A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 19 July 2016

ប្រវត្តិ​ស្នេហា​របស់​លោក កែម ឡី និង​ភរិយា


School of Vice


This is a most enchanting romance tale of, perhaps, Cambodia's best loved and respected son. We know that most creative writers have this ability to make even a dull, mundane theme riveting and beguiling, but from what we have learned of our hero's genteel demeanour, courteous speech and, above all, his simplicity as well as down to earth persona, it is not at all hard to be captivated by the narrator's recounting and the anecdotes that make up the story. 

On the other hand, although this heart-warming tale is but brief, it is nevertheless so engrossing and memorable to read and relive each and every disarming moment and incident as recounted by our skilled narrator whose delectable prose and every carefully chosen word does the tale and our heroes full justice. It would not be asking too much of the author if he will consider applying himself - at his convenience and pleasure - to gathering all the biographical material and putting it all in a single biographical volume for all to read. Our hero, his loved ones and posterity deserve that much. 

Together, they maybe the Tum Teav of our time. A part of them will forever remain a part of us ...


<<<>>>


ដោយ ជុន ច័ន្ទបុត្រ
2016-07-13  rfa

កែម ឡី និង ភរិយា ៨៥៥
លោក កែម ឡី និង​ភរិយា ឈ្មោះ ប៊ូ រចនា ថតរូប​អនុស្សាវរីយ៍ នៅ​ឯ​ផ្ទះ​លោក​នា​ស្រុក​កំណើត ខេត្ត​តាកែវ។
 Photo: Kem Ley Facebook


កាល​ពី​នៅ​មាន​ជីវិត លោក កែម ឡី បាន​រៀបរាប់​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​រវាង​លោក និង​ភរិយា ឈ្មោះ ប៊ូ រចនា ប្រាប់​លោក ជុន ច័ន្ទបុត្រ និង​ក្រុម​គ្រួសារ ក្នុង​ពេល​ជួប​គ្នា​ក្នុង​ពិធី​ញ៉ាំ​បាយ​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​មួយ។

ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​រឿង​រ៉ាវ​ស្នេហា​សង្ខេប​របស់​លោក កែម ឡី ដែល​រៀបរាប់​ដោយ​លោក ជុន ច័ន្ទបុត្រ៖




ថ្ងៃ​មួយ​កំលោះ កែម ឡី មាន​បេសកកម្ម​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ខេត្ត​ក្រចេះ។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ខេត្ត​ក្រចេះ ទូក​ត្រូវ​ចូល​ចត​នៅ​កំពង់ដ​ជំនីក សិន ដើម្បី​ដាក់​អ្នក​ដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ស្រុក​នេះ និង​ទទួល​អ្នក​ដំណើរ​ថ្មី ដែល​ត្រូវ​ចេញ​ពី​ជំនីក ទៅ​ក្រចេះ។ នេះ​ក៏​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អ្នក​ដំណើរ​បាន​ស្រស់ស្រូប​អាហារ ព្រោះ​ទម្រាំ​ដល់​ជំនីក ថ្ងៃ​ត្រង់​ល្មម។

គ្រាន់​តែ​ទូក​ចត​ដល់​មាត់​ច្រាំង​ភ្លាម អ្នក​លក់​បាយ​កញ្ចប់ នំនែក និង​ចំណី​អាហារ ដែល​ងាយ​កាន់​បរិភោគ នាំ​គ្នា​សម្រុក​ចុះ​ទូក​ប្រជែង​គ្នា​លក់​ទំនិញ​របស់​ខ្លួន។ ថ្វី​ដ្បិតតែ​កំលោះ កែម ឡី ចង់​ទិញ​បាយ​ដើម្បី​បំពេញ​ការ​ស្រេកឃ្លាន​ពេញ​មួយ​ព្រឹក​ទៅ​ហើយ​ក្តី លោក​បែរ​ជា​ទៅ​ទាក់​ចិត្ត​នឹង​អ្នក​លក់​ពង​ទា​ស្ងោរ​ជាង​គេ។ អ្នក​លក់​ពង​ទា​ស្ងោរ​នោះ មាន​ទឹក​មុខ​ញញឹមញញែម ឬកពាររម្យទម។ នាង​មាន​សម្បុរ​ស្រអែម សក់​ស្លូត​វែង​ប្រះ​ស្មា។ នាង​ហាក់​ទើប​ឈាន​ចូល​ដល់​វ័យ​ពេញ​រូប​ពេញ​រាង​មួយ ដែល​បង្ហាញ​នូវ​សម្រស់​ដ៏​ត្រកាល​ពី​ធម្មជាតិ​របស់​នាង។



កំលោះ កែម ឡី មិន​អាច​ដក​ភ្នែក​ចេញ​ពី​សម្រស់​ដ៏​គ្មាន​ពីរ​របស់​ក្រមុំ​លក់​ពង​ទា​ស្ងោរ​នេះ​ទេ។ លោក​ក៏​សម្រេច​ចិត្ត​ហៅ​អ្នក​លក់​ពង​ទា​ស្ងោរ​មក​ទិញ។ តែ​បើ​ទិញ​ហើយ​អោយ​លុយ​ភ្លាម លោក​នឹង​បាត់​ឱកាស​បាន​គយគន់ និង​ជជែក​ស្វែង​យល់​ពី​នាង។ លោក​ក៏​ចាប់​ផ្ដើម​រើស​ពង​ទា​ស្ងោរ​ផង ជជែក​ពី​នេះ​ពី​នោះ​ផង។ ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​សោះ តែ​លោក​រើស​ពង​ទា​ស្ងោរ​សឹង​អស់​ពី​ថាស។ រើស​បាន​ហើយ លោក​ក៏​នៅ​មិន​ទាន់​អោយ​លុយ​នាង​ភ្លាម​ទេ លោក​នៅ​សួរ​ពី​នេះ​ពី​នោះ។ នាង​អៀន​ណាស់! នាង​មិន​ត្រូវ​ការ​សំណួរ​អី​ច្រើន​ពេក​ទេ បើ​ទិញ​ហើយ អោយ​លុយ​មក​ដើម្បី​នាង​បាន​ទៅ​លក់​ទៀត។ តែ​នាង​រក្សា​ការ​គួរ​សម​រហូត។

អ្នក​ដំណើរ​ដែល​ត្រូវ​ចុះ​នៅ​ជំនីក ក៏​ចុះ​អស់។ អ្នក​ឡើង​ថ្មី​ក៏​ឡើង​មក​បំពេញ។ អ្នក​ដំណើរ​ដទៃ​ទៀត​ក៏​បាន​ទិញ​អាហារ​ថ្ងៃត្រង់​រៀងៗ​ខ្លួន។ អ្នក​លក់​ទាំង​ឡាយ​ចុះ​ពី​ទូក​វិញ​អស់​ហើយ នៅ​ឡើយ​តែ​នាង​ក្រមុំ​លក់​ពង​ទា​ស្ងោរ កំពុង​រង់ចាំ​ទទួល​លុយ​ពី​ម៉ូយ​កំលោះ ដែល​ហាក់​ដូច​ជា​កំពុង​ភ័ន្តភាំង មិន​ព្រម​ដក​លុយ​ចេញ​រួច​សង​ថ្លៃ​ពង​ទា​នាង​សោះ។

ដោយ​គិត​ថា អ្នក​លក់​ចុះ​អស់​ពី​ទូក​ហើយ តៃកុង​ទូក​ក៏​ចាប់​ផ្ដើម​បើក​ចាកចេញ​ពី​ច្រាំង​ទៅ។ ប្រឈម​មុខ​នឹង​ស្ថានភាព​នេះ លែង​នៅ​ចង់​បាន​លុយ​ទៀត​ហើយ នាង​ប្រញាប់ប្រញាល់​ស្ទុះ​សំដៅ​ទ្វារ​ចេញ រួច​លោត​ចូល​ក្នុង​ទឹក​ប្រូង ហែល​សំដៅ​ទៅ​មាត់​ច្រាំង​វិញ ចោល​ថាស​ពង​ទា និង​លុយ​ដែល​មិន​ទាន់​ទារ​បាន​នៅ​ឡើយ។

មក​ទល់​ពេល​នេះ​ទើប​កំលោះ កែម ឡី ភ្ញាក់​ខ្លួន​ហើយ​ស្ដាយ​ក្រោយ​ចំពោះ​ការ​ដែល​លោក​បាន​បន្ទច់បង្អាក់​ដំណើរ​នាង​លក់​ពង​ទា​រហូត​ដល់​នាង​លោត​ចោល​ថាស​និង​លុយ។ លោក​បន្ត​សម្លឹង​មើល​នាង​ហែល​រហូត​ដល់​ច្រាំង​ឡើង​គោក​វិញ ទើប​លោក​ដក​ភ្នែក​បាន។ លោក​បន្ត​ដំណើរ​ទៅ​ខេត្ត​ក្រចេះ ដោយ​នាំ​ទាំង​ថាស​ពង​ទា​ស្ងោរ និង​វិប្បដិសារី​ទៅ​ជាមួយ​ផង។

លោក កែម ឡី បំពេញ​ការងារ​លើក​នេះ ទាំង​ចិត្ត​វិលវល់​នឹក​ភ្នក​ដល់​នាង​ក្រមុំ លក់​ពង​ទា​ស្ងោរ​ស្រុក​ក្រូចឆ្មារ មិន​ភ្លេច​មួយ​វិនាទី​ណា​ឡើយ។ ម៉្យាង​គិត​ដល់​កំហុស​ដែល​បាន​ធ្វើ​អោយ​នាង​ខកខាន​មិន​បាន​ចុះ​ទូក​ទៅ​វិញ​បាន​ត្រឹមត្រូវ ម៉្យាង​ស្ដាយ​មិន​បាន​សួរ​ឈ្មោះ និង​ផ្ទះ​នាង​ដើម្បី​បាន​យក​ថាស និង​លុយ​ទៅ​សង​នាង​វិញ។ បួន​ប្រាំ​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​កំលោះ​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​នេះ​បញ្ចប់​ការងារ​នៅ​ខេត្ត​ក្រចេះ លោក​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ត្រឡប់​មក​ទៅ​ភ្នំពេញ កាត់​តាម​ជំនីក ស្រុក​ក្រូចឆ្មារ ដដែល។ កំលោះ កែម ឡី សង្ឃឹម​ថា នេះ​ជា​ឱកាស​មួយ​ដែល​លោក​បាន​ជួប​នាង​លក់​ពង​ទា​ស្ងោរ​ម្ដង​ទៀត​ដើម្បី​បាន​ប្រគល់​ថាស និង​សង​លុយ​នាង​វិញ។

គ្រាន់​តែ​ទូក​ចត​ចូល​ច្រាំង​ភ្លាម​លោក​ខំ​សម្លឹង​រក​នាង...។ អ្នក​លក់​ប្រញាប់ប្រញាល់​ប្រជែង​គ្នា​ចុះ​ទូក។ កំលោះ កែម ឡី មិន​ចាប់​អារម្មណ៍​នឹង​អ្នក​ណា​ទាំង​អស់ ភ្នែក​គាត់​រំពៃ​រក​មើល​តែ​អ្នក​លក់​ពង​ទា​ស្ងោរ​ដែល​គាត់​ជំពាក់​ទាំង​លុយ ជំពាក់​ទាំង​ចិត្ត​តែប៉ុណ្ណោះ។ អ្នក​លក់​ចុះ​មក​អស់​ហើយ ម្ដេច​ឡើយ​បាត់​តែ​នាង​មិន​ឃើញ​មក​លក់​នឹង​គេ? តិច​នាង​អស់​ចុង​អស់​ដើម ហើយ​រក​ទុន​មក​លក់​លែង​បាន? តិច​នាង​ត្រូវ​ឪពុក​ម្ដាយ​ដាក់​ទណ្ឌកម្ម​ពី​ការ​លក់​អស់​ចុង​អស់​ដើម អស់​ទាំង​ថាស ហើយ​លែង​អោយ​មក​លក់​ទៀត​ទៅ? ដួង​ចិត្ត​លោក​ច្របូកច្របល់​ណាស់! សួរ​អ្នក​លក់​ដទៃ​ទៀត ក៏​គេ​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សំណួរ​របស់​លោក​ទេ។ ម្នាក់ៗ​គេ​គិតតែ​ពី​ខំ​លក់​ទំនិញ នឹង​អាល​ឆាប់​បាន​ចេញ​ពី​ទូក​វិញ។ គ្មាន​នរណា​ម្នាក់​យល់​ពី​ដួង​ចិត្ត​តក់ក្រហល់​របស់​លោក​សោះ។ អ្នក​លក់​ចេញ​ពី​ទូក​វិញ​ម្តង​មួយៗ​ហើយ នៅ​តែ​រក​នាង​មិន​ឃើញ​នៅ​ឡើយ។ ទូក​បញ្ឆេះ​ម៉ាស៊ីន​រៀប​បន្ត​ដំណើរ​ទៅ​ភ្នំពេញ វិញ។

លោក កែម ឡី មិន​អាច​ចាកចេញ​ពី​ទី​នេះ​ដោយ​មិន​បាន​សង​លុយ និង​ថាស និង​មិន​បាន​សុំទោស​នាង​ទេ។ ទី​បំផុត​លោក​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ចុះ​នៅ​ទី​នេះ​សិន ដើម្បី​ស្វែង​រក​នាង។ លោក​បាន​សាកសួរ​គេ​ឯង។ នៅ​ពេល​ដែល​ស្ងប់​ពី​ការ​រវល់​លក់ ទើប​អ្នក​លក់​មាន​ឱកាស​ស្តាប់​សំណួរ​របស់​កំលោះ កែម ឡី។ គេ​បាន​ប្រាប់​លោក​ថា នាង​មិន​មាន​អ្នក​ណា​ធ្វើ​បាប​ធ្វើ​កម្ម ឬ​ក៏​ខាត​ចុង​ខាត​ដើម​អ្វី​ទេ។ ព្រឹក​នេះ​នាង​ជាប់​រៀន ទើប​នាង​ខកខាន​មិន​បាន​មក​លក់។ បាន​ឮ​ដំណឹង​នេះ កំលោះ កែម ឡី ក៏​ស្ងប់​អារម្មណ៍​ណាស់​ដែរ។ លោក​បាន​សួរ​ដឹង​ពី​ផ្ទះ​របស់​ម្ចាស់​ថាស រួច​ក៏​ស្កាត់​ទៅ​ជួប​អាណាព្យាបាល​នាង ប្រគល់​ទាំង​ថាស និង​ប្រាក់​សំណង​ដល់​ម្ដាយ​នាង។

ចាប់​ពី​ពេល​នោះ​មក លោក​ក៏​នៅ​តែ​បន្ត​ទំនាក់ទំនង​រហូត​ដល់​ចូល​ស្តី​ដណ្ដឹង​នាង​ជា​គូ​ភរិយា​រហូត​មក៕

4 comments:

Anonymous said...

Such a romantic and well-Khmer cultured
love story !!!

Kalonh Chuck ខ្មែរពីស្បែកដល់ឆ្អឹង! said...

Couldn't agree more with you, Mr. SOV! God bless!

. said...

Now that's a Khmer's couple if nothing else comes to our mind...

. said...

P.s. Now that's a beautiful/perfect/true Khmer's couple if nothing else comes to our mind...

That's what I should have said. Thank you for bearing with me!