A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 April 2016

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​អនុវត្ត​ប្រជាធិបតេយ្យ​តាម​បែប​ផ្ដាច់ការ


ដោយ ទីន ហ្សាការីយ៉ា
2016-04-01

កែម ឡី ៨៥៥
អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
 RFA


រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​តែង​អះអាង​ថា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ជា​គោល ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ត្រូវ​បាន​អ្នក​ធ្វើ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត និង​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​យក​ការ​បោះ​ឆ្នោត​គ្រាន់តែ​ជា​ការ​បំភ័ន្ត​ភ្នែក​ទេ ជាក់ស្ដែង​រដ្ឋាភិបាល​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។ ក្នុង​នោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ប្រើប្រាស់​ប្រព័ន្ធ​រដ្ឋ​សំខាន់ៗ ក្នុង​ការ​ចាត់ការ​ទៅ​លើ​ដៃគូ​ប្រកួត និង​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។

ស្ថាប័ន​តុលាការ យោធា និង​ស្ថាប័ន​នគរបាល គឺ​ជា​ស្ថាប័នរដ្ឋ​ដ៏​សំខាន់​ក្នុង​ការ​ធានា​ឲ្យ​រដ្ឋាភិបាល​ឯករាជ្យ គោរព​ច្បាប់ និង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា កម្ពុជា ជា​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ក៏​ប៉ុន្តែ ការ​ដឹកនាំ​រដ្ឋាភិបាល​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​តាម​បែប​ផ្ដាច់ការ​ទៅ​វិញ ហើយ​ការ​បោះ​ឆ្នោត​គ្រាន់តែ​ជា​រួប​ភាព​បិទបាំង​សកម្មភាព​ផ្ដាច់ការ​របស់​រដ្ឋាភិបាល។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ស្ថាប័ន​តុលាការ យោធា និង​នគរបាល មាន​តួនាទី​សំខាន់ នៅ​ឯករាជ្យ​ដាច់​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​ជា​ស្ថាប័ន​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។ ផ្ទុយ​ទៅ​វិញ ស្ថាប័ន​ទាំង​បី​នេះ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ទៅ​វិញ៖ «ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​សំខាន់​ដែរ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​ស្ថាប័ន​សំខាន់ នៅ​ពេល​មាន​ទំនាស់​បោះឆ្នោត គេ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​ដោះស្រាយ តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ មើល​ទៅ​មិនមែន​ជា​ស្ថាប័ន​ឯករាជ្យ​ទេ»។



នរណា​ក៏​ដឹង​ដែរ​ថា ស្ថាប័ន​យោធា នគរបាល និង​តុលាការ​គឺជា​ស្ថាប័ន​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថាប័ន​ទាំង​នេះ​មិន​ឯករាជ្យ​នោះ​ទេ។ មន្ត្រី​នគរបាល​ពូកែ​ខាង​ចាប់ចង នៅ​ពេល​មាន​បញ្ជា​ពី​ថ្នាក់លើ ហើយ​តុលាការ​ជា​អ្នក​អនុវត្ត​តាម ទោះបីជា​ការ​វិនិច្ឆ័យ​ទោស​នោះ ត្រូវ​បាន​សាធារណជន​រិះគន់​ក្ដី។ ក្នុង​នោះ ដូចជា​ករណី​ការ​កាត់​ទោស​យុវជន គង់ រ៉ៃយ៉ា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង និង​ករណី​លោក សម រង្ស៊ី មាន​បណ្ដឹង​ជាច្រើន​ប្រឆាំង​លោក ដែល​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ​ក៏ដោយ ក៏​តុលាការ​មិន​ខ្វល់​អំពី​ឯករាជភាព​របស់​ខ្លួន​ឡើយ។

អង្គការ​ខុមហ្វ្រែល (COMFREL) បាន​ចេញ​របាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា បាន​វាយ​តម្លៃ​ថា នៅ​ឆ្នាំ​២០១៥ ការ​បង្ក្រាប​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល មាន​អំពើ​ហិង្សា​បំពាន​លើ​រាងកាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

របាយការណ៍​សរសេរ​ទៀត​ថា មូលហេតុ​នយោបាយ​មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​បំពាន​លើ​រូប​រាងកាយ និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ ក្នុង​នោះ​រួម​មាន ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ។ ការ​បោះ​ឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​បក្ស​នេះ​ដាក់​ពន្ធនាគារ ព្រម​ទាំង​ចាប់​ខ្លួន​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ផង ដែល​បង្កើត​ជា​ចម្ងល់ និង​សំណួរ​អំពី​ឯករាជភាព និង​អព្យាក្រឹតភាព​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

អ្នក​សិក្សា​កិច្ចការ​បរទេស និង​ស្ថានការណ៍​នយោបាយ និង​ជាទី​ប្រឹក្សា​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល លោក ម៉ៃឃើល ស៊ូលលីវ៉ាន់ (MICHAEL Sullivan) បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​មិន​អាច​តទល់​ប្រឆាំង​នឹង​ប្រព័ន្ធ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​មាន​ស្រាប់​បាន​ឡើយ។

លោក​បាន​ហៅ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថា ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ​និយម៖ «របប​ផ្ដាច់ការ​និយម​តាម​បែប​ការ​បោះឆ្នោត​វា​តែងតែ​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​បោះឆ្នោត​ជា​ធម្មតា ហើយ​ដំណើរ​ការ​បោះឆ្នោត​នេះ ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​មាន​លទ្ធភាព​ប្រើប្រាស់​ដំណើរការ​បោះឆ្នោត​ជា​មធ្យោបាយ ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ដំណើរការ​ផ្ដាច់ការ​របស់​ខ្លួន​តាម​រយៈ​ការ​បោះ​ឆ្នោត។ ពោល​គឺ​ការ​ប្រើប្រាស់​ការ​បោះឆ្នោត​គ្រាន់​តែ​ជា​ឧបករណ៍​ដើម្បី​បាន​អំណាច»។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ថា ការ​បញ្ចេញ​របាយការណ៍​នេះ គឺ​ជា​ការ​បង្ហាញ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​វិភាគ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​ទិសដៅ​ច្បាស់លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ និង​ពង្រឹង​នីតិរដ្ឋ និង​កំណែទម្រង់​តាម​ដាន​មន្ត្រី​រាជការ​យុត្តិធម៌​រហូត​ដល់​ចៅក្រម​នោះ៖ «រួម​ទាំង​កំណែ​ទម្រង់​តាម​ដាន​មើល​មន្ត្រី​រាជការ​យុត្តិធម៌ រហូត​ដល់​ចៅក្រម មាន​ទាំង​យន្តការ និង​គោលការណ៍ ហើយ​យើង​មាន​ទិសដៅ​ប្រឆាំង​អំពើ​ពុករលួយ​ច្បាស់លាស់​រហូត​ដល់​ប្រទេស​នេះ មាន​សន្តិភាព និង​សន្តិភាព​ដែល​យើង​កំពុង​តែ​មាន ទោះបីជា​យ៉ាង​នេះ​ក្ដី អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Freedom House បាន​ចេញ​របាយការណ៍​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ ដាក់​ចំណាត់ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​មិន​មាន​សេរីភាព។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា សេរីភាព​នៅ​កម្ពុជា មិន​មាន​ភាព​ប្រសើរ​ឡើយ បើ​ធៀប​ទៅ​នឹង​ចំណាត់ថ្នាក់​ដែល ហ្វ្រីដឹម ហោសស៍ ផ្ដល់​ឲ្យ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥»។

របាយការណ៍​មាន​ចំណង​ជើង​ថា សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៦ របស់​អង្គការ ហ្វ្រីដឹម ហោសស៍ បាន​សិក្សា​ទៅលើ​កត្តា​សំខាន់​បំផុត​ចំនួន​២ គឺ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​របស់​ប្រជាជន​ក្នុង​ប្រទេស​ជិត​២០០។

​របាយការណ៍​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​ចំនួន​៣២ ក្នុង​ចំណោម​ពិន្ទុ​សរុប​១០០។ ពិន្ទុ​នេះ​បញ្ជាក់​ថា  ពលរដ្ឋ​កម្ពុជា មិន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ប្រតិបត្តិ​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ឡើយ។ ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់ ៥០ លើ​ពិភពលោក​ដែល​មិន​មាន​សេរីភាព​ផ្នែក​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ប្រៀបធៀប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូចជា​អាវ​ពាក់​ពី​ក្រៅ​ទេ តែ​ធាតុ​ពិត​កម្ពុជា កំពុង​តែ​ដើរ​លើ​គន្លង​កុម្មុយនិស្ត។ លោក​បញ្ជាក់​ថា មេដឹកនាំ​អន្តរជាតិ​ខ្លះ​កំពុងតែ​ចាញ់បោក​រដ្ឋាភិបាល​កម្ពុជា ដែល​បង្ហាញ​ប្រជាធិបតេយ្យ​តែ​សំបក​ក្រៅ។

លោក កែម ឡី បាន​រំលឹក​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​១ កាល​ពី​ឆ្នាំ​១៩៩៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ការ​បោះឆ្នោត តែ​មេដឹកនាំ​គណបក្ស​នេះ​មិន​ព្រម​ផ្ទេរ​អំណាច​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច៖ «យក​ការ​បោះឆ្នោត​១ គ្រាន់តែ​ជា​ឡុបឡែ​ដើម្បី​បន្លំ​លក្ខណៈ​អន្តរជាតិ​ជាដើម ទោះ​បី​ធ្លាប់​ចាញ់​ក៏ដោយ មិន​ទទួល​ស្គាល់​លទ្ធផល​របស់​ខ្លួន។ មួយ​ទៀត ប្រទេស​កុម្មុយនិស្ត​គឺ​គេ​ឯករាជ្យ​របស់​ខ្លួន មិន​មាន​ប្រទេស​ណា​នៅ​ពី​ក្រោយ តែ​ប្រទេស​យើង​មាន​បរទេស ចិន ផង យួន ផង»។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ថា លោក​នឹង​ដឹកនាំ​រដ្ឋាភិបាល​រហូត​ដល់​លោក​ហត់នឿយ ដរាបណា​លោក​នៅ​តែ​មាន​ប្រជាពលរដ្ឋ​គាំទ្រ៖ «ខ្ញុំ​នៅ​តែ​ធ្វើ (នាយករដ្ឋមន្ត្រី) តែ​អ៊ីចឹង ធ្វើ​ទាល់តែ​ខ្ជិល​ធ្វើ! និយាយ​ត្រង់ៗ​តែម្ដង។ អា​ឯង​ធ្វើ​បក្ស​ប្រឆាំង ធ្វើ​មួយ​ជីវិត​ហើយ​នៅ​តែ​ប្រឆាំង ធ្វើ​អ៊ីចឹង ឈ្នះ​គឺ​ឈ្នះ​តាំង​ពី​សតវត្ស​ទី​២០ ឯ​ណា ឥឡូវ​សតវត្ស​ទី​២១ ហើយ នៅ​តែ​មិន​ឈ្នះ»។

​ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ លោក កែម ឡី បាន​ហៅ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​មាន​ស្ថានភាព​អាក្រក់​ជាង​ប្រទេស​កុម្មុយនិស្ត ព្រោះ​ប្រទេស​កុម្មុយនិស្ត​ដឹក​នាំ​ប្រទេស​គោរព​ច្បាប់​បាន​ល្អ​ជាង តុលាការ​ឯករាជ្យ​ជាង និង​គ្មាន​អំពើ​ពុករលួយ ហើយ​ប្រទេស​កុម្មុយនិស្ត​មាន​ការ​បែងចែក​ការ​គ្រប់គ្រង​ស្ថាប័ន​រដ្ឋសភា និង​រដ្ឋាភិបាល​ច្បាស់លាស់ ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​មិន​អាច​រំលោភ​គ្នា​បាន តែ​សម្រាប់​កម្ពុជា​វិញ ស្ថាប័ន​រដ្ឋាភិបាល​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​គ្រប់​ស្ថាប័ន ពិសេស​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ​ជាដើម។

លោក កែម ឡី៖ «ករណី​ដែល​អាក្រក់​ត្រង់​ថា ទី​១​ស្ថានភាព​ពុករលួយ​ច្រើនជាង​កុម្មុយនិស្ត ទី​២ ប្រទេស​កុម្មុយនិស្ត​គេ​ចាត់​ការ​មេដឹកនាំ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូចជា​ប្រទេស​ចិន និង​វៀតណាម ជាដើម»។

​មាត្រា​៥១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន។ អំណាច​ទាំង​អស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​សាលា​ជម្រះ​ក្ដី។ អំណាច​បែងចែក​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ។

​បញ្ហា​សំខាន់​ដែល​អ្នក​វិភាគ​មើល​ឃើញ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដើរ​ផ្ទុយ​ពី​គន្លង​ប្រជាធិបតេយ្យ​នោះ ដោយសារ​តែ​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​យក​ការ​ដឹកនាំ​តាម​បែប​វប្បធម៌ បុគ្គល និង​ក្រុម​គ្រួសារ ការ​ប្រើ​អនុវត្ត​ការងារ​តាម​បែប​បញ្ជា​ពី​លើ ផ្អែក​លើ​គំនិត​មនុស្ស​ម្នាក់ ឬ​គ្រួសារ​ដឹកនាំ​ប្រទេស​ទាំង​មូល។ មួយ​វិញ​ទៀត ការ​បង្ហាញ​ពី​រូបភាព​ប្រជាធិបតេយ្យ​ទៅ​សហគមន៍​អន្តរជាតិ ដើម្បី​ទាញ​យក​ជំនួយ​មក​ពង្រឹង​អំណាច​របស់​ខ្លួន និង​ករណី​ផ្សេង​មួយ​ចំនួន​ទៀត៕

No comments: