A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 July 2016

បទ​វិភាគ៖ តើ​ការ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​របស់​លោក កឹម សុខា ត្រឹមត្រូវ​ឬ​ទេ?

បទ​វិភាគ៖ តើ​ការ​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​របស់​លោក កឹម សុខា ត្រឹមត្រូវ​ឬ​ទេ?
ដោយ​ ជី វិតា
2016-07-03

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
 RFA/Brach Chev



បើ​ទោះ​បី​ជា​រង​ការ​គំរាម​ចាប់​ខ្លួន​បែប​ណា​ក្តី លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​ជាប់​គុក​ម្ដង​ហើយ​នោះ មិន​ព្រម​ចាកចេញ​ពី​កម្ពុជា ឡើយ។ មិន​ត្រឹមតែ​ចិត្ត​សឿង មិន​រត់​ចោល​ស្រុក​ដូច​មេ​បក្ស​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក កឹម សុខា ក៏​មិន​ទៅ​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​ជា​ហូរហែ​របស់​តុលាការ ដែល​លោក​ហៅ​ថា ជា​ដីកា​ខុស​ច្បាប់​នោះ​ថែម​ទៀត​ផង។ ដីកា​សាលាឧទ្ធរណ៍​អោយ​ចូល​ខ្លួន​​នៅ​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១៦ នេះ គឺ​ដីកា​កោះ​លើក​ទី​៣ បន្ទាប់​ពី​ដីកា ២​លើក​របស់​សាលាដំបូង​ដែល​លោក កឹម សុខា បដិសេធ ទាក់ទង​នឹង​បទ​ចោទ​រឿង​អាស្រូវ​ស្នេហា​រវាង​រូប​លោក និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

ប្រការ​ដែល​លោក កឹម សុខា បន្ត​បដិសេធ​ដីកា​កោះ ហើយ​បន្ត​ពួន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ឥស្សរជន​ជាន់​ខ្ពស់ ការទូត​បរទេស​ចូល​ទៅ​សួរ​សុខទុក្ខ​សម្ដែង​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​នោះ បណ្ដាល​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្ដៅ​ក្រហាយ ខឹងសម្បា​ដល់​មន្ត្រី​ការទូត​ទាំង​នោះ​ទៀត​ផង។

​តើ​ការ​មិន​រត់​ចោល​ស្រុក​របស់​លោក កឹម សុខា គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ឆ្លាត​វៃ​ផ្នែក​នយោបាយ ឬ​ទេ?



រយៈពេល​មួយ​ខែ​បាន​កន្លង​ផុត​ទៅ​ហើយ ចាប់​តាំង​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជ្រើស​រើស​យក​ទីស្នាក់ការ​កណ្ដាល​គណបក្ស ដើម្បី​ការពារ​ខ្លួន​ពី​ការ​តាម​ចាប់​របស់​ស្ថាប័ន​អយ្យការ ដែល​លោក​ហៅ​ថា ជា​អំពើ​ខុស​ច្បាប់។

មន្ត្រី​ទូត​មក​សួរ​សុខទុក្ខ​លោក កឹម សុខា ដល់​ទីស្នាក់ការ​បក្ស

លោក កឹម សុខា មិន​ត្រឹមតែ​មិន​រត់​គេច​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ថែមទាំង​មិន​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ស្ថានទូត​បរទេស​ទៀត​ផង។

​បើ​ទោះ​ជា​ការ​ប្រឈម​ផ្លូវ​ច្បាប់​នៅ​មាន​ចំពោះ​លោក កឹម សុខា ក៏ដោយ​ចុះ ក៏​គេ​សង្កេត​ឃើញ​ថា ភាព​ចំណេញ​ផ្លូវ​នយោបាយ​ចំពោះ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​ទទួល​បាន​មិន​តិច​ទេ ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ។

​ជម្រើស​មិន​ចាក​ចេញ​ពី​ប្រទេស និង​មិន​គេច​ខ្លួន​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ស្ថានទូត​បរទេស ទំនងជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រធាន​ស្ដីទី​នៃ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។  ក្រៅ​តែ​ពី​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​បន្ត​បង្ហាញ​ការ​គាំទ្រ​ដល់​លោក កឹម សុខា  មន្ត្រី​ការទូត​ក្រៅ​ប្រទេស និង​ឯកអគ្គរដ្ឋទូត​បរទេស​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន បាន​បណ្ដាក់​គ្នា​ដូច​ខ្យង​ចូល​មក​សួរ​សុខ​ទុក្ខ សំណេះសំណាល​ជាមួយ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​រូប​នេះ។

​ដោយ​មិន​ខ្វល់​អំពី​ការ​ចោទ​ប្រកាន់​របស់​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ ទៅ​លើ​លោក កឹម សុខា ថា ជា​ជនល្មើស​ច្បាប់​ព្រហ្មទណ្ឌ​នោះ  ឥស្សរជន​បរទេស​ជាន់​ខ្ពស់​ដែល​កៀរគរ​គ្នា​ទៅ​ជួប​លោក កឹម សុខា រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ លោក លោក ហ្គើត មូលើរ (Gerd Muller) ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ទៅ​ជួប​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ដល់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

​បន្តបន្ទាប់​មក​ទៀត មាន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ឯកអគ្គរដ្ឋទូត​បារាំង ឯកអគ្គរដ្ឋទូត​កាណាដា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ហើយ​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថ្មីៗ​នេះ សូម្បីតែ​ឯកអគ្គរដ្ឋទូត​ទូត​ស៊ុយអែត (Sweden) ដែល​ជិត​ផុត​អាណត្តិ គឺ​អ្នកស្រី អ្នកស្រី អែនណា ម៉ាច ហ៊ុលហ្កាដ  (Anna Maj Hultgard) ក៏​បាន​ទៅ​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា ដែរ។

​ប៉ុន្តែ​កាយវិការ​នយោបាយ​ការទូត​បង្ហាញ​ការ​គាំទ្រ​របស់​ប្រទេស​ទាំង​នេះ​ដល់​មេ​បក្ស​ប្រឆាំង​កម្ពុជា រូប​នេះ ក្លាយ​ជា​បន្លា​ក្នុង​កែវ​ភ្នែក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​មន្ត្រី​ការទូត​ទាំង​នោះ​ថា កុំ​ធ្វើ​ជា​សត្វ​សេក​អោយ​បក្ស​ប្រឆាំង និង​កុំ​អោយ​យល់​ច្រឡំ​អំពី​សំណុំ​រឿង​លោក កឹម សុខា៖ «»។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ចុះ កាយវិការ​គាំទ្រ​របស់​ប្រទេស​មហា​អំណាច​ទាំង​នេះ មិន​ត្រឹមតែ​ជា​ការ​លើកទឹកចិត្ត ពង្រឹង​ស្មារតី​គណបក្ស​ប្រឆាំង​អោយ​រឹងមាំ​ដើម្បី​បន្ត​ការ​តស៊ូ​ដោយ​អហិង្សា​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​ថែមទាំង​ជា​សញ្ញា​ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​នៅ​ឯកោ​ទេ។ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​នាយករដ្ឋមន្ត្រី មន្ត្រី​ការទូត​ដែល​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា បក​ស្រាយ​ថា តួនាទី​របស់​ពួកគេ គឺ​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ណា​ទាំង​អស់ ហើយ​ចង់​ឃើញ​កម្ពុជា មាន​ប្រជាធិបតេយ្យ​រឹងមាំ ដែល​ក្នុង​នោះ​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ​មួយ គឺ​ជា​ភាព​ចាំបាច់។

ភាព​សម្ដែង​នូវ​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ដល់​លោក កឹម សុខា នៅ​រយៈពេល​ចុង​ក្រោយ​នេះ ក៏​អាច​បញ្ជាក់​ដែរ​ថា សហគមន៍​អ្នក​ការទូត​មិន​បាន​អោយ​តម្លៃ​ដល់​បណ្ដឹង​ទាំង​ឡាយ​ប្រឆាំង​លោក កឹម សុខា ពី​រឿង​អាស្រូវ​ស្នេហា​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​ប្រើប្រាស់​ធនធាន​រដ្ឋ​យ៉ាង​សម្បើម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​មើល​ឃើញ​ថា ក្ដីក្ដាំ​ប្ដឹងផ្ដល់​ដែល​ផ្ដើម​ឡើង​ដោយ​លួច​ថត​សំឡេង​គេ​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពី​សំណាក់​បក្ស​កាន់​អំណាច​ដើម្បី​កាត់ផ្ដាច់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយភាព។

យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​មេ​បក្ស​កាន់​អំណាច

​យុទ្ធសាស្ត្រ​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​នេះ មិន​មែន​ជា​លើក​ដំបូង​ទេ។ គេ​នៅ​ចាំ​បាន​ថា នៅ​ខែ​មិថុនា ឆ្នាំ​១៩៩៧ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​បាន​បំបែកចេញ​ជា​ពីរ​នៅ​ពេល​មន្ត្រី​ជាន់​ខ្ពស់​ហ្វ៊ុនស៊ិនប៉ិច មួយ​ចំនួន ដឹកនាំ​ដោយ​ក្រុម​លោក អ៊ុង ផន និង​លោក ទន់ ចាយ ប្រកាស​លែង​ទទួល​ស្គាល់​ទ្រង់ រណឫទ្ធិ ជា​ប្រធាន​បក្ស ហើយ​ដាក់​ជំនួស​ដោយ​លោក ទន់ ចាយ។

​បន្ទាប់​មក នៅ​ខែ​សីហា ឆ្នាំ​១៩៩៧ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១ រដ្ឋ​សភា​បាន​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មួយ​រូប គឺ​លោក អ៊ឹង ហួត ធ្វើ​ជា​នាយករដ្ឋមន្ត្រី ទី​១ ជំនួស​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ពេល​នោះ​កំពុង​ភៀស​ព្រះកាយ​នៅ​ក្រៅ​ប្រទេស។

លោក អ៊ឹង ហួត ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ពេល​នោះ គឺ​ជា​មនុស្ស​ដែល​លោក​នាយករដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ចង់​លើក​បន្តុប ដើម្បី​ធ្វើ​អោយ​រាជរដ្ឋាភិបាល​របស់​លោក​ក្រោយ​រដ្ឋប្រហារ​មាន​ភាព​ស្រប​ច្បាប់។

​ទោះ​ជា​យ៉ាង​ណា តំណែង​ទាំង​អស់​មិន​បាន​ឋិតថេរ​យូរអង្វែង ហើយ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំបែកបំបាក់ ខ្ទេចខ្ទី​ស្ទើរ​សាបសូន្យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​អំពី​ស្នាដៃ​របស់​លោក​ក្នុង​ការ​បំបែកបំបាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​ចម្រៀក​តូចៗ ធ្វើ​អោយ​គណបក្ស​រាជា​និយម​មួយ​នេះ​រវល់​តែ​ពី​រឿង​ឈ្លោះ​គ្នា​ឯង​គ្មាន​ទី​បញ្ចប់៖ «»។

អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ទង្វើ​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​បាប​គណបក្ស​ដទៃ គឺ​ជះ​លទ្ធផល​អាក្រក់​មក​លើ​គណបក្ស​ខ្លួន​វិញ។ លោក​បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ស្អែក គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាញ់​ឆ្នោត។

ប្រហែល​ដោយសារ​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍ និង​ឃើញ​ភាព​បែកបាក់​នៃ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច កន្លង​មក​នេះ​ហើយ ទើប​គណបក្ស​សង្គ្រោះ​ជាតិ រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មាន​ការ​រួបរួម​គ្នា​យ៉ាង​រឹងមាំ ពោល​គឺ​មិន​ទាន់​អាច​ត្រូវ​បំបែក​បាន​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បើ​ទោះ​ជា​មាន​ការ​ប៉ុនប៉ង​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង​ក្តី។ អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា នេះ​ហើយ​គឺ​ជា​ចំណុច​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន ប្រហែល​ជា​ខក​ចិត្ត​ពេល​លោ កឹម សុខា មិន​រត់​ទៅ​ក្រៅ​ប្រទេស

ប្រការ​ដែល​លោក កឹម សុខា សម្រេច​មិន​ភៀសខ្លួន​ទៅ​ពួន​សម្ងំ​នៅ​ក្រៅ​ប្រទេស ក៏​ប្រហែល​ជា​ធ្វើ​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខកចិត្ត​មិន​តិច​ដែរ​ទេ។

បន្ទាប់​ពី​ប្រើ​យន្តការ​តុលាការ​ផង និង​ប្រើ​កម្លាំង​សម្ញែង​ជា​ច្រើន​សា​គំរាម​ចាប់​ខ្លួន​ផង ដើម្បី​បំភ័យ​លោក កឹម សុខា អោយ​ដាក់​មេ​ផាយ​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​លោក កឹម សុខា នៅ​តែ​រឹងក្បាល​មិន​ព្រម​ចាក​ចេញ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូចជា​ទាល់គំនិត។ ការ​ចាប់​លោក កឹម សុខា ដាក់​គុក​ទំនងជា​មិន​មែន​ជា​ជម្រើស​ទី​១​របស់​លោក​នាយករដ្ឋមន្ត្រី​ទេ។ ហេតុផល​ត្រង់​ថា ការ​បោះ​លោក កឹម សុខា ចូល​ក្នុង​ទ្រុង​សារិកា វា​អាច​បណ្ដាល​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រវល់​ឈឺ​ក្បាល​ច្រើន​ជាង​បណ្ដោយ​អោយ​លោក កឹម សុខា រត់​ទៅ​ក្រៅ​ប្រទេស។ ឈឺ​ក្បាល​ត្រង់​ថា លោក​នាយករដ្ឋមន្ត្រី​អាច​ប្រឈម​នឹង​បាតុកម្ម​តវ៉ា​ពី​មជ្ឈដ្ឋាន​ក្នុង​ស្រុក​ផង និង​ក្រៅ​ស្រុក​ផង។ សហគមន៍​អន្តរជាតិ​ក៏​អាច​នឹង​ដាក់​ការ​គាប​សង្កត់​នានា មក​លើ​រដ្ឋាភិបាល​កម្ពុជា រួម​មាន​ការ​គំរាម​ផ្តាច់​ជំនួយ​ដែល​អាច​ឈាន​ដល់​ការ​បិទ​ទ្វារ​ទីផ្សារ​របស់​ពួកគេ​មិន​អោយ​កម្ពុជា នាំ​ផលិតផល​សំលៀកបំពាក់​ចូល​ទៅ​លក់​ជាដើម។  ម្យ៉ាង​វិញ​ទៀត តំណាងរាស្ត្រ​បក្ស​ប្រឆាំង​អាច​នឹង​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ធ្វើ​អោយ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែ​បាត់បង់​ភាព​ស្រប​ច្បាប់ ដែល​ចំណុច​នេះ លោក​នាយករដ្ឋមន្ត្រី​ទំនងជា​មិន​ចង់​ឃើញ​កើត​មាន​ឡើយ។

​ហេតុ​ដូច្នេះ ប្រសិនបើ​លោក កឹម សុខា ខ្លាច​ជាប់​គុក ហើយ​និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស ហើយ​ក្លាយ​ជា​ទណ្ឌិត​មិន​អាច​វិល​ចូល​ស្រុក​វិញ​បាន​ដូច​មេ​បក្ស​របស់​គាត់​នោះ ប្រហែលជា​ធ្វើ​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយ​ចិត្ត​ច្រើន​ជាង។ នៅ​ពេល​នោះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ឆក់​ឱកាស​ប្រើ​យុទ្ធវិធី​ចាស់​ក៏​ថា​បាន គឺ​លួងលោម​ផង គំរាម​ផង ដើម្បី​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​មេដឹកនាំ​បក្ស​ថ្មី​ដែល​ងាយ​ស្ដាប់​បង្គាប់ និង​មិន​រឹងរូស​ដូច​មេ​បក្ស​ចាស់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ត​សម្ងំ​ក្នុង​ទីស្នាក់ការ​បក្ស ដោយ​មាន​អ្នក​គាំទ្រ​បក្ស​រាប់​រយ​នាក់​ផ្លាស់​វេន​​គ្នា​ការពារ​ពី​ខាង​ក្រៅ​មិន​អោយ​មាន​ការ​ចូល​ទៅ​ចាប់​ខ្លួន។

លោក កឹម សុខា ថា​ចង់​យក​ករណី​របស់​លោក​ដើម្បី​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

លោក កឹម សុខា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ដែល​លោក​មិន​ព្រម​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​តាម​ដីកា​កោះ​ជា​ហូរហែ​មក​នោះ គឺ​លោក​មិន​ចង់​គាំទ្រ​អំពើ​ខុស​ច្បាប់​របស់​តុលាការ។ លោក​ថា លោក​នឹង​យក​ករណី​របស់​លោក​ធ្វើ​ជា​គំរូ​ដើម្បី​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

ហាក់​ស្ថិត​ក្នុង​ភាពទាល់ច្រក មិន​ដឹង​គួរ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា បាន​គំរាម​ថា លោក​ចង់​ចាប់​លោក កឹម សុខា នៅ​ពេល​ណា​ក៏​បាន​ដែរ៖ «»។

ការ​គំរាម​ចាប់​ខ្លួន​ពេល​ណា​ក៏​បាន​នេះ ត្រូវ​បាន​អ្នកវិភាគ​សង្គម​មើល​ឃើញ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កំពុង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ ពីព្រោះ​ឈរ​លើ​គោលការណ៍​នីតិរដ្ឋ​ពេល​ណា​សំណុំ​រឿង​ក្តី​ណា​មួយ​ធ្លាក់​ក្នុង​ដៃ​តុលាការ​ហើយ រាល់​បទ​អត្ថាធិប្បាយ​ណា​មួយ​ពី​អ្នក​មាន​អំណាច​ទៅ​ក្នុង​រឿង​ក្តី​នោះ ត្រូវ​បាន​ហាមឃាត់។ នេះ​ក៏​ដោយសារ​សម្ដី​អ្នក​ធំ​អាច​ជះឥទ្ធិពល​ទៅ​លើ​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​សម្រេច​ចិត្ត​មិន​រត់​ចោល​ស្រុក​នៅ​ពេល​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ញាត់​គុក​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ប្រថុយប្រថាន​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​លោក កឹម សុខា។ ដោយសារ​តែ​មាន​បទពិសោធន៍​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​ហើយ​ទេ​ដឹង បាន​ជា​អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ហាក់​មិន​ខ្លាច​ជាប់​គុក​ម្ដង​ទៀត​នៅ​ពេល​នេះ។  កាល​ពី​ឆ្នាំ​២០០៥ នៅ​ពេល​លោក​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក កឹម សុខា ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ដាក់​គុក​ពី​បទ​បរិហារកេរ្តិ៍។ លោក​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​បាន ១៧​ថ្ងៃ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ទទួល​ការ​គាបសង្កត់​ពី​សហគមន៍​អន្តរជាតិ។

បុរស​ខ្លាំង​ក៏​អាច​មាន​ការ​ញញើត​ខ្លះ​ដែរ

​បើ​ទោះ​ជា​លោក កឹម សុខា មិន​ខ្លាច​ជាប់គុក​ម្ដង​ទៀត​ក៏ដោយ​ចុះ សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​រហ័ស​នាម​ថា "បុរស​ខ្លាំង" គ្មាន​ពីរ​នៅ​កម្ពុជា​នោះ ក៏​នឹង​ប្រហែល​មិន​ញញើត​ក្នុង​ការ​ប្រើ​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ចាប់​ខ្លួន​លោក កឹម សុខា ញាត់​គុក​ម្ដង​ទៀត​ដែរ។

ប៉ុន្តែ​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​មាន​ការ​ញញើត​ខ្លះៗ​ក្នុង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​នេះ គឺ​ប្រហែល​ជា​ដោយសារ​សន្ទុះ​នៃ​ការ​គាំទ្រ​លោក កឹម សុខា កាន់​តែ​ខ្លាំង​ឡើង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​សភា​អឺរ៉ុប។ ទោះ​ចង់​មិន​ចង់ ការ​គាំទ្រ​ដ៏​ផុសផុល​ពី​លោក​ខាង​លិច​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ និង​ជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា នោះ ប្រហែល​ជា​កំពុង​ធ្វើ​អោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​យ៉ាង​ល្អិតល្អន់​មុន​ពេល​បញ្ជា​អោយ​ចាប់​ខ្លួន​លោក កឹម សុខា។

​យោង​តាម​បរិបទ​នេះ ប្រហែល​ជា​លោក​ត្រូវ​ថ្លឹងថ្លែង​ពី​ផលវិបាក​ជា​ច្រើន​មុន​នឹង​លោក​ចាប់​ខ្លួន​លោក កឹម សុខា ញាត់​គុក​ម្តង​ទៀត​នោះ។ កត្តា​ដែល​ត្រូវ​ថ្លឹងថ្លែង​ទាំង​នោះ​រួម​មាន​ជំនួយ និង​ជំនួញ ព្រមទាំង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន ហើយ​រឿង​សំខាន់​ជាង​គេ​មួយ​ទៀត​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​តែង​ព្រួយបារម្ភ​នោះ គឺ​ការ​ស្រុត​ចុះ​នូវ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ។

​សម្រាប់​អង្គការ​សិទ្ធិមនុស្ស អ្នកច្បាប់ និង​សហគមន៍​អន្តរជាតិ​ទូទៅ​វិញ សំណុំ​រឿង​របស់​លោក កឹម  សុខា គឺ​ជា​សំណុំរឿង​នយោបាយ​ដែល​គួរ​តែ​បញ្ចប់​ដោយ​ការ​ចរចា​តាម​ផ្លូវ​នយោបាយ៕

1 comment:

Anonymous said...




វាមិនខុសអ្វីទេ ព្រោះស្តេចខ្មែរក៍ពួននៅតែក្នុងវាំងដែរ ​ទេតើ ហើយមើលទៅ កឹម​សុខា​មាន គេទៅសួរមើលច្រើនជាងស្តេចខ្មែរផង តើមានទេ? បើមិនជឿសួរ​អាឡេវក៏វាដឹងដែរ។