A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday 12 July 2016
បំណងបីរបស់លោក កែម ឡី ស្រាវជ្រាវមិនទាន់ចប់
បំណងបីរបស់លោក កែម ឡី ស្រាវជ្រាវមិនទាន់ចប់
ដោយ លោក ពៅ មេត្តា | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦
លោក កែម ឡី ជាអ្នកស្រាវជ្រាវពីបញ្ហាសង្គមនិងជាអ្នកវិភាគស្ថានការណ៍នយោបាយល្បីឈ្មោះមួយរូប ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ខែកក្កដា ធ្វើឲ្យគណបក្សនយោបាយ សង្គមស៊ីវិល និងសាធារណជនសម្តែងការសោកស្តាយនិងថ្កោលទោសចំពោះឃាតកម្មនេះ។
លោក កែម ឡី លេចឈ្មោះប្រមាណ៥ឆ្នាំមកនេះហើយសាធារណជនគោរពស្រលាញ់រូបគាត់គឺតាមរយៈការវិភាគវែកញែកពីបញ្ហាក្នុងសង្គមឲ្យមនុស្សទូទៅងាយយល់ទាំងប្រជាជនសាមញ្ញមានការអប់រំទាបក៏ដូចជាក្រុមបញ្ញាវន្ត។
អ្នកស្រាវជ្រាវល្បីឈ្មោះរូបនេះទទួលមរណភាពដោយបន្សល់គម្រោង៣ពាក់ព័ន្ធនឹងប្រយោជន៍ជាតិដែលលោកគ្រោងស្រាវជ្រាវនិងកំពុងស្រាវជ្រាវមិនទាន់ចប់។
កញ្ញា លុយ ដានី ជាជំនួយការលោក កែម ឡី ធ្វើការនៅក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់បានផ្តល់បទសម្ភាសន៍ជាមួយវីអូឌីថា គម្រោងស្រាវជ្រាវទាំងបីនោះរួមមាន ១០០រាត្រីសិក្សាផ្ទាល់ពីបញ្ហាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ការចងក្រងប្រវត្តិកោះទាំង៦៤ទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយ និងគម្រោងសិក្សាពីការចរាចរណ៍ទំនិញគ្រប់ច្រកព្រំដែនចេញចូលទាំងអស់របស់កម្ពុជា។
គម្រោង១០០រាត្រីគឺលោក កែម ឡី និងក្រុមការងារចុះសម្រាកដោយផ្ទាល់តាមផ្ទះរបស់ប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុងចំនួន១០០យប់ ដើម្បីសិក្សាពីបញ្ហារបស់ប្រជាពលរដ្ឋដូចជាបញ្ហាចំណាកស្រុក គ្រឿងញៀន ភាពក្រីក្រ ចំណូលចំណាយ ជម្លោះដីធ្លីជាដើម។
គិតត្រឹមថ្ងៃទី១០ខែកក្កដា ពេលដែលគេបាញ់សម្លាប់លោក គឺលោក កែម ឡី និងក្រុមការងារបានចុះសម្រាកតាមផ្ទះប្រជាពលរដ្ឋបានចំនួន១៥យប់ ខេត្តដែលលោកបានចុះមានដូចជាស្វាយរៀង ព្រៃវែង កំពុងឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរីជាដើម។
តាមគម្រោងយុទ្ធនាការ១០០រាត្រីគឺចាប់ផ្តើមពីខែឧសភាឆ្នាំ២០១៦និងបញ្ជប់នៅខែតុលាឆ្នាំដដែល។ ក្នុងលទ្ធផលជាង១០រាត្រីដំបូងលោក កែម ឡី បានលើកឡើងបញ្ហាជាច្រើនដែលលោកបានជូបក្នុងនោះក៏មានបញ្ហាការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនវៀតណាមជាច្រើននិងលំហូរនៃចំនួនជនអន្តោប្រវេសន៍ជនជាតិវៀតណាមផងដែរ។
លោក កែម ឡី ថ្លែងប្រាប់ព័ត៌មានវិទ្យុអាស៊ីសេរីកាលពីថ្ងៃដើមខែមិថុនាថាលោកនឹងចងក្រងឯកសារទុកសម្រាប់កូនចៅជំនាន់ក្រោយប្រើសម្រាប់តតាំង បើសិនជាវៀតណាមក្តោបក្តាប់កម្ពុជា៖ នៅ២០ឬ៣០ឆ្នាំទៀត ពេលដែលយួនកាន់កាប់ទឹកដីយើងពេញសិទ្ធិ ហើយក្មេងជំនាន់ក្រោយមានឱកាសក្លាយជាមេដឹកនាំ គាត់អាចប្តឹងទៅតុលាការ ICJ គាត់មានភស្តុតាង។ បើយើងអត់ខំផលិតភស្តុតាងទេ កុំថាជំនាន់យើង ២០ទៅ៣០ឆ្នាំទៀត បើចង់ប្តឹងក៏អត់មានភស្តុតាងដែរ។
ចំណែកគម្រោងទី២ដែលលោក កែម ឡី ធ្លាប់ផ្សព្វផ្សាយតាមហ្វេសប៊ុកដែរនោះគឺលោកគ្រោងចំណាយពេលបីខែគឺពីខែវិច្ឆិកាឆ្នាំ២០១៦ដល់ដើមឆ្នាំ២០១៧ ដើម្បីចងក្រងប្រវត្តិកោះទាំង៦៤ទុកជាឯកសារ។
កញ្ញា លុយ ដានី បញ្ជាក់ថាសម្រាប់គម្រោងទីបី ការសិក្សាពីការចរាចរណ៍ទំនិញចេញចូលគ្រប់ច្រកព្រំដែនទាំងអស់នោះគឺមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ។ កញ្ញា បញ្ជាក់ថាបើទោះជាបាត់បង់លោក កែម ឡី ក៏ក្រុមកញ្ញានៅតែព្យាយាមធ្វើឲ្យសម្រេចការងារនេះដែរ។ កញ្ញាបន្តថា៖ “រូបខ្ញុំផ្ទាល់និងក្រុមខ្ញុំនឹងបន្តតាមមាគ៌ារបស់លោកគ្រូ ព្រោះអីលោកគ្រូប្រដៅរាល់លើកគឺគាត់ប្រដៅឲ្យខ្ញុំស្រលាញ់ទឹកដី ប្រដៅមិនឲ្យមានភាពអាត្មានិយម ចឹងសម្រាប់ពួកខ្ញុំមាន commitment (ការប្តេជ្ញា)ខ្លាំងក្នុងការដើរតាមមាគ៌ាគាត់“។
សាស្ត្រាចារ្យនយោបាយនិងជាអ្នកវិភាគបញ្ហាសង្គមមួយរូបដែរគឺលោក សាមិន្ទ ចម្រើនជ័យ យល់ថា បើទោះជាលោក កែម ឡី ស្លាប់ ប៉ុន្តែលោកបានបញ្រ្ជាបចំណេះដឹងយ៉ាងច្រើនដល់សាធារណជនពិសេសយុវជន ហើយអ្នកដែលទទួលបានចំណេះដឹងទាំងនេះនឹងបន្តធ្វើសកម្មភាពទៅមុខទៀតរូមគ្នាដូចដែលបំណងលោក កែម ឡីចង់បាន។ លោកបន្តថា៖ “ក្មេងៗជាច្រើន មនុស្សជាច្រើន រួមទាំងខ្ញុំផង បានទទួលការអប់រំណែនាំពីលោក បណ្ឌិត កែម ឡី ដែលបានដើរច្រើន បានស្គាល់ច្រើន ទាំងនេះ គាត់អាចបន្តដំណើររបស់លោកបណ្ឌិត“។
កញ្ញា លុយ ដានី ជាជំនួយការរបស់លោក កែម ឡី ៥ឆ្នាំមកនេះបញ្ជាក់ថាគោលបំណងសំខាន់ក្នុងជីវិតរបស់លោក កែម ឡី ចង់ឲ្យប្រជាពលរដ្ឋរស់នៅបានថ្លៃថ្នូរនិងរក្សាទឹកដីបានគង់វង្ស។ កញ្ញាបន្ថែមទៀតថា៖ “គាត់ចង់ឲ្យប្រជាពលរដ្ឋរស់នៅដោយថ្លៃថ្នូរ ទឹកដីគង់វង្ស មិនមានគេឈ្លានពាន។ នេះជាក្តីស្រម៉ៃធំបំផុតរបស់គាត់ដែលគាត់ខិតខំធ្វើរាល់ថ្ងៃ គឺគាត់មិនចង់បានអំណាច គឺគាត់អត់មានចិត្តសូម្បីតែបន្តិច គឺគាត់ចង់ធ្វើជាអ្នកស្រាវជ្រាវ ដើរតាមភូមិឃុំ នេះជាការចង់បានធំបំផុតរបស់គាត់ហើយ“៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment