A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 August 2016

ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី

ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី
ដោយ អាស៊ីសេរី
2016-08-10

សព​លោក កែម ឡី ២០១៦ ៨៥៥
ពលរដ្ឋ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​កម្រង​ផ្កា និង​រូបថត​លោក​បណ្ឌិត កែម ឡី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
 RFA/Chuop Sereyroth



មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បាន​ឃើញ​សភាព​សព​របស់​លោក​បណ្ឌិត កែម ឡី ភ្លាមៗ ក្រោយ​ឃាតក​បាញ់​ចំនួន ​២​គ្រាប់​ទៅ​លើ​រូបលោក​នោះ។ ភស្តុតាង​ថ្មី​មួយ​ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បញ្ជាក់​ថា សព​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម តាម​ពិត​ស្លាប់​នៅ​លើ​កៅអី ពោល​គឺ​ពុំ​មែន​ដេកដួល​នៅ​លើ​ឥដ្ឋ​ការ៉ូ​នោះ​ឡើយ។

សាកសព​ក្នុង​រូបថត​ដែល​អាស៊ីសេរី ទទួល​បាន​​ដែល​មាន​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​នោះ គឺ​ជា​លោក​បណ្ឌិត កែម ឡី។ ផ្ទុយ​ទៅ​វិញ សាកសព​របស់​លោក​បណ្ឌិត កែម ឡី ក្រោយ​អំពើ​ឃាតកម្ម​ដែល​គេ​ឃើញ​តាម​បណ្ដាញ​ព័ត៌មាន​នោះ គឺ​ដេក​ផ្ងារ​នៅ​លើ​ឥដ្ឋ​ការ៉ូ​ក្នុង​ថ្លុក​ឈាម។

ស្រប​ពេល​សាធារណជន​មាន​ចម្ងល់​ថា តើ​ឃាតក​ពិត​ដែល​បាញ់​លោក​បណ្ឌិត កែម ឡី ជា​នរណា​ឲ្យ​ប្រាកដ? ស្រាប់​តែ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា មាន​វីដេអូ​ថ្មីស្រឡាង​មួយ​ត្រូវ​គេ​ផុស​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​វីដេអូ​ឃ្លិប​នោះ​បាន​បង្ហាញ​ពី​ចំណុច​មន្ទិល​សង្ស័យ​មួយ​ចំនួន​ក្នុង​អំពើ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​នេះ។



វីដេអូ​ដែល​មាន​រយៈពេល​ជាង ២​នាទី​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ឃើញ​សកម្មភាព​ជនសង្ស័យ​ព្យាយាម​រត់​តាម​ដង​ផ្លូវ​សុធារស​ឆ្ពោះ​ទៅ​ត្រង់​ផ្សារ​អ៊ីអន (Aeon) ក្រុង​ភ្នំពេញ។

ឃ្លិប​វីដេអូ បង្ហាញ​នូវ​សកម្មភាព​រត់​ក្នុង​ល្បឿន​​មធ្យម​របស់​ជនសង្ស័យ​ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ អឿត អាង។ ខណៈ​ជនសង្ស័យ​កំពុង​រត់ ស្រាប់​តែ​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​ពណ៌​ខៀវ​មាន​ពាក់​ស្លាក​អក្សរ​ថា ប៉ូលិស (Police) ជា​ភាសា​អង់គ្លេស​នៅ​ចំហៀង ដែល​មាន​អ្នក​បើក​ពាក់​អាវ​ពណ៌​ស និង​ពាក់​មួក​សុវត្ថិភាព​ផង។ ក្នុង​រូប​វីដេអូ​នោះ គេ​ឃើញ​ម៉ូតូ​បង្អង់​ល្បឿន​ក្បែរ​ជនសង្ស័យ ហើយ​ហាក់​ដូច​ជា​បាន​និយាយ​សាសង​គ្នា​ជា​មួយ​ជនសង្ស័យ​បាន​មួយ​ភ្លែត។

បន្ទាប់​មក​គេ​ឃើញ​ជនសង្ស័យ​ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ ប៉ុន្តែ​គេ​មិន​ដឹង​មូលហេតុ​អ្វី​ទើប​ជនសង្ស័យ​នេះ​ឡើង​ជិះ​ហើយ​ចុះ​រត់​វិញ ហើយ​រត់​បន្ត​ទៅ​មុខ​ទៀត។ រត់​បាន​បន្តិច ក៏​បង្អង់​ល្បឿន​ឈប់ ហើយ​ទម្លាក់​កាំភ្លើង​ខ្លី​ពី​ដៃ​ចុះ​នៅ​កណ្ដាលយប់​ថ្នល់ បន្ទាប់​ពី​នគរបាល​ដែល​យាម​ស្ថានទូត​រុស្សី ប្រើ​កាំភ្លើង​អាកា (AK) ភ្ជង់​ទៅ​លើ​ខ្លួន។ ប៉ុន្តែ​ទីបំផុត ម៉ូតូ​ដែល​គេ​សង្កេត​ឃើញ​ព្យាយាម​ឌុប​ជនសង្ស័យ​ដំបូង​នោះ បាន​បើក​មក​ស្ទាក់​ដឹក​យក​ជនសង្ស័យ​ទៅ​បាត់។

អឿត អាង ឬ ជួប សម្លាប់ ២០១៦ ៨៥៥
ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អឿត អាង ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ​ពាក់​ស្លាក​លេខ​ប៉ូលិស ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Screenshot


ជុំវិញ​សំណុំ​រឿង​ដ៏​រស៊ើប​មួយ​នេះ សមត្ថកិច្ច​តែង​អះអាង​ថា ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី ក្រៅ​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​ឡើយ។

ទាក់ទិន​ករណី​នេះ លោក ខៀវ សុភ័គ អះអាង​ថា វា​ជា​រឿង​ល្អ​ដែល​មាន​តម្រុយ​ថ្មី និង​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​ដល់​សមត្ថកិច្ច​ក្នុង​ស្វែង​រក​ភស្តុតាង​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​របស់​សមត្ថកិច្ច​បង្ហាញ​ថា តើ​សាកសព​លោក​បណ្ឌិត កែម ឡី ស្លាប់​ក្នុង​ស្ថានភាព​បែប​ណា​នៅ​ឡើយ​ទេ ហើយ​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​ខ្លះ​នៅ​ចន្លោះ​ពេល​រវាង​ការ​បាញ់​សម្លាប់​លោក កែម ឡី និង​ការ​រត់​គេច​របស់​ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ រហូត​ដល់​ត្រូវ​គេ​ចាប់​ខ្លួន​បាន​នោះ។

អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ ដោយ​ឡែក​ជំនួយការ​របស់​លោក ជួន សុវណ្ណ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ។ ដូច​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ទាំង​ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ និង​មន្រ្តី​នាំ​ពាក្យ​អគ្គស្នងការ​រាជធានី​ភ្នំពេញ មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ហៅ​ចូល​បាន។

ជុំវិញ​មន្ទិល​សង្ស័យ​ថា មន្ត្រី​នគរបាល​អាច​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ជនសង្ស័យ​នោះ លោក ជួន សុវណ្ណ ស្នងការ​ក្រុង​ភ្នំពេញ បាន​ថ្លែង​ការពារ​ដោយ​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ថា អ្វី​ដែល​មន្ត្រី​នគរបាល​របស់​លោក​មើល​ឃើញ​ក្នុង​ឃ្លិប​វីដេអូ ហាក់​មាន​រឿង​ចម្លែក​មួយ​ជន​ត្រូវ​ចោទ​នោះ គឺ​មិន​ដូច​អ្វី​ដែល​សាធារណជន​បាន​ឃើញ​ឡើយ។

លោក​បន្ថែម​ថា ពេល​នោះ​មន្ត្រី​នគរបាល​បាន​ដេញ​តាម​ចាប់​ខ្លួន ហើយ​ស្រែក​ឲ្យ​ជន​ត្រូវ​ចោទ​ឈប់។ ប៉ុន្តែ​តែ​ពេល​កម្លាំង​នគរបាល​ឃាត់​ឲ្យ​ឈប់​នោះ ជន​សង្ស័យ​បាន​ប្រះ​ខ្លួន​មក​លើ​នគរបាល​បន្តិច រួច​ក៏​រត​បន្ត​ទៅ​មុខ​ទៀត។

រី​ឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ថា ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​ នេះ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ។ ចំណែក​មន្រ្តី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា វិញ បាន​ត្រឹម​តែ​អោយ​ដឹង​ថា តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជន​ត្រូវ​ចោទ ជួប សម្លាប់។ លោក​បន្ត​អះអាង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ មិន​បាន​ទាមទារ​អោយ​មាន​មេធាវី។

មន្រ្តី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា លោក​ពុំ​បាន​ដឹង​ថា ​តើ​សព​លោក​បណ្ឌិត កែម ឡី ស្លាប់​ក្នុង​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ​ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​បែប​ណា​នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​លោក​បាន​ដឹង​គឺ​ត្រឹម​តែ​ឃើញ​សាកសព​លោក​បណ្ឌិត កែម ឡី ដេកដួល​រួច​ទៅ​ហើយ៖ «អូ! មិន​បាន​សួរ​គេ​ទេ ឃើញ​តែ​រូបថត​ដែល​គេ​ថត​មក​ដែរ ឃើញ​សព​ដួល​នៅ​ការ៉ូ​តែម្តង ដួល​ផ្កាប់​ដូច​យើង​ឃើញ​នេះ។ ឃើញ​ផ្កាប់​មុខ​សព​ហ្នឹង»។

សាក្សី​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដែល​មាន​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ពី​ទីតាំង​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី សុទ្ធ​តែ​អះអាង​ដូចៗ​គ្នា​ថា មនុស្ស​ដែល​សមត្ថកិច្ច​ចាប់​បាន គឺ​មាន​ភិនភាគ​ដូច​នឹង​ជន​ត្រូវ​ចោទ​ដែល​បាន​ចាប់​ខ្លួន​នេះ​មែន។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា តើ​ហេតុ​អ្វី​បាន​ជា​ឃាតក​សម្លាប់​ហើយ​រត់​ឲ្យ​គេ​ចាប់​បាន​ដោយ​ស្រួល។ ពលរដ្ឋ​ដាក់​មន្ទិល​សង្ស័យ​ថា នេះ​អាច​ជា​រូបភាព​លេង​ល្ខោន​ស្ពិន​ភ្នែក​ដែរ ឬ​ទេ។

មាន​អ្នក​ផ្ដល់​បទសម្ភាសន៍​ភាគ​ច្រើន​ដែល​មាន​ចម្ងាយ​ប្រហែល​ពី ២ ទៅ ៣០០​ម៉ែត្រ​ពី​តាំង​កើត​ហេតុ​វិញ សុទ្ធ​តែ​អះអាង​ថា បាន​ឃើញ​ឈ្មោះ ជួប សម្លាប់។ ប៉ុន្តែ​ពី​តាំង​កើតហេតុ និង​ទីតាំង​ម្ដុំ​បរិវេណ​កើត​ហេតុ​ពុំ​មាន​អ្នក​ផ្ដល់​សម្ភាសន៍​ថា ឃើញ ឬ​បាន​ជួប​ឈ្មោះ​ជន​ត្រូវ​ចោទ​នេះ​ឡើយ។

ទាំង​សន្តិសុខ​យាម​ហាង​លក់​ទំនិញ ឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅ​កាច់​ជ្រុង​ស្តុប​ម៉ៅសេទុង និង​ផ្លូវ​លេខ ៦៣ និង​សន្តិសុខ​យាម​នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច I One Service Center ខាង​កើត​ ហ្វែរ ម៉ាត ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ជិត​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត នោះ​ដែរ អះអាង​ថា បាន​ឃើញ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​មែន ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ការ​សង្ស័យ​ថា នេះ​ជា​ឃាតក​ពិត ឬ​អាច​ជា​ឃាតក​សិប្បនិមិត្ត។

​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត

ចំណែក​អ្នក​បម្រើការ​ម្នាក់​នៅ​ក្នុង​ហាង​ស្តារម៉ាត ហាង​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​ធ្វើ​ឃាត​នោះ អះអាង​ថា រូបភាព​ដែល​ចាប់​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​មាន​គុណភាព​កម្រិត​ខ្ពស់​បំផុត​ដែល​អាច​មើល​ឃើញ​រោម​មនុស្ស​ថែម​ទៀត​ផង។

មាន​ការ​សង្ស័យ​លើ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ន.ប ដែល​ចត​ក្បែរ​រថយន្ត​លោក​បណ្ឌិត កែម ឡី

​បុគ្គលិក​បម្រើការ​ផ្នែក​សន្តិសុខ​ក្រុមហ៊ុន​កាល់តិច​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខណៈ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា នៅ​មុន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គេ​សង្កេត​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ពាក់​ស្លាក​លេខ ន.ប ចត​ក្បែរ​រថយន្ត​លោក​បណ្ឌិត កែម ឡី។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម រថយន្ត​ដែល​ចត​ក្បែរ​នោះ ក៏​បាន​បាត់​ស្រមោល​មួយ​រំពេច​ដែរ។

យ៉ាង​ណា​ក៏​ដោយ បុគ្គលិក​រូប​នេះ​មិន​ជឿ​​ថា ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នេះ គឺ​ជា​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នេះ​ទេ។ លោក​អះអាង​បន្ត​ថា ឃាតក​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី គឺ​អាច​ជា​មនុស្ស​ផ្សេង។

ចំណែក​សាក្សី​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី នៅ​មុខ​ផ្សារ​អ៊ីអន ក្បែរ​ទីតាំង​ចុងក្រោយ​ដែល​ជន​ត្រូវ​ចោទ​ត្រូវ​ចាប់​ខ្លួន គឺ​លោក ហេង ម៉ាប់ អះអាង​ថា លោក​បាន​ឃើញ​ជន​ត្រូវ​ចោទ​នេះ​រត់​កាត់​ទី​នោះ​ដែរ។ លោក​រៀបរាប់​ពី​ហេតុការណ៍​ដោយ​ចម្ងល់​ទៀត​ថា ហេតុ​អ្វី​បាន​ជា​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ ជួប សម្លាប់ មាន​សភាព​ធម្មតា​ខុស​ពី​ជន​សង្ស័យ​ដទៃ​ទៀត៖ «ណា​មួយ​ចោរ​ហ្នឹង ឮ​គេ​និយាយ​នៅ​មុខ ហ្សូល (SEOL) នៅ​មុខ​ហ្សូល​ឡើង​ជិះ​ម៉ូតូ​ឌុប​គេ​ទៀត ពេល​ប៉ូលិស​កំពុង​ដេញ​ហ្នឹង។ ប៉ុន្តែ​ម៉ូតូ​ឌុប​អត់​ទៅ ដល់​អត់​ទៅ​វា​ចុះ​ដើរ​មក​រហូត។ ខ្ញុំ​គិត​ថា បើ​ចោរ​ធម្មតា​ដូច​រាល់​ដង​ឲ្យ​តែ​មាន​កន្លែង​គឺ​វា​ចូល​ហើយ តែ​ហេតុ​អី​ចោរ​ហ្នឹង​វា​តាម​សម្រួល​ម្ល៉េះ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ចំណុច​ទីតាំង​កើត​ហេតុ និង​បរិវេណ​នៅ​ជុំវិញ​នោះ ពុំ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ផ្ដល់​បទសម្ភាសន៍​ឡើយ។ សាក្សី​ដែល​បាន​ឃើញ​ឈ្មោះ ជួប សម្លាប់ នេះ​រត់​គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​តាំង​កើតហេតុ ហើយ​និង​ផ្អើល​តៗ​គ្នា​ថា ​ដំបូង​ឡើយ​បាន​ត្រឹម​ដឹង​ថា ជា​ចោរ​ប៉ុណ្ណោះ។ ដោយ​ឡែក សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិញ​អះអាង​ថា ឈ្មោះ ជួប សម្លាប់ នេះ​ហើយ​គឺ​ឃាតក​ពិត​ក្នុង​អំពើ​ឧក្រិដ្ឋ​នេះ។ រហូត​មក​ដល់​ពេល​នេះ លោក​អោយ​ដឹង​ថា ខាង​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ថ្មី​ទៀត​នៅ​ឡើយ​ទេ។

ថ្លែង​ប្រាប់​អាស៊ីសេរី លោក ខៀវ សុភ័គ បញ្ជាក់​ថា អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការ​មើល​មេមម៉ូរី (Memory) ឬ​អង្គ​ចងចាំ​ដែល​យក​ចេញ​ពី​ស្តារម៉ាត​នោះ​បាន គឺ​មាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​លោក​បណ្ឌិត កែម ឡី ប៉ុណ្ណោះ៖ «អ្វី​ដែល​ជា​នីតិវិធី​គេ​មិន​លាក់​ទុក​ថេប​ហ្នឹង​ទេ។ គេ​មិន​លាក់​ទុក​ទេ គឺ​ត្រូវ​តែ​ផ្សាយ​ហើយ ប៉ុន្តែ​នៅ​ចំពោះ​មុខ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៅ​ឡើយ។ អ្នក​ដែល​មើល​ថេប​ហ្នឹង​បាន​មុន​ដំបូង​បំផុត​មាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​សព​លោក​បណ្ឌិត កែម ឡី នោះ​ទេ ទើប​អាច​មើល​ថេប​ហ្នឹង​ជុំ​តុលាការ​បាន»។

ឆ្លើយ​តប​រឿង​នេះ លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា លោកស្រី​នៅ​មិន​ទាន់​មាន​គម្រោង​ស្នើ​សុំ​តុលាការ​ដើម្បី​ពិនិត្យ​រូបភាព​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ត្រូវ​បាន​សមត្ថកិច្ច​យក​ចេញ​ពី​ស្តារម៉ាត​កាល់តិច នៅ​ឡើយ​ទេ។ លោកស្រី​ថ្លែង​ថា នៅ​ពេល​នេះ​លោកស្រី​កំពុង​គិតគូរ​រៀបចំ​បុណ្យ ១០០​ថ្ងៃ​សម្រាប់​លោក​បណ្ឌិត កែម ឡី និង​កិច្ចការ​ដទៃ​ទៀត​សិន។

ដោយ​ឡែក លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​ស្ថាប័ន​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ការ​ពឹង​ពាក់​ពី​ក្រុម​គ្រួសារ​ដើម្បី​ស្នើ​សុំ​មេធាវី​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពេល​ណា អង្គភាព​របស់​លោក​នឹង​បញ្ជូន​មេធាវី​ឡើង​ការពារ​ក្តី​នេះ​ភ្លាម​ដែរ។

រយៈពេល​មួយ​ខែ​ហើយ​បន្ទាប់​ពី​លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ខណៈ​លោក​កំពុង​ទទួល​ទាន​កាហ្វេ អាន​សៀវភៅ។ មាន​តែ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​តុលាការ​អះអាង​ថា គាត់​មិន​ត្រូវ​ការ​មេធាវី កំពុង​ជាប់​ឃុំ ហើយ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ថែម​ទៀត ដោយសារ​តែ​ទាំង​សមត្ថកិច្ច​នគរបាល និង​តុលាការ នៅ​មិន​ទាន់​បង្ហាញ​ប្រាប់​សាធារណជន​នូវ​ព័ត៌មាន​លម្អិត​អំពី​ជន​នេះ។ ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​ប្រពន្ធ​គាត់​អះអាង​ថា ឈ្មោះ អឿត អាង នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពីព្រោះ​តែ​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​រូប​នេះ ជំពាក់​លុយ​ខ្លួន ៣​ពាន់​ដុល្លារ។ ប៉ុន្តែ​ការ​អះអាង​ជំពាក់​លុយ​របស់​ជន​ត្រូវ​ចោទ ជួប សម្លាប់ មិន​មាន​អ្នក​ណា​ជឿ​សោះ​ឡើយ។

សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មិន​បង្អង់ ដើម្បី​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស ដើម្បី​យក​ឱកាស​នេះ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា៕

No comments: