A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 May 2016

HRW ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​អង្គរក្ស​លោក ហ៊ុន សែន វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង



HRW ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​អង្គរក្ស​លោក ហ៊ុន សែន វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង
ដោយ យាង សុជាមេត្តា
2016-05-26  rfa

បាតុករ​ធាក់​តំណាង​រាស្ត្រ ២០១៥ ៨៥៥
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

Photo: RFA

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ករណី​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​វាយ​ដំ​ច្រំ​ធាក់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​មុខ​មន្ទីរ​រដ្ឋសភា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ការ​កាត់​ទោស​ត្រឹម​តែ​អង្គរក្ស ៣​នាក់​ដែល​ចេញ​សារភាព គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។

ការ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទូលំទូលាយ​លើ​ករណី​វាយ​ដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​មុន​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​កាត់​ទោស​អង្គរក្ស​ទាំង ៣​នាក់​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ឧសភា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៦ ឧសភា មាន​ចំណង​ជើង​ថា «កម្ពុជា ឈប់​បិទ​បាំង​អំពើ​ហិង្សា​នយោបាយ» យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ស្នើសុំ​អង្គការ​សហប្រជាជាតិ ឲ្យ​ចូល​មក​ជួយ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ នូវ​ករណី​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង។



គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពេល​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវ​បាន​បាតុករ​គាំទ្រ​គណបក្ស​កាន់​អំណាច វាយ​ឲ្យ​របួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​អ្នក​ប្រព្រឹត្តិ​ចេញ​មុខ​សារភាព។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន មាន​បុរស ៣​នាក់​ចេញ​មក​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច។ ក្នុង​ពេល​សវនាការ បុរស​ទាំង ៣​នាក់​ដែល​មាន​ឈ្មោះ សុត វណ្ណនី ម៉ៅ ហឿន និង ចាយ សារិទ្ធ បាន​សារភាព​ចំពោះ​មុខ​តុលាការ​ថា ពួក​គេ​គឺ​ជា​មនុស្ស​ស្ថិត​ក្នុង​ក្រុម​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ហើយ​ពិត​ជា​បាន​ប្រើ​ហិង្សា​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មែន។ ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បតិ្ត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យល់​ឃើញ​ថា ការ​កាត់​ទោស​ត្រឹម​បុរស ៣​នាក់​នេះ គឺ​មិន​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល និង​តុលាការ ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ស្វែងរក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត។ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​បើ​ករណី​នេះ​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​ទេ វា​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​រឹត​តែ​ច្បាស់​ថា រដ្ឋាភិបាល និង​តុលាការ​ចូលរួម​បិទ​បាំង​ក្នុង​រឿង​នេះ។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​សង្កត់​ធ្ងន់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​កាត់​ទោស​ករណី​វាយ​ដំ​តំណាង​រាស្ត្រ​នេះ បើ​មិន​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​មន្ត្រី​នយោបាយ​ជាន់​ខ្ពស់ ឬ​មន្ត្រី​យោធា​ជា​អ្នក​បញ្ជា​ពី​ក្រោយ​រួច​ខ្លួន​ក៏​ថា​បាន។

កន្លង​មក តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ប្រកាស​ដែរ​ថា នឹង​មិន​ទទួល​យក​សាលក្រម​កាត់​ទោស​របស់​តុលាការ​ឡើយ ដោយ​ឈរ​លើ​មូលហេតុ​ថា ការ​កាត់​ក្តី​នោះ ធ្វើ​តែ​ទៅ​លើ​មនុស្ស ៣​នាក់ ហើយ​មនុស្ស​ដទៃ​ទៀត​ដែល​ចូលរួម​ប្រព្រឹត្ត​ហិង្សា​លើ​ពួក​គេ​ដែរ​នោះ រួច​ខ្លួន។ តំណាង​រាស្ត្រ​ទាំង ២​នាក់ នៅ​តែ​ទទូច​សុំ​ឲ្យ​តុលាការ និង​សមត្ថកិច្ច ស្វែងរក​ជន​ដៃ​ដល់​ផ្សេង​ទៀត​មក​ផ្ដន្ទាទោស។

ចំពោះ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយ​តប​ថា សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​នេះ រួម​ទាំង​ភស្តុតាង​ទាំងឡាយ​ទៅ​កាន់​ស្ថាប័ន​តុលាការ​រួច​រាល់​ហើយ។ លោក​ថា រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅ​រង់ចាំ​ការ​ណែនាំ​របស់​តុលាការ ហើយ​បើ​តុលាការ​តម្រូវ​ឲ្យ​ចាប់​ខ្លួន​ជន​ណា​បន្ថែម​ទៀត សមត្ថកិច្ច​នឹង​អនុវត្ត​តាម។ ចំពោះ​រឿង​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ ជួយ​ចូលរួម​ស៊ើប​អង្កេត​វិញ លោក ខៀវ សុភ័គ ថា​វា​មិន​ចាំបាច់​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កម្ពុជា ក៏​អាច​ធ្វើ​បាន​ដែរ៖ «វា​អាស្រ័យ​លើ​ការ​ស៊ើប​អង្កេត​របស់​តុលាការ ហើយ​បើ​តុលាការ​ឲ្យ​បន្ត​ទៀត យើង​ក៏​បន្ត​ទៅ​ទៀត ប៉ុន្តែ​ខ្ញុំ​ជឿ​ថា សុំ​ឲ្យ​ការ​បើក​ទូលាយ​ឲ្យ​មាន​សិទ្ធិ​មនុស្ស​ចូលរួម​ជាមួយ ខ្ញុំ​គិត​ថា វា​ដូចជា​មិន​ស្រប​តាម​នីតិវិធី​ច្បាប់​របស់​កម្ពុជា យើង​ទេ»។

ករណី​នេះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា អះអាង​ថា វា​ជា​អំណាច និង​ការ​បំពេញ​មុខងារ​របស់​ចៅក្រម​នៅ​ក្នុង​ចំណាត់​ការ​រឿង​ក្តី​ព្រហ្មទណ្ឌ និង​វា​ជា​ការ​សម្ងាត់​វិជ្ជាជីវៈ​របស់​តុលាការ។

ក្រៅ​ពី​ចេញ​សេចក្តី​ថ្លែងការណ៍​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ​ករណី​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​របាយការណ៍​កម្រាស់ ៦១​ទំព័រ​មាន​ចំណង​ជើង​ថា «អូស​ហើយ​វាយ តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​វាយ​ប្រហារ​ខែ​តុលា ឆ្នាំ​២០១៥ លើ​អ្នក​នយោបាយ​ប្រឆាំង»។ របាយការណ៍​នេះ រៀបរាប់​ពី​ព្រឹត្តិការណ៍​ជុំវិញ​ការ​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​ថា​ព្រឹត្តិការណ៍​នោះ​មិន​មែន​ប្រព្រឹត្ត​ដោយ​បុរស ៣​នាក់​ដែល​ចេញ​សារភាព​ប៉ុណ្ណោះ​ទេ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ផ្សេង​ទៀត ព្រោះ​ថា ហេតុការណ៍​វាយ​ប្រហារ​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​គំរាម​ពី​ប្រទេស​បារាំង ថា អាច​មាន​បាតុកម្ម​ប្រឆាំង​បក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរ ក្រោយ​ពី​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​ប្រទេស​បារាំង៕

No comments: