A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 May 2016

ស្ថានទូត​អាមេរិក​គ្រោង​ជួប​គ្រួសារ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ដែល​តុលាការ​ឃុំ​ខ្លួន


ដោយ ថា កិត្យា
2016-05-03

ភាវ ម៉ី ២០១៦ ៨៥៥
ភរិយា​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា គឺ​អ្នកស្រី ភាវ ម៉ី ទៅ​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya
 RFA/Tha Kitya


ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា គ្រោង​ជួប​ជាមួយ​គ្រួសារ​របស់​មន្ត្រី​អាដហុក និង​គ្រួសារ​របស់​មន្ត្រី គ.ជ.ប នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា។ ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​២ ឧសភា បន្ទាប់​ពី​សាកសួរ​រយៈពេល​ពីរ​ថ្ងៃ ក្រោយ​ទទួល​សំណុំ​រឿង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ជំនួប​សម្ងាត់​រវាង​ស្ថានទូត​អាមេរិក និង​គ្រួសារ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ គេ​នៅ​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ពី​របៀបវារៈ ឬ​ប្រធានបទ​អ្វី​ដែល​ត្រូវ​ជជែក​គ្នា​នោះ​ទេ។

ភរិយា​របស់​លោក ណៃ វ៉ង់ដា គឺ​អ្នកស្រី ភាវ ម៉ី ឲ្យ​ដឹង​ថា ស្ថានទូត​អាមេរិក អញ្ជើញ​ពួក​គាត់​ឲ្យ​ចូលរួម​ទទួល​ទាន​អាហារ​ជុំ​គ្នា តែ​អ្នកស្រី​មិន​ទាន់​ដឹង​ថា គេ​នឹង​ជជែក ឬ​សួរ​នាំ​អ្វី​នោះ​ទេ។ ចំពោះ​អ្នកស្រី មិន​ទាន់​ដឹង​ថា​នឹង​ប្រាប់ ឬ​ស្នើ​ឲ្យ​ស្ថានទូត​អាមេរិក ជួយ​អន្តរាគមន៍​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​ពេល​នេះ​កំពុង​ជាប់​រវល់ និង​មិន​ទាន់​បាន​គិត៖ «អត់​ដឹង​ដែរ ព្រោះ​អត់​ទាន់​បាន​គិត​ផង ដោយសារ​ត្រូវ​ទៅ​មើល​ប្ដី និង​រវល់​ទិញ​អីវ៉ាន់​ឲ្យ​គាត់»។



នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ក្រុម​គ្រួសារ និង​សហការី​នៃ​សមាគម​អាដហុក ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ និង​ទិញ​ថ្នាំ​សង្កូវ​ផ្ញើ​ជូន​មន្ត្រី​អាដហុក ទាំង ៤​នាក់ គឺ​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប។ ក្រុម​គ្រួសារ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​អ្នក​ជាប់​ឃុំ​ទាំង​នោះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួក​គាត់​វិញ។

តុលាការ​សម្រេច​បញ្ជូន​មន្ត្រី​សិទ្ធិ​មនុស្ស ៤​រូប​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ខណៈ​មន្ត្រី គ.ជ.ប ១​រូប ទៅ​មន្ទីរ​ឃុំឃាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​លិខិត​ចំហ ៤​ទំព័រ​របស់​អ្នក​នាង ខុម ចាន់តារាទី ដែល​ថា​អ្នក​ទាំង​នោះ​ណែនាំ​ឲ្យ​នាង​ផ្តល់​សក្ខីកម្ម​ក្លែង ថា​មិន​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​លើក​ឡើង​ថា មិន​យុត្តិធម៌​សម្រាប់​កូន​ក្តី​ពួក​គាត់ ព្រោះ​ការ​ចោទ​ប្រកាន់​នេះ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ធ្ងន់ធ្ងរ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ រីឯ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ៥៩​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​នេះ​ថា​មាន​ចរិត​នយោបាយ និង​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​រដ្ឋ​ដោយ​ខុស​នីតិវិធី ដើម្បី​ជា​ឧបករណ៍​គំរាម​កំហែង​បង្កើត​ជា​ករណី​ព្រហ្មទណ្ឌ និង​ដាក់​ទោស​ចំពោះ​សកម្មភាព​ស្រប​ច្បាប់​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល។

បើ​ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កំណត់​យ៉ាង​ច្បាស់​ថា ទាំង​អ្នក​ស៊ី និង​ទាំង​អ្នក​សូក ត្រូវ​ទទួល​ទោស​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ​ដូច​គ្នា។ តែ​រហូត​មក​ដល់​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទើប​តែ​ចាត់​ការ​លើ​អ្នក​សូកប៉ាន់​ប៉ុណ្ណោះ។ រីឯ​អ្នក​ស៊ី​សំណូក ឬ​អ្នក​ទទួល​សំណូក​ដែល​មហាជន​ស្គាល់​ច្បាស់​ថា​ជា​អ្នក​នាង ខុម ចាន់តារាទី មិន​ទាន់​ឃើញ​ចាត់​ការ​តាម​ច្បាប់​ឡើយ។

ក្នុង​មាត្រា​៥៤៧ នោះ​ចែង​ថា «មិន​ចាំបាច់​ដល់​ថ្នាក់​ទទួល​យក​សំណូក​នោះ​ទេ គឺ​គ្រាន់​តែ​សន្យា ហើយ​បាន​ផ្តល់​សក្ខីកម្ម​ភូត​កុហក ក៏​ត្រូវ​មាន​ទោស​ដែរ»៕

No comments: