A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 5 May 2016

ពលរដ្ឋ៖ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​រតនគិរី​ទៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន


Manekseka Sangkum; It's mostly about two-way, win-win policy in this very special relationship between Kampuchia and Vietnam, i.e. Vietnamese settlers in, Kampuchian natural resources out...

>>>

ពលរដ្ឋ៖ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​រតនគិរី​ទៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន
ដោយ រដ្ឋា វិសាល
2016-05-05

ចាប់​ឈើ រតនគិរី ៦២០
រថយន្ត​ដឹក​ឈើ និង​ឈើ​ដែល​ក្រុម​សមត្ថកិច្ច​ចម្រុះ​រើ​ចេញ​នៅ​មុខ​ទីស្នាក់ការ​សាខា​គយ​ខេត្ត​រតនគិរី ដើម្បី​រាប់​ចំនួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់​ពី​ចាប់​បាន​រថយន្ត​ដឹក​ឈើ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ។
RFA/Ratha Visal



ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវលំ ក្នុង​ភូមិ​ប៉ាដល ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ខេត្ត​រតនគិរី ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ព្រំដែន​នៅ​តែ​បន្ត​កើត​មាន ដោយ​ប្រើប្រាស់​រថយន្ត​ទេសចរណ៍​ទំនើបៗ​ដឹក​ជញ្ជូន​ទៅ​វេលា​យប់។ ចំណែក​មន្ត្រី​អាជ្ញាធរ​អះអាង​ថា សមត្ថកិច្ច​បាន​ចាត់​វិធានការ​ទប់ស្កាត់​មិន​មាន​ការ​ដឹក​ជញ្ជូន​ឈើ​នោះ​បាន​ទេ។

អាជ្ញាធរ​ខេត្ត​រតនគិរី អះអាង​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា ក្រុម​សមត្ថកិច្ច​កំពុង​ចាត់វិធានការ​ទប់ស្កាត់​នៅ​តាម​ច្រក​របៀង​ព្រំដែន ហើយ​មិន​មាន​ការ​ចរាចរណ៍​ឈើ​ខុសច្បាប់​ឆ្លង​កាត់​ចូល​ទៅ​ប្រទេស​វៀតណាម បាន​ទៀត​ឡើយ។



ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ហេង រតនា បញ្ជាក់​ថា កងកម្លាំង​​នគរបាល​ត្រូវ​បាន​ដាក់​បញ្ជា​ម៉ឺងម៉ាត់​ទប់ស្កាត់​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់ ​ហេតុ​នេះ​លោក​ប្ដេជ្ញា​ថា មិន​អនុញ្ញាត​ឲ្យ​ឈ្មួញ​បន្ត​លួចលាក់​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ដូច​មុន​បាន​ឡើយ៖ «ដាក់​កម្លាំង​ទប់ស្កាត់​មក​ពី​ភ្នំពេញ ហើយ​តើ! អ្នក​ណា​ហ៊ាន​ចេញ។ ឥឡូវ​ថា​មាន​ចេញ​ទៀត ដឹង​ថា​រឿង​ហើយ ខ្ញុំ​បង្ក្រាប​ឲ្យ​បាន»។

កាល​ពី​សប្ដាហ៍​មុន​នេះ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ប៉ាដល ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ រាយការណ៍​ថា ឈើ​ជ្រុង​រាប់​សិប​ឡាន​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ចេញ​ពី​ព្រៃ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ចាងលី និង​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នៅ​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​តំបន់​​ព្រំដែន​តាម​ផ្លូវ​លំ​ដែល​ក្រុមហ៊ុន​បាន​ធ្វើ ហើយ​ឆ្លង​តាម​ច្រក​របៀង​ព្រំដែន​នៅ​ភូមិ​ភិ ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការ​ទប់ស្កាត់។

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ប៉ាដល កត់សំគាល់​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៤ ខែ​ឧសភា ការ​ចរាចរណ៍​ឈើ​មិន​បាន​បញ្ឈប់​ដូច​ការ​អះអាង​របស់​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ឡើយ។ អ្នក​ភូមិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា រថយន្ត​ប្រភេទ​ទេសចរណ៍​ទំនើប ៥ ទៅ ៧​គ្រឿង នៅ​តែ​បន្ត​ដឹក​ជញ្ជូន​ឈើ​នៅ​វេលា​យប់​តាម​ច្រក​របៀង​ដដែល៖ «អត់​ជិត​ទេ​បង ម្សិលមិញ​ហ្នឹង​ហើយ​ដឹក យប់​មិញ​ក៏​ដឹក។ គេ​ថា ប៉ុន្តែ​ខ្ញុំ​នៅ​នឹង​ផ្លូវ​គេ​ដឹក ប្រជាពលរដ្ឋ​​ក៏​ឃើញ​គ្រប់​គ្នា»។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ថ្លែង​ថា សហគមន៍​រស់​ជិត​តំបន់​ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ ក៏​បាន​រាយការណ៍​ពី​ការ​លួច​ដឹក​ជញ្ជូន​​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម នេះ​ដែរ។ លោក​ថា រូបភាព​ទាក់ទិន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​​ត្រូវ​គេ​បង្ហោះ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ដោយ​ចោទ​ប្រកាន់​ទៅ​លើ​កងកម្លាំង​ការពារ​ព្រំដែន​ជា​​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ព្រៃឈើ​នេះ៖ «ថ្នាក់​ជាតិ​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ធ្វើ​សកម្មភាព​ថ្មី​នេះ​ដើម្បី​អនុវត្ត​បទបញ្ជា​​ប្រមុខ​រាជរដ្ឋាភិបាល»។

ចំណែក​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែក កត់ បដិសេធ​ថា រូបភាព​បទល្មើស​ព្រៃឈើ​​ដែល​បង្ហោះ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​កើត​មាន​នៅ​ទឹក​ដី​ខេត្ត​មណ្ឌលគិរី។ ករណី​នេះ សមត្ថកិច្ច​​ជំនាញ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បាន​បង្ក្រាប​ហើយ។ លោក​បន្ត​ថា មក​ទល់​នឹង​ថ្ងៃ​ទី​៥ ខែ​ឧសភា នេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង​ស្រង់​តួលេខ​ឈើ​ចាស់​ដែល​សេសសល់​នៅ​ក្នុង​​ក្រុមហ៊ុន​សម្បទាន​នៅ​ខេត្ត​រតនគិរី អស់​ហើយ ដូច្នេះ​គ្មាន​ឈើ​សេសសល់​សម្រាប់​ឈ្មួញ និង​ជន​ខិល​​ខូច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម បាន​ដូច​មុន​ទេ៖ «ជា​ព័ត៌មាន​ចេះតែ​សង្ស័យ​ទេ មិន​ហ៊ាន​ទៀត​ទេ។ ដូច​នៅ​កោះ​រំយើលលើ សារព័ត៌មាន​រតនគិរី បាញ់​ឲ្យ​ខ្ញុំ ដល់​ខ្ញុំ​ឲ្យ​មន្ត្រី​ផ្ទៀងផ្ទាត់​មើល ឆ្លើយ​មក​វិញ​ថា នៅ​មណ្ឌលគិរី ទេ។ វា​បម្រុង​ដឹក​ឆ្លង​មក​យើង​រតនគិរី ប៉ុន្តែ​ខាង​មណ្ឌលគិរី គេ​ចាប់​បាន​ហើយ»។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ភូមិ​ប៉ាដល អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ចុះ​មូលដ្ឋាន​ផ្ទាល់ ពីព្រោះ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​មុខ​ផ្ទះ​អ្នក​ភូមិ​មិន​ដែល​ខាន​យប់​ណា​ឡើយ៕

No comments: