A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 June 2016

បទ​វិភាគ៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​តវ៉ា​​ចំពោះ​ការ​អនុវត្ត​នីតិវិធី​របស់​ស្ថាប័ន​រដ្ឋ?



ដោយ ថា កិត្យា
2016-06-02

ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ៨៥៥ ២០១៦
អាជ្ញាធរ​បំបែក​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​ប៉ុនប៉ង​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Uon Chhin
 RFA/Uon Chhin



ជា​រឿយៗ​ស្ទើរ​រាល់​ការ​អនុវត្ត​នីតិវិធី​របស់​ស្ថាប័នរដ្ឋ​មួយ​ចំនួន​តែងតែ​ទទួល​រង​នូវ​ការ​រិះគន់ ថ្កោលទោស និង​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​លើក​បដា​តវ៉ា​តាម​ផ្លូវ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ស្វែង​រក​យុត្តិធម៌​ជា​ហូរហែ។ មជ្ឈដ្ឋាន​ទូទៅ​ចោទ​ថា ការ​អនុវត្ត​នីតិវិធី​របស់​ស្ថាប័ន​ទាំង​នោះ ជា​ពិសេស​តុលាការ​មិន​ឯករាជ្យ ឋិត​ក្រោម​សម្ពាធ​នយោបាយ និង​អ្នក​មាន​លុយ មាន​អំណាច ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​តែម្ដង បើ​ទោះបី​ជា​លោក ហ៊ុន សែន អះអាង​ជា​ច្រើន​លើក​ថា លោក​មិន​មាន​ឥទ្ធិពល​ជ្រៀតជ្រែក​លើ​កិច្ចការ​តុលាការ និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទៀត​ក្តី។

​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​បណ្ដាល​ឲ្យ​មហាជន តវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុវត្ត​នីតិ​វិធី​របស់​ស្ថាប័ន​រដ្ឋ និង​ចោទ​ថា មិន​ឯករាជ្យ​នោះ?

នៅ​កម្ពុជា បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​ព្យាយាម​បង្ក្រាប​ទប់ស្កាត់​ហាម​ឃាត់ និង​ចាប់​ចង​អ្នក​ដើរ​ដង្ហែ​ក្បួន​តវ៉ា និង​អ្នក​ធ្វើ​បាតុកម្ម​ក្តី ប្រទេស​នេះ​នៅ​តែ​ពើប​ប្រទះ​ការ​ធ្វើ​បាតុកម្ម​ជា​ប្រចាំ។ សកម្មភាព​តវ៉ា​មិន​ឈប់​មិន​ឈរ​នេះ ប្រហែលជា​ដូច​ពាក្យ​ថា "ទី​ណា​មាន​ការ​ជិះជាន់​ទី​នោះ​មាន​ការ​រើ​បម្រាស់" ទោះ​ជា​ចុង​កាណុង​កាំភ្លើង​ពង្រាយ​ត្រៀបត្រា​ក្ដី។



យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដែល​កំពុង​កើត​ឡើង ផ្ដួចផ្ដើម​ដោយ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ការ​កើត​ទុក​មិន​សុខចិត្ត​នឹង​ចំណាត់​ការ​របស់​តុលាការ។ ពួកគេ​នាំ​គ្នា​តវ៉ា​សុំ​អោយ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​រួម​គំនិត​សូក​ប៉ាន់​សាក្សី។

​ទន្ទឹម​នឹង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​កៀរគរ​អ្នក​គាំទ្រ​អោយ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ដោយ​ដើរ​ដង្ហែ​ក្បួន​ថ្វាយ​ញត្តិ​ដល់​ព្រះមហាក្សត្រ​ដើម្បី​ឲ្យ​ព្រះអង្គ​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​សកម្មជន និង​តំណាងរាស្ត្រ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ហើយ​ថែម​ទាំង​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ទៀត​ផង។

ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​នោះ មជ្ឈដ្ឋាន​អន្តរជាតិ​ក៏​ចេញ​លិខិត​ថ្កោលទោស​ជា​បន្តបន្ទាប់ ថា​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័នរដ្ឋ​មួយ​ចំនួន​មាន​ភាព​មិន​ប្រក្រតី​ដោយ​ជញ្ជីង​យុត្តិធម៌ និង​ជំហរ​អព្យាក្រឹត ត្រូវ​បាន​ផ្អៀង​ទៅ​រក​អ្នក​មាន​លុយ មាន​អំណាច ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត។

តាម​ពិត ស្ថាប័ន​រដ្ឋ​នីមួយៗ ដូចជា​ស្ថាប័ន​តុលាការ​ជាដើម មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ដោះស្រាយ​ជម្លោះ និង​រក​ខុស​ត្រូវ​ជូន​មនុស្ស​គ្រប់រូប បញ្ចប់​អំពើ​និទណ្ឌភាព ដើម្បី​ផ្ដល់​យុត្តិធម៌​សង្គម និង​សេចក្ដី​សុខ​ក្នុង​ចិត្ត​ដល់​ពលរដ្ឋ។ តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​រដ្ឋ​ទាំង​នោះ គេ​សម្គាល់​ថា បាន​បង្កើត​ជម្លោះ​កាន់​តែ​កើន​ឡើង​ទៅ​វិញ រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​រវាង​អ្នក​មាន​អំណាច និង​អ្នក​អត់​អំណាច​រវាង​អ្នក​មាន និង​អ្នក​ក្រ​ខ្សត់។

បើ​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច ជាពិសេស​ប្រព័ន្ធ​តុលាការ​តែម្ដង ភាព​មិន​ប្រក្រតី​មាន​ច្រើន​ណាស់។ សេចក្ដី​រាយការណ៍​ខ្លី​មួយ​នេះ និយាយ​មិន​អស់​ទេ ប៉ុន្តែ​សូម​លើក​ខ្លះៗ​ទៅ​ចុះ។

នី ចរិយា ៨៥៥ ២០១៦
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា លើក​បង្ហាញ​ដៃ​ជាប់​ខ្នោះ ក្នុង​ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។ Photo provided


កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ឃាត់​​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ដោយ​គ្រាន់តែ​សំអាង​លើ​លិខិត​ចំហ​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ចោទ​ថា អ្នក​ទាំង​នោះ​បាន​លួងលោម និង​សូកប៉ាន់​នាង មិន​ឲ្យ​និយាយ​ការពិត​ដល់​សមត្ថកិច្ច​ក្នុង​សំណុំរឿង​ខ្សែអាត់​សំឡេង​សាសង​តាម​ទូរស័ព្ទ​រវាង​នាង និង​លោក កឹម សុខា។

តាម​ពិត​ស្រីមុំ ខ្លួន​ឯង​ទេ និយាយ​ថា មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ខណៈ​នាង​ទៅ​សុំ​ជំនួយ​ការពារ​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដោយ​បន្សល់ទុក​ខ្សែ​វីដេអូ សម្ភាស​ជា​ភស្តុតាង​ទៀត​ផង។ ក្នុង​ពេល​កាន់​ក្ដី​រឿង​ស្រីមុំ នោះ អាដហុក ត្រូវ​គេ​រាយការណ៍​ថា បាន​ផ្ដល់​ប្រាក់ ២០៤​ដុល្លារ តាម​លិខិត​ស្នើសុំ​របស់​កញ្ញា​ស្រីមុំ ដូច​អ្វី​ដែល​អាដហុក ធ្លាប់​ផ្ដល់​ឲ្យ​ជនរងគ្រោះ​ផ្សេង​ទៀត ដោយ​មាន​វិក្កយបត្រ​ត្រឹមត្រូវ សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ម្ហូប​អាហារ និង​ស្នាក់​នៅ ពេល​មក​កាន់​សមាគម​អាដហុក និង​ឡើង​តុលាការ។

តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រមព្រហ្មទណ្ឌ បាន​កំណត់​ច្បាស់​ថា "អ្នក​សូក និង​អ្នក​ស៊ីសំណូក" មាន​ទោស​ដូច​គ្នា។ បទ​ស៊ីសំណូក​ក្នុង​មាត្រា ៥៩៤ ក្នុង​ក្រមព្រហ្មទណ្ឌ បាន​កំណត់​ពី​ការ​ផ្ដន្ទាទោស “អ្នក​ស៊ីសំណូក” ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ ពី​៧​ឆ្នាំ ទៅ ១៥​ឆ្នាំ។ តែ​រហូត​មក​ដល់​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ​មិន​ទាន់​ចាត់ការ​លើ​អ្នក​ស៊ី​សំណូក​ឡើយ។

ដោយ​ឡែក​ក្នុង​រឿងរ៉ាវ​ឆ្លើយ​ដាក់​ដូច​គ្នា​នេះ សមាគម​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ (International Consortium of Investigative Journalists) បាន​ទម្លាយ​ឯកសារ​ប៉ាណាម៉ា (Panama Papers) កាល​ពី​ពេល​ថ្មីៗ ចោទ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង​មាន​ជនជាតិ​កម្ពុជា ជាង ២០​នាក់​ផ្សេង​ទៀត​ជាប់​ទាក់ទង​នឹង​រឿង​អា​ស្រូវ​លាង​លុយ​កខ្វក់ និង​គេច​មិន​បង់​ពន្ធ​នោះ គេ​មិន​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចេញ​វិធានការ​អោយ​ក្ដៅ​គគុក​ដូច​រឿង​មន្ត្រី​សិទ្ធិមនុស្ស​ឡើយ បន្ទាប់​ពី​លោក អង្គ វង្សវឌ្ឍានា បដិសេធ​ការ​ចោទ​ប្រកាន់​នោះ។ មាន​សំណុំរឿង​ជា​ច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​ប្ដឹង និង​ទាមទារ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស៊ើប​អង្កេត​លើ​មន្ត្រី​រដ្ឋាភិបាល អ្នក​រក​ស៊ី​កាប់​ព្រៃឈើ និង​មន្ត្រី​យាម​ច្រក​ទ្វារ​ព្រំដែន ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឆ្លើយ​ថា មិន​មាន​សមត្ថកិច្ច​ទេ។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​​បែក​ធ្លាយ​ឯកសារ​ប៉ាណាម៉ា នោះ នៅ​លើ​ពិភពលោក និង​ប្រទេស​ដទៃ​ទៀត សុទ្ធតែ​លើក​ឡើង​ថា គឺ​ឯកសារ​ប៉ាណាម៉ា ជា​ការ​ពិត ហើយ​ត្រូវ​បាន​ប្រទេស​ទាំង​នោះ មាន​ចំណាត់​ការ​លើ​បុគ្គល​ថ្នាក់ដឹកនាំ ដែល​មាន​ឈ្មោះ​រកស៊ី​មិន​ត្រឹមត្រូវ​ទាំង​នោះ។ ជា​លទ្ធផល នាយករដ្ឋមន្ត្រី​នៃ​អ៊ីស្លង់ (Iceland) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ក្រុមហ៊ុន​នៅ​ដែន​កោះ​របស់​ចក្រភព​អង់គ្លេស (British Virgin Islands) បាន​ចុះ​ចេញពី​តំណែង។ នៅ​ប្រទេស​អេស្ប៉ាញ (Spain) រដ្ឋមន្ត្រី​ម្នាក់​ត្រូវ​អាជ្ញាធរ​រក​ឃើញ​ថា បាន​កុហក​ពី​ការ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ក្រៅ​ស្រុក (offshore company)។ ចំណែក​ឯ​ប៉ូលិស​នៃ​ប្រទេស​អ៊ុយរុយហ្គាយ (Uruguay) បាន​ចាប់​បុគ្គល​ប្រាំ​រូប​ដែល​ជាប់​សង្ស័យ​ថា បាន​លាង​លុយ​កខ្វក់​ឲ្យ​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់។

ងាក​ទៅ​និយាយ​ពី​សំណុំរឿង​អ្នកនាង ខុម ចាន់តារាទី វិញ ទោះបីជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា ព្យាយាម​ធ្វើ​ឲ្យ​តូច​មិន​ឲ្យ​រីក​រាលដាល​ធំ​ក្ដី ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចូល​ពន្ធនាគារ ជា​ពិសេស​អាដហុក ស្ទើរ​អស់​មន្ត្រី​សំខាន់ៗ​ពី​ស្ថាប័ន។

ចំណែក​សំណុំ​រឿង​ពុករលួយ​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជា​ថ្នូរ​នឹង​រថយន្ត​ស៊េរី​ទំនើប ១​គ្រឿង​ម៉ាក​អូឌី មាន​តម្លៃ​ប្រមាណ ១០​ម៉ឺន​ដុល្លារ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហាក់​មិន​បាន​ស៊ើប​អង្កេត ឬ​នាំ​ខ្លួន​មន្ត្រី​តុលាការ​ផ្សេង​ទៀត​ឡើយ។

លោក អាំង មាលតី ត្រូវ​បាន​សាលាដំបូង​ខេត្ត​កណ្ដាល ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៣​ឆ្នាំ តែ​ត្រូវ​អនុវត្ត ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​សំណុំ​រឿង​នេះ​និយាយ​ថា សាលក្រម​នេះ​មាន​ភាព​ធូរស្រាល​ពេក។

​បើ​បន្ត​រម្លឹក និង​បន្ត​ពិនិត្យ​ករណី​ប្រព័ន្ធ​យុត្តិធម៌​នោះ នៅ​មាន​រឿង​អយុត្តិធម៌​ជា​ច្រើន​ទៀត ដូច​ករណី​ចាប់​ខ្លួន និង​កាត់​ទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ជាង ១០​នាក់​ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

រឿង​ក្ដី​នយោបាយ​នោះ គឺ​សកម្មជន រួម​ទាំង​លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​តុលាការ​កាត់​ក្តី​ឲ្យ​ជាប់​គុក​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ​ពី​បទ​ដឹកនាំ​ចលនា​កុបកម្ម និង​ចូលរួម​ចលនា​កុបកម្ម។ ថ្វីត្បិតតែ​តុលាការ​អាច​មាន​ភស្តុតាង​ដាក់​បន្ទុក​ដទៃ​ទៀត តែ​អ្វី​ដែល​គេ​បាន​ឃើញ និង​បាន​ឮ គឺ​លោក មាជ សុវណ្ណារ៉ា កាន់​ក្បាល​មេក្រូ ស្រែក​ឃាត់​កុំ​ឲ្យ​បាតុករ ដែល​មួយ​ចំនួន​ជា​ជនបង្កប់​របស់​អាជ្ញាធរ​សមត្ថកិច្ច វាយ​ទៅ​លើ​ក្រុម​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​បែក​ក្បាល​ហូរ​ឈាម។

ចំណាត់​ការ​របស់​ប្រព័ន្ធ​តុលាការ​ដូច្នេះ នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា ចុះ​កន្លង​មក ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ បាន​វាយ​លើ​បាតុករ​ដីធ្លី បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​សិទ្ធិមនុស្ស រួម​ទាំង​អ្នក​កាសែត រហូត​ដល់​បែក​ក្បាល​សន្លប់ កាល​ពី​ពេល​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ម្ដេច​ក៏​តុលាការ​មិន​ចាត់​ការ​ដែរ​ទៅ បែរ​ជា​តម្កល់ទុក​សំណុំរឿង​ប្ដឹង​នោះ​ទៅ​វិញ?

រឿង​ចម្លែក​មួយ​ទៀត កាល​ពី​ឆ្នាំ​មុន​នោះ គឺ​ការ​បើក​សង្វៀន​ប្រដាល់សេរី​ពី​សំណាក់​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន ដោយ​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ស្ទើរ​ស្លាប់​រស់​នោះ គេ​មិន​ឃើញ​អាជ្ញាធរ និង​តុលាការ​តាម​ចាប់​មេខ្លោង និង​អ្នកដឹកនាំ​បាតុកម្ម ដូច​ករណី​សកម្មជន​សិទ្ធិមនុស្ស ពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំ​រឿង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។ អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​នោះ គឺ​តុលាការ​សម្រេច​ឃុំ​ខ្លួន​១​ឆ្នាំ​លើ​អង្គរក្ស​លោក ហ៊ុន សែន តែ​បី​នាក់​ប៉ុណ្ណោះ ដែល​ចេញ​មុខ​សារភាព ហើយ​បើ​កុំ​តែ​ចេញ​សារភាព​នោះ កុំ​អី​សមត្ថកិច្ច​ប៉ូលិស និង​តុលាការ​រក​មុខ​មិន​ឃើញ​ទៀត។

ក្នុង​រឿង​ក្ដី​នយោបាយ​ថ្មីសន្លាង​នេះ​វិញ តុលាការ រដ្ឋសភា ក្រសួង​មហាផ្ទៃ និង​ក្រសួង​មាន​សមត្ថកិច្ច​ជា​ច្រើន បាន​សហការ​ធ្វើការ​ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​លឿន​ក្នុង​ការ​ចាប់ចង ចោទ​ប្រកាន់​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​កងកម្លាំង​ពិសេស​ប្រដាប់​ដោយ​អាវុធ​ទំនើបៗ ដេញ​ចាប់​ដូច​តាម​កម្ទេច​ក្រុម​ភេរវជន​អ៊ីចឹង បន្ទាប់​ពី​លោក​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារកេរ្តិ៍ និង​បទ​ពេស្យាចារ​ក្នុង​រឿង​អាស្រូវ​ស្នេហា។ រី​ឯ​លោក សម រង្ស៊ី ប្រមុខ​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​ចោទ​ប្រកាន់​ផ្ទួនៗ រហូត​មិន​ហ៊ាន​ចូល​ស្រុក បន្ទាប់ពី​ទទួល​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​ធំៗ​របស់​លោក ហ៊ុន សែន។

តវ៉ា​ដោះលែង​​ស្ត្រី ១០​នាក់ ៦២០
១៥-មករា-២០១៥៖ ពលរដ្ឋ​ក្នុង​សហគមន៍​មាន​ទំនាស់​ដី ​តវ៉ា ដាក់​​ញត្តិ​នៅ​ស្ថានទូត​​បារាំង ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ជួយ​ឃ្លាំមើល​សវនាការ​សាលាឧទ្ធរណ៍​លើ​ស្ត្រី​បឹងកក់ និង​បុរីកីឡា ១០នាក់។ RFA/Rann Samnang


សកម្មភាព​ចាត់ការ​ដ៏​តក់ក្រហល់​លើ​បក្ស​ប្រឆាំង​នេះ ក៏​នាំ​ឲ្យ​មហាជន​ឆ្ងល់​ដែរ​ថា ហេតុ​អ្វី​ក៏​សំណុំរឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ១០​នាក់ កាល​ពី​ឆ្នាំ​២០១៣ ម្ដេច​ក៏​មិន​ចាត់ការ​ឲ្យ​លឿន​ដែរ​ទៅ? រឿង​នេះ ក្រុម​ស្ត្រី​បឹងកក់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ជាង ៣​ឆ្នាំ​ហើយ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់ និង​ជន​ស្លៀក​ស៊ីវិល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ពួកគាត់ ដោយ​ខ្លះ​បាន​ប្រើ​ចម្ពាមកៅស៊ូ​បាញ់​បណ្ដាល​ឱ្យ​អ្នក​ខ្លះ​របួស​ដៃ ជើង ខ្លួន និង​ក្បាល កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ ខណៈ​ពួកគាត់​កំពុង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បី​ទាមទារ​ឲ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី និង​លំនៅឋាន​របស់​ពួកគាត់។

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក បទ​ឧក្រិដ្ឋកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា បាន​កើត​ឡើង​មិន​ចេះ​ចប់ ចាប់​តាំង​ពី​ការ​សម្លាប់​រង្គាល​កងទ័ព​រាជា​និយម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ដើម​ខែ​កក្កដា ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើ​គុត​ព្រះសង្ឃ និង​អ្នក​សិល្បៈ​ដ៏​សន្ធឹក ការ​បោក​គ្រាប់បែក​មុខ​រដ្ឋ​សភា​សម្លាប់​មនុស្ស ១៦​នាក់ ការ​បាញ់​សម្លាប់​ក្រុម​មេដឹកនាំ​សហជីព អ្នក​ការពារ​ព្រៃឈើ និង​ការ​បាញ់​សម្លាប់​កម្មករ​កាត់​ដេរ​ចំនួន ៥​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។

បទឧក្រិដ្ឋ​កម្ម​ទាំង​នេះ​សុទ្ធសឹងតែ​ធ្វើ​ឡើង​ក្រៅ​ប្រព័ន្ធ​តុលាការ ផ្ទុយ​ច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ជន​ដៃដល់​ទាំង​នោះ​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ។ ដូច្នេះ​ឆ្លង​តាម​ហេតុការណ៍​ជា​ច្រើន​ដែល​លើក​បង្ហាញ​នេះ មហាជន​មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​នៅ​កម្ពុជា បាន​បង្ហាញ​នូវ​ស្តង់ដារ​ពីរ ឬ​ក៏​យើង​អាច​និយាយ​បាន​ថា “ផ្ដល់​យុត្តិធម៌​សម្រាប់​តែ​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច" ហើយ​និយាយ​ឲ្យ​ត្រង់​គឺ "គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ”។

សរុប​ទៅ ការ​តវ៉ា​ដែល​តែងតែ​កើត​មាន​ឡើង​នេះ គឺ​អាច​មក​ពី​កម្ពុជា នៅ​តែ​ចាត់​ទុក​អ្នក​ដែល​មាន​គំនិត​ផ្ទុយ ថា​ជា​សត្រូវ​ដែល​ត្រូវ​តែ​កម្ចាត់​ចោល ហើយ​នៅ​តែ​មិន​ទាន់​ប្រកាន់​យក​គោលការណ៍​សន្តិសហវិជ្ជមាន ដែល​មាន​ន័យ​ថា មនុស្ស​អាច​រស់​នៅ​ជាមួយគ្នា​បាន​ដោយ​សុខសាន្ត ទោះ​បី​ជា​មាន​និន្នាការ​នយោបាយ ឬ​ប្រកាន់​ជំនឿ​ខុស​គ្នា​ក៏ដោយ។ ក្រៅ​ពី​នេះ ការ​បង្កើត​ច្បាប់ និង​បកស្រាយ​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​កាន់​អំណាច ព្រម​ទាំង​ការ​បែងចែក​ផល​សេដ្ឋកិច្ច​មិន​ប្រកប​ដោយ​សមធម៌ អំពើ​ពុករលួយ បក្ខពួក​និយម ហើយ​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​មិន​ទាន់​ផ្ដាច់​ចេញ​ពី​គណបក្ស​កាន់​អំណាច​នោះ គឺ​ជា​ដើមចម​នៃ​ការ​តវ៉ា​រើ​បម្រាស់​ពី​សំណាក់​ពលរដ្ឋ​នោះ​ឯង៕

No comments: