ការ​បង្រួប​បង្រួម​គ្នា គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ។ ហើយ​ការ​ចុះ​ហត្ថលេខា​នោះ ឯកឧត្ដម សៅ រ៉ានី ពុំ​បាន​ទទួល​ការ​ប្រគល់​សិទ្ធិ ឬ​ការ​ចាត់តាំង​ណា​មួយ​ពី​គណបក្ស។ នេះ​ជា​អ្វី​មួយ ដែល​ឯកឧត្ដម​បាន​ធ្វើ​ប្រាសចាក​ពី​ផល​ប្រយោជន៍​គណបក្ស»
កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា លោក សៅ រ៉ានី បាន​សរសេរ​លិខិត​មួយ​ថ្វាយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​កំណត់ហេតុ​នៃ​ការ​ចរចា​រវាង​រូប​លោក និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ពី​គម្រោង​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។ ស្រប​គ្នា​នេះ លោក សៅ រ៉ានី បាន​បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស នរោត្តម រណឫទ្ធិ ចង់​អោយ​មាន​ការ​រួបរួម​គ្នា​ពិត​ប្រាកដ លុះ​ត្រា​តែ​សម្ដេច​ក្រុម​ព្រះ គង់​នៅ​អោយ​ឆ្ងាយ​ពី​គណបក្ស​នេះ​មួយ​រយៈ។ ប៉ុន្តែ​ភ្លាមៗ នៅ​ក្រោយ​ការ​លើក​ឡើង​នេះ គណបក្ស​នេះ​ក៏​បាន​សម្រេច​បញ្ឈប់​តួនាទី​របស់ លោក សៅ រ៉ានី រួម​នឹង​អគ្គលេខាធិការ​រង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​នេះ​ចំនួន​៤​រូប​ទៀត។
លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​បញ្ចប់​តួនាទី​របស់ លោក សៅ រ៉ានី នោះ​គឺ​មាន​ចុះ​ព្រះហស្តលេខា​ដោយ​សម្ដេច​ក្រុម​ព្រះ នៅ​ខណៈ​ដែល​ព្រះអង្គ​កំពុង​មាន​វត្តមាន​គង់​នៅ​ប្រទេស​បារាំង នៅ​ឡើយ។
អគ្គលេខាធិការ​បក្ស ដែល​ត្រូវ​បណ្ដេញ​ពី​តំណែង លោក សៅ រ៉ានី បាន​ប្រតិកម្ម​តប​នឹង​ការ​បញ្ឈប់​តួនាទី​របស់​លោក​នេះ​ថា ជា​ទង្វើ​ដែល​ខុស​ពី​ក្បួន​ច្បាប់​របស់​បក្ស និង​អះអាង​ថា លោក​ពុំ​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បន្ត​ថា រាល់​លិខិត​ដែល​មាន​ចុះ​ហត្ថលេខា ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ជា​លិខិត​ក្លែង​បន្លំ ត្បិត​សម្ដេច​ក្រុមព្រះ ព្រះអង្គ​មិន​បាន​គង់​នៅ​ភ្នំពេញ​ឡើយ ហើយ​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង អ្នក​ដែល​ក្លែង​លិខិត​ទាំង​នោះ។
លោក សៅ រ៉ានី៖ «ប្ដឹង​ទៅ​សមត្ថកិច្ច អោយ​គេ​រក​ថា លិខិត​ហ្នឹង​វា​ក្លែងក្លាយ។ លោក (សម្ដេច​ក្រុមព្រះ) នៅ​ស្រុក​បារាំង ហើយ​លោក​ដាក់​ថា នៅ​ភ្នំពេញ​យ៉ាង​ម៉េច។ បើ​ប្រគល់​សិទ្ធិ​អោយ​គេ​ហើយ លោក​មាន​សិទ្ធិ​អី​ទៅ​ស៊ីញេ​ទៀត? រឿង​ដក​ខ្ញុំ តើ​លោក​មាន​បាន​ពិភាក្សា​ក្រុម​ប្រឹក្សា​វិន័យ​ទេ? អត់​មាន​ទេ។ ព្រះអង្គ​បាន​ឆ្លើយ​មក​ខ្ញុំ​ថ្ងៃ​១៨ លោក​ថា កុំ​យក​ឈ្មោះ​លោក និង​គណបក្ស​លោក​ទៅ​សម្រប​សម្រួល។ ខ្ញុំ​អត់​រវល់​ថា លោក​ទទួល ឬ​មិន​ទទួល​ទេ។ ទិស​ដៅ​ដែល​ខ្ញុំ​ធ្វើ គឺ​ខ្ញុំ​ត្រូវ​ការ​បង្រួប​បង្រួម​គណបក្ស​ទាំង​២​ហ្នឹង។ ហើយ​បើ​លោក​ចង់​ទៅ​ដឹកនាំ ហ៊្វុនស៊ិនប៉ិច ប្រាកដ​មែន​ដោយ​សុច្ឆន្ទៈ​មែន​ទែន​ហ្នឹង លោក​ទទួល​ទៅ បើ​មិន​ទទួល ជា​សិទ្ធិ​របស់​លោក»
បើ​ទោះ​ជា​យ៉ាង​ណា លោក សៅ រ៉ានី នៅ​តែ​បញ្ជាក់​ថា ប្រសិន​បើ​សម្ដេច​ក្រុមព្រះ ចង់​អោយ​មាន​ការ​បង្រួម​បង្រួម​រវាង​គណ​បក្ស​ទាំង​ពីរ​នេះ​ពិត​ប្រាកដ​មែន គួរ​តែ​ព្រះអង្គ​គង់​នៅ​អោយ​ឆ្ងាយ​ពី​ការ​ចរចា ដែល​មាន​ន័យ​ថា ព្រះអង្គ​រង់ចាំ​តែ​ពេលវេលា​សម្រាប់​មក​ដឹកនាំ​សម្ព័ន្ធភាព នោះ​ប៉ុណ្ណោះ។
ចលនា​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​បក្ស​តែ​មួយ រវាង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណប្ញទ្ធិ បាន​លេច​ជា​រូប​រាង​ឡើង​វិញ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នា​វិមាន​សន្តិភាព ដោយ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​អ្នក​សម្រប​សម្រួល ប៉ុន្តែ​គម្រោង​នេះ​បាន​ជាប់​គាំង​ជា​ថ្មី​ទៀត គឺ​នៅ​រយៈពេល​មិន​ដល់​២​ខែ​ផង បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​នោះ៕

No comments: