ដោយ ប្រាជ្ញ ចេវ
2016-06-29

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែងក្នុងកិច្ចប្រជុំរវាងមន្ត្រីក្រសួងព័ត៌មាន ជាមួយតំណាងស្ថាប័នសារព័ត៌មានស្ដីពីការប្រើគោរមងារសម្ដេច នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។ RFA/Uon Chhin
RFA/Uon Chhin
ក្រសួងព័ត៌មាន នៅតែប្រកាន់ជំហរថា នឹងចាត់វិធានការលើប្រព័ន្ធផ្សព្វផ្សាយណាមិនប្រើគោរមងារសម្ដេចនៅក្នុងអត្ថបទរបស់ខ្លួន។ ទោះយ៉ាងណាក្តី ក្រសួងមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីប្រើវិធានការរបស់ខ្លួននៅឡើយទេ។
នៅតែពីរថ្ងៃទៀតទេចាប់ពីពេលនេះតទៅ ក្រសួងព័ត៌មាន នឹងតាមដានការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយណាដែលមិនប្រើគោរមងារសម្ដេច នៅក្នុងអត្ថបទរបស់ខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅស្ទាក់ស្ទើរធ្វើអត្ថាធិប្បាយចំពោះការប្រើគោរមងារនេះ។
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២៩ ខែមិថុនា ថា ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ ក្រុមការងារក្រសួងព័ត៌មាន នឹងចាប់ផ្ដើមបូកសរុបរាល់ម៉ោងផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ថាប៉ុស្តិ៍ណាមិនប្រើគោរមងារសម្ដេច ប៉ុស្តិ៍ណាប្រើគោរមងារសម្ដេច រួចយករបាយការណ៍ទាំងនោះទៅដាក់ជូនរដ្ឋមន្ត្រីដើម្បីសម្រេច។ លោកថា ប្រព័ន្ធផ្សព្វផ្សាយគួរតែយល់ពីវប្បធម៌ប្រពៃណីរបស់ខ្មែរ៖ «គេសរុបការងារហ្នឹងតាមការកំណត់ណាមួយ ហើយពេលនោះយើងនឹងដឹងពីវិធានការណាមួយមិនខាន។ ជាក់ស្តែងបើគេអត់ជួយយើង យើងជួយគេម៉េចកើត។ ដល់តែមានជួយគ្នាទៅវិញទៅមក បើយើងទាមទារតែខាងរដ្ឋាភិបាលពេក តែយើងអត់ឱនលំទោនខ្លះ មិនដឹងធ្វើម៉េចទេ»។
វិធានការទាំងនោះអាចជាការបញ្ចប់ ឬមិនផ្ដល់អាជ្ញាប័ណ្ណបន្តទៀតចំពោះស្ថាប័នព័ត៌មានទាំងឡាយណាដែលចុះបញ្ជីជាមួយក្រសួងព័ត៌មាន។ ជាងនេះទៀត ក្រសួងនឹងមិនអនុញ្ញាតឲ្យស្ថានីយវិទ្យុ អែហ្វ.អិម (FM) ក្នុងស្រុក ជួលម៉ោងផ្សាយទៅឲ្យវិទ្យុបរទេសណាដែលមិនប្រើគោរមងារសម្ដេច។
ទាក់ទងរឿងនេះដែរ តំណាងវិទ្យុមហានគរ ៩៣.៥ លោក កែវ ឆវ័ន្ត ដែលវិទ្យុនេះបានផ្សាយបន្តព័ត៌មានពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) ថា លោកមិនទាន់ទទួលព័ត៌មានពីក្រសួងព័ត៌មាន ទេ។ លោកថា វិទ្យុលោកនៅតែបន្តផ្សាយព័ត៌មានរបស់វិទ្យុទាំងពីរនេះដដែល។ ចំពោះការព្រមានយ៉ាងណារបស់ក្រសួងព័ត៌មាន នោះ លោកថា ក្រុមប្រឹក្សាភិបាលនៃវិទ្យុរបស់លោក នឹងប្រជុំសម្រេចនៅពេលក្រោយទៀត៖ «រឿងនេះដល់តែយើងប្រជុំក្រុមប្រឹក្សាជជែកគ្នាសិន ប៉ុន្តែនៅពេលនេះ យើងនៅតែបន្តចាក់ព័ត៌មានអាស៊ីសេរី និងវីអូអេ ដដែល»។
កាលពីខែឧសភា ក្រសួងព័ត៌មាន ព្រមានប្រព័ន្ធផ្សព្វផ្សាយឲ្យប្រើគោរមងារសម្ដេច ហើយមានស្ថាប័នក្នុងស្រុកខ្លះក៏បានប្រើតាមការបង្គាប់បញ្ជាដែរ។ តែទោះយ៉ាងណាក្តី ដំណាលគ្នានៃបទបញ្ជានេះ ធ្វើឲ្យបណ្ដាសារព័ត៌មានអន្តរជាតិចាប់អារម្មណ៍ផ្សព្វផ្សាយព្រោងព្រាតខ្ចរខ្ចាយស្ទើរពេញសកលលោកពីទីក្រុងបាងកក ដល់ក្រុងតូក្យូ ក្រុងឡុងដ៍ ក្រុងវ៉ាស៊ីនតោន និងក្រុងកាត្មាន់ឌូ (Kathmandu)។
ក្នុងចំណោមនោះ កាសែត ហ្វៃណាន់ស្យល ថែមស៍ (Financial Times) បានរំឭកថា ការទាមទារប្រើគោរមងារនេះ ស្រដៀងទៅនឹងស្ថានភាពនៅប្រទេសកូរ៉េខាងជើង។ ហ្វៃណាន់ស្យល ថែមស៍ បន្តទៀតថា មេដឹកនាំស្ថាបនិកកូរ៉េខាងជើង លោក គីម ជុងអ៊ីល (Kim Jong Il) បានបញ្ជាឲ្យប្រើគោរមងារផ្លូវការរបស់លោក គឺ "មគ្គុទ្ទេសក៍កាំរស្មីព្រះអាទិត្យ និងសេនាបតីប្រកបដោយកិត្តិយសដែលធ្លាក់ចុះមកពីឋានសួគ៌" ដែលងារនេះស្រដៀងគ្នាទៅនឹងគោរមងារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសម្ដេចអគ្គមហាសេនាបតីតេជោ។
ចំណែកសមាជិកគណៈកម្មាធិការនាយកនៃក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល យល់ថា នៅក្នុងព័ត៌មានអ្វីដែលសំខាន់ គឺសរសេរខ្លឹមសារព័ត៌មាននោះមិនខុស។ ចំណែកការតម្រូវឲ្យប្រើគោរមងារសម្ដេច លោកយល់ថា ទាំងក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គួរជជែកគ្នារកចំណុចកណ្ដាលណាមួយដែលប្រើគោរមងារនោះកុំឲ្យវែងពេក ឬប្រើគោរមងារនោះនៅដើមបន្ទាត់ ឬដើមឃ្លា៖ «ដើម្បីដោះស្រាយបញ្ហាបានទាំងសងខាង ខ្ញុំយល់ថា ទាំងវិទ្យុអាស៊ីសេរី និងសារព័ត៌មានផ្សេងទៀត គឺអាចប្រើប្រាស់ពាក្យ ព្រោះតាមខ្ញុំដឹង គេឲ្យប្រើតែថ្នាក់ដឹកនាំមួយចំនួនលើទេ ក្រៅពីនោះ ជាសិទ្ធិសេរីភាពរបស់យើង ប៉ុន្តែសម្រាប់ខ្ញុំយល់ថា វាមិនទោសពៃរ៍អីទេ យើងហៅគាត់ដូចជាសម្ដេច ហ៊ុន សែន យើងអាចហៅសម្ដេចតេជោ ហ៊ុន សែន បន្ទាប់មកហៅគាត់លោក»។
ទោះជាយ៉ាងណាក្តី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ថាក្រសួងមិនទាន់មានវិធានការណាមួយលើបណ្ដាញសារព័ត៌មានបរទេសដែលមិនប្រើគោរមងារសម្ដេចនោះទេ។
កន្លងមកគេឃើញក្រសួងព័ត៌មាន តែងបង្ហាញវិធានការរបស់ខ្លួនលើប្រព័ន្ធផ្សព្វផ្សាយដែលផ្សព្វផ្សាយពីគ្រឿងសំអាង អាហារបំប៉នសុខភាព និងគ្រឿងស្រវឹង ជាដើម។ ប៉ុន្តែទោះជាក្រសួងព័ត៌មាន ព្រមានមិនឲ្យក្រុមហ៊ុនស្រាផ្សព្វផ្សាយពីការផ្តល់រង្វាន់របស់ខ្លួនយ៉ាងណាក្តី ប៉ុន្តែក្រុមហ៊ុនទាំងនោះនៅតែបន្តផ្សាយពីមហារង្វាន់របស់ខ្លួនបានដដែល៕
1 comment:
អាមួយនេះសញ្ជាតិអី?
បបូរមាត់និងច្រមុះដូចអាហ្រ្វិកខ្មៅ តែចេះនិយាយខ្មែរ។
Post a Comment