A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 5 May 2016

ពលរដ្ឋ​២​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចោទ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចែក​អំណោយ​រើសអើង


ពលរដ្ឋ​២​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចោទ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចែក​អំណោយ​រើសអើង
ដោយ ហ៊ុំ ចំរើន
2016-05-05


ខ្យល់​កន្ត្រាក់ បាត់ដំបង ២០១៦ ៨៥៥
៤-ឧសភា-២០១៦៖ ដំបូល​ស័ង្កសី​របស់​លោក មី ឡុងឌី ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បក់​ប៉ើង ឋិត​នៅ​ភូមិ​ព្រៃស្វាយ ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ RFA/Hum Chamroeun
 RFA/Hum Chamroeun


ប្រជាពលរដ្ឋ​ដែល​ផ្ទះ​ត្រូវ​ខ្យល់​កន្ត្រាក់​បក់​ប៉ើង​ដំបូល​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​ស្រុក ថា​នាំ​អំណោយ​កាកបាទ​ក្រហម​ចែក​ជន​រងគ្រោះ​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ប៉ុន្តែ​អភិបាល​ស្រុក​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​នៅ​ស្រុក​សង្កែ សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​នេះ ថា​គិតគូរ​តែ​ពី​រឿង​នយោបាយ​ហួស​ហេតុ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ​នោះ​ទេ។

ពលរដ្ឋ​ពិការ​ជើង​ឆ្វេង ឈរ​នៅ​ខាង​មុខ​ផ្ទះ​ក្នុង​ភូមិ​ព្រៃស្វាយ ឃុំ​រាំងកេសី ស្រុក​សង្កែ លោក មី ឡុងឌី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ មេសា ថា ខ្យល់​កន្ត្រាក់​បក់​ប៉ើង​ស័ង្កសី​ដំបូល​ផ្ទះ​របស់​លោក​ប្រមាណ ៤០​សន្លឹក កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ មេសា ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​នាំ​អំណោយ​ចែក​គ្រួសារ​លោក​នៅ​ឡើយ។ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​សង្កែ មិន​បាន​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ២​គ្រួសារ គឺ​ក្រុម​គ្រួសារ​របស់​លោក និង​ផ្ទះ​ប្អូន​ស្រី​លោក។ លោក​បន្ថែម​ថា អាជ្ញាធរ​ចែក​អំណោយ​ប្រកាន់​បក្ខពួក​នេះ ដោយសារ​ឃើញ​លោក និង​ប្អូន​ស្រី មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង៖ «ខ្ញុំ​មាន​អារម្មណ៍​តូច​ចិត្ត​ណាស់​ដែល​ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប បាន​បម្រើ​ជាតិ​មាតុភូមិ​រហូត​ពិការ​ជើង​មួយ​ចំហៀង បែរ​ជា​ថ្នាក់​ដឹក​នាំ​ក្នុង​មូលដ្ឋាន​មើល​រំលង​គ្រួសារ​ខ្ញុំ​ទៅ​វិញ»។



ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​សង្កែ លោក គឹម វណ្ណៈ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អាជ្ញាធរ​ពិត​ជា​ពុំ​បាន​ចែក​អំណោយ​ដល់​ពលរដ្ឋ​ចំនួន ២​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ប្រាកដ​មែន។ លោក​អះអាង​ថា មូលហេតុ​ដែល​ចែក​អំណោយ​ពលរដ្ឋ​មិន​គ្រប់​គ្នា​នេះ ដោយសារ​អាជ្ញាធរ​ភូមិ និង​ឃុំ ស្រង់​ឈ្មោះ​គ្រួសារ​រងគ្រោះ​ភ័ន្តច្រឡំ៖ «បាទ! នេះ​ជា​កំហុស​តិចតួច​របស់​អាជ្ញាធរ​ភូមិ ដែល​គាត់​មិន​បាន​ផ្ដល់​ឈ្មោះ​មក​ស្រុក​ឲ្យ​បាន​ជាក់លាក់។ ហើយ​ខ្ញុំ​បាន​ផ្ដាំ​ផ្ញើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថា នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ សូម​ឲ្យ​ស្រង់​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​អាក់អន់​ចិត្ត​ទៀត»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ត្រូវ​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​ជូន​ពលរដ្ឋ រើសអើង​និន្នាការ​គណបក្ស​នយោបាយ​ឡើយ។ លោក​ពន្យល់​ថា អំណោយ​របស់​កាកបាទ​ក្រហម ជា​អំណោយ​មនុស្សធម៌​សម្រាប់​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ទូទៅ៖ «ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ពលរដ្ឋ​ប៉ុណ្ណឹង​ហើយ ហេតុ​អី​បាន​ជា​អាជ្ញាធរ​ស្រង់​ឈ្មោះ​ខុស។ ចំ​ហើយ​នេះ​យើង​ទទួល​យក​មិន​បាន​ទេ។ អាជ្ញាធរ​ស្រុក គប្បី​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់ ពីព្រោះ​គាត់​ជា​មន្ត្រី​យោធា​ពិការ​ផង»។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា ខ្យល់​កន្ត្រាក់​បាន​បក់​ប៉ើង​ដំបូល​ផ្ទះ​ពលរដ្ឋ​ចំនួន ២៨​គ្រួសារ ខូចខាត​ដំបូល​សាលា​រៀន​មួយ​ខ្នង និង​របើក​ដំបូល​សាលា​ឆាន់​វត្ត​ទួល​ស្នួល អស់​ស័ង្កសី​ប្រហែល ៥០​សន្លឹក នៅ​ភូមិ​ព្រៃស្វាយ ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ក្រោយ​មក នៅ​ថ្ងៃ​ទី​២៧ មេសា អាជ្ញាធរ​ស្រុក​សង្កែ បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅ​ជួសជុល និង​នាំ​អំណោយ​ចែក​ពលរដ្ឋ​បាន​ចំនួន ២៦​គ្រួសារ ចំណែក ២​គ្រួសារ​ទៀត មិន​ទាន់​បាន​ទទួល​អំណោយ​នៅ​ឡើយ៕

No comments: