Mr. Hang Chakra, the editor of Khmer Machas Srok newspaper who was jailed for exposing corruption in within the Cambodian government, has won Human Rights Watch's Hellman Hammett Award.
Read article in Khmer below:
លោក ហង្ស ចក្រា ទៅទទួលរង្វាន់កិត្តិយសពី Human Rights Watch
ដោយ សុខ សេរី
2011-09-13
អ្នកកាសែតខ្មែរម្នាក់ដែលមាននិន្នាការរិះគន់រដ្ឋាភិបាល នឹងទទួលបានរង្វាន់កិត្តិយសពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិដ៏ធំមួយនៅពេលឆាប់ៗនេះ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនបានសម្ដែងការសាទរចំពោះការជូនរង្វាន់លើកទឹកចិត្តនេះឡើយ។
RFA/Sok Serey
ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១។
អង្គការការពារសិទ្ធិមនុស្ស Human Rights Watch នឹងផ្ដល់រង្វាន់កិត្តិយសដល់ចាងហ្វាងកាសែត "ខ្មែរម្ចាស់ស្រុក" គឺលោក ហង្ស ចក្រា ដោយសារតែលោកបានធ្វើការតស៊ូមតិការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិរិៈគន់មន្ត្រីជាន់ខ្ពស់អំពីអំពើពុករលួយ ហើយត្រូវបានអាជ្ញាធររដ្ឋាភិបាលបានចាប់ខ្លួនដាក់គុក។
លោក ហង្ស ចក្រា បានចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីទទួលរង្វាន់នេះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១។
រង្វាន់កិត្តិយសនោះមានឈ្មោះ ហែលមែន ហែមមែត (Hellman Hammett) គឺតំណាងឲ្យអ្នកការពារសេរីភាពនៃការបញ្ចេញមតិ។
លោក ហង្ស ចក្រា បានមានប្រសាសន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនការចាកចេញទៅទទួលរង្វាន់នោះថា លោកនឹងធ្វើសន្និសីទកាសែតនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៅប្រទេសថៃ អំពីការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃសារព័ត៌មាននៅប្រទេសកម្ពុជា។
លោក ហង្ស ចក្រា ៖ «ខ្ញុំគិតថា រង្វាន់នេះមានសារសំខាន់ណាស់សម្រាប់រូបខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែរ ពីព្រោះយើងបច្ចុប្បន្ន យើងកំពុងតែប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ តស៊ូមតិ ដើម្បីទាមទារនូវយុត្តិធម៌ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ខ្ញុំនឹងនៅតែបន្តរិះគន់ក្នុងន័យស្ថាបនាដដែលបាទ!»។
អង្គការការពារសិទ្ធិមនុស្ស Human Rights Watch នឹងប្រគល់រង្វាន់កិត្តិយសនោះដល់សកម្មជនចំនួន ៣នាក់ គឺទី១ លោក ឆីរ៉ានុច (Chiranuch) ជាជនជាតិថៃ ដែលបច្ចុប្បន្នកំពុងតែរងការកាត់ទោសនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមបទឧក្រិដ្ឋកម្មម៉ាស៊ីនកុំព្យូទ័រ។ ទី២ លោក ហ្សូណា (Zunar) ជនជាតិម៉ាឡេស៊ី ដែលបានរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានការបះបោរ ដោយសារតែលោកបានចេញផ្សាយរូបត្លុកកំប្លែងនយោបាយកន្លងមក ប៉ុន្តែសៀវភៅនោះត្រូវអាជ្ញាធរប្រទេសម៉ាឡេស៊ី បានហាមឃាត់ និងមិនឲ្យចែកចាយ និងទី៣ លោក ហង្ស ចក្រា ជាអ្នកកាសែតប្រឆាំងអំពើពុករលួយ ត្រូវបានចាប់ដាក់គុក ដោយសារតែមិនព្រមលាតត្រដាងអំពីប្រភពព័ត៌មានកន្លងមក។
លោក កែវ រ៉េមី គឺជាប្រធានក្រុមអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកបានមានប្រសាសន៍ថា រង្វាន់កិត្តិយសនោះគ្មានតម្លៃទេសម្រាប់កម្ពុជា។
លោក កែវ រ៉េមី មានប្រសាសន៍បន្ថែម ៖ «Human Rights Watch គេហៅថា ជាអង្គការមួយដែលប្រឆាំងជាមួយរដ្ឋាភិបាលដោយងងឹតងងល់ ដោយលក្ខណៈសងសឹកផ្ទាល់ខ្លួន ហើយទី២ទៀត នយោបាយរបស់បរទេសមួយចំនួន គាត់ច្រើនតែឆ្កឹះឆ្កៀលអ៊ីចឹង ដែលខ្ញុំតាមដានទៅ គឺគាត់លើកទឹកចិត្តពីអ្នកណាដែលប្រឆាំងនៅក្នុងរដ្ឋាភិបាលហ្នឹង គាត់លើកទឹកចិត្តដើម្បីឲ្យមនុស្សហ្នឹងបះបោរប្រឆាំងតទៅទៀត»។
លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក។ លោកធ្លាប់បានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យជាប់គុកចំនួន ១២ខែ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ក្រោមបទផ្សាយព័ត៌មានមិនពិត ដោយសារតែលោកបានផ្សាយចោទប្រកាន់ថា មន្ត្រីជាន់ខ្ពស់នៅទីស្ដីការគណៈរដ្ឋមន្ត្រីពុករលួយ និងបក្សពួកនិយម។
លោក ចក្រា ត្រូវបានអាជ្ញាធររដ្ឋាភិបាលបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១០ កន្លងទៅ ក្រោយពីបានជាប់គុកនៅគុកព្រៃសចំនួន ៩ខែ និង ១៧ថ្ងៃ ស្មើនឹង ២ ភាគ ៣ នៃចំនួនទោសសរុប ១២ខែ៕
1 comment:
Congradulation Mr. Hang Chakra. You're doing us so much favor as being our voice to expose the infectious corruptions that is festering Cambodia. These diseases are eating away Cambodia's progress.
Post a Comment