A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 August 2016

បក្ស​ប្រឆាំង​គ្រោង​បញ្ចូល​គំនិត​បណ្ឌិត កែម ឡី មួយ​ចំនួន​ទៅ​ក្នុង​គោលនយោបាយ​បក្ស


ដោយ​ សុ ជីវី
2016-08-10

កឹម សុខា ៨៥៥ ២០១៦
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
 RFA/Sorn Chanratha



ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ទីស្នាក់ការ​គណបក្ស​អះអាង​ថា នឹង​ជ្រើសរើស​យក​អនុសាសន៍​មួយ​របស់​លោក​បណ្ឌិត កែម ឡី ធ្វើ​ជា​គោលនយោបាយ​របស់​បក្ស។ គោល​នយោបាយ​នោះ​គឺ​ជា​ការ​ធ្វើ​វិមជ្ឈការ​ថវិកា​សម្រាប់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់។

គោលនយោបាយ​វិមជ្ឈការ​ថវិកា ដែល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ជា​ការ​ចង់​បាន​របស់​លោក​បណ្ឌិត កែម ឡី នោះ គឺ​ការ​ផ្ដល់​ថវិកា ១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​អភិវឌ្ឍ ឃុំ សង្កាត់។

លោក កឹម សុខា ថ្លែង​បែប​នេះ​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា នៅ​ចំពោះ​មុខ​ក្រុម​ស្ត្រី​ជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​ជា​សមាជិក​របស់​បក្ស​ប្រឆាំង​មក​ពី​ឃុំ សង្កាត់ ចំនួន​២១។



លោក កឹម សុខា បញ្ជាក់​ថា នេះ​ជា​ការ​ត្រៀម​រៀបចំ​គោលនយោបាយ​ផ្ទៃក្នុង​សម្រាប់​គណបក្ស​របស់​លោក ដែល​មិន​មែន​ជា​ការ​ឃោសនា​នោះ​ឡើយ៖ «ដើម្បី​វិមជ្ឈការ​អំណាច​ដល់​មូលដ្ឋាន គណបក្ស​សង្រ្គោះជាតិ គឺ​ឆ្លង​កាត់​វិមជ្ឈការ ៣​ដំណាក់កាល។ ទី​១ វិមជ្ឈការ​ថវិកា ទី​២ វិមជ្ឈការ​ធនធាន​មនុស្ស និង​ទី​៣ វិមជ្ឈការ​សេវា​សាធារណៈ។ វិមជ្ឈការ​ថវិកា​ហ្នឹង ខ្ញុំ​សូម​ឧទាហរណ៍ ថវិកា​ជាតិ​របស់​ប្រទេស​កម្ពុជា យើង​មួយ​ឆ្នាំ ៤​ពាន់​លាន​ដុល្លារ​ជាង។ បើ​យើង​ទម្លាក់​ថវិកា​អោយ​មួយ​ឃុំ ១​លាន​ដុល្លារ វា​អស់ ១.៦៣៣​លាន នៅ​សល់​ជាង ២​ពាន់​លាន​ទៀត ហើយ​បើ ​​១​លាន​ដុល្លារ​មួយ​ឃុំ គឺ​ឃុំ​ហ្នឹង​ទៅ​ជា​ទីក្រុង ហើយ​វា​សប្បាយ​ហើយ»។

លោក កឹម សុខា រំលឹក​ថា គឺ​លោក​បណ្ឌិត កែម ឡី បាន​ជួយ​សរសេរ​យុទ្ធសាស្ត្រ​នេះ​អោយ​រូប​លោក៖ «តាម​រយៈ​វិមជ្ឈការ​ថវិកា​នេះ គឺ​ជា​គំនិត កែម ឡី​ គាត់​អោយ​ខ្ញុំ។ គាត់​សរសេរ​ពន្យល់​ខ្ញុំ គាត់​ស្រាវ​ជ្រាវ​អោយ​ខ្ញុំ»។

នៅ​ក្នុង​របាយការណ៍​ដែល​សរសេរ​ដោយ​លោក​បណ្ឌិត កែម ឡី ស្ដីពី​មធ្យោបាយ​ទប់ស្កាត់​ចំណាក​ស្រុក​បង្ហាញ​ថា យុទ្ធសាស្ត្រ​កាត់​បន្ថយ​ចំណាក​ស្រុក​ជនបទ និង​យុវជន អាច​ស្ថិត​នៅ​ក្នុង​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ភូមិ និង​ឃុំ។ ធនធាន​យុវជន​អាច​ធ្វើ​ដំណើរ​ត្រឡប់​មក​ជនបទ និង​ភូមិ​កំណើត​វិញ ករណី​រដ្ឋាភិបាល​មើល​ឃើញ​ការ​អភិវឌ្ឍ​ឃុំ ជនបទ និង​តំបន់​ដាច់​ស្រយាល​ជា​ការ​សំខាន់ និង​វិភាជ ឬ​ផ្ដល់​ថវិកា​យ៉ាង​ហោច​ណាស់ ១​លាន​ដុល្លារ​សម្រាប់​មួយ​ឃុំ ឬ​សង្កាត់​ក្នុង​មួយ​ឆ្នាំៗ។

ក្នុង​ករណី​នេះ​ឃុំ-​សង្កាត់ អាច​ទាញ​យក​ធនធាន​មនុស្ស អ្នក​ជំនាញ​ពី​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​អ្នក​ជំនាញ​ក្រៅ​ប្រទេស​មក​ធ្វើ​ការ​ជា​ជំនាញការ និង​អ្នក​បច្ចេកទេស​ក្នុង​កិច្ច​អភិវឌ្ឍន៍​ទាំង ៥​វិស័យ​រួម​មាន សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ រដ្ឋបាល និង​សន្តិសុខ និង​កិច្ចការ​យេនឌ័រ។

បើ​ទោះ​ជា​យ៉ាង​ណា លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​នៅ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ស្តារ​ម៉ាត (Star Mart) ស្តុប​បូកគោ កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល ១​ខែ​ហើយ។

មក​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ប្រកាស​យក​អនុសាសន៍​របស់​លោក កែម ឡី ទៅ​អនុវត្ត​មាន​ដូចជា គណបក្ស​យុវជន​កម្ពុជា ប្រកាស​ថា នឹង​បន្ត​យុទ្ធនាការ ១០០​រាត្រី ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រកាស​ថា នឹង​ធ្វើ​អោយ​អនុសាសន៍​របស់​លោក កែម ឡី ក្លាយ​ជា​ការពិត ព្រមទាំង​ដាក់​ថ្ងៃ​ដែល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នោះ​ជា​ទិវា​សេរីភាព​បញ្ចេញ​មតិ។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ជា​តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​នេះ ធ្លាប់​មាន​ប្រសាសន៍​ថា គណបក្ស​លោក​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​បញ្ញវន្ត​ឆ្នើម​មួយ​រូប ហើយ​ដែល​គណបក្ស​របស់​លោក​ធ្លាប់​ទទួល​យក​អនុសាសន៍​មួយ​ចំនួន​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ និង​សកម្មភាព​របស់​ខ្លួន។

ទាក់​ទិន​នឹង​ការ​បែងចែក និង​ផ្ដល់​ថវិកា​វិញ​ក្នុង​មួយ​ឆ្នាំៗ ជាពិសេស​ឆ្នាំ​២០១៦ ថវិកា​រដ្ឋ​មាន​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​សម្រាប់​ឃុំ និង​សង្កាត់​ដែល​សរុប​មាន​ចំនួន ១.៦៣៣​ឃុំ សង្កាត់​នីមួយៗ ទទួល​បាន​ថវិកា​វិនិយោគ​ចន្លោះ​តែ ១​ម៉ឺន​ដុល្លារ​ដល់ ៥​ម៉ឺន​ដុល្លារ៕

No comments: