A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

សាលាក្រុង​ព្រមាន​​បក្ស​ប្រឆាំង​ពី​ការ​ប្រកាស​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ


សាលាក្រុង​ព្រមាន​​បក្ស​ប្រឆាំង​ពី​ការ​ប្រកាស​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ
ដោយ អ៊ុង សេរីវុទ្ធ
2016-08-12


សង្គ្រោះ​ជាតិ​ហែ​ញត្តិ ២០១៦ ៨៥៥
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA



សាលា​រាជធានី​ភ្នំពេញ​ហាម​​គណបក្ស​សង្គ្រោះជាតិ មិន​ឲ្យ​ចូលរួម​​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ខ្មៅ​ ដោយ​ចាត់​ទុក​សកម្មភាព​របស់​បក្ស​ប្រឆាំង​ថា អាច​ជា​ការ​បង្ក​ចលាចល​ក្នុង​សង្គម។

គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ថ្ងៃ​ទី៨ ខែ​សីហា បាន​​ប្រកាស​ចូលរួម​យុទ្ធនាការ​ពណ៌ខ្មៅ ដើម្បី​តស៊ូ​មតិ​ឲ្យ​ដោះលែង​សកម្មជន​នយោបាយ មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ។

លិខិត​សាលា​រាជធានី​ភ្នំពេញ ចុះ​នៅ​ថ្ងៃ​ទី​១២ សីហា ​ស្នើ​​ដល់​គណបក្ស​សង្គ្រោះជាតិ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ ដោយ​សាលាក្រុង​ចាត់​ទុក​ការ​ប្រកាស​ចូលរួម​របស់​បក្ស​ប្រឆាំង​នេះ គឺ​ជា​ការ​បំផុស ញុះញង់ កៀរគរ​កម្លាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ ដែល​ជា​ទង្វើ​ខុស​ច្បាប់ បង្ក​ចលាចល​ក្នុង​សង្គម និង​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល។

បន្ថែម​ពី​នេះ​សាលាក្រុង​បញ្ជាក់​ថា បើ​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​សកម្មភាព​នេះ គណបក្ស​ត្រូវ​ទទួល​ខុស​​ត្រូវ​មុខ​ច្បាប់​​​ជា​ធរមាន។



ឆ្លើយ​តប​នឹង​ការ​ហាម​ប្រាម​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​មិន​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ។ ​លោក​ចោទសួរ​តប​ទៅ​វិញ​ថា គ្រាន់​តែ​នៅ​ក្នុង​ទីស្នាក់ការ ហើយ​ពាក់​អាវ​ពណ៌​ខ្មៅ ឬ​អ្នកណា​ចង់​ពាក់អាវ​ពណ៌​ស ពណ៌ក្រហម​ជាដើម ជា​​ទង្វើ​ខុស​ច្បាប់​ដែរ​ឬ​យ៉ាងណា?​៖ «ខ្ញុំ​គ្រាន់​តែ​ជូន​ថា ឥឡូវ​ហ្នឹង​សកម្មភាព​​ទាំងឡាយ​ណា​ ដែល​យើង​ធ្វើ​ ដូច​ថា​អ្នក​ណា​​ចង់​​មាន​សមានចិត្ត​​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​​​អី ឬ​យើង​ចង់​​ធ្វើ​សកម្មភាព​​អី​យ៉ាង​ម៉េច គឺ​ការ​ធ្វើ​​ហ្នឹង នៅ​ក្នុង​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ​នៅ​ចាក់​អង្រែ​ទេ។ វា​មិន​ប៉ះពាល់​​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ខាងក្រៅ​​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​​នៅ​ភ្នំពេញ ដូច្នេះ​សមត្ថកិច្ច​កុំ​ព្រួយ​បារម្ភ»។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ធ្លាប់​ឲ្យ​អាស៊ីសេរី ដឹង​ថា បក្ស​ប្រឆាំង​នឹង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដោយ​ប្រមូល​ផ្តុំ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស និង​មាន​ការ​ថ្លែង​សារ​ជាដើម៕

No comments: