A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 4 August 2016

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ គណបក្សប្រជាជនប្រើកងទ័ពដើម្បីរក្សាអំណាច

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ គណបក្សប្រជាជនប្រើកងទ័ពដើម្បីរក្សាអំណាច
ដោយ អ្នកនាង យីម ម៉ារី​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០១៦​


មន្រ្តីការទូតនិងអ្នកឃ្លាំមើលការបោះឆ្នោត សំដែងក្តីបារម្ភថាការដែលរដ្ឋាភិបាលប្រើកងទ័ពទៅការពារសន្តិសុខនៅពេលបោះឆ្នោតខាងមុខនោះ គឺជារូបភាពមួយធ្វើឲ្យភ័យខ្លាចដល់អ្នកបោះឆ្នោត ហើយជះឥទ្ធិពលមិនល្អដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយរបស់ VOA ជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក យ័រខេមហ្វុន ម៉ាសសុល ដែលទើបតែបញ្ចប់បេសកម្មការទូត៣ឆ្នាំនៅកម្ពុជាកាលពីថ្ងៃទី១៩កក្តដាកន្លងទៅនេះ លោកបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាយ៉ាងមោះមុតក្នុងការក្តោបក្តាប់អំណាចរបស់ខ្លួនបន្តទៀត។ អតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកឡើងទៀតថា ការដែលរដ្ឋាភិបាលចេញបទបញ្ជាថ្មីមួយតម្រូវឲ្យកងទ័ព ដែលកន្លងពួកគេបានតាំងចិត្តការពារគណបក្សប្រជាជនកម្ពុជា ឲ្យដើរតួនាទីជាអ្នករៀបចំសន្តិសុខនៅពេលបោះឆ្នោតខាងមុខនោះ លោកថានេះជាចេតនាមួយក្នុងការរក្សាអំណាចបន្តទៀត។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែលមានប្រសាសន៍ថា សង្គមស៊ីវិលមានការព្រួយបារម្មម្ភជាខ្លាំងចំពោះការដាក់ពង្រាយកងទ័ពក្នុងពេលបោះឆ្នោតខាងមុខនិងដំណើរការបោះឆ្នោត ដោយសារកងយោធាទាំងអស់នោះមិនឯករាជ្យនិងថាមន្រ្តីជាន់ខ្ពស់ទាំងនោះជាសមាជិកគណបក្សកាន់អំណាច។



លោកកត់សំគាល់ថា៖ “ប៉ុន្តែនៅកម្ពុជាយើងឃើញការអនុវត្តច្បាប់នៅមានកំរិត កងកម្លាំងយោធាប្រដាប់អាវុធបានក្លាយទៅជាមន្ត្រីគណបក្ស មិនត្រឹមតែជាសមាជិកគណបក្សទេ តែក្លាយជាមន្រ្តីគាំទ្រគណបក្សកាន់អំណាច ហើយប្រឆាំងគណបក្សផ្សេង នេះជាបញ្ហាព្រួយបារម្មណ៍បំផុត។ អញ្ចឹងត្រូវមានជំហរនិងមានលក្ខណៈសម្បត្តិដូច គ.ជ.ប ដែរ ត្រូវតែលាលែងចេញពីសមាជិកឬក៏មន្ត្រីគណៈបក្សនយោបាយ និយាយអោយចំគឺត្រូវធ្វើដូច គ.ជ.ប អញ្ចឹង ត្រូវតែលាលែងមិនត្រូវធ្វើសកម្មភាព ហើយដាច់ខាតទៀតនេះគេហៅថាជំហរអាព្យាក្រឹត្រដែលជាជំហរដាច់ខាត”។

ប្រហាក់ប្រហែលគ្នានេះដែរ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយទៀត ហៅកាត់ថា និចហ្វិក បានបញ្ជាក់ថា កាលណាយកកំលាំងយោធាមកពាក់ព័ន្ធនឹងការរក្សាសន្តិសុខពេលបោះឆ្នោត លោកថាហាក់ដូចជាកម្លាប្រជាពលរដ្ឋអោយភ័យខ្លាច។ លោកមានប្រសាសន៍ថា៖ “ព្រោះអីខ្ញុំមើលទៅប្រទេសយើងមានកងកម្លាំងនគរបាលគ្រប់គ្រាន់ហើយ យើងមិនចាំបាច់ប្រើកម្លាំងយោធាមកចូលរួមក្នុងគណៈកម្មាការបោះឆ្នោតនោះទេ ហើយជាពិសេសកងកម្លាំងយោធា គាត់អត់ទាន់មានអព្យាក្រឹត្រនៅឡើយទេ កាលណាយកកងកម្លាំងយោធាមកពាក់ព័ន្ធនឹងការរក្សាសន្តិសុខក្នុងដំណើរការបោះឆ្នោត ហាក់ដូចជាមានការភ័យខ្លាច គម្រាមកំហែងប្រជាពលរដ្ឋទូទៅហ្មង”។

ឆ្លើយតបនឹងការលើកឡើងទាំងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា នេះការយល់ច្រលំ ដោយលោកបានពន្យល់ពីតួនាទីកងទ័ពដែលត្រូវរក្សាសន្តិសុខពេលដំណើរការបោះឆ្នោតដែលច្បាប់អនុញ្ញាត។ លោកមានប្រសាសន៍ថា៖ “យើងប្រើកំលាំងប្រដាប់អាវុធហ្នឹងគឺថាមានច្បាប់ចែង គេឲ្យសន្តិសុខឈរ២០០ម៉ែត្រពីបរិវេនការិយាល័យបោះឆ្នោត បើមិនឲ្យកងកម្លាំងប្រដាប់អាវុធទៅការពារការិយាល័យបោះឆ្នោត តើឲ្យអ្នកណា? អោយអ្នកបាតដៃទទេទៅ? អាអ្នកខិលខូចវាម៉េចខ្លាច អញ្ចឹងកងកម្លាំងប្រដាប់អាវុធមិនជ្រៀតជ្រែកការបោះឆ្នោត តែធាតុពិតគឺការពារការិយាល័យបោះឆ្នោតអោយធានាបានសម្រាប់ប្រជាជន ដោយឆន្ទៈ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូច្នេះគ្មានអ្វីទាក់ទងនឹងការរក្សាអំណាចទេ គាត់យល់ហ្នឹង គាត់យល់ច្រលំហើយ“។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប កំពុងរៀបចំបន្ថែមទៀតដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ ដោយថាដើម្បីធានាបាននូវការប្រព្រឹត្តទៅនៃការដំណើរការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព។ លោកបញ្ជាក់ថា៖ “កិច្ចសហប្រតិបត្តិការណ៍យើងបានព្រមព្រៀងគ្នាហើយ ហើយក្រមសីលធម៌សម្រាប់មន្រ្តីនគរបាលជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទគឺបានផ្ញើជូនភាគី[ពាក់ព័ន្ធ] ដើម្បីគាត់ពិចារណានិងផ្តល់អនុសាសន៍មកវិញ មិនទាន់សម្រេចជាស្ថាពរនៅឡើយទេបាទ”។

ទោះជាយ៉ាងណាក៏ដោយលោក ហង្ស ពុទ្ធា បានបន្ថែមថាដើម្បីបញ្ជៀសការភ័យខ្លាចរបស់ប្រជាពលរដ្ឋ លោកបានអំពាវនាវឲ្យពលរដ្ឋគ្រាន់តែគោរពច្បាប់និងបោះឆ្នោតដោយគ្មានការភ័យខ្លាច។ លោកមានប្រសាសន៍ថា “ថ្ងៃចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋចេញមកបោះឆ្នោតទាំងអស់គ្នា គោរពច្បាប់ទាំងអស់គ្នា នោះហើយគឺតម្លាភាព នោះហើយជាការការពារខ្លួនដោយមិនមានការភ័យខ្លាចចំពោះកងកម្លាំងប្រដាប់អាវុធអីនោះទេ ហើយកងកម្លាំងប្រដាប់អាវុធត្រូវតែមានតួនាទីអនុវត្តតាមកិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយនឹង គ.ជ.ប ត្រូវតែបំពេញតួនាទីរក្សាការពារសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ”។

គួរបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងធ្វើនៅខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ៕

សរសេរមកកាន់ អ្នកនាង យីម ម៉ារី តាមរយៈ mary@vodhotnews.com

No comments: