A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 2 May 2016

តើ​ការ​អនុវត្ដ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ អព្យាក្រឹត​ ឬ​នៅ?


លោក សន ជ័យ អ្នក​សម្រប​សម្រួល​នៃ​បណ្ដាញ​រួបរួម​ដើម្បី​សម្ព័ន្ធ​គណនេយ្យភាព​កម្ពុជា។ រូបថត សហការី


តើ​ការ​អនុវត្ដ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ អព្យាក្រឹត​ ឬ​នៅ?

Fri, 22 April 2016 ppp
គឹម សារុំ


ថ្មីៗ​នេះ​ក្រុមហ៊ុន​មួយ​ក្នុង​​ប្រទេស​ប៉ាណាម៉ា​ឈ្មោះ PanamaPapers បាន​រកឃើញ​ឯកសារ​ទិញ​ភាគហ៊ុន​បរទេស​របស់​មេដឹកនាំ​ និង​អ្នក​មាន​ឈ្មោះ​ល្បី​ក្នុង​លោក​ជាច្រើន​ដែល​ក្នុង​នោះ​ក៏​មាន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​លោក​ អង្គ វង្សវឌ្ឍានា ផង​ដែរ​ដោយ​ថា​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទិញ​ភាគហ៊ុន​ ៥ ​ពាន់​ដុល្លារ​។​

ទោះ​បី​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ចេញ​លិខិត​បំភ្លឺ​ថា​ជា​រឿង​មិន​ពិត​ប៉ុន្តែ​ការ​អះអាង​នោះ​គ្មាន​អ្វី​បញ្ជាក់​បន្ថែម​ក្រៅ​ពី​លិខិត​នោះ​ទេ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (Affiliated Network for Social Accountability (​ANSA) CAMBODIA ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​ករណី​​ពុករលួយ​ដែល​​មាន​​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

ជា​ទិដ្ឋភាព​ជាក់ស្តែង​មួយ​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ និង​រឿង​មួយ​ទៀត​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ករណី​នេះ​ធ្វើ​ឲ្យ​មតិ​ទូទៅ​មើល​ឃើញ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​យក​រឿង​លោក កឹម សុខា មក​អនុវត្ត​ភ្លាមៗ​ និង​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ទៀត​ផង​។​ ប៉ុន្តែ​រឿង​លោក​រដ្ឋមន្រ្តី​ អង្គ វង្សវឌ្ឍានា ហាក់​មាន​ដំណើរការ​យឺត​។ ករណី​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​គិត​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អនុវត្ត​ស្តង់ដារ​ពីរ​ខុស​គ្នា​។

តើ​លោក​យល់​ឃើញ​បែប​នេះ​ដែរ​ទេ​?



ខ្ញុំ​យល់​​ឃើញ​ថា​វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុតិ្តធម៌​កម្ពុជា​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់ PanamaPapers​។ មាន​ឈ្មោះ​ជាច្រើន​ជា​សាច់ញាតិ​មេដឹកនាំ​អតីត​ប្រមុខ​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​តារា​ល្បីៗ​របស់​ពិភពលោក​ត្រូវ​បាន​ទម្លាយ​ថា​បាន​​លាក់​លុយ​នៅ​ទី​នោះ​។ ​រហូត​មក​ទល់​ពេល​នេះ​មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង PanamaPapers បាន​​ចេញ​ពី​តំណែង​ និង​ខ្លះ​ទៀត​កំពុង​ត្រូវ​​បាន​ស៊ើប​អង្កេត​ដោយ​រដ្ឋាភិបាល​របស់​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ចំណែក​នៅ​អង់គ្លេស​នាយករដ្ឋមន្ត្រី​គេ​បាន​សារភាព​ពី​ការ​ពាក់ព័ន្ធ​ និង​បាន​​ពន្យល់​ពី​ភាព​ស្អាតស្អំ​ហើយ​។

ដោយ​ឡែក​កម្ពុជា​យើង​បាន​ដឹង​តែ​ត្រឹម​ថា​ក្រសួង​យុត្តិធម៌​នឹង​ខិតខំ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន​នោះ​បន្ថែម​យើង​ចង់​ដឹង​លទ្ធផល​ថា​ក្រសួង​យុត្តិធម៌​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ពី​ព័ត៌មាន​ទាក់ទង​នឹង​រដ្ឋមន្ត្រី​របស់​ខ្លួន​ដែរ​។​ ខ្ញុំ​យល់​ថា​អ្វី​ដែល​ក្រសួង​នេះ​ធ្វើ​គឺ​ដើម្បី​ការពារ​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​។​ ខ្ញុំ​គិត​ថា​កម្ពុជា​មិន​ដូច​អង់គ្លេស​នោះ​ទេ​។

យើង​នៅ​តែ​មើល​ឃើញ​ថា​រឿង​របស់​លោក​ កឹម ​សុខា ​ជា​រឿង​បុគ្គល​ហើយ​តម្រុយ​នៃ​ការ​ស៊ើប​អង្កេត​ដោយ ACU (អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ) ​នៅ​ឆ្ងាយ​ដោយសារ​តែ​ភ័ស្តុតាង​គ្រាន់តែ​លើ​ខ្សែ​អាត់​សំឡេង​តែ​ករណី​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​​មាន​តម្រុយ​ជាក់លាក់​ច្រើន​ជាង​ព្រោះ​វា​លេចឮ​កម្រិត​ពិភពលោក​។

តាម​ប្រសាសន៍​របស់​លោក​ ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​កង​មក​ថា​ករណី​នេះ​លោក​កំពុង​តែ​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ព្រោះ​នេះ​ជា​ដំណឹង​។ អ៊ីចឹង​យើង​​ស្រាវជ្រាវ​ស្វែងរក​ដំណឹង​តើ​វា​ពិត​ប៉ុន​ណា​វា​ទុក​ចិត្ត​បាន​ទេ?​ ហើយ​បើ​ទុក​ចិត្ត​បាន​យើង​​ទៅ​ជួប​អ្នក​ណា​ទៀត​។​ វា​ចេះ​​តែ​កៀកៗ​ទៅ​ក្នុង​គោលដៅ​ដើម្បី​អាច​រកឃើញ​ការ​សន្និដ្ឋាន​មួយ​បើក​ការ​ស៊ើបអង្កេត​ ឬ​មិន​បើក​លើ​បញ្ហា​នេះ​។

នៅ​ពេល​​ដែល​អង្គភាព​ ACU ​ជា​ស្ថាប័ន​ជំនាញ​មួយ​នេះ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​គឺ​អ្វីៗ​អាច​ទៅ​រួច​។ សំណួរ​សួរ​ថា​តើ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​ព្រម​ទាំង​ច្បាប់​ពាក់ព័ន្ធ​នានា​មាន​ស្តង់ដារ​ប៉ុន្មាន​នោះ​វា​អាស្រ័យ​លើ​ករណី​នេះ​ហើយ​។ ​និយាយ​នេះ​មិនមែន​មាន​ន័យ​ថា​យើង​គាំទ្រ​ការ​ស៊ើបអង្កេត​ករណី​របស់​លោក​ កឹមសុខា ​នោះ​ទេ​ព្រោះ​វា​ជា​រឿង​បុគ្គល​ និង​នៅ​​ឆ្ងាយ​ពី​រដ្ឋបាល​សាធារណៈ​ហើយ​ក៏​មិន​ទាន់​ចោទ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា​ពិតជា​មាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​នោះ​ទេ​សំខាន់​យើង​រង់ចាំ​មើល​ចំណាត់ការ​របស់​ ACU ​សិន​។

វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​បើ​សិន​ជា ACU ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​នេះ​គឺ​ទី​ ១-អាច​នាំ​មក​នូវ​ភាព​ស្អាតស្អំ​ដល់​រដ្ឋមន្ត្រី​រូប​នេះ​បើ​គាត់​គ្មាន​ការ​ពាក់ព័ន្ធ​មែន​។ ទី​ ២-ជា​ការ​បង្ការ​កុំ​ឲ្យ​មាន​រឿង​អាស្រូវ​បែប​នេះ​​ទៀត​នៅ​ក្នុង panamapapers ជា​ប្រយោជន៍​ដល់​មុខ​មាត់​របស់​ជាតិ​។​ ជាមួយ​គ្នា​នោះ​ដែរ​យើង​ក៏​អាច​ធ្វើ​កិច្ចការ​របស់​យើង​ដែរ​ទៅ​លើ​ករណី​នេះ។

ដើម្បី​បង្ហាញ​ពី​​ភាព​ត្រឹមត្រូវ​មួយ​​របស់​ក្រសួង​យុត្តិធម៌​តើ​លោក​យល់​ថា​គួរ​តែ​មាន​អ្វី​មក​ធ្វើ​អំណះ​អំណាង​បន្ថែម​ ?

អ្វី​ដែល​យើង​បាន​ឮ​ពី​ក្រសួង​យុត្តិធម៌​ហ្នឹង​គឺ​ក្រៅ​តែ​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​អ្នក​នាំពាក្យ​របស់​ក្រសួង​គឺ​អត់​មាន​អំណះ​អំណាង​អី​ទៀត​ទេ​។ ​ចំណុច​នេះ​យើង​ចង់​ឃើញ​ការ​ទាក់ទង​រវាង​ក្រុមហ៊ុន​នោះ​ជាមួយ​ក្រសួង​យុត្តិធម៌​ព្រោះ​វា​ជា​ការ​សំខាន់​ណាស់​ប្រសិន​បើ​មាន​ការ​បំភ្លឺ​ណា​មួយ​។ ​ប៉ុន្តែ ​រហូត​មក​ទល់​ពេល​​នេះ ​ការ​បំភ្លឺ​ណា​មួយ​ដែល​ថា​មិន​មាន​ការ​ពាក់ព័ន្ធ​រវាង​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ អង្គវង្ស វឌ្ឍានា ​និង​ក្រុមហ៊ុន​នោះ​។​ អ៊ីចឹង​​វា​​ជា​ការ​ចាំបាច់​ណាស់​ប្រសិន​​បើ​មាន​ការ​បំភ្លឺ​ណា​មួយ​តាម​សារ​អេឡិចត្រូនិក​បន្ថែម​អំពី​ការ​អះអាង​របស់​ក្រសួង​យុត្តិធម៌​។

តែ​ទោះ​យ៉ាង​ណា​ចំណុច​នេះ​វា​មិនមែន​ជា​ចំណុច​សំខាន់​ខ្លាំង​ ឬ​ក៏​ជា​ចំណុច​​មួយ​ដែល​បិទ​ច្រក​នៃ​ការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ​។ ​ទោះបី​ជា​មាន​ការ​អះអាង​ដូច្នេះ​មែន​ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គួរ​តែ​ស៊ើបអង្កេត​នេះ​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជា​ស្ថាប័ន​ឯករាជ្យ​ព្រោះ​អង្គភាព​នេះ​​មាន​ភារកិច្ច​ក្នុង​ការ​ស៊ើបអង្កេត​ដែរ​ពី​រឿង​លុយ​កាក់​នេះ។

ក្នុង​ករណី​​ដែល​មាន​តម្រុយ​ជា​ឯកសារ​បែប​នេះ​ទៅ​ហើយ​តើ​អាច​រៀបរាប់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែរ​ឬ​ទេ​? ហើយ​ដើម្បី​ផ្ទៀងផ្ទាត់​នឹង​រឿង​បែប​នេះ​តើ​ស្ថាប័ន​មាន​សមត្ថកិច្ច​គួរ​ធ្វើ​​យ៉ាង​ណា ?

គ្រាន់​តែ​មាន​តម្រុយ​មិនមែន​មាន​ន័យ​ថា​ជន​ដែល​ពាក់ព័ន្ធ​នោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​ទេ​សំខាន់​គឺ​មាន​តែ​ស្ថាប័ន​ជំនាញ ACU មួយ​នេះ​បើក​ការ​ស៊ើប​អង្កេត​ជា​មុន​សិន​ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​គឺ​ចាំ​មើល​ទាំងអស់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់​ថា​តើ​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ប៉ុន​ណា​មាន​តម្លាភាព​ដែរ​ឬ​ទេ? ហើយ​លទ្ធផល​គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុន​ណា​?

យោង​មាត្រា​ ៤៩ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចែង​ថា​នៅក្នុង​ករណី​ដែល​គេ​រកឃើញ​ថា​ទ្រព្យសម្បត្តិ​ និង​ផល​នៃ​អំពើ​ពុករលួយ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​រដ្ឋ​បរទេស​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ចាត់​វិធានការ​ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​ និង​ផល​ទាំង​នោះ​មក​កម្ពុជា​វិញ​ទៅ​តាម​មធ្យោបាយ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​។ កម្ពុជា​ក៏​ត្រូវ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ដែល​លើក​សំណើ​សុំ​បញ្ជូន​​ទៅ​វិញ​នូវ​ផល​នៃ​បទល្មើស​ពុករលួយ​ដែល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ប្រទេស​កម្ពុជា​។

បើ​យោង​តាម​មាត្រា​ ៤៩ ​នៃ​​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ​តើ​លោក​យល់​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​គួរ​តែ​អនុវត្ត​ទេ​ប្រសិន​បើ​រកឃើញ​ថា​កើត​មាន​មែន​នោះ​?

នីតិរដ្ឋ​គឺ​ច្បាប់​មិន​មាន​លក្ខខណ្ឌ​លើក​លែង​ចំពោះ​ជន​ណា​មួយ​ឡើយ​គ្រប់​គ្នា​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំងអស់​។

អ៊ីចឹង ACU ចាំបាច់​អនុវត្ត​តាម​ស្តង់ដារ​តែ​មួយ​គឺ​ជន​ណា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ និង​បទល្មើស​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ពាក់ព័ន្ធ​៕

No comments: