A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 31 May 2011

Cambodia hopes to export 200,000 tons of rice in 2011

Video of the interview with a rice-exporting merchant.



By Khmerization
Source: RFA

The Cambodian government is confident that Cambodia can export up to 200,000 tons of rice this year after the EU has allowed tariff exemptions on rice exports from Cambodia to its markets.

Mr. Kong Putheara, director of department of Statistics and Commercial Information of Finance Ministry, said Cambodian rice is now very popular with European consumers. He said besides Europe, Cambodia has got orders from some Asian countries such as the populous countries of China, Malaysia and The Philippines which is the world's largest rice importer.

Reports from Ministry of Commerce's CamControl indicates that in the first 4 months of this year, Cambodia had exported 42,669 tons of rice. This is a substantial increase from last year's exports, which had only exported 50,000 tons of rice for the whole year.

Cambodia hopes to export 1.5 millions tons of rice per year by 2015.

Please read a detailed report in Khmer below:

---------------------------
មន្ត្រី​ខ្មែរ​រំពឹង​ថា កម្ពុជា​អាច​នាំ​អង្ករ​ចេញ​បាន​២​សែន​តោន​ក្នុងឆ្នាំ ២០១១ នេះ
ដោយ វោហារ ជាតិ
2011-05-30

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​អង្ករ​ថា ជា​វត្ថុ​មានតម្លៃ​ដូច​មាស ឬ​ហៅ​ថា «មាស​ស» ​គឺ​ជា​ផលិតផល​ក្នុង​ស្រុក​មួយ​មាន​សក្ដានុពល​​អាច​នាំចេញ​លក់​លើ​ទី​ផ្សារ​អន្តរជាតិ​បាន ដូច​ផលិតផល​សំខាន់ៗ ផ្សេង​ទៀត ដូចជា វិស័យ​វាយនភណ្ឌ និង​ទេសចរណ៍​ជាដើម ដែល​អាច​រក​ប្រាក់​ចំណូល​ចូល​ថវិកា​ជាតិ​បន្ថែម។

RFA/Mom Sophon

១៧-ឧសភា-២០១១ ៖ គ្រាប់​អង្ករ​កំពុង​ហូរ​ចេញ​ពី​ទ​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​មួយ របស់​ក្រុមហ៊ុន បៃតង​កម្ពុជា​នៅ​ខេត្ត​បាត់ដំបង។

របាយការណ៍​ក្នុង​ពេល​ថ្មីៗ នេះ បាន​ឱ្យ​ដឹង​ថា សន្ទុះ​នៃ​ការ​នាំ​អង្ករ​ចេញ​ទៅ​បរទេស​នៅ​ដើម​ឆ្នាំ ២០១១ បាន​កើន​ឡើង​ជាង​ឆ្នាំ ២០១០ គួរ​ឱ្យ​មាន​មោទនភាព។

ការ​អនុគ្រោះ​ពន្ធ​នាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប (Europe) បាន​ធ្វើ​ឲ្យ​ការ​នាំ​អង្ករ​ចេញ​នៃ​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ខ្ពស់ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក គង់ ពុទ្ធារ៉ា មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​​ថា ការ​មិន​យក​ពន្ធ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា ដោយ​សហគមន៍​អឺរ៉ុប ចូល​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ឱកាស​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ផលិតផល​អង្ករ​ខ្មែរ នៅ​លើ​ទីផ្សារ​ពិភពលោក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងៗ ទៀត ចាប់​អារម្មណ៍​​ទិញ​អង្ករ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង។ ក្នុង​នោះ ក៏​មាន​ប្រទេស​​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី និង​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន (Asian) ផង​ដែរ។

លោក គង់ ពុទ្ធារ៉ា ៖ «​ជា​លក្ខណៈ​មួយ​ដែល​ជំរុញ​ឲ្យ​អង្ករ​ខ្មែរ​យើង​មាន​ការ​នាំចេញ​ទៅ​លើ​ទីផ្សារ​អឺរ៉ុប​ច្រើន និង​មាន​ដៃ​គូ​ជា​ច្រើន​ទៀត ដែល​គេ​ចាប់​អារម្មណ៍​អង្ករ​របស់​យើង​ ដូច​ជា ហ្វីលីពីន (Philippines) ម៉ាឡេស៊ី (Malaysia) និង​ចិន (China) ជាដើម។ ទៅ​ថ្ងៃ​ក្រោយ​ទៅ​អង្ករ​របស់​យើង​រឹតតែ​ល្បីល្បាញ»។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​-​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា កាំកុងត្រូល (Cam control) នៃ​ក្រសួង​ពាណិជ្ជកម្ម​ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បង្ហាញ​តួលេខ​ថា កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​មួយ​ចំនួន​ទៀត​ទៅ​​ទីផ្សារ​អាស៊ី​កើន​ឡើង​​ដល់​ទៅ​​ជាង ៤ ម៉ឺន​​តោន (៤២,​៦៦៩​តោន) ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង ដើម​ឆ្នាំ ២០១១។ ចំនួន​នេះ គឺ​បាន​កើន​ឡើង​ខ្ពស់​បំផុត បើ​ប្រៀបធៀប​នឹង​តួលេខ​នាំ​អង្ករ​ចេញ កាល​ពី​ឆ្នាំ​ទៅ​មិញ ដែល​មាន​ប្រហែល ៥ ម៉ឺន​តោន ក្នុង​រយៈពេល​នាំ​ចេញ​មួយ​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០១០។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​​នាំ​អង្ករ​ចេញ​ជិត​៤០​ក្រុមហ៊ុន បាន​នាំ​អង្ករ​ចេញទៅ​លក់​ប្រទេស​ជាង​២០ ក្នុង​​ទ្វីប​អឺរ៉ុប​និង​អាមេរិក និង​ប្រទេស​​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន ដែល​មាន​តម្លៃ​ទឹក​ប្រាក់ ​ថ្លៃ​ដើម​ចំនួន​ជាង ២៤ លាន​ដុល្លារ (២៤, ៤៣៧, ៩៥៩ ដុល្លារ)។

ដោយសារតែ​មិន​មាន​លទ្ធភាព​ផលិត​អង្ករ​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស ប្រទេស​កម្ពុជា​កន្លង​មក​​​បាន​លក់​ស្រូវ​ចេញ​ឲ្យ​ប្រទេស​ជិតខាង ដូចជា ប្រទេស​ថៃ និង​វៀតណាម ដែល​ជា​ប្រទេស​នាំ​អង្ករ​ចេញ​នាំ​មុខ​គេ​នៅ​ក្នុង​តំបន់​ទៅ​លក់​នៅ​ទីផ្សារ​ពិភព​លោក ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាត​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០០៩ សហគមន៍​អឺរ៉ុប​បាន​លុប​ពន្ធ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ទាំង​ស្រុង។ ការ​លើក​លែង​ពន្ធ​នេះ​ធ្វើ​ឡើង​ចំពោះ​ប្រទេស​ក្រីក្រ មាន​ជា​អាទិ មាន​ប្រទេស​ជិត​ខាង​កម្ពុជា ដូច​ជា​ប្រទេស​ឡាវ ភូមា​ជាដើម ក្នុង​បំណង​លើក​ស្ទួយ​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ប្រាក់​ចំណាយ បង្កើន​ប្រាក់​ចំណូល​ដល់​ប្រទេស​ក្រីក្រ ក្នុង​ទិស​ដៅ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​នោះ​ ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង។

​ការ​អនុគ្រោះ​ពន្ធ​នាំ​អង្ករ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​នេះ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា បង្កើន​សមត្ថភាព​ផលិត​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង។

ប្រធាន​ក្រុមហ៊ុន បៃតង​កម្ពុជា​ឧកញ៉ា ភូ ពុយ ដែល​ជា​ក្រុមហ៊ុន​មួយ បាន​នាំ​អង្ករ​ចេញ​បាន​ប្រហែល​១៥០០ តោន នៅ​ឆ្នាំ ២០១១ នេះ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​នាំចេញ​ដទៃ​ទៀត មាន​ប្រសាសន៍​ថា ​ដោយ​កម្ពុជា​មាន​ទីផ្សារ​រឹងមាំ​ដូច្នេះ សហគ្រាស​រោង​ម៉ាស៊ីន​ស្រូវ​តូច​ធំ បាន​ប្រឹងប្រែង​ជំរុញ​ការ​ផលិត ដល់​កសិករ​តាម​មូលដ្ឋាន​ឲ្យ​បង្កើន​ការផលិត​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ បង្រៀន​កសិករ​ឲ្យ​ចេះ​រើស​ពូជ​ល្អ​ត្រូវ​ទីផ្សារ បាន​ទិន្នផល​ខ្ពស់។ ចំណែក​សហគ្រាស​រោង​ម៉ាស៊ីន​កិន​ស្រូវ​វិញ ក៏​ខំ​អភិវឌ្ឍន៍​ខ្លួន បង្កើន​ការ​កែច្នៃ​ផលិតផល​ឲ្យ​មាន​គុណភាព​ល្អ ស្រប​ទៅតាម​និយាម​អន្តរជាតិ​ដែល​ទី​ផ្សារ​ត្រូវការ។

ឧកញ៉ា ភូ ពុយ ៖ «កន្លង​មក​ក្រុមហ៊ុន​វិនិយោគ​សម្រាប់​រៀបចំ​ម៉ាស៊ីន​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ បាន​ន័យ​ថា មាន​ការ​កើន​ឡើង។ រីក​ចម្រើន។ មួយ​ចំនួន​ទៀត​ម៉ាស៊ីន​ចាស់ៗ ដែល​គាត់​ធ្លាប់​កិន​បម្រើ​ឲ្យ​​ក្នុង​ស្រុក ដែល​ភាគ​ច្រើន ៩០%​នោះ ឥឡូវ​នេះ​គាត់​បាន​បន្ថែម​គ្រឿង គ្រឿង​ឧទាហរណ៍​ថា ដូច​ជា​គាត់​ខ្វះ​ខាត​គ្រឿង​រើស​ពណ៌ គ្រឿង​ប៉ូលៀ គ្រឿង​វេច​ខ្ចប់ ឥឡូវនេះ​គាត់​បន្ថែម​នៅ​ក្នុង​ម៉ាស៊ីន​ចាស់​របស់​គាត់​ អញ្ចឹង​គាត់​ក៏​អាច​ឈាន​ទៅ​រក​ការ​នាំចេញ​បាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​ស្ថិត​ក្នុង​កម្រិត​មួយ​តូច​មិនទាន់​បាន​ធំ»។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ផែន​ការ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១ លាន​តោន នៅ​ឆ្នាំ ២០១៥។ នៅ​ក្នុង​ផែន​ការ​នាំ​អង្ករ​ចេញ​រយៈ​ពេល​វែង ៥ ឆ្នាំ​នេះ រដ្ឋាភិបាល​ក៏​មាន​ផែន​ការ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​ដែរ។ ជា​អាទិ​នៅ​ឆ្នាំ ២០១១ នេះ បាន​កំណត់​នាំ​អង្ករ​ចេញ​ឲ្យ​បាន ២ សែន​តោន ហើយ​នៅ ៤ ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន ៥ ម៉ឺន​តោន​ហើយ។ នៅ​សល់ ១៥ ម៉ឺន​តោន​ទៀត​ទើប​គ្រប់​ផែន​ការ​ឆ្នាំ​២០១១។

ចំពោះ​ផែន​ការ​នេះ មាន​ដំណាង​ក្រុមហ៊ុន​មួយ​ចំនួន សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​រដ្ឋាភិបាល​មិន​អាច​សម្រេច​ផែន​ការ​នេះ​បាន ដោយ​បាន​ចង្អុល​បង្ហាញ​អំពី​អវិជ្ជមាន​មួយ​ចំនួន ដូច​ជា បញ្ហា​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត​ទាប បញ្ហា​តម្លៃ​ដែល​កម្ពុជា​លក់​​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ខណៈ​ដែល​គុណភាព​អង្ករ​ខ្មែរ​ក៏​នៅ​ទាប ប្រៀបធៀប​ទៅ​នឹង​ដៃគូ​ប្រកួត​ប្រជែង។

ក៏​ប៉ុន្តែ ចំពោះ​លោក​ឧកញ៉ា គិម សាវុធ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ៊្វូដ (Khmer Food) ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​ជិត ៤០ ទៀត មាន​ប្រសាសន៍​ថា ​កម្ពុជា​អាច​សម្រេច​ផែន​ការ​នេះ​បាន​ដោយ​ងាយ​ ព្រោះ​កម្ពុជា​បច្ចុប្បន្ន​ ផលិត​ស្រូវ​សល់​ច្រើន​ពី​ការ​ប្រើប្រាស់​ ហើយ​កម្ពុជា​ក៏​មាន​សមត្ថភាព​ផលិត​អង្ករ​​នាំ​ចេញ​មាន​គុណភាព​ល្អ​ដែរ។

ឧកញ៉ា គិម សាវុធ ៖ «ក្នុង​នោះ​ក្រុមហ៊ុន​ខ្មែរ​ហ៊្វូដ​ខ្ញុំ​ ខ្ញុំ​ថា ខ្ញុំ​នឹង​កំណត់​ទិស​ដៅ​ឲ្យ​បាន ២ ម៉ឺន​តោន យើង​យក ១០%។ ត្រឹម​ត្រីមាស​មួយ​ក្រុមហ៊ុន​ខ្ញុំ​នាំ​ចេញ​បាន ៤៧០០ តោន។ ហើយ​បើ​គិត​ដល់​ត្រឹម​ខែ​ទី ៤ បាន​សម្រេច​បាន ៦៦០០ តោន។ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​ខ្ញុំ​អាច​សម្រេច​បាន ២ ម៉ឺន​តោន»។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​តំណាង​ក្រុមហ៊ុន​មួយ​ចំនួន បាន​រៀបចំ​ផែនការ​នាំ​អង្ករ​ចេញ​បន្ថែម​ដើម្បី​ឲ្យ​គ្រប់​ផែនការ​រយៈ​ពេល​នៅសល់​ចាប់​ពី​ពេលនេះ​រហូត​ដល់​ដាច់ឆ្នាំ ២០១១។

កាល​ខែ​វិច្ឆិកា ឆ្នាំ ២០១០ កន្លង​ទៅ តំណាង​រោងម៉ាស៊ីន​កិនស្រូវ ៩ រូប និង​តំណាង​ក្រុមហ៊ុន​ឯកជន​ពីរ​រូប​ រួម​ទាំង​តំណាង​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ក្រសួង​ពាណិជ្ជកម្ម ៤ រូប បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ (Germany) បារាំង (France) ហុល្លង់ (Netherlands) និង​ប៉ូឡូញ (Poland) ដើម្បី​ស្វែង​រក​ទីផ្សារ​លក់​អង្ករ​បន្ថែម។ នៅ​ក្នុង​ទស្សន​កិច្ច​រយៈពេល​ខ្លី​នោះ ក្រុម​មន្ត្រី​និង​អ្នក​ជំនួញ​ខ្មែរ​បាន​ជួប​ចរចា​ជាមួយ​មន្ត្រី និង​អ្នក​ជំនួញ​អឺរ៉ុប ហើយ​ពួក​គេ​បាន​ចាប់​អារម្មណ៍​លើ​អង្ករ​ខ្មែរ ដែល​ក្រុម​មន្ត្រី​ខ្មែរ​រំពឹង​ថា ឆ្នាំ ២០១១ នេះ កម្ពុជា​អាច​សម្រេច​ផែនការណ៍​នាំ​អង្ករ​ចេញ​បាន​ចំនួន ២ សែន​តោន តាម​ផែនការណ៍​ដោយ​ជោគជ័យ៕

No comments: