A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 30 June 2016

ក្រសួង​ព័ត៌មាន​នឹង​តាម​ដាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​ការ​ប្រើ​គោរម​ងារ​សម្ដេច​ចាប់​ពី​ខែ​កក្កដា


ដោយ ប្រាជ្ញ ចេវ
2016-06-29

អ៊ុក គឹមសេង ២០១៦ ៨៥៥
អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ស្ដីពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Uon Chhin
 RFA/Uon Chhin



ក្រសួង​ព័ត៌មាន នៅ​តែ​ប្រកាន់​ជំហរ​ថា នឹង​ចាត់​វិធានការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មិន​ប្រើ​គោរម​ងារ​សម្ដេច​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក្តី ក្រសួង​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​ដើម្បី​ប្រើ​វិធានការ​របស់​ខ្លួន​នៅ​ឡើយ​ទេ។

នៅ​តែ​ពីរ​ថ្ងៃ​ទៀត​ទេ​ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រសួង​ព័ត៌មាន នឹង​តាម​ដាន​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​មិន​ប្រើ​គោរម​ងារ​សម្ដេច នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​ស្ទាក់ស្ទើរ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ប្រើ​គោរម​ងារ​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ត​ទៅ ក្រុម​ការងារ​ក្រសួង​ព័ត៌មាន នឹង​ចាប់​ផ្ដើម​បូក​សរុប​រាល់​ម៉ោង​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា​ប៉ុស្តិ៍​ណា​មិន​ប្រើ​គោរម​ងារ​សម្ដេច ប៉ុស្តិ៍​ណា​ប្រើ​គោរម​ងារ​សម្ដេច រួច​យក​របាយការណ៍​ទាំង​នោះ​ទៅ​ដាក់​ជូន​រដ្ឋមន្ត្រី​ដើម្បី​សម្រេច។ លោក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរ​តែ​យល់​ពី​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ៖ «គេ​សរុប​ការងារ​ហ្នឹង​តាម​ការ​កំណត់​ណា​មួយ ហើយ​ពេល​នោះ​យើង​នឹង​ដឹង​ពី​វិធានការ​ណា​មួយ​មិន​ខាន។ ជាក់ស្តែង​បើ​គេ​អត់​ជួយ​យើង យើង​ជួយ​គេ​ម៉េច​កើត។ ដល់​តែ​មាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក បើ​យើង​ទាមទារ​តែ​ខាង​រដ្ឋាភិបាល​ពេក តែ​យើង​អត់​ឱន​លំទោន​ខ្លះ មិន​ដឹង​ធ្វើ​ម៉េច​ទេ»។



វិធានការ​ទាំង​នោះ​អាច​ជា​ការ​បញ្ចប់ ឬ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត​ទៀត​ចំពោះ​ស្ថាប័ន​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន។ ជាង​នេះ​ទៀត ក្រសួង​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ អែហ្វ.អិម (FM) ក្នុង​ស្រុក ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​បរទេស​ណា​ដែល​មិន​ប្រើ​គោរម​ងារ​សម្ដេច។

ទាក់ទង​រឿង​នេះ​ដែរ តំណាង​វិទ្យុ​មហា​នគរ ៩៣.៥ លោក កែវ ឆវ័ន្ត ដែល​វិទ្យុ​នេះ​បាន​ផ្សាយ​បន្ត​ព័ត៌មាន​ពី​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ក្រសួង​ព័ត៌មាន ទេ។ លោក​ថា វិទ្យុ​លោក​នៅ​តែ​បន្ត​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ទាំង​ពីរ​នេះ​ដដែល។ ចំពោះ​ការ​ព្រមាន​យ៉ាង​ណា​របស់​ក្រសួង​ព័ត៌មាន នោះ លោក​ថា ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យុ​របស់​លោក នឹង​ប្រជុំ​សម្រេច​នៅ​ពេល​ក្រោយ​ទៀត៖ «រឿង​នេះ​ដល់​តែ​យើង​ប្រជុំ​ក្រុមប្រឹក្សា​ជជែក​គ្នា​សិន ប៉ុន្តែ​នៅ​ពេល​នេះ យើង​នៅ​តែ​បន្ត​ចាក់​ព័ត៌មាន​អាស៊ីសេរី និង​វីអូអេ ដដែល»។

កាល​ពី​ខែ​ឧសភា ក្រសួង​ព័ត៌មាន ព្រមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រើ​គោរម​ងារ​សម្ដេច ហើយ​មាន​ស្ថាប័ន​ក្នុង​ស្រុក​ខ្លះ​ក៏​បាន​ប្រើ​តាម​ការ​បង្គាប់​បញ្ជា​ដែរ។ តែ​ទោះ​យ៉ាង​ណា​ក្តី ដំណាល​គ្នា​នៃ​បទបញ្ជា​នេះ ធ្វើ​ឲ្យ​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ព្រោងព្រាត​ខ្ចរខ្ចាយ​ស្ទើរ​ពេញ​សកល​លោក​ពី​ទីក្រុង​បាងកក ដល់​ក្រុង​តូក្យូ ក្រុង​ឡុងដ៍ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​កាត្មាន់ឌូ (Kathmandu)។

ក្នុង​ចំណោម​នោះ កាសែត ហ្វៃណាន់ស្យល ថែមស៍ (Financial Times) បាន​រំឭក​ថា ការ​ទាមទារ​ប្រើ​គោរម​ងារ​នេះ ស្រដៀង​ទៅ​នឹង​ស្ថានភាព​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។ ហ្វៃណាន់ស្យល ថែមស៍ បន្ត​ទៀត​ថា មេ​ដឹក​នាំ​ស្ថាបនិក​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល (Kim Jong Il) បាន​បញ្ជា​ឲ្យ​ប្រើ​គោរម​ងារ​ផ្លូវ​ការ​របស់​លោក គឺ "មគ្គុទ្ទេសក៍​កាំ​រស្មី​ព្រះអាទិត្យ និង​សេនាបតី​ប្រកប​ដោយ​កិត្តិយស​ដែល​ធ្លាក់​ចុះ​មក​ពី​ឋានសួគ៌" ដែល​ងារ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​គោរម​ងារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ។

ចំណែក​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល យល់​ថា នៅ​ក្នុង​ព័ត៌មាន​អ្វី​ដែល​សំខាន់ គឺ​សរសេរ​ខ្លឹមសារ​ព័ត៌មាន​នោះ​មិន​ខុស។ ចំណែក​ការ​តម្រូវ​ឲ្យ​ប្រើ​គោរម​ងារ​សម្ដេច លោក​យល់​ថា ទាំង​ក្រសួង​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គួរ​ជជែក​គ្នា​រក​ចំណុច​កណ្ដាល​ណា​មួយ​ដែល​ប្រើ​គោរម​ងារ​នោះ​កុំ​ឲ្យ​វែង​ពេក ឬ​ប្រើ​គោរម​ងារ​នោះ​នៅ​ដើម​បន្ទាត់ ឬ​ដើម​ឃ្លា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាំង​សង​ខាង ខ្ញុំ​យល់​ថា ទាំង​វិទ្យុ​អាស៊ីសេរី និង​សារព័ត៌មាន​ផ្សេង​ទៀត គឺ​អាច​ប្រើប្រាស់​ពាក្យ ព្រោះ​តាម​ខ្ញុំ​ដឹង គេ​ឲ្យ​ប្រើ​តែ​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​លើ​ទេ ក្រៅ​ពី​នោះ ជា​សិទ្ធិ​សេរីភាព​របស់​យើង ប៉ុន្តែ​សម្រាប់​ខ្ញុំ​យល់​ថា វា​មិន​ទោសពៃរ៍​អី​ទេ យើង​ហៅ​គាត់​ដូចជា​សម្ដេច ហ៊ុន សែន យើង​អាច​ហៅ​សម្ដេច​តេជោ ហ៊ុន សែន បន្ទាប់​មក​ហៅ​គាត់​លោក»។

ទោះ​ជា​យ៉ាង​ណា​ក្តី អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថា​ក្រសួង​មិន​ទាន់​មាន​វិធានការ​ណា​មួយ​លើ​បណ្ដាញ​សារព័ត៌មាន​បរទេស​ដែល​មិន​ប្រើ​គោរម​ងារ​សម្ដេច​នោះ​ទេ។

កន្លង​មក​គេ​ឃើញ​ក្រសួង​ព័ត៌មាន តែង​បង្ហាញ​វិធានការ​របស់​ខ្លួន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្សព្វផ្សាយ​ពី​គ្រឿង​សំអាង អាហារ​បំប៉ន​សុខភាព និង​គ្រឿង​ស្រវឹង ជាដើម។ ប៉ុន្តែ​ទោះ​ជា​ក្រសួង​ព័ត៌មាន ព្រមាន​មិន​ឲ្យ​ក្រុមហ៊ុន​ស្រា​ផ្សព្វផ្សាយ​ពី​ការ​ផ្តល់​រង្វាន់​របស់​ខ្លួន​យ៉ាង​ណា​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​នៅ​តែ​បន្ត​ផ្សាយ​ពី​មហា​រង្វាន់​របស់​ខ្លួន​បាន​ដដែល៕

1 comment:

Anonymous said...



អាមួយនេះសញ្ជាតិអី?
បបូរមាត់និងច្រមុះដូចអាហ្រ្វិកខ្មៅ​ តែចេះនិយាយខ្មែរ។