A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 12 July 2016

ប្រវត្តិរូប​សង្ខេប​និង​ជីវិត​ការងារ​របស់​លោក​បណ្ឌិត កែម ឡី


ដោយ ខែ សុណង
2016-07-10

កែម ឡី ២០១៦ ៨៥៥
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។

Photo: RFA



លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក ហៅ​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់វែក​ច្រើន ដែល​មាន​ឆ្លាម​ច្រើន។ នេះ​សម្ដី​របស់​លោក កែម ឡី កាល​នៅ​រស់។
នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន មាន​ពស់វែក​ច្រើន និង​មាន​ឆ្លាម​ច្រើន។ នេះ​គឺ​ជា​សម្ដី​របស់​លោក​បណ្ឌិត កែម ឡី កាល​ពី​លោក​នៅ​មាន​ជីវិត ដែល​លោក​បាន​ដឹង​ខ្លួន​មុន​រួច​ជា​ស្រេច​ថា រាល់​ការ​វិភាគ​ស្ថានការណ៍​នយោបាយ និង​ការ​ផ្ដល់​ព័ត៌មាន​ពិត​របស់​លោក​ដល់​សាធារណជន​ដោយ​ឥត​សំចៃ​មាត់​នោះ លោក​នឹង​មិន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ឡើយ។



ក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជុន ច័ន្ទបុត្រ លោក​បណ្ឌិត កែម ឡី បាន​បញ្ជាក់​ថា លោក​មិន​រារែក​ឡើយ​ចំពោះ​ការ​វិភាគ​រិះគន់​ដើម្បី​ស្ថាបនា​របស់​លោក ទោះ​បី​លោក​ដឹង​ថា​ការ​វិភាគ​របស់​លោក​ប្រថុយប្រថាន​ដល់​អាយុ​ជីវិត​ក្ដី៖ «នៅ​ពេល​ដែល​ខ្ញុំ​វិភាគ​ម្ដងៗ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ពីព្រោះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន ដែល​មាន​ពស់វែក​ច្រើន ដែល​មាន​ឆ្លាម​ច្រើន នៅ​ពេល​ដែល​យើង​វិភាគ​ម្ដងៗ យើង​មិន​ដែល​គិត​ថា​ខ្លួន​ខ្ញុំ​មាន​ជីវិត​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​នាំ​គ្នា​ខ្លាច​ទាំងអស់​គ្នា យើង​អត់​អាច​មាន​លទ្ធភាព​ផ្ដល់​គំរូ​ដល់​យុវជន​ទេ។ យើង​អត់​មាន​លទ្ធភាព​កែប្រែ​ប្រទេស​យើង​ទេ»។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​ដែល​ស្រឡាញ់​គាំទ្រ​ការ​វិភាគ​របស់​លោក​រាប់​ម៉ឺន​នាក់ បាន​សម្ដែង​ការ​សោកស្ដាយ និង​សោកសង្រេង ហើយ​បាន​ចាត់​ទុក​ថា​ជា​វីរជន និង​បាន​ហែហម​ដង្ហែ​សព​លោក​ទៅ​ទី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ចំណុច​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ។


អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth


លោក​បណ្ឌិត កែម ឡី មាន​អាយុ ៥០​ឆ្នាំ មាន​សម្បុរ​សណ្ដែកបាយ មាឌ​ធំ​ដំបង ភរិយា​របស់​លោក គឺ​អ្នកស្រី បូ រចនា អាយុ ៣៤​ឆ្នាំ មាន​កូន​ប្រុស ៤​នាក់ និង​កូន​នៅ​ក្នុង​ផ្ទៃ ៥​ខែ​ម្នាក់​ទៀត។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ គឺ​លោក​ជា​កូន​ទី​២។ ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ក្នុង​ជំនាន់ ប៉ុល ពត លោក​និង​បង​ប្អូន​រស់នៅ​ជាមួយ​ម្ដាយ មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក បាញ់ឆែវ និង​ជា​អ្នក​លក់​គ្រឿង​ទេស។

លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា ហើយ​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

និយាយ​អំពី​ជីវិត​ការងារ​វិញ លោក​ធ្លាប់​បម្រើ​ការ​នៅ​ក្រសួង​សុខាភិបាល កាកបាទ​ក្រហម ក្រុមហ៊ុន​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ធំៗ ដូចជា កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF) ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម។ លោក​ធ្លាប់​ជា​ស្ថាបនិក​បង្កើត​អង្គការ​សមធម៌ ផ្ដល់​ប័ណ្ណ​ជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការ​ផ្ដល់​សេវា​សុខភាព​សម្រាប់​ជន​ក្រីក្រ។ លោក​ធ្លាប់​ធ្វើ​ការ​ក្នុង​តួនាទី​ជា​អគ្គនាយក​របស់​គណៈកម្មាធិការ​សម្របសម្រួល​ផ្នែក​ជំងឺ​អេដស៍ អេច្ឆ.អេ.ស៊ី.ស៊ី (HACC)។

ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លើ​ផ្នែក​សិទ្ធិ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ផ្នែក​យុវជន និង​ការងារ។ លោក​ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រុមហ៊ុន​ល្បី​ឈ្មោះ អេច្ឆ.អេន.អិម (H&M) និង​ក្រុមហ៊ុន ហ្គេប (GAP) ទាក់ទង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​សិទ្ធិ​ការងារ​កម្ពុជា។ ក្រៅ​ពី​នេះ​ទៀត លោក​ក៏​ធ្លាប់​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង​ការងារ ដែរ។

តាំង​ពី​ឆ្នាំ​២០០៨ មក លោក​បាន​ប្រកប​របរ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​យ៉ាង​ជាប់លាប់ ឲ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​រហូត​មក​ទល់​បច្ចុប្បន្ន។

កែម ឡី ២០១៦ ២០០
លោក កែម ឡី ជួប​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ក្នុង​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev


មរណភាព​របស់​លោក គឺ​នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នៃ​គ្រួសារ​ខ្មែរ ដែល​លោក​កំពុង​ធ្វើ​បាន ១៥​រាត្រី​ហើយ។ យុទ្ធនាការ​នេះ លោក​បាន​ចុះ​ស្នាក់នៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​ចម្ការ​ដោយ​ផ្ទាល់ ទោះ​ពេល​ខ្លះ​លោក​បាន​ស្នាក់នៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដាច់​ស្រយាល​ភូមិ​ជនជាតិ​ដើម​ភាគ​តិច ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន លោក​ក៏​កំពុង​រៀបចំ​កម្មវិធី​អាហារ​សប្បុរសធម៌​រៃអង្គាស​ប្រាក់​ជួយ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ ក្រោយ​ពី​លោក​បាន​រៀបចំ​កម្មវិធី​នេះ​បាន​ជោគជ័យ​ម្ដង​រួច​មក​កាល​ពី​ខែ​មិថុនា។

ការ​ស្លាប់​លោក កែម ឡី ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តែង​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​លោក បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់ និង​ជា​វីរជន​ក្លាហាន​និយាយ​រិះគន់​ត្រង់ៗ ដើម្បី​ការ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នេះ គឺ​រយៈពេល ២​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ស្ដីពី «តើ​សែស្រឡាយ​មេ​ដឹក​នាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?» ដែល​បកស្រាយ​ប្រធានបទ​នេះ​បន្ទាប់​ពី​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ពេល​ថ្មីៗ​នេះ លាត​ត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយក​រដ្ឋមន្ត្រី ដើម្បី​ក្តោប​ក្តាប់​ជំនួញ សេដ្ឋកិច្ច​កម្ពុជា តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ហើយ​កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ច្រាន​ចោល​របាយការណ៍​នេះ ហើយ​ថា គ្លបល វីនេស ព្យាយាម​បង្ខូច​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី។

ប៉ុន្តែ​លោក កែម ឡី បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ កក្កដា ថា របាយការណ៍​នេះ​វា​ជួយ​រដ្ឋាភិបាល​ទៅ​វិញ​ទេ បើ​សិន​ជា​រដ្ឋាភិបាល​ហ៊ាន​ចេញ​មុខ​បកស្រាយ៖ «របាយការណ៍​នេះ គឺ​គោល​បំណង​ជួយ​រដ្ឋាភិបាល​សម្បើម​ណាស់ នៅ​ពេល​ដែល​រដ្ឋាភិបាល​សិក្សា​ហើយ​យក​ទៅ​ឆ្លើយ​តប តាំង​ពី​របាយការណ៍​លើក​ទី​មួយ​ឯណោះ ឆ្នាំ​២០០៧។ ខ្ញុំ​ឧទាហរណ៍​ម្ដង​ទៀត​ថា អាវ​យើង​រហែក ហើយ​គេ​ប្រាប់​ថា អាវ​រហែក​ហើយ យើង​មិន​ព្រម​ដេរ ចេះ​តែ​ពាក់​ទៅ មនុស្ស​នៅ​ក្នុង​ផ្សារ​ហ្នឹង​ឃើញ​រហូត​ទៅ។ ប៉ុន្តែ​បើ​យើង​ដេរ​ឲ្យ​ជិត ដើរ​ទៅ​គេ​លែង​ឃើញ​ហើយ។ អ៊ីចឹង​ចំណេញ ឬ​ខាត ដោយសារ​តែ​យើង​មិន​ចង់​កែប្រែ​ប៉ុណ្ណឹង​ទេ»។

លោក កែម ឡី បាន​បន្ថែម​ទៀត​ថា៖ «នៅ​ពេល​នេះ​យើង​មិន​អាច​លាក់​បាំង​បាន​ទេ ដូច​ខ្ញុំ​និយាយ​ថា ទឹក​ថ្លា ពលរដ្ឋ​មើល​ឃើញ​ច្បាស់។ បើ​សិន ២០​ឆ្នាំ​មុន យើង​អាច​ឆ្លើយ​បដិសេធ យើង​អាច​ថា​មិន​ខ្វល់ ព្រោះ​ពួក​ហ្នឹង​សុទ្ធតែ​ពួក​ផ្ដល់​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​ពេល​នេះ ក្រុមហ៊ុន​ទាំងអស់​នេះ បើ​ក្រុមហ៊ុន​ទូរទស្សន៍​វិញ ផ្សាយ​ទូរទស្សន៍​ហើយ​ហ្នឹង ក្រុមហ៊ុន​ទឹក​សុទ្ធ ផ្សាយ​លក់​ទឹក​សុទ្ធ។ ឧទាហរណ៍​ថា យើង​ធ្វើ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ពេល​ដែល​យើង​ឲ្យ​គេ​ប្រកួតប្រជែង​ដើម្បី​ផ្គត់ផ្គង់​ស្ថាប័ន​រដ្ឋ ហើយ​កូន​យើង​ទៅ​ប្រកួតប្រជែង​ដែរ នរណា​ដែល​បាន? ក្រុមហ៊ុន​ស្រាបៀ ឧទាហរណ៍​មាន​ក្រុមហ៊ុន​ស្រាបៀ​ឯកជន​ផ្សេង​មក​ប្រកួត​ប្រជែង ហើយ​យើង​មក​ចែក​ផ្សាយ យើង​ទៅ​កុម្ម៉ង់​ឲ្យ​ទិញ​អី​អ៊ីចឹង អា​ហ្នឹង​វា​ជា​ប្រព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​ជា​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ហើយ​ខ្ញុំ​សរសើរ​ណាស់​ដែល​កាត់​មាន​កូន ហើយ​គាត់​ពូកែៗ​រក​ស៊ី ព្រោះ​មាន​កូន​អ្នក​ធំ​ខ្លះ គ្រឿង​ញៀន​គ្រឿង​អី​អ៊ីចឹង គាត់​អត់​ចូល​ចិត្ត​រក​ស៊ី​ទេ។ ប៉ុន្តែ​បើ​ខ្ញុំ​វិញ បើ​សិន​ជា​មាន​កូន​មាន​ក្រុមហ៊ុន​ច្រើន​រក​ស៊ី​អ៊ីចឹង ត្រូវ​ឲ្យ​កូន​លាលែង​ពី​អំណាច​រដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍»។

រាល់​ការ​វិភាគ​របស់​លោក កែម ឡី នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​រឿយៗ​លោក​តែង​តែ​ទទួល​បាន​នូវ​ការ​ច្រាន​ចោល ឬ​ចំអក​ឡកឡឺយ​ពី​មន្ត្រី​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី ថា​ជា​អ្នក​វិភាគ​ដូរ​បាយ វិភាគ​ឯករាជ្យ​មួយ​ចំហៀង ទោះ​បី​ជា​មិន​សំដៅ​ចំ​ឈ្មោះ​លោក​ក៏ដោយ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក​មិន​ខ្លាច​ញញើត​នោះ​ទេ លោក​តែង​ផ្ដែផ្ដាំ​ប្រពន្ធ​កូន និង​យុវជន​ដែល​ធ្វើ​ការ​ជាមួយ​លោក ឲ្យ​រឹងមាំ​កុំ​ឲ្យ​ភ័យ និង​កុំ​យំ ប្រសិន​បើ​លោក​លាចាក​លោក​ដោយ​ការ​បាញ់​សម្លាប់ ឬ​ដោយ​ប្រការ​ណា​មួយ​នោះ។

កញ្ញា លុយ ដានី ជា​ជំនួយការ​របស់​លោក កែម ឡី ដែល​តែង​តែ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​លោក​ជាច្រើន​ឆ្នាំ​មក​នោះ បាន​ថ្លែង​ទាំង​ខ្សឹកខ្សួល​ថា លោក កែម ឡី បាន​រង​ការ​គំរាម​កំហែង​ជាច្រើន និង​ប្រហែល​ជា​លោក​មិន​រួច​ខ្លួន​នោះ​ទេ៖ «គាត់​តែង​តែ​ប្រាប់​រឿយៗ​ថា គេ​ចេះ​តែ​ប្រាប់​គាត់​ថា គេ​កំពុង​រក​កន្លែង​កាច់​គាត់ ធ្វើ​ម៉េច​បំបាក់​កុំ​ឲ្យ​ខ្មែរ​ទាំងអស់​ងើប​ឡើង បំបាក់​ឲ្យ​ចប់​ត្រឹម​គាត់​តែ​ម្ដង កុំ​ឲ្យ​មាន​នរណា​លើក​ឡើង​ទៀត។ និយាយ​ទៅ ខ្ញុំ​ធ្វើ​ការ​ជាមួយ​គាត់ គាត់​តែង​តែ​ធ្វើ​ការ​ជាមួយ​ខ្ញុំ​រហូត ថា​ឧកញ៉ា​នេះ​ឧកញ៉ា​នោះ​ប្រាប់​គាត់​អ៊ីចឹង​ណា! ថា​គេ​កំពុង​រក​វិធី​ដើម្បី​បំបាក់​ពូ។ រាល់​ថ្ងៃ​គេ​ឃើញ​តែ​គាត់​មួយ​ទៀត​ទេ បើ​សិន​ជា​គេ​បំបាក់​គាត់​បាន ដូច​បំបាក់​ខ្មែរ​ទាំងអស់​បាន​លែង​ខ្មែរ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​ហ៊ាន​ងើប ប៉ុន្តែ​គាត់​អត់​អ៊ីចឹង​ទេ គាត់​អត់​ខ្លាច​ទេ គាត់​ត្រូវ​ការ​បន្ត​ឆន្ទៈ​របស់​គាត់​រហូត​ទាល់​តែ​ស្រុក​ទេស​គាត់​បាន​សុខ»។

លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​ផ្ដែផ្ដាំ​ដោយ​អំពាវនាវ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​សេចក្ដី​ក្លាហាន​ដោយ​ផ្ដល់​យោបល់ និង​ផ្ដល់​ព័ត៌មាន​ដែល​មាន​ភស្តុតាង​ត្រឹមត្រូវ មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ច្រើន និង​មាន​ឧទាហរណ៍​ឲ្យ​បាន​ច្រើន​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់ បើ​សិន​ជា​អ្នក​អត្ថាធិប្បាយ អ្នក​ផ្ដល់​យោបល់​ដោយ​មាន​គោលដៅ​ជួយ​សង្គម​ពិត​ប្រាកដ។

កាល​លោក​នៅ​មាន​ជីវិត លោក​ក៏​ធ្លាប់​បាន​ដាក់​ផែនការ​សម្រាប់​ការ​វិភាគ ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ មាន​ទិដ្ឋាការ ឬ​វីសា​៣ (Visa)។ ទី​១ បើ​សិន​ជា​គេ​មិន​សប្បាយ​ចិត្ត គេ​ឲ្យ​ទៅ​មន្ទីរពេទ្យ ទី​២ ទៅ​ព្រៃស និង​វីសា​ទី​៣ ទៅ​វត្ត​ព្រះពុទ្ធ។ លោក​ថា បើ​សិន​ខ្លាច​វីសា​ទាំង​បី​នេះ ប្រហែល​ពិបាក​នឹង​វិភាគ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​សង្គម៕

1 comment:

Anonymous said...



Dr. Kem Ley is our Khmer National Hero, whereas Prett Norodom Sihanouk is a Khmer National Zero.

People are deeply saddened of Dr. Kem Ley's passing.

He left a legendary legacy behind for Khmer people to follow: the COURAGE to spell the truth against the Ah kouk Hun Sen autocratic regime and the expansionist evil Yuon Vietnam.

We miss Dr. Kem Ley !!

Bun Thoeun