A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 26 June 2012

Civil society: Border demarcations caused Cambodia to lose land

Civil society: Border demarcations caused Cambodia to lose land.
 

សង្គម​ស៊ីវិល៖ ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី 
ដោយ ម៉ម មុនីរតន៍ 
2012-06-25 Radio Free Asia


អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​បញ្ហា​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ហៅ​ការ​​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ថា​ជា​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​​បាត់​បង់​ទឹក​ដី​មួយ​ភាគ​ធំ​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម។

RFA/Uon Chhin
២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។

អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​បញ្ហា​សង្គម បាន​ហៅ​ការ​​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នោះ ថា​ជា​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​​បាត់​បង់​ទឹក​ដី​មួយ​ភាគ​ធំ​បន្ថែម​ទៀត​ទៅ​ប្រទេស​វៀតណាម បន្ទាប់​ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នោះ។
ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​​​ប្រកាស​ជំហរ​ថា គ្រោង​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​២០១២​នេះ។ តែ​ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​អ្នក​ជំនាញ​ព្រំដែន​បាន​រិះគន់ និង​ស្ដី​បន្ទោស​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​បូរណភាព​ទឹក​ដី​ដែល​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​ដើម​នោះ​ឡើយ។

លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​គិត​ថា រដ្ឋាភិបាល​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វ​ថ្ងៃ កំពុង​ធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ខុស​តាម​រយៈ​ការ​បង្គោល​ព្រំដែន​នេះ។
លោក​ហៅ​ការ​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ព្រំដែន​គោក​កម្ពុជា ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​ថា ជា​វិបត្តិ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ ដែល​ជា​ការ​ប្រឈម​ទៅ​នឹង​ការ​ចំអកឡកឡឺយ​ពី​មនុស្ស​ជំនាន់​ក្រោយ និង​ប្រវត្តិសាស្ត្រ៖ «ដោយសារ​តែ​សន្ធិសញ្ញា​វា​ងាប់​ហើយ ហើយ​បែរ​ជា​លោក​នាយករដ្ឋមន្ត្រី​យើង​ទៅ​ចុះ​ហត្ថលេខា​ឲ្យ​សន្ធិសញ្ញា​ហ្នឹង​ រស់​ឡើង​វិញ។ ការ​ដែល​បន្ត​ឲ្យ​សន្ធិសញ្ញា​ហ្នឹង គឺ​ថា ឲ្យ​មាន​សុពលភាព​ឡើង​វិញ ធ្វើ​ឲ្យ​កម្ពុជា​យើង​ហ្នឹង​ខាត​បង់​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​គោក ក៏​ដូច​ជា​ព្រំដែន​ទឹក»
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា គណបក្ស​ប្រឆាំង​មួយ​នេះ​បញ្ជាក់​ជំហរ​ថា​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ ​បាត់​បង់​ទឹក​ដី​លើ​ផ្នែក​ណា​មួយ​ដែល​បាន​កំណត់​ដោយ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស និង​សេចក្ដី​បង្គាប់​ដែល​បាន​កំណត់​ដោយ​រដ្ឋការ​នៃ​ប្រទេស​បារាំង​នោះ​ទេ។
លោក យឹម សុវណ្ណ គិត​ថា ការ​អនុម័ត​ដោយ​ផ្អែក​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ដែល​រដ្ឋាភិបាល​របស់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​មួយ​ប្រទេស​វៀតណាម ក្នុង​កម្រិត​ទ្វេ​ភាគី​នោះ គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់​បង់​ទឹក​ដី៖ «បោះ​ដោយ​គ្មាន​តម្លាភាព​ទេ ធ្វើ​តែ​ភាគី​វៀតណាម និង​ភាគី​រដ្ឋាភិបាល​កម្ពុជា។ គ្មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចូល​រួម អត់​មាន​តំណាង​សង្គម​ស៊ីវិល​ក៏​មិន​​បាន​ចូល​រួម គណៈកម្មការ​ដទៃ​ទៀត​ដែល​គេ​យល់​ដឹង​កិច្ចការ​ហ្នឹង​ស៊ី​ជម្រៅ ក៏​មិន​បាន​ចូល​រួម។ ដូច្នេះ​ការ​ធ្វើ​បែប​ហ្នឹង គឺ​យើង​មិន​ទាន់​អាច​នឹង​ទទួល​យក​បាន​ទេ»
ការ​បង្ហាញ​ពី​ជំហរ​បែប​នេះ​របស់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ធ្វើ​ឡើង​នៅ​គ្រា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខ​ទីក្រុង​ហាណូយ លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​បង្កើន​ចំណង​ការទូត​លើក​ទី​៤៥ និង​បាន​ចូលរួម​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ជា​ផ្លូវ​ការ​រួម​គ្នា​រវាង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​ខេត្ត​គៀងយ៉ាង របស់​ប្រទេស​វៀតណាម។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា បង្គោល​លេខ ៣១៤ នេះ មិន​មែន​ត្រឹម​តែ​ជា​ការ​បញ្ចប់​ទៅ​នៃ​ភាព​ចម្រូងចម្រាស​ខណ្ឌ​សីមា​ព្រំដែន​ ចុង​ក្រោយ​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម) នោះ​ទេ តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ផ្ដើម​ថ្មី​​ទៀត​​សម្រាប់​ការ​កំណត់​ ព្រំដែន​ទឹក​ផង​ដែរ៖ «បង្គោល​ព្រំដែន​លេខ ៣១៤ នេះ មាន​សារសំខាន់​ណាស់ ដោយ​ទីតាំង​បង្គោល​នេះ​ជា​ចំណុច​មូលដ្ឋាន​នៃ​ការ​ចាប់​ផ្ដើម​គូស​ព្រំដែន​ សមុទ្រ​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​ភារកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ អនុវត្ត​បន្ត​នៅ​ពេល​ខាង​មុខ»
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ាន ប៉េងសែ ជា​អ្នក​ជំនាញ​ខាង​​កិច្ចការ​ព្រំដែន ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​បារាំង។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា ការ​ពិត​ដែន​សមុទ្រ​កម្ពុជា ត្រូវ​បាត់បង់​ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​រវាង​លោក​ ហ៊ុន សែន និង​រដ្ឋការ​ទីក្រុង​ហាណូយ ក្នុង​ឆ្នាំ​១៩៨២ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។
ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា ដែន​សមុទ្រ​កម្ពុជា ដែល​មាន​ទំហំ ៩៥.០០០​គីឡូម៉ែត្រ​ក្រឡា បាន​បាត់​ទៅ​លើ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជាង​ពាក់​កណ្ដាល៖ «នៅ​ក្នុង​ឆ្នាំ​១៩៨២​ហ្នឹង លោក ហ៊ុន សែន ទទួល​ស្គាល់​ថា កោះ​ត្រល់ ហើយ​និង​កោះ​ក្រចកសេះ … គាត់​ទទួល​ស្គាល់​ថា ជា​របស់​យួន ហើយ​យើង​ទាំង​អស់​គ្នា​ដឹង​ថា មិន​មែន​ជា​របស់​យួន​ទេ គឺ​របស់​ខ្មែរ។ ...​អា​ហ្នឹង​បាត់​ច្រើន​ជាង​ដី​គោក​ខ្មែរ​ទៅ​ទៀត»
យ៉ាង​ណា​ក៏​ដោយ លោក ស៊ាន ប៉េងសែ ហៅ​ការ​ប្រកាស​ជំហរ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា ធ្វើ​ឡើង​ដើម្បី​គម្រប់​កិច្ច​ប៉ុណ្ណោះ។
ក្រុម​អង្គការ​ស៊ីវិល និង​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន បាន​រិះគន់​​រដ្ឋាភិបាល​កម្ពុជា​ថា នៅ​មាន​ភាព​ក្មេង​ខ្ចី និង​ធ្វើ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយសារ​តែ​គេ​​​រក​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត ១​លើ ៥០​ពាន់ ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​វៀតណាម។ ចំណែក​ខ្នាត​ផែន​ទី​ទំហំ ១ លើ ១០០​ពាន់ ដែល​រដ្ឋការ​បារាំង​បន្សល់​​ទុក​រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៥៣ រួម​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​សង្គម​ស៊ីវិល​គិត​ថា ជា​ការ​ចំណេញ​ដល់​កម្ពុជា​នោះ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​បាន​ទម្លាក់​ចោល​ទៅ​វិញ។
បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ចាត់​ទុក​ការ​រិះគន់​របស់​ក្រុម​អ្នក​ឃ្លា​មើល​បញ្ហា​សង្គម​ចំពោះ​ រដ្ឋាភិបាល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​ដែល​ពុំ​ទាន់​ស៊ី​ជម្រៅ​លើ​កិច្ច​ព្រំដែន​នោះ​ទេ។
លោក​បន្ត​ថា៖ «ចំពោះ​កម្ពុជា​វិញ រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​ព្រំដែន​ហ្នឹង ជា​ការងារ​ប្រវត្តិសាស្ត្រ ទទួល​ខុស​ត្រូវ​ខ្ពស់។ យើង​មិន​ចង់​ឲ្យ​បន្សល់​នៅ​ការ​ជេរ​ប្រទេច​ផ្ដាសា​ពី​ខ្មែរ​ចំពោះ​ការងារ​ ព្រំដែន។ចំណុច​ទី​៣ គឺ​ឲ្យ​ខាង​​លោក ស៊ាន ប៉េងសែ ខ្មែរ​ដទៃ​ទៀត​ឲ្យ​យល់​ថា រាជ​រដ្ឋាភិបាល​ចេះ​ស្រលាញ់​ប្រទេស​ដូច​អ្នក​ដទៃ​អ៊ីចឹង»
អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន លោក ស៊ាន ប៉េងសែ រក​ឃើញ​ថា ក្រោម​របប​គ្រប់​គ្រង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែន​សមុទ្រ​កម្ពុជា បាន​បាត់បង់​ក្រោម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ទៅ​វៀតណាម និង​ប្រទេស​ថៃ មាន​ទំហំ ៧​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឬ​ស្មើ ២ ភាគ ៣ នៃ​ដែន​សមុទ្រ។ បច្ចុប្បន្ន​កម្ពុជា នៅ​សេសសល់​ប្រមាណ ៣​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​នៃ​ដែន​សមុទ្រ​សរុប ៩៥.០០០​គីឡូ​ម៉ែត្រ​ក្រឡា​​នោះ។
យ៉ាង​ណា​ក៏​ដោយ លោក សឺន ស៊ូប៊ែរ្តិ៍ សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​ពន្យល់​ថា រដ្ឋាភិបាល​គួរ​ណាស់​ប្រើ​យន្តការ​ដោះ​ស្រាយ​តាម​មធ្យោបាយ​សន្ធិសញ្ញា​ ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ វិញ ទើប​អាច​បញ្ចប់​បាន​នូវ​ជម្លោះ​ព្រំដែន និង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា។ លោក​ថា ប្រទេស​វៀតណាម ក៏​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង ១៨​ប្រទេស​ដែរ។
លោក​បន្ត​ថា ក្នុង​ធម្មនុញ្ញ​នេះ សន្ធិសញ្ញា​បាន​ធានា​ពី​បូរណភាព​ដែន​ដី និង​សុខ​សន្តិភាព​ក្នុង​តំបន់៖ «ធំ ​ធេង ព្រោះ​បាន​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​រវាង​វៀតណាម និង​កម្ពុជា។ ទី​ពីរ មាន​ធានា​ពី​រឿង​បូរណភាព​ទឹក​ដី​ប្រ​ទេស​កម្ពុជា​យើង ហើយ​ជា​ពិសេស​ដែល​មាន​និយាយ​ពី​កាលណា​មាន​បញ្ហា​ស្អី យើង​ត្រូវ​ដោះ​ស្រាយ​ជាមួយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង»
បើ​ទោះ​ជា​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ ស៊ីវិល និង​គណបក្ស​ប្រឆាំង​ថា ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម យ៉ាង​ណា​ក្ដី តែ​រដ្ឋាភិបាល​ហាក់​ពុំ​បាន​ខ្វាយខ្វល់​ច្រើន​នោះ​ទេ។ គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បញ្ជាក់​ជំហរ​ថា នឹង​ត្រូវ​បោះ​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០១២​នេះ៕

No comments: