A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 July 2016

ភាព​រាំង​ស្ងួត​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ​ជាពិសេស​ប៉ះពាល់​កសិករ


01 កក្កដា 2016 voa
ផន បុប្ផា

ស្រះ​ទឹក​មួយ​ដែល​ត្រូវ​បាន​ជីក​ដើម្បី​ផ្គត់​ផ្គង់​ទឹក​សម្រាប់​អ្នក​ភូមិ​អំពិល​ផ្អែម​ ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល​បន្ទាប់ពី​មាន​គ្រោះ​រាំង​ស្ងួត​អស់​រយៈ​ពេល​រាប់សិបខែ​កន្លង​មក​។រូបថត​នៅ​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០១៦។​(ឡេង ឡែន/VOA)
ស្រះ​ទឹក​មួយ​ដែល​ត្រូវ​បាន​ជីក​ដើម្បី​ផ្គត់​ផ្គង់​ទឹក​សម្រាប់​អ្នក​ភូមិ​អំពិល​ផ្អែម​ ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល​បន្ទាប់ពី​មាន​គ្រោះ​រាំង​ស្ងួត​អស់​រយៈ​ពេល​រាប់សិបខែ​កន្លង​មក​។រូបថត​នៅ​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០១៦។​(ឡេង ឡែន/VOA)


អ្នក​ស្រី​ឡុង ថុន៖ ​«យើង​ត្រូវ​ការ​ទឹក​សម្រាប់​ផឹក ​បោក​ខោអាវ ​និង​ដើម្បី​ងូត​ ដូច​គ្នា​ទាំង​អស់។​ បន្លែ​និង​ដើម​ឈើ​ងាប់​​អស់​ហើយ​ ព្រោះ​អត់​មាន​ទឹក។​ គ្មាន​សល់​អី​ទេ»។


ភ្នំពេញ —
កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​អ្នកស្រី​ឡុង ថុនអង្គុយ​នៅ​ក្នុង​ភូមិ​ជាមួយ​នឹង​អ្នក​ជិត​ខាង​របស់​អ្នក​ស្រី​។ ​អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ស្រែ​របស់​ពួក​គេ​ដែល​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ទស​វត្សរ៍​ចុង​ក្រោយ​នេះ។​

អ្នក​ស្រីបាន​ផ្អាក​ការ​ធ្វើ​ស្រែ​របស់​អ្នក​ស្រីនៅ​ក្នុង​ខេត្ត​កណ្ដាល​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ដោយ​សារ​តែ​គ្រោះ​រាំង​ស្ងួត​នេះ។​

ថ្ងៃ​មួយ​កាល​ពី​ខែ​មុន​ លោកស្រី​ឡុង ថុន​បាន​គេង​សម្រាក​ពេល​ថ្ងៃ​ត្រង់​ដោយ​សារ​តែ​អាកាសធាតុ​ដ៏​ក្ដៅ​ដែល​ធ្វើឲ្យអ្នក​ស្រីអស់​កម្លាំង​ជា​ខ្លាំង។​

អ្នក​ស្រីបាន​និយាយ​ថា ​អ្នក​ស្រីមាន​ការ​សប្បាយ​ចិត្ត​ដោយ​សារ​តែ​មាន​ភ្លៀង​ធ្លាក់​កាលពី​យប់​កន្លង​ទៅ​នោះ។​ ​អ្នក​ស្រីលើក​ឡើង​ថា​ មិន​មាន​ភ្លៀង​ធ្លាក់​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ម្ល៉េះ។​

អ្នកស្រី ឡុង ថុន​ កសិករ​នៅ​ក្នុង​ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ មាន​កូន​បី​នាក់​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ដោយ​សារ​ការ​រាំងស្ងួត​នៅ​ក្នុង​ឆ្នាំ​នេះ។ គ្រួសារ​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ប្រមាណ​២​លាន​គ្រួសារ​ដែល​កំពុង​ជួប​ប្រទះ​ភាព​រាំង​ស្ងួត។ (ផន បុប្ផា/VOA)
អ្នកស្រី ឡុង ថុន​ កសិករ​នៅ​ក្នុង​ខេត្ត​កណ្តាល​ ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ មាន​កូន​បី​នាក់​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ដោយ​សារ​ការ​រាំងស្ងួត​នៅ​ក្នុង​ឆ្នាំ​នេះ។ គ្រួសារ​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ប្រមាណ​២​លាន​គ្រួសារ​ដែល​កំពុង​ជួប​ប្រទះ​ភាព​រាំង​ស្ងួត។ (ផន បុប្ផា/VOA)




ក្នុង​អំឡុង​រដូវ​វស្សា​ឆ្នាំ​មុន​ អ្នក​ស្រីឡុង ​ថុន ​ដែលមាន​ក្រុម​គ្រួសារ​រស់​នៅ​ក្នុង​ស្រុក​ពញាឮ ​ឃុំ​វិហារ​ហ្លួង​ ចម្ងាយ​ប្រហែល​ជា​៤០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ​ មិន​អាច​ធ្វើ​កសិកម្ម​បាន​ទេដោយសារ​មិន​មាន​ទឹក​គ្រប់គ្រាន់។​

ក្រុម​គ្រួសារ​របស់​អ្នក​ស្រីដែល​ធ្លាប់​តែ​ពឹង​អាស្រ័យ​លើ​ដី​ស្រែ​បី​ហិច​តា​ដើម្បី​ធ្វើ​ស្រែ​នោះ​ ឥឡូវ​នេះ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​កូន​ស្រី​របស់​គាត់​ដែល​ធ្វើ​ការ​ជា​កម្មករ​រោង​ចក្រ​កាត់ដេរ។​

«អត់​មាន​ភ្លៀង​ផង។ ​ចាប់​តាំង​ពី​ពេល​អូន​មក​សម្ភាសន៍​ខ្ញុំ​[កាល​ពី​ឆ្នាំ​មុន]​រហូត​ដល់​ពេល​ឥឡូវ​អូន​មក»។

អ្នក​ស្រី​បាន​បន្ថែម​ថា​ អ្នក​ស្រីត្រូវ​ចំណាយ​ប្រាក់​ប្រហែល​ជាង​បី​ម៉ឺន​រៀល​មួយ​សប្ដាហ៍​ទៅ​លើ​ថ្លៃ​ទឹក​ដែល​ជា​ចំនួន​ប្រាក់​ច្រើន​សម្រាប់​គ្រួសារ​ដែល​រស់​នៅ​អាស្រ័យ​លើ​ការ​ធ្វើ​ស្រែ។​

មិន​មែន​មានតែ​អ្នក​ស្រីឡុង ថុនម្នាក់​ទេ​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​នេះ។​

ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​ដើម្បី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​និង​ការ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។​

បើ​យោង​ទៅ​តាម​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​ បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​សរុប​នៅ​តែ​ពឹង​ផ្អែកលើ​ទឹក​ភ្លៀង​ដើម្បី​ធ្វើ​កសិកម្ម​ដែល​ជា​ប្រភព​ប្រាក់​ចំណូល​ដ៏​សំខាន់​របស់​ពួក​គេ។​

អ្នក​ស្រីឡុង ថុន​បាន​និយាយ​ថា៖

«យើង​ត្រូវ​ការ​ទឹក​សម្រាប់​ផឹក ​បោក​ខោអាវ ​និង​ដើម្បី​ងូត​ ដូច​គ្នា​ទាំង​អស់។​ បន្លែ​និង​ដើម​ឈើ​ងាប់អស់​ហើយ​ ព្រោះ​អត់​មាន​ទឹក។​ គ្មាន​សល់​អី​ទេ»។​

នៅ​ខេត្ត​កំពង់​ធំកាល​ពី​ខែ​មេសា​ ត្រី​ប្រហែល​៧០​តោន​ងាប់​នៅ​ក្នុង​ទន្លេ​ឆ្មា​ដោយ​សារ​តែ​អាកាសធាតុ​ក្ដៅ​ និង​គ្រោះ​រាំង​ស្ងួត។​ នេះ​បើ​យោង​តាមលោក​ព្រឹម រដ្ឋា​ អភិបាល​ស្រុក​ស្ទោង។​

នៅ​ក្នុង​ខេត្ត​បាត់ដំបង​ស្វា​ខ្មៅ​ប្រហែល​៣០​ក្បាល​បាន​ងាប់ដោយសារ​តែ​មិន​មាន​ទឹក​និង​អាហារ​គ្រប់គ្រាន់ និង​បាត់​បង់​ទី​ជម្រក​ បន្ទាប់​ពី​ស្វា​ទាំង​នោះ​បាន​គេច​ផុត​ពី​ភ្លើង​ឆេះ​ព្រៃ​មួយ​ខែ​មុន​នោះ។​ នេះ​បើ​យោង​តាម​តំណាង​សហគមន៍។​

អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​ស្ដី​បន្ទោស​ថា ​បញ្ហា​នេះ​បណ្ដាល​មកពី​បាតុភូត​ El Nino​ ដែល​ជា​បាតុភូត​រលក​កម្ដៅ​ និង​គ្រោះ​រាំង​ស្ងួត។​

លោក​ ​Maximiliano ​Herrea​ អ្នក​តាម​ដាន​កំណត់​ត្រា​សីតុណ្ហភាព​ពិភពលោក​ដ៏​ល្បីល្បាញ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖​

«នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​រលក​កម្ដៅ​ច្រើនដង​ដូចជារលក​កម្ដៅ​នៅ​ក្នុង​ឆ្នាំ១៩៦០ ​ឆ្នាំ​១៩៨៣ ​និង​ឆ្នាំ១៩៩៨។ ​ប៉ុន្តែ​នៅ​ពេល​រលក​កម្ដៅ​នេះ​មាន​ការ​កើន​ឡើង​ តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយ​រលក​កម្ដៅ​ដ៏​ខ្លាំង​បំផុត​គឺ​ប្រទេសថៃ​ ឡាវ​ និង​កម្ពុជា»។​

រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​វិបត្តិ ​ហើយវិធានការ​ទាំងនោះ​រួម​មាន​ការ​ណែនាំ​ឲ្យ​សាលា​រៀន​ទូទាំង​ប្រទេស​កាត់​បន្ថយ​ម៉ោងសិក្សា​ចំនួន​មួយ​ម៉ោង​ និង​កែសម្រួល​ម៉ោង​សិក្សា​ដើម្បី​កុំឲ្យសិស្ស​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ។​

រដ្ឋាភិបាល​ក៏​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យជីក​អណ្ដូង​និង​ដឹក​ជញ្ជូន​ទឹក​សម្រាប់​អ្នក​ភូមិ​ផង​ដែរ។​

ឡាន​ដឹក​ទឹក​មួយ​ក​លក់​ទឹក​ក្នុង​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣​ខែ​ឧសភា​២០១៦។ អ្នក​ភូមិ​ចាំបាច់​ទិញ​ទឹក​ពី​ឈ្មួញ​កណ្ដាល​ដើម្បី​ផ្គត់ផ្គង់​ការ​ដាំស្ល​និង​ប្រើប្រាស់​ផ្សេងទៀត​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​អស់​ជាច្រើន​ខែកន្លងទៅ។​(ឡេង ឡែន/VOA)
ឡាន​ដឹក​ទឹក​មួយ​ក​លក់​ទឹក​ក្នុង​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣​ខែ​ឧសភា​២០១៦។ អ្នក​ភូមិ​ចាំបាច់​ទិញ​ទឹក​ពី​ឈ្មួញ​កណ្ដាល​ដើម្បី​ផ្គត់ផ្គង់​ការ​ដាំស្ល​និង​ប្រើប្រាស់​ផ្សេងទៀត​ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​អស់​ជាច្រើន​ខែកន្លងទៅ។​(ឡេង ឡែន/VOA)


លោក​កែវ វី ​នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បាន​ឱ្យ​ដឹង​ថា​ ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​ទំនង​ជា​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ធ្ងន់​រហូត​ដល់​ខែ​កក្កដា។​

លោក​ថ្លែង​ថា៖​

«ទោះ​បី​មាត្រាសាស្ត្រ​បាន​បង្ហាញ​ថា ​ទោះបីជាមាន​ភ្លៀង​ធ្លាក់​ខ្លះ​ក៏​ដោយ​ ​ទឹក​ភ្លៀង​នឹង​មិន​មានដក់​នៅ​តាម​ដី​ទំនាប​ទេ​ ដោយ​សារ​តែ​អាកាស​ធាតុ​ក្ដៅ។ ដី​នឹងនឹង​ស្រូប​យក​ភ្លៀង​អស់ ដូច្នេះ​ ​នៅ​តាម​ដី​ទំនាប​នឹង​មិន​មាន​ទឹក​ដក់​ទេ»។​

លោក​បាន​បន្ថែម​ថា៖

«នៅ​ឆ្នាំ​២០០៤​ យើង​បាន​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ខេត្ត​ចំនួន​២១​ ប៉ុន្តែ​ស្ថានភាព​នោះ​មិន​អាក្រក់​ដូច​បច្ចុប្បន្ន​នេះ​ទេ។​ ប្រជាជន​ខ្វះ​ទឹក​ប្រើប្រាស់​ដោយ​សារ​តែ​មាន​ទឹក​នៅ​ក្នុង​អណ្តូង​រីង​ស្ងួត​អស់»។​

លោក​ទ្រាន ជុង ​អាយុ​២៩​ឆ្នាំ ​ជា​កសិករ​នៅ​ក្នុង​ស្រុក​តំបែរ​ ​ខេត្ត​ត្បូង​ឃ្មុំ​ បាន​និយាយ​ថា​កសិករ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​បាន​ជីក​អណ្ដូង​ទឹក​ ​ប៉ុន្តែ​មិន​មាន​ទឹក​សម្រាប់ប្រើប្រាស់ទេ​ ចាប់​តាំង​ពីគ្រោះ​រាំង​ស្ងួត​នេះ​ចាប់​ផ្ដើម។​

«មនុស្ស​ជា​ច្រើន​អត់​មាន​ទឹក​ប្រើ​ប្រាស់។​ អ្នក​ចិញ្ចឹម​ជ្រូក​ត្រូវ​ការ​ទឹក​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃៗ។​ យើង​អត់​មាន​ទឹក​ពីរ​បី​ខែ​មក​ហើយ។​ ពួក​គេ​អត់​មាន​ទឹក​ប្រើ​ប្រាស់​អស់​រយៈ​ពេល​បី​ខែ​មក​ហើយ។​ កសិករ​ ដូច​ខ្ញុំ ​កំពុង​រង់​ចាំ​ទឹក​ភ្លៀង​ដើម្បី​ដាំ​ដំឡូងមី។ ​ប្រសិន​បើ​អត់​មាន​ភ្លៀង​ធ្លាក់ ​យើងត្រូវ​រង់​ចាំ។​ ខ្ញុំ​អត់​មាន​ការងារ​ផ្សេង​ទៀត​ផង។ ​ខ្ញុំ​ពឹង​ផ្អែក​តែ​លើ​ស្រែ»។​

លោក​តឹក វណ្ណារ៉ា​ នាយក​នៃ​អង្គការ ​NGO ​Forum ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ការ​អភិវឌ្ឍ​នៃ​ឧស្សាហ​កម្ម​ធុន​ធ្ងន់​ ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​គម្រោង​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំ​គឺ​ជា​ផ្នែក​មួយ​ដែល​នាំឲ្យមាន​គ្រោះ​រាំង​ស្ងួត។​

លោក​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​រយៈ​ពេល​វែង​ ប្រជាជន​អាច​ប្រមូល​ និង​តម្កល់​ទឹក​ភ្លៀង​សម្រាប់​ឆ្នាំ​ខាង​មុខ​ ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន។​ ដូច្នេះ​ពួក​គេ​អាច​ប្រើ​ទឹក​នៅ​ពេល​ពួក​គេ​ខ្វះ​ខាត​ទឹក»។​

លោក​បាន​បន្ថែម​ថា ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជនជីក​អណ្ដូង ​ប្រឡាយ និង​ស្រះនៅ​ជុំវិញ​ផ្ទះ​របស់​ពួក​គេ​ដើម្បី​រក្សា​ទឹក​ទុក។​

លោក​បន្ត​ថា៖​

«សម្រាប់​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូលដ្ឋាន ​ពួក​គេ​គួរ​តែ​កំណត់​ផែន​ការ​ឲ្យបាន​ច្បាស់​លាស់​ដើម្បី​ស្ដារ​ប្រឡាយ​ ទំនប់ ​និង​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​រក្សាទឹក​ទុក​ប្រើប្រាស់​នៅ​ក្នុង​រដូវ​ប្រាំង»។​

ភាព​រាំង​ស្ងួត​នាំ​ឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ទាប​បំផុត​ក្នុង​៥០​ឆ្នាំ
ភាព​រាំង​ស្ងួត​នាំ​ឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ទាប​បំផុត​ក្នុង​៥០​ឆ្នាំ

លោក​វណ្ណារ៉ា​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្ដល់​គ្រាប់​ពូជ​ថ្មី​ និង​ណែនាំរបៀប​ដាំ​ដុះ​ថ្មី​ដែល​សម្រប​ទៅ​នឹង​ការ​កើន​ឡើង​កម្ដៅ ​ដើម្បី​ឲ្យប្រជាជន​អាចស្ដារ​ស្ថានការណ៍នេះ​បាន។​ ​

លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​គួរ​តែ​ដាំ​ដើម​ឈើ​បន្ថែម​ទៀត​ឲ្យបាន​ច្រើន​ និង​ការពារ​ព្រៃ​នៅ​សល់​ចុង​ក្រោយ​ដើម្បី​កាត់​បន្ថយ​កម្ដៅ។​

លោក​កែវ វី​បាន​ទទួល​ស្គាល់​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​បញ្ឈប់​ការ​ប្រែប្រួលអាកាសធាតុ​បាន​ទេ ​ដូច្នេះ​ការ​ជួយ​ប្រជាជន​ឲ្យ​សម្រប​ខ្លួន​ទៅ​នឹង​ការ​លំបាក​នេះ​ជា​ការ​ចាំបាច់។​

«យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​នេះ​បាន​ទេ។ ​ប៉ុន្តែ​យើង​អាច​ជួយ​ឲ្យប្រជាជន​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​ យើង​អាច​ផ្លាស់ប្ដូរ​ពី​ការ​ដាំ​ស្រូវ​ធ្ងន់​ទៅ​ជា​ការ​ដាំ​ស្រូវ​ស្រាល ​ដូច​ដែល​អ្នក​ជំនាញ​របស់​ក្រសួង​កសិកម្ម​បាន​ណែនាំ។ ​យើង​ហៅ​វា​ថា​ ជា​ការ​សម្រប​សម្រួល​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ដូច្នេះ​កសិករ​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​មិន​មាន​ការ​ខូចខាត​ដំណាំ​របស់​ពួក​គេ»។​

លោក​ង៉ែត ឡាត់​ ប្រធាន​ភូមិ​អំពិល​ផ្អែម​ ឃុំ​វិហារ​ហ្លួង​ បាន​ឱ្យ​ដឹង​ថា​ ការជីក​អណ្ដូង​មាន​តម្លៃ​ថ្លៃ​ ហើយសហគមន៍​កសិករ​ភាគ​ច្រើន​មិន​មាន​ថវិកា​សម្រាប់​ជីក​ជីក​អណ្ដូង​ទេ។​

លោក​បាន​ឲ្យដឹង​ថា ​តម្លៃ​ជីក​អណ្ដូង​អាស្រ័យ​លើ​ទំហំ​របស់​វា​។ ​អណ្ដូង​ខ្លះ​តម្លៃ​ជាង​២០០​ដុល្លារ។​ អណ្ដូង​មួយ​ប្រភេទ​ទៀត​ថ្លៃ​ជាង​១០០០​ដុល្លារ។​ អ្នក​ភូមិអត់​មាន​លទ្ធភាព​ទេ៕

No comments: