A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 September 2016


តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចាត់​ទុក​ករណី​រំលោភ​ដីធ្លី​ជា​ចំណុច​អាទិភាព

ដោយ មួង ណារ៉េត
2016-09-16
  

សន្តិសុខ​បង្ក្រាប​អ្នក​បុរីកីឡា ៦១០
កង​សន្តិសុខ​ខណ្ឌ​៧​មករា បង្ក្រាប​អ្នក​បុរីកីឡា មិន​ឲ្យ​ឡើង​ទៅ​នៅ​លើ​អគារ​ជាន់​ទី​៩ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Sochivy

អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ប្រកាស​ថា តុលាការ​នេះ​នឹង​សម្រាំង​រឿង​ក្ដី​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ចាត់​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់ និង​មុន​គេ រួម​មាន​ករណី​រឹបអូស​ដីធ្លី និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​ពី​សំណាក់​អ្នក​មាន​អំណាច។
តំណាង​ក្រុម​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) លោក​មេធាវី រីឆាត រ៉ូជើរ (Richard Rogers) ដែល​តំណាង​ជនរងគ្រោះ​ដីធ្លី​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​មន្ត្រី​កាន់អំណាច​នៅ​កម្ពុជា សាទរ​នឹង​សេចក្ដី​ប្រកាស​នេះ ដោយ​ចាត់​ទុក​ថា ជន​ដែល​ធ្វើ​បាប​រាស្ត្រ​នឹង​ត្រូវ​នាំ​មក​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ពេល​ខាង​មុខ​នេះ។
លោក​មេធាវី រីឆាត រ៉ូជើរ៖ «អ្វី​ដែល​មាន​ចែង​ក្នុង​គោលនយោបាយ​ថ្មី​របស់​អយ្យការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បែប​នេះ គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​មាន​កាតព្វកិច្ច​ក្នុង​ការ​ទប់ស្កាត់​អំពើ​ឃោរឃៅ​ដែល​ប្រព្រឹត្ត​មក​លើ​ប្រជាពលរដ្ឋ​ទូទៅ និង​បញ្ឈប់​ភាព​តិរច្ឆាន​នៃ​របប​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​កាន់​អំណាច​ដែល​បន្ត​ធ្វើ​បាប​ប្រជារាស្ត្រ​ជា​បន្តបន្ទាប់​រាប់​ខែ​ឆ្នាំ និង​បន្ត​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ជា​រៀង​ដរាប​មក។ ដោយសារ​តែ​ការ​យក​ពាក្យ “អភិវឌ្ឍ” មក​បិទបាំង​នេះ​ហើយ ទើប​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង ដែល​នេះ​មិន​ខុស​អ្វី​ពី​អំពើ​ព្រៃផ្សៃ​ដែល​កើត​មាន​ក្នុង​ពេល​មាន​សង្គ្រាម​នោះ​ទេ។ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី និង​លំនៅឋាន​ដោយ​បង្ខំ គឺ​ជា​ការ​បំផ្លាញ​សហគមន៍​សុខសាន្ត​មួយ ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម ឬ​អាច​បង្កើត​ទៅ​ជា​ភ្នក់​ភ្លើង​សង្គ្រាម​ទៀត​ផង។ សារ​របស់​រដ្ឋ​អាជ្ញា​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ពេល​នេះ មាន​ភាព​ច្បាស់លាស់ គឺ​គាត់​ចង់​រម្លឹក​ថា អំពើ​ល្មើស​បែប​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មិន​អាច​អត់ឱន​ត​ទៅ​ទៀត​បាន​ឡើយ»
​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា​ការ​ចេញ​ផ្សាយ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ មិន​មាន​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ឬ​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​នេះ​ទេ។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​លោក​មេធាវី រីឆាត រ៉ូជើរ ដោយ​ថា លោក​មិន​ចាប់អារម្មណ៍ ឬ​អោយ​តម្លៃ​ទៅ​លើ​ការ​លើក​ឡើង​នេះ​ទេ៖ «អា​នេះ​គ្រាន់តែ​ជា​យុទ្ធនា​ដើម្បី​បង្អើល ហើយ​អោយ​គេ​ចាប់​អារម្មណ៍ និង​ធ្វើ​ពាណិជ្ជកម្ម​អោយ​ខ្លួន​គាត់​ល្បី​ប៉ុណ្ណោះ»
អ្នក​បឹងកក់​សុំ​អន្តរាគមន៍​ពី មីស៊្ហែល អូបាម៉ា ៦២០
ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា លើក​បដា​ស្នើសុំ អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ និង​ព្រះសង្ឃ ៣​អង្គ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Rann Samnang

លោក​មេធាវី​អន្តរជាតិ រីឆាត រ៉ូជើរ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ផ្នែក​គាំពារ​ការ​ការពារ​ក្ដី​នៅ​សាលាក្ដី​ខ្មែរក្រហម និង​ធ្លាប់​ធ្វើ​ជា​ប្រធាន​ផ្នែក​ជំនួយ​ផ្នែក​ច្បាប់​នៃ​អង្គ​ជំនុំជម្រះ​សាលាឧទ្ធរណ៍​អម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​យូហ្គោស្លាវី (ICTY) អះអាង​ថា បទល្មើស​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ទ្រង់ទ្រាយ​ធំ​បែប​នេះ​មាន​ធាតុ​ផ្សំ​ជា​បទល្មើស​កម្រិត​អន្តរជាតិ៖ «ទោះបី​តុលាការ ICC គ្មាន​យុត្តាធិការ​លើ​បទល្មើស​ថ្នាក់​ជាតិ​ក៏​ពិត​មែន ប៉ុន្តែ​តុលាការ​នេះ​មាន​សមត្ថកិច្ច​ជំនុំជម្រះ​បទល្មើស​កម្រិត​អន្តរជាតិ។ ក្នុង​បណ្ដឹង​របស់​យើង គឺ​យើង​ប្ដឹង​ចោទ​ប្រកាន់​មេដឹកនាំ និង​ក្រុម​អភិជន​បក្ស​កាន់​អំណាច​ពី​បទ​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ប្រជាជន​ខ្មែរ​ដែល​ជា​ពលរដ្ឋ​ស៊ីវិល។ បទឧក្រិដ្ឋ​ទាំង​នេះ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នេះ ជា​បទល្មើស​កម្រិត​អន្តរជាតិ ដែល​តុលាការ ICC មាន​សមត្ថកិច្ច​ជំនុំជម្រះ​បាន»
​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ កថាខណ្ឌ ៣០ នៃ​ឯកសារ​គោលនយោបាយ​ថ្មី​របស់​អយ្យការ​តុលាការ ICC ចែង​អំពី​សមត្ថកិច្ច​បំពេញ​បន្ថែម​ទៅ​លើ​អ្វី​ដែល​ជា​ការ​មើល​រំលង និង​ភាព​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ផ្ដន្ទាទោស​ជនល្មើស​របស់​តុលាការ​ជាតិ។
តាម​តថភាព​ជាក់ស្ដែង​នៃ​ប្រវត្តិ​នៃ​ការ​អនុវត្ត​នីតិវិធី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តុលាការ​នេះ​មិន​បំពាន​អធិបតេយ្យភាព ឬ​ក៏​មិន​មាន​តួនាទី​ជាន់​គ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​ត្រង់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​លូកលាន់​កាត់​ទោស​ជន​ណា​ដែល​ស្ថាប័ន​ច្បាប់​នៃ​ប្រទេស​ណា​មួយ​ចាត់​វិធានការ​ស្របតាម​គតិយុត្តិ​ហើយ​នោះ​ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​ព្រងើយកន្តើយ​មិន​ដោះស្រាយ ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់ការ​ដោះស្រាយ​ដែរ តែ​គ្រាន់តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។
ដោយ​ផ្អែក​ទៅ​លើ​អាណត្តិ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោក រីឆាត រ៉ូជើរ៍ មេធាវី​អន្តរជាតិ តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ (The Hague) ដោយ​បណ្ដឹង​នោះ ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង​ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន៕

No comments: