A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 April 2016

ប្រវត្តិ​និង​អត្ថន័យ​បទភ្លេង​កន្ទ្រឹម​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


ដោយ ខែ សុណង
2016-04-16

កែវ ណារុំ ៨៥៥​ ២០១៦
អ្នក​ស្រាវជ្រាវ​មរតក​វប្បធម៌​អរិយធម៌​ខ្មែរ អ្នកស្រី កែវ ណារុំ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Khe Sonorng


ផលិតកម្ម​មួយ​ចំនួន​បាន​ផលិត​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន ដែល​ជា​បទ​ប្រពៃណី​ខ្មែរ ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ សព្វ​ថ្ងៃ​បទ​ភ្លេង​កន្រ្ទឹម យើង​ឃើញ​មាន​ការ​ពេញ​និយម​ខ្លាំង​គ្រាន់​បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តើ​បទ​ភ្លេង​កន្រ្ទឹម​នេះ មាន​ប្រវត្តិ​យ៉ាង​ណា ហើយ​គេ​ប្រគំ​សម្រាប់​ពិធី​អ្វីខ្លះ?

ភ្លេង​កន្រ្ទឹម​ជា​ឈ្មោះ​ភ្លេង​ខ្មែរ​មួយ​បែប​ដែល​គេ​ពេញ​និយម​ទាំង​នៅ​ក្នុង​សម័យ​ដើម និង​ទាំង​សម័យ​បច្ចុប្បន្ន។

អ្នក​ស្រាវជ្រាវ​មរតក​វប្បធម៌​អរិយធម៌​ខ្មែរ អ្នកស្រី កែវ ណារុំ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ប្រភេទ​ភ្លេង​បុរាណ​កន្រ្ទឹម ជា​ភ្លេង​ខ្មែរ​ដែល​កើត​ដំបូង​មាន​វ័យ​ចំណាស់ ប៉ុន្តែ​ពុំ​មាន​ការ​សិក្សា​ណា​មួយ​ជាក់លាក់​ថា​កកើត​ភ្លេង​នេះ​តាំង​ពី​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​គេ​គ្រាន់​តែ​ដឹង​ថា ពី​ដើម​ឡើយ​កន្ទ្រឹម​គឺ​ជា​ភ្លេង​ដែល​ផ្ដើម​ចេញ​ពី​ភ្លេង​អារក្ស៖ «ខ្ញុំ​ស្ដាប់​ទៅ​ពណ៌​សម្បុរ​ចារិក​មិន​ខុស​ពី​ភ្លេង​អារក្ស ​សួរ​ថា​ហេតុ​អី​បាន​ជា​គេ​ហៅ​ថា ភ្លេង​កន្ទ្រឹម? តាម​ការ​ពិចារណា​របស់​ខ្ញុំ ខ្មែរ​ច្រើន​ប្រើ​ចក្ខុវិស័យ​ធៀប ដូច​ថា​កូន​ដែល​មាន​សម្បុរ​ស ហៅ​ស្រី​ស ពេល​កូន​ដែល​មាន​សម្បុរ​ខ្មៅ​ហៅ​ស្រី​ម៉ៅ ពេល​ឆ្កែ​វា​សម្បុរ​ខ្មៅ​ហៅ​អា​ញ៉ូង ​ព្រោះ​វា​ខ្មៅ​ដូច​ធ្យូង នេះ​ហើយ​ជា​ចក្ខុវិស័យ​ធៀប»។



អ្នកស្រី​សន្និដ្ឋាន​បែប​នេះ​ថា កន្ទ្រឹម​ជា​ប្រភេទ​វង់​ភ្លេង​ដែល​ប្រើ​ស្គរ​ជា​តួអង្គ​យ៉ាង​សំខាន់ ជា​គោល ក្នុង​ការ​វាយ​ឲ្យ​រន្ថើន​ដើម្បី​ឲ្យ​រំភើប​និង​ដាស់​អស់​ព្រលឹង​ខ្មោច ព្រាយ បិសាច ទើប​អះអាង​ថា កន្ទ្រឹម​គឺ​ជា​ប្រភេទ​ភ្លេង​ចេញ​ពី​ភ្លេង​អារក្ស៖ «គេ​ហៅ​វង់​ភ្លេង​ហ្នឹង គឺ​សំខាន់​ស្គរ។ ស្គរ​នោះ​មិន​ខុស​ពី​ការ​លេង​ស្គរ​អារក្ស​ទេ ពេល​ដែល​មាន​ពិធី​ស្អី​មួយ​នោះ ដើម្បី​អន្ទង​ហៅ​ព្រលឹង ឲ្យ​មក​ចូល​សណ្ឋិត​ហ្នឹង​គេ​វាយ​ស្គរ កញ្ជ្រោក​បោក​បាច ឲ្យ​លឺលាន់​ដើម្បី​ឲ្យ​ព្រលឹង​ចូល​សណ្ឋិត​បើ​និយាយ​ពី​ពណ៌​សម្បុរ និង​ចរឹត​ដូច​ភ្លេង​អារក្ស​អ៊ីចឹង»។

តែ​ទោះ​ជា​យ៉ាង​ណា ប្រភេទ​ភ្លេង​កន្រ្ទឹម មិន​នៅ​តែ​ចាស់​គំរឹល​ពេក​នោះ​ទេ។ កន្ទ្រឹម​ត្រូវ​បាន​គេ​កែច្នៃ​ឲ្យ​ក្លាយ​ជា​ភ្លេង​សប្បាយ គឺ​គេ​កែ​ឲ្យ​ទៅ​ជា​ប្រភេទ​ភ្លេង​សម័យ។ អ្នកស្រី​កត់សម្គាល់​ថា នៅ​សតវត្ស​ទី​២១ ប្រភេទ​ភ្លេង​កន្រ្ទឹម​បាន​ចាប់​មាន​កកើត​ច្រើន​មក​វិញ នឹង​មាន​ការ​ពេញ​និយម​ខ្លាំង​គ្រាន់​បើ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «បទ​កន្ទ្រឹម»។

ស្រដៀង​គ្នា​នឹង​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកស្រី កែវ ណារុំ ដែរ កន្រ្ទឹម​ជា​ឈ្មោះ​ភ្លេង​ប្រពៃណី​បុរាណ​មួយ​របស់​បង​ប្អូន​ខ្មែរ​មួយ​ក្រុម ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ បច្ចុប្បន្ន ជា​ពិសេស​បង​ប្អូន​ខ្មែរ​រស់​ខេត្ត​សុរិន្ទ។

ភ្លេង​កន្ទ្រឹម​នេះ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវ​ភាសា​និង​វប្បធម៌​ខ្មែរ នៅ​ខេត្ត​សុរិន្ទ​មួយ​រូប គឺ លោក ជ័យ មង្គល បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សិលា​ចារិក​ដែល​មាន​បន្សល់​ទុក​នៅ​ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ បច្ចុប្បន្ន​ភ្លេង​កន្ទ្រឹម​នេះ ជា​ប្រភេទ​ភ្លេង​អារក្ស និង​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

ពាក្យ​កន្ទ្រឹម​ពី​ដំបូង​ឡើយ​គេ​ហៅ​ថា កន្ទ្រឹម​ក​អ៊ីចឹង​ដែល​គេ​ហៅ​តាម​សំឡេង​ស្គរ​ពេល​ប្រគំ។ នៅ​ក្នុង​ភ្លេង​កន្ទ្រឹម​បុរាណ​គឺ​មាន​ឧបករណ៍​នាំ​មុខ​សំខាន់​មួយ​ចំនួន​ដូចជា ទ្រ ស្គរ និង​ប៉ីអ ក្រៅ​ពី​នេះ​ក៏​មាន​ឆាប​គោះ​បន្ទរ​ផង​ដែរ។ ភ្លេង​កន្ទ្រឹម​នេះ គឺ​អាច​ប្រើប្រាស់​បាន​ចាប់​តាំង​ពី​មនុស្ស​កើត​រហូត​ដល់​ស្លាប់ គឺ​មាន​ពិធី​បង្កក់​កូន ពិធី​រៀបការ ពិធី​បំបួស និង​រហូត​ដល់​ពិធី​បុណ្យ​សព។

ភ្លេង​កន្ទ្រឹម​ត្រូវ​បាន​គេ​កែច្នៃ​ទាំង​ឧបករណ៍​ភ្លេង ទាំង​ចង្វាក់​បទភ្លេង​ប្រគំ​ដែល​គេ​ហៅ​បាន​ថា ជា​កន្ទ្រឹម​សម័យ​ថ្មី៖ «ចម្រៀង​ខ្មែរ​សុរិន្ទ កន្ទ្រឹម»។

អ្នកស្រី កែវ ណារុំ បាន​អះអាង​ថា ទៀត​ថា បទ​កន្ទ្រឹម​នេះ គេ​តែង​និពន្ធ​សម្រាប់​ច្រៀង​ឆ្លងឆ្លើយ លែបខាយ ចំអែចំអន់​គ្នា និង​សួរសុខទុក្ខ​កូនចៅ​ជាដើម។ បទ​នេះ​ទៀត​សោត ត្រូវ​បាន​គេ​ប្រើប្រាស់​គ្រប់​ពិធី​រាំរែក ប៉ុន្តែ​ពេល​វេលា​ដ៏​វិសេសវិសាល​មួយ​ទៀត​នោះ​គឺ ឱកាស​បុណ្យ​ចូលឆ្នាំ​ដែល​មនុស្ស​ម្នា បាន​ឈប់សម្រាក​ពី​ការងារ​រួច​រាល់​ពី​ការ​ងារ​ច្រូត​កាត់​ប្រមូល​ផល៖ «នេះ​ជា​ជំនឿ​ហើយ​ក៏​ការ​សប្បាយ ព្រោះ​ខ្មែរ​ធ្វើ​កសិកម្ម ច្រូត​កាត់​វា​ជាប់ ដល់​ចូល​ឆ្នាំ​ជា​ពេល​សម្រាក​ដូច្នេះ លេង​កន្ទ្រឹម​ដើម្បី​សប្បាយ ព្រោះ​ខ្មែរ​សំខាន់​ណាស់​បុណ្យ​ចូល​ឆ្នាំ​មួយ បុណ្យ​ភ្ជុំ​ពីរ សប្បាយ​មួយ​ខែ​ចែត្រ គឺ​សប្បាយ​ពេញ​មិន​មែន​ចូល​ឆ្នាំ​តែ​បី​ថ្ងៃ​ទេ»។

«បទ​ពរជ័យ​កន្ទ្រឹម​ឆ្នាំ​ថ្មី»

នាង​ខ្ញុំ ខែ សុណង សូម​ជូន​ពរ​លោក​អ្នក​នាង​ឲ្យ​ជួប​តែ​សុភមង្គល សប្បាយ​រីករាយ ក្នុង​ក្រុម​គ្រួសារ សួស្ដី​ឆ្នាំ​ថ្មី!

No comments: