A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 August 2016

លោក អ៊ុំ សំអាន មិនឆ្លើយសំណួរតុលាការជាន់ខ្ពស់ពេលបើកសវនាការសុំនៅក្រៅឃុំ




ដោយ លោក

ញឹម សុខន​​ | ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦​ vod


តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន


តំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន លោក អ៊ុំ សំអាន មិនឆ្លើយនឹងសំណួររបស់ចៅក្រមតុលាការកំពូលក្នុងសវនាការលើបណ្តឹងសារទុក្ខសុំនៅក្រៅឃុំ ដោយអះអាងថាការឃុំខ្លួនលោក តុលាការថ្នាក់ក្រោមបានរំលោភសិទ្ធិអ្នកតំណាងរាស្រ្តដែលធានាដោយរដ្ឋធម្មនុញ្ញ។

លោក អ៊ុំ សំអាន ត្រូវសត្ថកិច្ចចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ចោទថាបានប្រព្រឹត្តិបទល្មើសជាក់ស្តែងទាក់ទិននឹងបង្ហោះឯកសារផែនទីនានាតាមបណ្តាញសង្គមនិងចោទរដ្ឋាភិបាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយ បោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យខ្មែរខាត់បង់ទឹកដីទៅប្រទេសជិតខាង។

ក្រោយមកសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនតំណាងរាស្ត្ររូបនោះបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

ប៉ុន្តែការចោទប្រកាន់នោះត្រូវតំណាងរាស្ត្របក្សប្រឆាំងដែលមានអភ័យឯកសិទ្ធិសភានៅឡើយ លោក អ៊ុំ សំអាន ប្តឹងជាបន្តបន្ទាប់ រហូតដល់សាលាឧទ្ទរណ៍សុំបាននៅក្រៅឃុំ ដោយអះអាងថាតាមច្បាប់អ្នកតំណាងរាស្ត្រ តុលាការអាចឃុំខ្លួនឬចោទប្រកាន់រូបគេបាន លុះណាតែរដ្ឋសភាប្រកាសដកអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញដោយសំឡេង២ភាគ៣ជាមុនសិន។



ក៏ប៉ុន្តែសាលាឧទ្ធរណ៍កាលពីខែមុនក៏បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំនេះដែរ ដោយចាត់ថាការដែលចៅស្រមស៊ើបសួរនៅសាលាដំបូងមិនអនុញ្ញាតិឲ្យលោក អ៊ុំ សំអាន បាននៅក្រៅឃុំ ដោយបារម្ភថាតំណាងរាស្ត្របក្សប្រឆាំងនោះអាចនឹងគេចខ្លួនឬអាចបង្កឲ្យចលាចលក្នុងសង្គម ថាជារឿងត្រឹមត្រូវនិងបន្តឲ្យសមត្ថកិច្ចបន្តឃុំខ្លួនលោក អ៊ុំ សំអាន នៅពន្ធនាគារ។

ការណីនេះជំរុញឲ្យតំណាងរាស្ត្ររូបនោះនិងមេធាវីការពារក្តី ប្តឹងទាស់ទៅតុលាការកំពូលស្វែងរកយុត្តិធម៌។

ក្នុងសវនាការនៅព្រឹកថ្ងៃទី១០ខែសីហានេះ ប្រធានចៅក្រមក្នុងអង្គជំនំជម្រះ លោកស្រី គិម សត្ថាវី បានសួរលោក អ៊ុំ សំអាន ដែលឈរមុខក្រចកសះថា លោក អ៊ុំ សំអាន មានកូន១និងរៀបរាប់ពីពេលវេលាទីតាំងដែលសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទរូបនោះនៅខេត្តសៀមរៀបកន្លងទៅ ប៉ុន្តែលោក អ៊ុំ សំអាន ឆ្លើយកាត់ថា លោកមិនឆ្លើយនឹងសំណួររបស់ចៅក្រមទេ ដោយអះអាងថាលោកនៅមានអភ័យឯកសិទ្ធជាអ្នកតំណាងរាស្ត្រ ហើយបានចាត់ទុកថាការចាប់ឃុំខ្លួនលោក រំលោភរដ្ឋធម្មនុញ្ញមាត្រា៨០។

ភ្លាមៗប្រធានចៅក្រមក្នុងអង្គជំនំជម្រះ លោកស្រី គិម សត្ថាវី បានទទួលយកការលើកឡើងរបស់លោក អ៊ុំ សំអាន ប៉ុន្តែលោកស្រីថា លោក អ៊ុំ សំអាន អាចនៅស្តាប់សវនាការក៏បានឬអាចចង់ទៅពន្ធនាគារវិញភ្លាមៗក៏បាន តែលោក អ៊ុំ សំអាន សម្រេចអង្គុយស្តាប់សវនាការដោយឲ្យមេធាវីអ្នកបកស្រាយ។

ក្រោយមកលោកស្រី គិម សត្ថាវី បានព្រមានលោក អ៊ុំ សំអាន ឲ្យរក្សារបៀបរៀបរយពេលលោកក្រោកដើរទៅជួបតំណាងរាស្ត្របក្សប្រឆាំងមួយរូបផ្សេងទៀតដែលអង្គុយនៅជ្រុងម្ខាងក្នុងសវនាការ។

មេធាវីមួយរូបក្នុងចំណោមមេធាវីពីរនាក់ផ្សេងទៀត គឺលោក ជូង ជូងី បានប្រាប់ចៅក្រមថា ការដែលចៅក្រមស៊ើបសួរសាលាដំបូងសម្រេចឲ្យបន្តឃុំខ្លួនកូនក្តីលោក ដោយសំអាងថាខ្លាចកូនក្តីលោកបង្កឲ្យមានចលាចលក្នុងសង្គម លោក ជូង ជូងី គិតថាការចោទនោះ ជាការដាក់បន្ទុកគិតទុកមុន រំលោភសិទ្ធិកូនក្តីនៅពេលការស៊ើបអង្កេតមិនទាន់រកឃើញការពិត។

លោក ជូង ជូងី បន្តថាកូនក្តីលោកជាតំណាងរាស្ត្រមានភារកិច្ចចុះជួបពលរដ្ឋ ស្វែងរកបញ្ជានានា ដើម្បីយកមកជជែកឬស្វែងរកដំណោះស្រាយនៅក្នុងសភា រួមទាំងបញ្ហាព្រំដែនផងដែរ។ លោកថា ម្យាងវិញទៀតកូនក្តីលោក ជាតំណាងរាស្ត្រក៏មានសិទ្ធិក្នុងការតាមដាន ការអនុវត្តចាប់របស់រដ្ឋាភិបាលផងដែរ។

មេធាវីរូបនោះបញ្ជាក់ថាការដែលកូនក្តីលោកបង្ហោះឯកសារនៅលើបណ្តាញសង្គម លោកថាជាការស្រាវជ្រាវ មិនមែនផលិតខ្លួនឯងទេ ចំណែកការលើកពីការអះអាង ពីទុក្ខកង្វល់របស់ពលរដ្ឋរស់នៅតាមព្រំដែន លោកថាជាសេរីភាពបញ្ចេញមតិរបស់តំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញ។

លោក ជូង ជូងី ស្នើឲ្យតុលាការកំពូលពិចារណាឲ្យកូនក្តីលោកគឺ លោក អ៊ុំ សំអាន បាននៅក្រៅឃុំណ្តោះអាសន្ន ដោយអះអាងថា កូនក្តីលោកមានទីលំនៅនិងមុខរបពិតប្រាកដជាតំណាងរាស្ត្រ។ សុំតម្លល់លិខិតឆ្លងដែន ដាក់ប្រាក់ធានា និងមានតំណាងរាស្ត្រជាង៥០រូបធានាផងដែរ។

មេធាវីការពារមួយរូបទៀតគឺលោក ហែម សុជាតិ ប្រាប់ចៅក្រមក្នុងអង្គសវនាការនិងអ្នកសារព័ត៌មានក្រោយបិទសវនាការប្រហាក់ប្រហែលគ្នាថា កូនក្តីលោកមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងដូចតុលាការថ្នាក់ក្រោមចោទប្រកាន់នោះទេ។ លោកថាតុលាការអាចនឹងពិចារណាឲ្យកូនក្តីលោកបាននៅក្រៅឃុំ ក្រោយពីសវនាការថ្ងៃពុធនេះ។

លោកបន្តថា៖ «បទល្មើសជាក់ស្តែងបានន័យថា កើតភ្លាមចាប់ភ្លាម ប៉ុន្តែបទល្មើសរបស់គាត់នៅលើបណ្តាញសង្គមហ្វេសប៊ុកហ្នឹង២០១៥ ប៉ុន្តែការចាប់ខ្លួនគាត់នៅ២០១៦ទេ អញ្ចឹងវាអត់មានភាពជាក់ស្តែងទេ។ កាលណាវាអត់មានភាពជាក់ស្តែង យើងតម្រូវឲ្យធ្វើតាមនីតិវិធី។ តាមនីតិវិធីក្រសួងយុត្តិធម៌ [និង]ព្រះរាជអាជ្ញានឹង ធ្វើរបាយការណ៍មកក្រសួង ហើយក្រសួង[យុត្តិធម៌] ធ្វើសំណើទៅសភា ដើម្បីដកអភ័យឯកសិទ្ធិ តាមមាត្រា៨០។ ក៏ប៉ុន្តែរដ្ឋសភាមកដល់ពេលនេះ មិនទាន់ដកអភ័យឯកសិទ្ធិទេ ព្រោះការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ ត្រូវការសំឡេងភាគច្រើន២ភាគ៣ ស្មើ៨២សំឡេង។ អញ្ជឹងមកដល់ពេលនេះអត់ទាន់បានដកទេ អញ្ចឹងគាត់[អ៊ុំ សំអាន] នៅតែជាតំណាងរាស្ត្រ»។

តែអគ្គព្រះរាជអាជ្ញារងលោក ឈួន ចាន់ថា បានស្នើសុំឲ្យចៅក្រមពិចារណាតែពាក្យបណ្តឹងសុំនៅក្រៅឃុំប៉ុណ្ណោះ មិនគួរពិចារណាទៅអង្គសេចក្តី ដែលមេធាវីលើកយកមកសំអាងពីនីតិវិធីឃុំខ្លួនទេ។

លោក អ៊ុំ សំអាន ប្រាប់អ្នកសារព័ត៌មានពេលឆ្មាំពន្ធនាគារវាយខ្នោះដៃរុញបញ្ជូលក្នុងរថយន្តត្រៀបដឹកទៅពន្ធនាគារវិញ ហាក់មិនចាប់អារម្មណ៍ទៅនឹងសវនាការសុំនៅក្រៅឃុំរបស់លោកនៅថ្ងៃពុធនេះទេ ប៉ុន្តែលោកបង្ហាញការសោកស្តាយទៅលើប្រព័ន្ធច្បាប់ដែលលោកថា មិនបានដាក់ទោសទណ្ឌអ្នកធ្វើខុស ហើយបែរជាដាក់ទោសរូបលោកដែលការពារទឹកដីទៅវិញ។

លោកថា៖ «ការឃុំខ្លួនតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ គឺជាការរំលោភរដ្ឋធម្មនុញ្ញ គឺជាទង្វើខុសច្បាប់ គឺជារំលោភទៅលើអភ័យឯកសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ដូច្នេះសូមឲ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរនៅឆ្នាំ២០១៨ ដើម្បីឲ្យមានការផ្លាស់ប្តូរមួយការពារព្រំដែន ការពារទឹកដី របស់យើងឲ្យបានគង់វង់ទាំងអស់គ្នា»។

លោក អ៊ុំ សំអាន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជិត៤ខែហើយ ។

ទោះជាយ៉ាងណាប្រធានចៅក្រមក្នុងអង្គជំនំជម្រះតុលាការកំពូល លោកស្រី គិម សត្ថាវី ប្រកាសថាសាលដីកាសុំនៅក្រៅឃុំរបស់តំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន នឹងប្រកាសនៅថ្ងៃទី១៧សប្តាហ៍ក្រោយ។

No comments: