A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 2 June 2016

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​សហគមន៍​កុមារ​ក្រីក្រ​នៅ​ទីក្រុង


ដោយ អ៊ុំ រង្សី
2016-06-01

ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ២០១៦ ៨៥៥
កុមារ​ចូលរួម​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «ទីក្រុង​សម្រាប់​កុមារ» នា​សង្កាត់​ច្រាំងចំរេះ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Um Rainsey
 RFA/Um Rainsey


សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ លើក​ឡើង​ថា កុមារ​រស់នៅ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ជាច្រើន នៅ​តែ​ជួប​បញ្ហា​ប្រឈម​ទាំង​ការ​រស់នៅ និង​ការ​អប់រំ ដែល​មិន​អាច​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​បាន​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។ ទន្ទឹម​គ្នា​នេះ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​រស់នៅ​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង និង​ទទួល​ស្គាល់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។

សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ ចង់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចម្បងៗ រួម​មាន អនាម័យ ទឹក​ស្អាត អាហារូបត្ថម្ភ ការ​អប់រំ ដែល​តែង​គំរាម​កំហែង​ដល់​ការ​រស់នៅ​របស់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «ទីក្រុង​សម្រាប់​កុមារ» នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។

ប្រធាន​កម្មវិធី​តស៊ូ​មតិ​នៃ​សមាគម​ធាងត្នោត លោក សឿង សារ៉ន ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​របស់​កុមារ មិន​មែន​កើត​មាន​តែ​ចំពោះ​សហគមន៍​ជនបទ​ប៉ុណ្ណោះ​ទេ។ ជាក់ស្តែង លោក​ថា កុមារ​ម្នាក់​ក្នុង​ចំណោម ៣​នាក់​ដែល​រស់នៅ​តាម​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង ក៏​នៅ​តែ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក ទាំង​បរិស្ថាន​កន្លែង​រស់នៅ ការ​បៀតបៀន ការ​កេង​ប្រវ័ញ្ច អាហារូបត្ថម្ភ ការ​អប់រំ អសន្តិសុខ និង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ។



លោក សឿង សារ៉ន យល់​ថា បញ្ហា​នេះ​កើត​ឡើង​មក​ពី​កុមារ​ទាំង​នោះ ត្រូវ​បាន​គេ​ផាត់​ចេញ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​នៅ​មាន​កម្រិត៖ «តាម​ការ​សង្កេត​របស់​ខ្ញុំ កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​បញ្ហា ដោយសារ​តែ​សង្គម និង​អាជ្ញាធរ​នាំ​គ្នា​បំភ្លេច​ចោល ទុក​ពួក​គេ​ចោល។ ហេតុ​នេះ សេវា​សាធារណៈ​ផ្សេងៗ គាត់​នឹង​ជួប​ប្រឈម​ហើយ»។

ទន្ទឹម​គ្នា​នេះ តំណាង​អាណាព្យាបាល​កុមារ​ដែល​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ភ្នំពេញ លោកស្រី រស់ ហ្វីយ៉ាស និយាយ​ដែរ​ថា កុមារ​នៅ​ទីក្រុង​ដែល​គ្រួសារ​មាន​ជីវភាព​ក្រីក្រ មិន​អាច​ទទួល​បាន​ការ​អប់រំ​ពេញលេញ​ដូច​កុមារ​ដទៃ​នោះ​ទេ។ ហេតុ​នេះ លោកស្រី​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​គិតគូរ​បញ្ហា​នេះ​ជា​បន្ទាន់៖ «សុំ​ឲ្យ​រដ្ឋាភិបាល គាត់​ជួយ​កុមារ​នៅ​សហគមន៍​ក្រីក្រ ទាំង​ថវិកា សាលា​រៀន និង​អ្វី​ក៏ដោយ​ឲ្យ​កុមារ​ចង់​បាន ឲ្យ​ពួក​គេ​មាន​សិទ្ធិ និង​អប់រំ​ដូច​ក្មេង​ទូទៅ​ដែរ កុំ​ឲ្យ​ពួក​គាត់​ដើរ​ទៅ​រក​ផ្លូវ​ខុស​ច្បាប់ ដែល​បង្ក​អសន្តិសុខ​សង្គម​ទៅ​ថ្ងៃ​ក្រោយ»។

ចំណែក​ឯ​តំណាង​កុមារ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ភ្នំពេញ កុមារា សេង រតនា ព្រួយ​បារម្ភ​ពី​អនាគត​របស់​ខ្លួន និង​កុមារ​ដទៃ​ទៀត​ក្នុង​សហគមន៍ នៅ​តែ​ប្រឈម​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់ សំរាម​ស្អុយ​រលួយ ទឹក​លិច ល្បែង​ស៊ី​សង និង​គ្រឿង​ញៀន ជាដើម៖ «បញ្ហា​ខ្ញុំ​ជួប កន្លែង​រស់នៅ មាន​ភក់ សំរាម ទឹក​ស្អាត ព្រោះ​រាល់​ថ្ងៃ​ពួក​ខ្ញុំ​ប្រើ​ទឹក​ទន្លេ មិន​មាន​អនាម័យ នៅ​ហ្នឹង​មាន​ល្បែង​ច្រើន​ណាស់។ ខ្ញុំ​បារម្ភ​ថា អនាគត​ពួក​ខ្ញុំ ត្រូវ​បាន​សង្គម​ស្អប់​ខ្ពើម»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក ហួត ហៃ ទទួល​ស្គាល់​ថា កុមារ​រស់នៅ​សហគមន៍​ក្រីក្រ​នៅ​តែ​ជួប​បញ្ហា​ប្រឈម។ ហេតុ​នេះ ទើប​រដ្ឋាភិបាល​តែង​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បំផុស​ស្មារតី​ឲ្យ​គោរព​សិទ្ធិ​កុមារ។ លោក​បន្ត​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ខំ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុម​កុមារ​ដែល​ងាយ​រងគ្រោះ។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​បង្ហាញ​នៅ​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧ ឲ្យ​ដឹង​ថា កុមារ​រស់នៅ​ក្នុង​សហគមន៍​ចំនួន ៣៤០​ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ គឺ​ពួក​គេ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក ដូចជា ការ​មិន​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ កង្វះ​ខាត​អនាម័យ កង្វះ​ខាត​សេវា​គ្រប់គ្រង កាក​សំណល់ និង​ភ្លើង​អគ្គិសនី​មិន​គ្រប់គ្រាន់​ជាដើម។ ជាង​នេះ ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ​របស់​អង្គការ​ភីន ក៏​បង្ហាញ​ថា កុមារ​រស់នៅ​សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ នៅ​តែ​ខ្វះ​អាហារ មាន​ភាព​ស្លេកស្លាំង ខ្សោយ​កម្លាំង និង​រៀន​មិន​ពូកែ ដែល​កំពុង​ជះ​ឥទ្ធិពល​ដល់​អនាគត​ធនធាន​មនុស្ស​កម្ពុជា ផង​ដែរ៕

No comments: