A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 22 April 2016

ការ​ចងចាំ​ និង​រំឭក​ដល់​ម្ចាស់​បទ​ស្ទឹង​សង្កែ​លោក គង្គ ប៊ុនឈឿន


ទិដ្ឋភាព​ដងស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​ពី​អតីតកាល និង​រូប​លោក គង្គ ប៊ុនឈឿន កាលពី​នៅ​ក្មេង​នា​ទសវត្សរ៍​ទី ៦០ ។ រូបថត ហ្វេសប៊ុក


ការ​ចងចាំ​ និង​រំឭក​ដល់​ម្ចាស់​បទ​ស្ទឹង​សង្កែ​លោក គង្គ ប៊ុនឈឿន
Thu, 21 April 2016 ppp


ថ្វីបើ​លោក គង្គ ប៊ុនឈឿន ដែល​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ភាគច្រើន​ស្គាល់​ថា​ជា “កវី​ម្ចាស់​ស្ទឹងសង្កែ” ជា​អ្នក​និពន្ធ​បទចម្រៀង​ទសវត្សរ៍​ទី ៦០ និង ៧០ ទទួល​មរណភាព​ក៏​ពិតមែន​ប៉ុន្តែ​លោក​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​អនុស្សាវរីយ៍​ជាច្រើន​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដែល​ក្នុង​នោះ​ក៏​មាន​រូប​ខ្ញុំ​ម្នាក់​ដែរ។

គាត់​ជា​អ្នក​និពន្ធ​បទចម្រៀង​ដែល​ខ្ញុំ​ចូលចិត្ត​តាំងពី​នៅ​កុមារភាព។ តាមរយៈ​បទចម្រៀង​ជាច្រើន​បទ​ដែល​គាត់​បាន​និពន្ធ​ហើយ​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ីសាមុត និង​រាជិនី​សំឡេង​មាស អ្នកស្រី រស់ សេរីសុទ្ធា ព្រម​ទាំង​អ្នក​ចម្រៀង​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​មាន​ភាព​ល្បីល្បាញ​ទូទាំង​ប្រទេស​រហូត​ដល់​បច្ចុប្បន្ន។

លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​ចម្ការ​សំរោង​ក្នុង​ខេត្ត​បាត់ដំបង។ លោក​បាន​តែង​បទចម្រៀង​ប្រហែល​ ២០០ បទ​ដោយ​បទ​ភាគច្រើន​លោក​តែង​រៀបរាប់​ពី​ខេត្ត​បាត់ដំបង​ដែល​ជា​ទី​កំណើត​របស់​លោក។ បទចម្រៀង​ដែល​លោក​និពន្ធ​ទាក់ទង​នឹង​ខេត្ត​បាត់ដំបង​ជាពិសេស​បទ​រៀបរាប់​ពី​ដង​ស្ទឹងសង្កែ​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ទូទាំង​ប្រទេស​តាមរយៈ​សំនៀង​ដ៏​ក្រអួន​របស់​លោក ស៊ីន ស៊ីសាមុត និង​អ្នកស្រី រស់ សេរីសុទ្ធា។

បទចម្រៀង​ដែល​ល្បីល្បាញ​ខ្លាំង​របស់​លោក​មាន​ដូច​ជា៖ បទ «ម្លប់​ដូង​ទី ១០ រំដួល​ដងស្ទឹង​សង្កែ ស្ពាន​ឈើ​អភ័ព្វ សម្រស់​នាង​ចែវ​ទូកដ ថ្ម​គោល​ស្រមោល​ស្នេហ៍​ចាស់ ស្ពាន​អូរតាគី ម្លប់​ស្នេហ៍​ដើម​ស្រឡៅ សំឡេង​ចាប​ប្រាប់​ស្នេហ៍​ចាស់ អនុស្សាវរីយ៍​ខ្នង​ភ្នំសំពៅ និង​សែន​ស្តាយ​ថ្ពាល់​ស្តាំ ជាដើម។ គាត់​ជា​អ្នក​និពន្ធ​បទ «ជ្រោះ​ពេជ្រ​ចិន្តា» ជា​បទ​មនោសញ្ចេត​នា​លន្លង់​លន្លោច​ដែល​ច្រៀង​ដោយ​អ្នកស្រី រស់ សេរីសុទ្ធា។



នៅ​ឆ្នាំ​ ១៩៧៤ លោក​បាន​តែង​និពន្ធ​បទ​មួយ​ដែល​មាន​ចំណង​ជើង​ថា «កូនស្រី​អ្នក​នេសាទ» ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ច្រឡំ​ចំណង​ជើង​ថា​ជា «វាសនា​ភូមិ​ប្រាក់​ព្រា»។ តាមរយៈ​សំនៀង​ដ៏​លន្លង់​លន្លោច​របស់​អ្នកស្រី រស់ សេរីសុទ្ធា លោក គង្គ ប៊ុនឈឿន បាន​ធ្វើ​ឲ្យ​ភូមិ​បាក់ព្រា​ដែល​ជា​ភូមិ​នេសាទ​មួយ​នៅ​ចុង​កាត់​មាត់​ញក​ស្ថិត​នៅ​ក្នុង​ឃុំ​កោះជី​វាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង មាន​ភាព​ល្បី​ខ្ទរខ្ទារ​ទូទាំង​ប្រទេស​រហូត​ដល់​បច្ចុប្បន្ន។ ក្រៅ​ពី​នាំ​ភាព​ល្បីល្បាញ និង​ក្តីស្រឡាញ់​ពី​សំណាក់​ប្រជាជន​ខ្មែរ​ចំពោះ​ទឹកដី​ខេត្ត​បាត់ដំបង​លោក គង្គ ប៊ុនឈឿន ក៏​បាន​តែង​បទចម្រៀង​មនោសញ្ចេតនា​ជាច្រើន​ទៀត​ដែល​រៀបរាប់​ពី​ភូមិ ឃុំ ខេត្ត និង​ទីកន្លែង​ផ្សេង​ដែល​ប្រជាជន​ខ្មែរ​ពុំ​ដែល​បាន ឮ​និង​ទៅ​ដល់។

លោក​បាន​តែង​បទ​ដែល​រៀបរាប់ពី​ទឹកដី​ខេត្ត​ប៉ៃលិន​ដូច​ជា៖ ជំនោរ​ប៉ៃលិន ទំនួញ​ហ្គីតាមាស និង ផ្គរ​បប៉ៃលិន ជាដើម។ ​លោក​បាន​តែង​បទ «ស្ពាន​កំពង់ហ្លួង» ជា​បទ​ល្បីល្បាញ​មួយ​ដែល​អ្នកស្រី សូ សាវឿន បាន​ច្រៀង​រៀបរាប់​បែប​មនោសញ្ចេតនា​ពី​ស្រុក​កំពង់ហ្លួង​នៅ​ខេត្ត​កណ្តាល​។

នៅ​ឆ្នាំ ១៩៧៣ លោក​បាន​តែង​បទ «ចម្រៀង​មរណៈ» ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​មិត្ត​របស់​លោក​ម្នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​សោកនាដកម្ម​មួយ​នៅ​​ខេត្ត​កំពង់ស្ពឺ។

លោក គង្គ ប៊ុនឈឿន ជា​សិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​តិច​បំផុត​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ លោក​បាន​ជួប​លោក ស៊ីន ស៊ីសាមុត ក្រោយ​ពី​ខ្មែរ​ក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ និង​បាន​ជម្លៀស​ប្រជាជន​ឲ្យ​ចាកចេញ​ពី​ទីក្រុង។ នៅ​ក្នុង​កំណត់ត្រា​របស់​លោក គង្គ ប៊ុនឈឿន ដែល​មាន​ចំណង​ជើង​ថា «កំណាព្យ​ស្នេហ៍​មាស» លោក​បាន​រៀបរាប់​ពី​ការ​ជួប​គ្នា​របស់​លោក និង​លោក ស៊ីន ស៊ីសាមុត នៅ​វត្ត​ចំប៉ា​ក្នុង​ឃុំ​ព្រែកឯង ខេត្ត​កណ្តាល។ ជា​អកុសល​លោក ស៊ីន ស៊ីសាមុត ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​សម្លាប់។

លោក គង្គ ប៊ុនឈឿន ត្រូវ​បាន​គេ​ជម្លៀស​បន្ត​ទៀត​ទៅ​កន្លែង​ផ្សេង​ហើយ​បាន​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍។

លោក គង្គ ប៊ុនឈឿន មាន​ទេពកោសល្យ​ជាច្រើន​រាប់​មិន​អស់។ ក្រៅ​ពី​ស្នាដៃ​និពន្ធ​បទចម្រៀង​លោក​ក៏​ជា​អ្នក​និពន្ធ​ប្រលោម​លោក និង កំណាព្យ​ជាង ១០០ ក្បាល​តាំង​ពី​ទសវត្សរ៍​ទី ៦០ និង​រហូត​ដល់​ជីវិត​ចុង​ក្រោយ​របស់​លោក។

ប្រលោម​លោក​ល្បីៗ​របស់​លោក​ពី​ជំនាន់​មុន​មាន​ដូច​ជា៖ ស្នេហា​លុះ​អវសាន្ត​ នាង​រំសាយ​សក់ វិមាន​នរក ទឹកភ្នែក​ឪពុក ទឹក​ភ្នែក​កុលាប​បាត់ដំបង ជំនោរ​ប៉ៃលិន និង​សែន​ស្តាយ​ថ្ពាល់​ស្ដាំ ជាដើម។ នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​លោក គង្គ ប៊ុនឈឿន បាន​បន្ត​និពន្ធ​ប្រលោម​លោក​ជា​ច្រើន​ទៀត​ដូចជា៖ ផ្នូរ​សត្យា រៃមាស​ទួលស្លែង ទន្លេ ចាំ​ជាតិ​ជាដើម។

ជាពិសេស​ជាង​នេះ​ទៅ​ទៀត​លោក​ក៏​ជា​កវី​ដ៏​ចំណាន​ដែល​បាន​តែង​កំណាព្យ​ស្នេហា និង​អប់រំ។

លោក គង្គ ប៊ុនឈឿន មាន​ដំណើរ​ជីវិត​គ្រប់​រសជាតិ។ លោក​ជា​អ្នក​និពន្ធ​តន្ត្រី អ្នក​និពន្ធ​ប្រលោម​លោក អ្នក​តែង​កំណាព្យ អ្នក​សរសេរ​កាសែត អ្នក​និពន្ធ​ភាពយន្ត អ្នក​គូរ​គំនូរ​អប់រំ។ល។

លោក​ជា​អ្នក​រិះគន់​របប​នយោបាយ និង​សង្គម​ដោយ​ហ៊ាន​សរសេរ​ដោយ​​ចំហ​ពី​អំពើ​​អយុត្តិធម៌​ក្នុង​សង្គម។

នៅ​ឆ្នាំ ១៩៦៣ លោក​ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ៦ ខែ​ដោយសារ​សរសេរ​រឿង​ប្រលោម​លោក​ដែល​មាន​ចំណង​ជើង​ថា «វិមាន​នរក» ដែល​រិះគន់​របប​នយោបាយ​ក្នុង​ជំនាន់​នោះ។

នៅ​ឆ្នាំ ១៩៧០ លោក​ក៏​ត្រូវ​បាន​ជាប់​ពន្ធនាគារ​រយៈពេល​កន្លះ​ខែ​ដោយសារ​សរសេរ​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា «ឯណា​ទៅ​អនាគត​របស់​វា?» ដែល​ប៉ះពាល់​ដល់​របប​នយោបាយ​ក្នុង​ជំនាន់​នោះ​។

នៅ​ឆ្នាំ​ ២០០០ លោក​បាន​ទទួល​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ដោយសារ​តែ​លោក​សរសេរ​សៀវភៅ​ប្រលោម​លោក​មួយ​ស្តីពី​ជីវិត​ពិត​របស់​នាង តាត ម៉ារីណា ដែល​មាន​ចំណង​ជើង «វាសនា​នាង តាត ម៉ារីណា» ដែល​ទទួល​រងគ្រោះ​ទឹក​អាស៊ីត។

លោក គង្គ ប៊ុនឈឿន និង​ក្រុម​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​នៅ​ទីក្រុង​បាងកក​ហើយ​ក្រោយ​មក​ក៏​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ន័រវែស​រហូត​ដល់​លោក​ទទួល​មរណភាព​ដោយ​រោគាពាធ​កាលពី​ថ្ងៃ​ទី ១៧ ខែ​មេសា​ ឆ្នាំ ២០១៦ ក្នុង​ជន្មាយុ ៧៧ ឆ្នាំ។

លោក គង្គ ប៊ុនឈឿន ជា​បុគ្គល​ដែល​ខ្ញុំ​មាន​ការ​គោរព​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​នូវ​ស្នាដៃ​របស់​លោក​ទាំង​អស់។ ចម្រៀង​​ដែល​​គាត់​បាន​តែង​ឡើង​ និង​ច្រៀង​ដោយ​លោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា បាន​នាំ​មក​នូវ​ភាព​រីករាយ​ដល់​កុមារភាព​របស់​ខ្ញុំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្នាដៃ​និពន្ធ​ប្រលោម​លោក​របស់​លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​នូវ​ពេលវេលា​ដែល​ខ្ញុំ​មក​រស់នៅ​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​ដែល​ខ្ញុំ​ជក់​ចិត្ត​អាន​សៀវភៅ​ប្រលោម​លោក និង​កំណាព្យ​របស់​លោក​ជាច្រើន​ក្បាល។

ក្នុង​មួយ​ជីវិត​របស់​លោក គង្គ ប៊ុនឈឿន លោក​បាន​ប្រើ​ស្លាប​ប៉ាកា​ដើម្បី​សម្រេច​ក្តីប្រាថ្នា​របស់​គាត់។ លោក​បាន​ជួយ​លើក​តម្កើង​វិស័យ​សិល្បៈ និង​អក្សរ​សាស្ត្រ​ខែ្មរ​ដែល​ជា​ស្នាដៃ​មិន​អាច​កាត់​ថ្លៃ​បាន។ អ្វី​ដែល​ខ្ញុំ​នឹង​​ចងចាំ​ពី​គាត់​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ក្តី​ស្រមើ​ស្រមៃ និង​សេរីភាព​នៃ​ការ​សរសេរ​៕

វង្ស សុជាតា
ភ្នំពេញ, អ៊ីមែលៈ vong.socheata@gmail.com

No comments: