A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 July 2016

លោក ​Sydney Schanberg អ្នក​ផ្តើម​គំនិត​នៃភាព​យន្ត​​«វាល​ពិឃាត»​ទទួល​មរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ


លោក ​Sydney Schanberg អ្នក​ផ្តើម​គំនិត​នៃភាព​យន្ត​​«វាល​ពិឃាត»​ទទួល​មរណភាព​ក្នុង​អាយុ​៨២​ឆ្នាំ
10 កក្កដា 2016
VOA News

លោក Sydney Schamberg អ្នក​កាសែតទទួល​ពាន​រង្វាន់ Pulitzer-Prize និង​ជា​អ្នក​ផ្តើម​គំនិត​ថត​រឿង «វាល​ពិឃាត»​អំពី​របប​ខ្មែរ​ក្រហម។
លោក Sydney Schamberg អ្នក​កាសែតទទួល​ពាន​រង្វាន់ Pulitzer-Prize និង​ជា​អ្នក​ផ្តើម​គំនិត​ថត​រឿង «វាល​ពិឃាត»​អំពី​របប​ខ្មែរ​ក្រហម។



លោក​ Sydney H. Schanberg ​ដែល​ជា​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​ឱ្យ​កាសែត​អាមេរិកាំង​ The New York Times ​បាន​ទទួល​មរណភាព​ហើយ​ក្នុង​ជន្មាយុ៨២ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ Poughkeepsie ​រដ្ឋ​ New York។

លោក​ធ្លាប់​បាន​ទទួល​រង្វាន់ ​Pulitzer​ សម្រាប់​ការ​រាយ​ការណ៍​អំពី​ពួក​ខ្មែរ​ក្រហម​វាយ​យក​ប្រទេស​កម្ពុជាកាល​ពី​ឆ្នាំ​១៩៧៥​ ហើយ​បាន​បណ្តុះ​គំនិត​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្តរឿង «The Killing Fields »ឬប្រែ​ថា «វាលពិឃាត»​ ដែល​រៀប​រាប់អំពី​ការ​នៅ​រស់​រាន​មាន​ជីវិត​របស់​សហសេវិក​ខ្មែរ​ម្នាក់​របស់​លោក​នៅ​ពេល​មាន​ការ​សម្លាប់​ប្រល័យ​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​លាស់​ឆ្នាំ​១៩៧៥​ នៅ​ពេល​ដែល​ពួក​ខ្មែរ​ក្រហម​បាន​ឡោម​ព័ទ្ធ​ក្រុង​ភ្នំពេញ​នៅ​ក្រោយ​មាន​សង្គ្រាម​៥ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក ​Schanberg ​និង​លោក​ ឌិត​ ប្រន​ ដែល​ជា​ជំនួយការ​របស់​លោក​បាន​ប្រកែក​មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​បណ្ណាធិការ​កាសែត​ The New York Times ​ដែល​ឱ្យ​លោក​ទាំង​ពីរ​ជម្លៀស​ចេញ​ពី​ភ្នំពេញ​ ហើយ​អស់​លាក​បាន​បន្ត​ឋិត​នៅទី​នោះ​តទៅ​ទៀត​នៅ​ពេល​ដែលពួក​អ្នក​កាសែត​បស្ចឹម​ប្រទេស​និង​ពួក​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​លោក​ លន់​ នល់ គាំទ្រ​ដោយ​អាមេរិកាំង​បាន​រត់​គេច​ខ្លួន​ស្ទើរ​តែ​ទាំង​អស់។



ការ​អង្វករ​របស់​លោក​ ប្រន​ បាន​ជួយ​ជីវិត​លោក ​Schanberg​ ហើយ​អ្នកកា​សែត​ទាំង​ពីរ​នាក់​នេះ​បាន​ទៅ​ជ្រក​កោន​នៅ​ឯស្ថានទូត​បារាំង។ នៅ​ពេល​បន្ទាប់​មក លោក ប្រន ​និង​ជន​ជាតិខ្មែរ​ទាំង​អស់​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​ទី​នោះ​ ហើយ​បាន​ត្រូវ​បង្ខំ​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ស្រែ​ចម្ការ។

នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ពិសោធន៍​ខាង​សង្គម​កិច្ច​មួយ​ គឺ​ការ​បណ្តេញ​ប្រជារាស្ត្រ​ខ្មែរ​រាប់​លាន​នាក់​ឱ្យ​ចេញពី​ទីក្រុង​និង​ការ​បង្ក្រាប​លើពួក​ជន​មាន​ការ​ចេះដឹង​ដើម្បី​រៀប​ចំប្រទេស​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​មួយ​មាន​កសិកម្ម​លូត​លាស់​តាម​ការ​ស្រមើ​ស្រមៃ​របស់​ពួក​មេដឹក​នាំ​ខ្មែរក្រហម។ ការ​ពិសោធន៍​គ្មាន​ជោគជ័យ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​បន្ទាប់​មក​បាន​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ជិត​ពីរ​លាន​នាក់​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ទុរ្ភិក្ស, ជំងឺ, ភាពឃោរ​ឃៅ​ក្នុង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ធ្ងន់​ដូច​ជា​ទាសករ​ និង​ការ​សម្លាប់។

ពីរ​សប្តាហ៍​ក្រោយ​លោក​បាន​ត្រូវ​ចាប់​ខ្លួន​ លោក ​Schanberg ​និង​ពួក​ជន​បរទេស​ឯ​ទៀតៗ​បាន​ត្រូវ​ជម្លៀស​តាម​ឡាន​កាមីញ៉ុង (camion)​ ទៅ​កាន់​ប្រទេស​ថៃ​ ដែល​នៅ​ទី​នោះ​លោក​បាន​ផ្ញើ​អត្ថបទ​ទីមួយ​រៀប​រាប់​អំពីការ​បណ្តេញ​ប្រជារាស្ត្រ​ចេញពី​ក្រុង​ភ្នំពេញ។ លោក​បាន​និយាយ​អំពី​ការ​សម្លាប់​រង្គាល​និង​អគ្គីភ័យ, ​ការ​មាន​សាក​សព​មនុស្ស​នៅ​តាម​ផ្លូវ​និង​ការ​បង្ខំ​អ្នកស្រុក​ឱ្យ​ដើរ​ចេញ​ពីភ្នំពេញ​ដែល​បាន​ធ្វើ​ឱ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​កន្លែង​បញ្ចុះ​សព​ក្នុង​ពេល​តែ​មួយ​យប់។

លោក​ Schanberg ​បាន​វិល​ត្រឡប់​មក​កាន់​បូរី​ញូវយ៉ក​វិញ។ ដោយ​យល់​ថា​លោក​មានកំហុស​ក្នុង​ការ​បន្សល់​ទុក​លោក ប្រន​ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បាន​សុំ​ពេល​ឈប់​បណ្តោះ​អាសន្ន​ពី​ការងារ​ដើម្បី​សរសេរ​អំពី​អ្វីដែល​លោក​បាន​ឃើញ​ និង​ដើម្បី​ជួយ​ប្រពន្ធ​និង​កូន​បួន​នាក់​របស់​លោក​ ប្រន​ ឱ្យ​មាន​កន្លែង​ជ្រកកោន​ជាថ្មី​ក្នុង​ឋនៈ​ជា​ជនភៀស​ខ្លួន​នៅ​ក្នុង​ក្រុង ​San Francisco ​និង​ដើម្បី​ចាប់​ផ្តើម​កាតព្វកិច្ច​រក​មិត្តភ័ក្តិ​លោក​រូបនេះ​ដោយ​អស់​សង្ឃឹម។

ជា​ច្រើន​ឆ្នាំ​គ្មាន​ដំណឹង​សោះ​ពី​លោក ប្រន​ ដែល​បាន​លាក់​ប្រវត្តិ​នៃ​ការ​ចេះ​ដឹង​របស់​លោក​ ហើយ​ដែល​បាន​នៅ​រស់​ពី​ការ​វាយដំ ការ​ធ្វើការងារ​ធ្ងន់​សឹង​តែ​បាក់​ខ្នង​ដោយ​បាន​បរិភោគតែ​សត្វ​ល្អិត កណ្តុរ​និង​បាយ​តែមួយ​ស្លាបព្រា​បាយ​ក្នុង​មួយ​ថ្ងៃៗ។ នៅ​ខែ​ធ្នូ ឆ្នាំ១៩៧៨ កង​ទ័ព​វៀតណាម​បាន​ចូលលុក​លុយ​ប្រទេស​កម្ពុជា​ហើយ​បាន​បន្តុប​របប​អាយ៉ង​មួយ​ឱ្យ​ជំនួស​របប​ប៉ុលពត។ លោក ប្រន​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​ហើយ​ក្នុង​ពេល​បន្ទាប់​មក​បាន​ជួប​ជុំគ្នា​ជា​ថ្មី​ជា​មួយ​លោក ​Schanberg។

លោក ​Schanberg ​បាន​មាន​ប្រសាសន៍​នៅ​ក្រោយ​លោក ប្រន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ២០០៨​ថា៖ «ខ្ញុំ​មាន​សំណាង​ណាស់​ដែល​មាន​ ប្រន ជា​ដៃ​គូ​រាយការណ៍​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មាន​សំណាង​ជាង​នេះ​ទៅ​ទៀត​នៅ​ពេល​យើង​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ បង​ប្អូន។ បេសកកម្ម​របស់​គាត់​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានប្រាប់​ពិភពលោក​អំពី​ការ​រង​ទុក្ខ​វេទនា​របស់​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សង្គ្រាម​មួយ​ដែល​មិន​មែន​ជា​ការ​ចាំបាច់​សោះ។ ការ​ណ៍​នេះ​ក៏បាន​ក្លាយ​ទៅ​ជា​បេសកកម្ម​របស់​ខ្ញុំដែរ។ ការ​រាយ​ការណ៍​របស់ខ្ញុំ​មិន​អាច​ធ្វើ​កើត​បាន​ទេ​បើ​គ្មាន​គាត់​នោះ»៕

No comments: