A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 July 2016

លោក ហ៊ុន សែន ចាត់​ទុក​ពាក្យ​ជេរ "អា​គុក" ថា​ជា​រឿង​ធម្មតា

លោក ហ៊ុន សែន ចាត់​ទុក​ពាក្យ​ជេរ "អា​គុក" ថា​ជា​រឿង​ធម្មតា
ដោយ ខែ សុណង
2016-07-01

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev



ក្នុង​ពេល​ស្ថានភាព​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​តានតឹង ការ​ប្រើប្រាស់​វោហារសាស្ត្រ​កាន់​តែ​ប្លែកៗ​ក៏​កើត​មាន​ដែរ។ នៅ​រយៈពេល​ចុង​ក្រោយ​នេះ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ពាក្យ​មួយ​ដែល​សាធារណជន​យល់​ថា ជា​ពាក្យ​ជេរ​ទៅ​ដៃគូ​ប្រកួត​នយោបាយ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​បកស្រាយ​វិញ​ថា ពាក្យ​នេះ​ជា​ពាក្យ​ធម្មតា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ពន្យល់​សាធារណជន​អំពី​ការ​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ​មួយ​ឃ្លា ថា​គ្រាន់​តែ​លោក​ច្រឡោត​ចំពោះ​អ្នក​ចាក់ក្រឡេក និង​ញុះ​ឲ្យ​លោក​ខឹង​តែ​ប៉ុណ្ណោះ។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​នៅ​ក្នុង​ទិវា​មច្ឆា​ជាតិ នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១ កក្កដា ដោយ​ដំណាល​រឿង​មក​និយាយ​ជា​ឧទាហរណ៍ ហើយ​លោក​បកស្រាយ​ដោយ​ឲ្យ​អ្នក​ចូលរួម​ក្នុង​វេទិកា​ពន្យល់​រក​អ្នក​ត្រូវ​ខុស​រវាង​អ្នក​ចាក់ក្រឡេក អ្នក​ញុះ​លោក និង​អ្នក​ភ្ញាក់​ជេរ។



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ភាសា​ជេរ​នេះ ជា​រឿង​សាមញ្ញ​របស់​ពលរដ្ឋ​ខ្មែរ៖ «ពីរ​នាក់​កំពុង​តែ​ដើរ​ស្ងៀមស្ងាត់​ស្រាប់​តែ​តាង៉ន ស្រែក​ថា អើយ​អា​ឈិន! ហ្អែង​ភ័យ ហ្អែង​ជិត​ងាប់​ហើយ ដោយ​ឯ​ណោះ​ឆ្លើយ​ត្រឡប់​មក​វិញ​ស្អី​អា​គុក? ឥឡូវ​សុំ​សួរ​តើ​អ្នក​ស្រែក​មុន​ថា ហ្អែង​ភ័យ ហ្អែង​ជិត​ងាប់​ហើយ អ្នក​ជេរ​ត្រឡប់​មក​វិញ​ថា អា​គុក! ព្រោះ​ខ្មែរ​យើង​ច្រើន​ថា ជួនកាល​អា​គុក ភាសា​អ្នក​ស្រែ និយាយ​រួម​ភាសា​សាមញ្ញ​គ្មាន​អី​លើស​ពី​អា​គុក​ទេ។ ប៉ុន្តែ​ឥឡូវ​សុំ​សួរ តើ​អ្នក​ដែល​ទៅ​ញុះ​គេ ជា​អ្នក​ខុស ឬ​អ្នក​ជេរ​ជា​អ្នក​ខុស? អា​ញុះ​គេ​ថា គេ​ភ័យ​ជិត​ងាប់​អា​ហ្នឹង​អ្នក​ខុស»។

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ដូច្នេះ បន្ទាប់​ពី​លោក​បាន​ថ្លែង​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដោយ​ទំនង​សំដៅ​ទៅ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​លោក​បាន​ឃើញ​លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​រ៉យទ័រ (Reuters) ថា លោក​នាយករដ្ឋមន្ត្រី​ភ័យ​ខ្លាច​ចាញ់​ឆ្នោត។ គ្រា​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា បើ​រដ្ឋាភិបាល​ចង់​ចាប់​ពេល​ណា​ក៏​បាន៖ «អា​អ្នក​នៅ​កន្លែង ៤​ជ្រុង ចេញ​មុខ​ចេញ​មក​មិន​ទាន់​ដល់​ម៉ោង​ទេ លោក​ឯង​ថា លោក ហ៊ុន សែន ភ័យ​ខ្លាច​ចាញ់​ឆ្នោត តែ​សូម​ផ្ដាំ​ទៅ​លោក​ឯង ជាប់​គុក​គ្មាន​ថ្ងៃ​ចេញ អត់​រួច​ទេ ប្រាប់​ឲ្យ​ហើយ អា​គុក កុំ​ព្រហើន»។

ការ​ព្រមាន​នេះ ក្រោយ​ពេល​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​រយៈពេល​ជាង ១​ខែ​មក​នេះ។

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ការ​ប្រើ​ប្រាស់​សម្ដី​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​វប្បធម៌​មនុស្ស​ម្នាក់ៗ ក៏​ប៉ុន្តែ​លោក​សោកស្ដាយ​នៅ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រើ​ពាក្យ​នេះ៖ «ពេល​ខ្ញុំ​បាន​ស្ដាប់​លឺ​ខ្ញុំ​តែង​តែ​សោកស្ដាយ ខ្ញុំ​មិន​ចង់​លឺ​ពាក្យ​អសុរោះ​ចេញ​ពី​អ្នក​នយោបាយ​ជាន់​ខ្ពស់ ចេញ​ពី​នាយក​រដ្ឋមន្ត្រី ឬ​ចេញ​ពី​រដ្ឋមន្ត្រី​ទេ សុខ​ចិត្ត​ថា ពាក្យ​អសុរោះ​ហ្នឹង​ឲ្យ​ចេញ​ពី​មនុស្ស​មិន​បាន​រៀន​សូត្រ ប៉ុន្តែ​សម្រាប់​អ្នក​មាន​មុខ​នាទី​ដឹកនាំ​រដ្ឋ គឺ​ខ្ញុំ​ចង់​បាន​លឺ​ពាក្យពេចន៍​ទោះ​ខឹង​យ៉ាង​ណា​ដែល​ថា​ថ្លៃថ្នូរ​សមរម្យ​​ទៅ»។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ទស្សនៈ​ថា ជា​នាយករដ្ឋមន្ត្រី​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​រឿង​ក្ដី​ណា​មួយ​ដែល​ទៅ​ដល់​តុលាការ​នោះ​ទេ។ មួយ​វិញ​ទៀត ការ​ប្រើប្រាស់​ពេក​សម្ដី​ក្នុង​នាម​ជា​មេដឹកនាំ ជា​នាយករដ្ឋមន្ត្រី​គួរ​តែ​ធ្វើ​គំរូ​ដល់​អ្នក​ដទៃ៖ «រឿង​ខឹង​រឿង​អី​ហ្នឹង​ពី​ដើម​ស្ដេច​គេ​មិន​ឲ្យ​ខឹង​ទេ គឺ​គេ​ឲ្យ​ទប់​ខ្លួន​យើង​នេះ​មិន​ទប់​ខ្លួន​ចេះ​តែ​ច្រឡោតតោតតូង​អ៊ីចឹង មិន​មាន​លក្ខណៈ​ជា​អ្នក​ដឹកនាំ​តាម​បែប​បុរាណ​ពី​ដើម​គេ​អប់រំ​មេដឹកនាំ ស្ដេច​ក៏​ដោយ​ឲ្យ​ទប់​ខ្លួន​ឲ្យ​បាន គឺ​គ្រប់គ្រង​ខ្លួន​ឲ្យ​បាន មិន​ឲ្យ​ខឹង​ទេ ខ្មែរ​យើង​ថា ខឹង​ខុស​ខឹង​ខាត»។

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា មក​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង បាន​សំងំ​ក្នុង​ទីស្នាក់ការ​គណបក្ស​មិន​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ទេ ខណៈ​តុលាការ​បាន​ចោទ​ប្រកាន់​រូប​លោក​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ដោយសារ​មិន​ចូល​ទៅ​តុលាការ​តាម​ការ​កោះហៅ​ឲ្យ​ចូល​ខ្លួន​ជា​សាក្សី​ក្នុង​រឿង​សញ្ចារកម្ម។

គណបក្ស​ទាំង​ពីរ​បាន​យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា កម្ពុជា​កំពុង​មាន​វិបត្តិ រី​ឯ​គណបក្ស​ប្រជាជន​វិញ​យល់​ថា កម្ពុជា​គ្មាន​វិបត្តិ​នោះ​ឡើយ៕

No comments: