A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 August 2016

យុទ្ធនាការ​បង្កើត​គេហទំព័រ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គ.ជ.ប


ដោយ ជិន ជេដ្ឋា
2016-08-12  rfa

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៨៥៥
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA
 RFA


មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​សង្ឃឹម​ថា គេហទំព័រ ហ្វ្រី ឌឹ ហ្វាយ (#Freethe5kh) ឬ​ដោះលែង​អ្នក​ទាំង​៥ ដែល​បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦ នោះ ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៤​នាក់ និង​អគ្គលេខាធិការ​រង​គ.ជ.ប ម្នាក់ ព្រម​ទាំង​ជំរុញ​សមត្ថកិច្ច​ឲ្យ​ស៊ើប​អង្កេត​ហ្មត់ចត់​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ដែរ។

ក្រោយ​ការ​បង្កើត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ទាំង ៥​រូប ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល ខណៈ​ស្ថានការណ៍​នយោបាយ​នៅ​បន្ត​តានតឹង ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិមនុស្ស បាន​រក​វិធី​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី គ.ជ.ប និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ទាំង​នេះ តាម​រយៈ​ការ​បង្កើត​គេហទំព័រ​ថ្មី​មួយ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​សាធារណជន។

ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​អង្គការ និង​សមាគម​ច្រើន​ហើយ​ដែល​បាន​ចូល​រួម ឬ​គាំទ្រ​គេហទំព័រ​ឯករាជ្យ​បង្កើត​ដោយ​សម្ព័ន្ធ​សង្គម​ស៊ីវិល​នេះ។



លោក​ថា គេហទំព័រ​នេះ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ ប៉ុន្តែ​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញ​មតិ​គោរព​សិទ្ធិ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​តាម​ដាន​ដំណើរការ​ស៊ើបអង្កេត ឬ​ផ្ដល់​យុត្តិធម៌​សម្រាប់​សព​លោក កែម ឡី៖ «ជា​គេហទំព័រ​សង្គម​ស៊ីវិល​យើង​អាច​មើល​ឃើញ ហើយ​ប្រជាពលរដ្ឋ ក៏​ដូច​សហគមន៍​ជាតិ និង​អន្តរជាតិ អាច​មើល​ឃើញ​ទៅ​លើ​គេហទំព័រ ហើយ​បង្ហាញ​ពី​វត្តមាន​នៃ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ហ្នឹង ហើយ​គេហទំព័រ​ហ្នឹង​ក៏​អាច​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ណា​មួយ សម្រាប់​រវាង​គណបក្ស​នយោបាយ​ហ្នឹង (គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ) ជា​ពិសេស​យើង​ក៏​ឃើញ​ថា ផ្ដល់​ការវិវត្តន៍​នូវ​ព័ត៌មាន​ជា​ប្រចាំ​សម្រាប់​ករណី​របស់​អ្នក​ទាំង​ប្រាំ​នាក់ និង​ករណី​របស់​លោក​បណ្ឌិត កែម ឡី»។

គេហទំព័រ ហ្វ្រី ឌឹ ហ្វាយ បាន​បង្ហាញ​នូវ​គោលបំណង​សំខាន់​មួយ គឺ​ស្វែងរក​ការ​គាំ​ទ្រ​ចំពោះ​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន និង​ចង់​រំលឹក​ពួកគេ​ថា សាធារណជន​មិន​បាន​បំភ្លេច​នូវ​បុព្វហេតុ​ជួយ​ជន​រងគ្រោះ​ប្រកប​ដោយ​ក្រមសីលធម៌​ខ្ពស់​ឡើយ នៅ​គ្រា​ដែល​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​ទាំង​បំពាន។ រយៈ​ពេល​ជាង ១០០​ថ្ងៃ​ហើយ ដែល​អ្នក​ទាំង ៥​ជាប់​ពន្ធនាគារ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ការ​បង្កើត​គេហទំព័រ​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា។ ប៉ុន្តែ​កន្លង​ទៅ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្លាប់​បំបែក​ក្បួន​តវ៉ា និង​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ដែល​ពាក់​អាវ​ខ្មៅ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​ទាំង ៥​រូប ក្រោម​ហេតុផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្ដាប់​សង្គម។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) ៤​រូប ដែល​ជាប់​ឃុំ​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ មក​នោះ គឺ​មាន​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ លោក នី សុខា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ជាមួយ​លោក កឹម សុខា។ ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប និង​ជា​អតីត​មន្ត្រី​របស់​សមាគម​អាដហុក លោក នី ចរិយា ត្រូវ​តុលាការ​ចោទ​ថា បាន​រួម​គំនិត​ក្នុង​បទល្មើស​នេះ​ដែរ៕

No comments: