A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 August 2016

អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប​បារម្ភ​ពី​ផលប៉ះពាល់ ក្រោយ​រដ្ឋាភិបាល​ប្រកាស​ដំឡើង​តម្លៃ​សំបុត្រ


ដោយ លោក បូ សាវី​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦​


ភ្ញៀវជាតិ​ និង​អន្តរជាតិ​ដែលបានទៅទស្សនា​អង្គរកាលពី​ពេល​​កន្លង​មក​​(រូបថត៖ បូ សាវី)


អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប បាននិយាយថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាមរណីយដ្ឋានតំបន់អង្គរពីសំណាក់រដ្ឋាភិបាល នឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលទៅទស្សនានៅទីនោះ ហើយជះឥទ្ធិពលបន្តទៅដល់ឧស្សាហកម្មទេសចរណ៍ទាំងមូល។

គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងលើការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កាលពីថ្ងៃទី០៥ ខែសីហា បានប្រកាសពីការដំឡើងតម្លៃសំបុត្រសម្រាប់ជនបរទេសចូលទស្សនាតំបន់បេតិកភណ្ឌមួយនេះ ដោយថា ថវិកាមួយភាគបានមកពីការលក់សំបុត្រនេះ នឹងត្រូវបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។

យោងតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ តម្លៃសំបុត្រសម្រាប់ចូលទស្សនារយៈពេល ១ថ្ងៃ នឹងត្រូវដំឡើងពី ២០ដុល្លារ ទៅ ៣៧ដុល្លារ ខណៈដែលតម្លៃសំបុត្រសម្រាប់រយៈពេល ៣ថ្ងៃ នឹងត្រូវដំឡើងពី ៤០ដុល្លារ ទៅ ៦២ដុល្លារ។ ចំណែកតម្លៃសំបុត្រចូលទស្សនារយៈពេលមួយសប្ដាហ៍ នឹងត្រូវដំឡើងពី ៦០ដុល្លារ ទៅ ៧០ដុល្លារ ហើយការអនុវត្តតម្លៃថ្មី នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៧។



ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍តំបន់អង្គរ ខេត្តសៀមរាប លោក ខៀវ ធី បានប្រាប់ វីអូឌី(VOD) នៅថ្ងៃសៅរ៍នេះថា ការអនុវត្តតម្លៃសំបុត្រថ្មីនេះ អាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះល្បីល្បាញនៃតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ។

លោកថ្លែងថា៖ «រដ្ឋាភិបាលគួរដំឡើងពី ២០ដុល្លារ ទៅ ២៧ដុល្លារសម្រាប់សំបុត្រ ១ថ្ងៃ ៤៥ដុល្លារសម្រាប់សំបុត្រ ៣ថ្ងៃ និងមួយសប្ដាហ៍ ៦៥ដុល្លារ ដើម្បីរក្សាកេរ្តិ៍ឈ្មោះតំបន់ទេសចរណ៍មួយនេះ។ ភ្ញៀវទេសចរអន្តរជាតិ នឹងនិយាយអាក្រក់ពីកម្ពុជា»។

តំណាងក្រុមហ៊ុនដឹកភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាតំបន់អង្គរនេះ អាចធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ហើយក៏ធ្វើប៉ះពាល់ដល់សេវាកម្មដឹកជញ្ជូនផងដែរ។

តំណាងក្រុមហ៊ុននិយាយថា៖ «កន្លែងទស្សនានៅតំបន់អង្គរ មានច្រើន ប៉ុន្តែ បើប័ណ្ណទស្សនាមានតម្លៃខ្ពស់ ភ្ញៀវទេសចរ អាចនឹងឆាប់វិលត្រឡប់ទៅវិញ។ បញ្ហានេះធ្វើឲ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃរបស់អ្នកធ្វើអាជីវកម្មផ្នែកសេវាទេសចរណ៍ ដោយសារថវិកាភ្ញៀវទេសចរអន្តរជាតិមួយចំនួន មកទស្សនាតំបន់អង្គរ មានកំណត់»។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលនៃគ្រឹះស្ថានអង្គរ លោក ហុក សេង បានថ្លែងថា លោកពុំបានដឹងពីមូលហេតុនៃការដំឡើងតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះទេ ប៉ុន្តែ លោកថា រដ្ឋាភិបាលគ្រោងប្រជុំពិភាក្សាអំពីបញ្ហានេះ នៅឯខេត្តសៀមរាប នៅសប្ដាហ៍ក្រោយ។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវចូលទស្សនាតំបន់ប្រវត្តិសាស្ត្រមួយនេះ ទទួលបានជាង ៣១លានដុល្លារ នៅក្នុងរយៈពេល ៦ខែឆ្នាំនេះ ឬកើន ១.៧៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥កន្លងមក។

ទោះជាយ៉ាងណា ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរ បានកើនឡើងក្នុងកម្រិតទាបត្រឹមតែ ០.៧០ភាគរយប៉ុណ្ណោះ បើធៀបទៅនឹងឆមាសទី ១ ឆ្នាំ២០១៥៕

No comments: