A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 May 2016

លីកាដូ​គ្រោង​ចេញ​ផ្សាយ​ប្រវត្តិ​មន្ត្រី​សិទ្ធិ​មនុស្ស​៤​នាក់​និង​មន្ត្រី​គ.ជ.ប​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ


ដោយ កេសរណ្ណីយ្យា
2016-05-23

អំ សំអាត ៦២០
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៣ ខែ​មករា ឆ្នាំ​២០១៦។

Photo: RFA


អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) គ្រោង​ចេញ​ផ្សាយ​ប្រវត្តិ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ម្នាក់ ដែល​តុលាការ​បាន​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​តាម​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ទាក់ទង​នឹង​ករណី​សំណុំ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អនុប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា គម្រោង​ការ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទាំង ៥​នាក់ ដែល​អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​មជ្ឈដ្ឋាន​សាធារណៈ ចាត់​ទុក​ថា​ជា​ការ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌៖ «អង្គការ​លីកាដូ យើង​គ្រោង​នឹង​ចេញ​ប្រវត្តិ​នៃ​អ្នក​ទាំង ៥​នាក់ គឺ​លោក នី ចរិយា លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី។ ហើយ​នៅ​ក្នុង​ប្រវត្តិរូប​ហ្នឹង យើង​មាន​ដាក់​រាប់​នូវ​ថ្ងៃ​ដែល​គាត់​ជាប់​ពន្ធនាគារ ជីវប្រវត្តិ​នៃ​ការងារ​របស់​គាត់​ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​និង​មាន​បញ្ជាក់​ពី​ទុក្ខ​វេទនា​របស់​កូន និង​ប្រពន្ធ​ក្រោយ​ពេល​គាត់​ជាប់​ពន្ធនាគារ ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​របស់​ក្រុម​គ្រួសារ​គាត់​ទាំង ៥​នាក់​ហ្នឹង​ផង​ដែរ»។



លោក អំ សំអាត បញ្ជាក់​ថា លីកាដូ គ្រោង​នឹង​ចេញ​ផ្សាយ​ប្រវត្តិ​អ្នក​ទាំង​៥ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ឧសភា នេះ។ ទាក់ទង​ការ​ចូលរួម​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» វិញ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ក្នុង​ការ​ផ្សាយ​យប់​ថ្ងៃ​ទី​២២ ឧសភា ថា អង្គការ​លីកាដូ នឹង​នៅ​តែ​បន្ត​ការ​ចូលរួម​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នោះ៖ «អង្គការ​លីកាដូ យើង​នៅ​តែ​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ដោយ​សន្តិវិធី​ទាក់ទង​នឹង​អ្នក ៥​នាក់​ហ្នឹង។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា នៅ​ក្នុង​ប្រវត្តិរូប​ដែល​ចេញ​ចំពោះ​អ្នក​ទាំង ៥​នាក់​ហ្នឹង ក៏​ដាក់​អំពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​អ្នក​ទាំង ៥​នាក់​ហ្នឹង​ផង​ដែរ។ នេះ​ជា​យុទ្ធវិធី​មួយ​ដើម្បី​រំឭក និង​ដើម្បី​ទាមទារ​ឲ្យ​ពិចារណា​ក្នុង​ការ​ដោះ​លែង​អ្នក​ទាំង ៥​នាក់​ហ្នឹង​ផង​ដែរ។ ស្អែក​នេះ ទោះ​បី​ជា​មិន​មាន​ទ្រង់ទ្រាយ​ធំ​ក៏ដោយ ខ្ញុំ​គិត​ថា​មាន​បង​ប្អូន​ប្រជាពលរដ្ឋ ឬ​សហគមន៍​ដែល​ស្រឡាញ់​អ្នក​ទាំង ៥​នាក់​ដែល​ធ្លាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង ៥​នាក់​ហ្នឹង​ផង​ដែរ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ រូប​នេះ នៅ​តែ​បង្ហាញ​ជំហរ និង​ការ​យល់​ឃើញ​ថា យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ជា​ការ​ជួប​ជុំ​សម្ដែង​មតិ​ទាមទារ​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ គឺ​ពុំ​មែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដូចជា​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៕

No comments: