A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

បក្ស​ប្រឆាំង​សម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ

បក្ស​ប្រឆាំង​សម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ
ដោយ ចេង ម៉េងជូ
2016-05-04

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev


ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៤ ឧសភា ប្រកាស​ថា តំណាងរាស្ត្រ​គណបក្ស​របស់​ខ្លួន​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​នោះ នឹង​មិន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​ឡើយ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ទាំង​នេះ​ជាបន្ទាន់។

គណបក្ស​ប្រឆាំង​ចាត់​ទុក​ដីកា​កោះ​ទាំង​នោះ​ថា ជា​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​ដែល​ធានា​ការពារ​ដោយ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​នេះ គឺ​ឆ្លើយ​តប​នឹង​ដីកា​កោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កោះហៅ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពី​បទ​បរិហារកេរ្តិ៍ និង​ដីកា​កោះហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ២​រូប​ទៀត គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា កាល​ពី​ថ្ងៃ​ទី​២ ឧសភា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។



​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​អាច​ធ្វើ​ទៅ​បាន​លុះ​ណា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ គណបក្ស​នេះ​ស្នើ​ឲ្យ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់​ថ្នាក់​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ដែល​មាន​អភ័យឯកសិទ្ធិសភា និង​ស្នើ​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​បាន​ឡើយ លុះ​ត្រា​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា។ ប៉ុន្តែ​លោក លី សុផាណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ចេញ​ដីកា​កោះ​នេះ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ ព្រោះ​វា​ជា​បទល្មើស​ជាក់ស្ដែង។

លោក ប្រ៊ែដ អាដាម (Brad Adams) ដែល​ជា​មេធាវី​អាមេរិកាំង និង​ជា​អតីតមន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា គួរ​តែ​បកស្រាយ​ន័យ​ដើម​នៃ​ពាក្យ​ថា បទល្មើស​ជាក់ស្ដែង​អោយ​បាន​ត្រឹមត្រូវ៖ «បទល្មើស​ជាក់ស្ដែង​មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​គេ​ចាប់​បាន​ក្នុង​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ណា​មួយ ហើយ​មូលហេតុ​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏​ដូចជា​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ដទៃ​ទៀត អនុញ្ញាត​ឲ្យ​ចាប់​ខ្លួន​មន្ត្រី​ដែល​មាន​អភ័យឯកសិទ្ធិ​បាន តែ​ក្នុង​ករណី​បទល្មើស​ជាក់ស្ដែង​នោះ គឺ​ដោយសារ​ថា បើ​មិន​ចែង​ដូច្នេះ​ទេ សមត្ថកិច្ច​មិន​អាច​ចាប់ខ្លួន​បុគ្គល​នោះ​បាន​ទេ ក្នុង​ករណី​បុគ្គល​ដែល​មាន​អភ័យឯកសិទ្ធិ​នោះ​ទៅ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណា​មួយ»។

លោក ប្រ៊ែដ អាដាម មាន​ប្រសាសន៍​បន្ត​ដូច្នេះ៖ «បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង គឺ​សំដៅ​ដល់​ករណី​ដែល​បុគ្គល​ណា​មួយ​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ហិង្សា ចោរកម្ម ហើយ​ក្នុង​ករណី​នោះ សមត្ថកិច្ច​អាច​ធ្វើ​សកម្មភាព​បាន ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ស្នើ​សុំ​ទៅ​រដ្ឋសភា​ឲ្យ​ដក​អភ័យឯកសិទ្ធិ​របស់​បុគ្គល​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​នោះ​មក បើ​សមត្ថកិច្ច​ចង់​បន្ត​នីតិវិធី​ចោទ​ប្រកាន់ សមត្ថកិច្ច​ត្រូវ​ស្នើសុំ​ទៅ​រដ្ឋសភា​ឲ្យ​ដក​អភ័យឯកសិទ្ធិ​របស់​បុគ្គល​នោះ។ បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង មិន​ត្រូវ​គេ​យក​មក​ប្រើ​ប្រាស់​ក្នុង​ករណី​បទ​ចោទ​ណា​មួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​អតីតកាល​នោះ​ទេ ដូចជា​លើស​ពី  ២​ម៉ោង ៥​ម៉ោង ២​ថ្ងៃ ៥​ថ្ងៃ ៦​ខែ ឬ ១​ឆ្នាំ​មុន​នោះ​ឡើយ។ ពាក្យ​បទ​ល្មើស​ជាក់​ស្ដែង​ជា​ពាក្យ​ដែល​មាន​ន័យ​ច្បាស់​លាស់ ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​ប្រទេស​លោក​ខាង​លិច ហើយ​កម្ពុជា បាន​ខ្ចី​យក​មក​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា។ ដូច្នេះ​ដើម្បី​ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​មើល​តាម​ប្រទេស​ដទៃ​ដែល​បាន​ប្រើប្រាស់​អត្ថន័យ​នៃ​ពាក្យ​នេះ​ជា​ឯកច្ឆន្ទ ដូច​អ្វី​ដែល​ខ្ញុំ​បាន​ពណ៌នា​មក​ហើយ​នោះ»។

ការ​ចេញ​ដីកា​កោះហៅ​សមាជិកសភា​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ គឺ​ក្រោយ​ពី​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ចំនួន ៤​រូប ពី​បទ​សូកប៉ាន់​សាក្សី និង​ចោទ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​មន្ត្រី​សិទ្ធិមនុស្ស​មួយ​រូប​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ថា រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​និយាយ​ភូត​កុហក​សមត្ថកិច្ច។ ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ជា​ច្រើន​ថ្កោលទោស និង​ត្រូវ​បាន​បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​បង្ហាញ​ក្ដី​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា៕

1 comment:

Anonymous said...

ពួកសាហាវព្រៃផ្សៃយង់ឃ្នងទុរយស៍អប្រិយ៍