A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 May 2016

សមត្ថកិច្ច​ខេត្ត​ក្រចេះ​ចាប់​រថយន្ត​ធំ​ពីរ​គ្រឿង​របស់​វៀតណាម​ផ្ទុក​ឈើ​ប្រណិត​ខុស​ច្បាប់


ដោយ ម៉ែន សុធីរ
2016-05-23

រថយន្ត​ដឹក​ឈើ​ប្រណិត ក្រចេះ ២០១៦ ៨៥៥
២៣-ឧសភា-២០១៦៖ រថយន្ត​ធំ ឬ​ហៅ​ថា​រថយន្ត​យីឌុប​ដឹក​ឈើ​ប្រណិត​ដែល​កម្លាំង​អាវុធហត្ថ​បាន​ឃាត់​ទុក​ក្នុង​បន្ទាយ​អាវុធហត្ថ​ខេត្ត​ក្រចេះ។ Photo Provided
 Photo Provided


កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ឃាត់​រថយន្ត​ធំ ឬ​ហៅ​ថា​រថយន្ត​យីឌុប​ពីរ​គ្រឿង​ដឹក​ឈើ​ប្រណិត​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​ឃុំ​គោលាប់ ស្រុក​ចិត្របុរី។ ទន្ទឹម​នឹង​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​តៃកុង​រថយន្ត និង​កម្មករ ៥​នាក់ គ្រោង​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ កំពុង​ស៊ើប​អង្កេត​បន្ថែម​ពី​ករណី​ឡាន​ធំ​របស់​វៀតណាម ដឹក​ឈើ​ប្រណិត​ឆ្លង​កាត់​ស្រុក​ចិត្របុរី ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​របាយការណ៍​លម្អិត​ជុំវិញ​ករណី​ឃាត់​រថយន្ត​ធំ​ពីរ​គ្រឿង​សង្ស័យ​ដឹក​ឈើ​ខុស​ច្បាប់​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ព័ត៌មាន​បឋម​ថា កម្លាំង​អាវុធហត្ថ​បាន​ឃាត់​រថយន្ត​ធំ​ពីរ​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​២២ ឧសភា៖ «គណៈកម្មការ​យើង​កំពុង​តែ​ធ្វើ។ អាជ្ញាធរ​ខេត្ត​ក៏​កំពុង​ធ្វើ​តាម​គោលដៅ ព្រោះ​យើង​អត់​មាន​វិធានការ​អី​ផ្សេង​ក្រៅ​ពី​ច្បាប់​ទេ»។



មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ លោក សាន្ត ប៊ុនថាន មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៣ ឧសភា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់។ ប៉ុន្តែ​លោក​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា អ្នក​បើក​ឡាន និង​អ្នក​ពាក់ព័ន្ធ​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ម្នាក់ កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ។ លោក​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បរិមាណ​ឈើ​ក្នុង​រថយន្ត​ធំ​នោះ​ប្រហែល​ជាង ៥០​ម៉ែត្រ​គូប​ជា​ឈើ​ប្រណិត​ប្រភេទ​ធ្នង់ មាន​មុខ​កាត់ ២​តឹក ប្រវែង​ជាង ២​ម៉ែត្រ គ្រោង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ជន​សង្ស័យ​ចំនួន ៥​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន បាន​ឆ្លើយ​សារភាព​ថា ឈើ​ទាំង​នេះ​ជា​ឈើ​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង រស់នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ លោក​ថា ឈ្មួញ​ជនជាតិ​វៀតណាម នោះ​ជា​ឈ្មួញ​រក​ស៊ី​ឈើ​ដុះ​ស្លែ​ក្នុង​ខេត្ត​នេះ ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ឡោម​ព័ន្ធ​ឃ្លាំង​ឈើ​ឈ្មួញ​រូប​នោះ និង​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦៖ «យោង​តាម​ការ​សាកសួរ រថយន្ត​ទាំង​ពីរ​គ្រឿង​ជា​រថយន្ត​របស់ ហេង សំនៀង ហៅ​យាយ ព្រឿង ដែល​គេ​ស្គាល់​ថា​ជា​មេ​ឈ្មួញ​ធំ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង ឆ្លង​កាត់​ខេត្ត​ក្រចេះ ឆ្ពោះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​លក់​នៅ​ប្រទេស​វៀតណាម»។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ទទូច​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស ដើម្បី​អនុវត្ត​ច្បាប់។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​វៀតណាម បង្កើន​សហប្រតិបត្តិការ​ស្រាវជ្រាវ​រក​ប្រភព​អ្នក​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ​ទៅ​ក្រៅ​ប្រទេស ផ្អែក​តាម​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល៖ «ត្រូវ​តែ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ ដែល​អាច​ធ្វើ​ឲ្យ​ដឹក​ឈើ​ទៅ​ក្រៅ​ប្រទេស​បាន​សម្រេច។ វា​មិន​មែន​អ្នក​ចេញ​ផុត ហើយ​ត្រូវ​រួច​ខ្លួន​ទេ ព្រោះ​ច្បាប់​មាន​អាជ្ញាយុកាល។ អ្នក​ដែល​ពាក់ព័ន្ធ អ្នក​ដែល​សម​គំនិត​ត្រូវ​តែ​មាន​ទោស​ទាំងអស់​គ្នា»។

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប្រធាន​ក្រុម​ការងារ​របស់​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដឹក​នាំ​ដោយ​លោក ហ៊ុន សុគន្ធថាវី ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ក្រុម​ការងារ​លោក​បាន​ផ្ទៀងផ្ទាត់​ឈើ​របស់​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង ឃើញ​ឈើ​ល្មើស​ច្បាប់​ជាង ៣០​ម៉ែត្រ​គូប ស្មើ ៤០២​ដុំ ជា​ប្រភេទ​ឈើ​ធ្នង់។ បន្ទាប់​មក ឈ្មួញ​ជនជាតិ​វៀតណាម នោះ​ក៏​បាន​រត់​គេច​ខ្លួន​មួយ​រយៈ។ មក​ទល់​ពេល​នេះ ឈ្មួញ​រូប​នោះ​កំពុង​រស់នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង អះអាង​ថា ដំណើរ​ការ​នៃ​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​របស់​ជនជាតិ​វៀតណាម ឈ្មោះ យាយ ព្រឿង ឋិត​ក្នុង​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង កំពុង​ដំណើរ​ការ ពុំ​មាន​ការ​ទប់ស្កាត់ ទោះ​បី​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កំពុង​ចុះ​បំពេញ​ភារកិច្ច​នៅ​ខេត្ត​ភាគ​ឦសាន​ក្តី។ ទន្ទឹម​នឹង​នេះ ឈ្មួញ​រូប​នោះ​ត្រូវ​គេ​ស្គាល់​ថា ស្និទ្ធ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ ជាពិសេស​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ។

មក​ទល់​ពេល​នេះ ជន​សង្ស័យ ៥​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម ម្នាក់ កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ៕

No comments: