A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 September 2016


លោក កឹម សុខា ចោទ​បក្ស​ប្រជាជន​ថា​តែងតែ​ប្រើ​ល្បិច​ខូច​ក្នុង​រឿង​នយោបាយ

ដោយ ម៉ម មុនីរតន៍
2016-09-17
  

កឹម សុខា ៨៥៥ ២០១៦
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​គណបក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រើ​ល្បិច​រាល់​ពេល​ក្នុង​ការ​ប្រកួតប្រជែង​តាម​ផ្លូវ​នយោបាយ​ជា​មួយ​បក្ស​ប្រឆាំង។ លោក កឹម សុខា ចាត់​ទុក​ថា បក្ស​កាន់​អំណាច​តែង​យក​ប្រៀប​លើ​បក្ស​សង្គ្រោះ​ជាតិ ដោយ​រំលោភ​គោលការណ៍​ច្បាប់​ជា​ដរាប បើ​ទោះ​ជា​ត្រូវ​រង​ភាព​អាម៉ាស់​បែប​ណា​ក៏ដោយ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​របស់​បក្ស​កាន់​អំណាច​វិញ​យល់​ឃើញ​ថា បញ្ហា​របស់​លោក កឹម សុខា នេះ គឺ​ជា​ទំនាស់​បុគ្គល​សុទ្ធសាធ ពុំ​មែន​ជា​វិវាទ​នយោបាយ​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​រិះគន់​ពី​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​ល្បិចកល និង​មិន​ដែល​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ការ​ប្រកួតប្រជែង​តាម​ផ្លូវ​នយោបាយ​ម្ដង​ណា​នោះ។
ការ​ឆ្លើយ​តប​បែប​នេះ​របស់​លោក សុខ ឥសាន បន្ទាប់​ពី​ប្រធាន​ស្ដីទី​លោក កឹម សុខា ប្រាប់​ទៅ​យុវជន​បក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។
ថ្លែង​នៅ​ចំពោះ​មុខ​យុវជន លោក កឹម សុខា ដែល​ធ្លាប់​តែ​ពួន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​គេច​ចេញ​ពី​ការ​​តាម​ប្រមាញ់​ដោយ​តុលាការ​នោះ បាន​ចោទ​ប្រកាន់​គណបក្ស​ដែល​គ្របគ្រង​រដ្ឋាភិបាល​ថា តែង​ធ្វើ​នយោបាយ​មិន​ស្មោះត្រង់ ជា​ពិសេស​បក្ស​កាន់​អំណាច ជា​ញឹកញាប់​តែង​អនុវត្ត​​ផ្ទុយ​ពី​ច្បាប់​ជា​និច្ច។ ជាង​នេះ​ទៀត ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​បាន​ពេបជ្រាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា តែង​យក​ឈ្នះ​លើ​គូរ​ប្រកួត​ដោយ​ប្រើប្រាស់​ឥទ្ធិពល​នៃ​អំណាច​តែ​រហូត​មក ដូច​ជា​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​របស់​ខ្លួន និង​ជម្រើស​បន្ទាប់​គឺ​កម្លាំង​យោធា៖ «ដើម្បី​ឲ្យ​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ហើយ​បក្ស​ពីរ​ប្រកួត​គ្នា​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង​ទៅ​ជា​កាត់​ក្បាល​បក្ស​មួយ​បាត់ ចង​ជើង ចង​ដៃ​បក្ស​មួយ​បាត់ ហៅ​ថា​ការ​ប្រកួត​ដោយ​ស្មើភាព​ទេ? ហៅ​ថា​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ?។ កុំ​យក​លេស​ថា រឿង​តុលាការ ទៅ​ជា​រឿង​បុគ្គល តែ​កូន​ក្មេង​ក៏​វា​ដឹង​ដែរ»
ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ដោយ​ចាត់​ទុក​ថា រឿង​អាស្រូវ​របស់​លោក កឹម សុខា វា​ពុំ​មែន​ជា​ទំនាស់​ផ្នែក​នយោបាយ​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​នេះ​គឺ​ផ្ដើម​ចេញ​ពី​រឿង​បុគ្គល​លោក កឹម សុខា ផ្ទាល់។ម្យ៉ាង​វិញ​ទៀត គណបក្ស​ប្រឆាំង​តែង​ព្យាយាម​ទាញ​ហេតុផល​នេះ ថា​ជា​ទំនាស់​ផ្លូវ​នយោបាយ​ទៅ​វិញ។ ស្ថិត​ក្នុង​អាការៈ​ជំងឺ​ផ្ដាសាយ​ផង លោក សុខ ឥសាន បញ្ជាក់​ថា រដ្ឋាភិបាល​ពុំ​ដែល​បាន​បិទ​សិទ្ធិ​សេរីភាព​បក្ស​នយោបាយ​ណា​មួយ​តាម​រយៈ​ការ​ប្រើប្រាស់​តុលាការ​ម្ដង​ណា​ឡើយ៖ «ឯកឧត្ដម កឹម សុខា គ្មាន​អ្នក​ណា​ទៅ​បញ្ចុះបញ្ចូល​​ឲ្យ​ទាក់ទង​កញ្ញា ខុម ចាន់តារាទី វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ បាន​ទទួល​បណ្ដឹង​ពី​កញ្ញា ខុម ចាន់តារាទី និង​កញ្ញា ធី សុវណ្ណថា ផង។ វា​ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ពេល​ណា​ប្រជាពលរដ្ឋ​កើត​ទុក្ខ​មិន​សុខចិត្ត ស្ថាប័ន​រដ្ឋ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដោះស្រាយ»
រដ្ឋធម្មនុញ្ញ​មាត្រា​៥១ ថ្មី​ចែង​ថា ប្រទេស​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ និង​សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។
ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​របស់​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​នេះ ស្រប​ពេល​ប្រទេស​ចំនួន ៣៦ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ បញ្ចេញ​ប្រតិកម្ម និង​ថ្កោលទោស​ដោយ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវ​ដាំ​ក្បាល​ចុះ។ លោក កឹម សុខា អះអាង​ថា ការ​ពិត​អ្វី​ដែល​រដ្ឋាភិបាល​តែង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ថា អន្តរជាតិ​មិន​អាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា បាន​នោះ វា​ពុំ​មែន​ជា​ការ​ពិត​ទេ។ ម្យ៉ាង​ទៀត​បើ​ផ្អែក​ឧបករណ៍​ច្បាប់​អន្តរជាតិ កម្ពុជា​ចៀស​មិន​ផុត​ពី​ការ​អន្តរាគមន៍​របស់​សាកល​លោក​ឡើយ ជា​ពិសេស​ប្រទេស​ដែល​ផ្ចុងផ្ដើម​នាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា៖ «ចង់​បញ្ជាក់​ជូន​ហេតុ​អី​បាន​បរទេស​ឈឺ​ឆ្អាល​រឿង​ខ្មែរ​ហ្នឹង។ តើ​គេ​ចង់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​យើង និង​គេ​ចង់​រំលោភ​លើ​អធិបតេយ្យភាព​យើង ឬ​យ៉ាង​ណា? មិន​មែន​ទេ​បងប្អូន! ជា​កាតព្វកិច្ច​របស់​គេ ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ​យើង​ផង​ដែរ»
បដិសេធ​នឹង​ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក សុខ ឥសាន ថ្លែង​ថា ច្បាប់ និង​កាតព្វកិច្ច​ជា​សាកល​នេះ​នឹង​ពុំ​មាន​ឥទ្ធិពល​ណា​មួយ និង​ជាប់​កាតព្វកិច្ច​អ្វី​ទាល់​តែ​សោះ​លើ​ប្រទេស​កម្ពុជា បាន​ទេ ស្រប​ពេល​ដែល​កម្ពុជា មាន​អធិបតេយ្យភាព និង​បូរណភាព​ពេញលេញ​របស់​ខ្លួន​រួច​ទៅ​ហើយ៖ «ខ្ញុំ​យល់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យ។ អ៊ីចឹង​ទេ​មិន​មែន​អន្តរជាតិ​ចេះ​តែ​លូក​បាន​ទេ។ ដូច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អ៊ីចឹង​គេ​បាន​និយាយ​ហើយ​គឺ​ថា​នៅ​ពេល​មាន​ការ​ឈ្លានពាន​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​ឯករាជភាព អធិបតេយ្យភាព ភាព​មិន​អាច​បំបែក​បាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​សហប្រធាន​ហត្ថលេខី​ក្នុង​ចំណោម​ប្រទេស​ទាំង ១៨​កោះ​ជា​បន្ទាន់»
អ្នក​វិភាគ​សង្គម និង​នយោបាយ លោក មាស នី យល់​ឃើញ​ថា កម្ពុជា​នឹង​នៅ​តែ​ជា​ប្រទេស​ដែល​ដើរ​យឺត​ជាង​គេ​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក ប្រសិន​បើ​មេដឹកនាំ​នៃ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ នៅ​តែ​ធ្វើ​នយោបាយ​ដើម្បី​តែ​អំណាច​តទៅ​មុខ​ទៀត៕

No comments: