A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 21 April 2016

ផលិតករ​ថា​រឿង​«ខ្ញុំ​គឺ​ឈុត វុទ្ធី»​គួរ​ត្រូវ​អញ្ញាត​ឲ្យ​បញ្ចាំង​ព្រោះ​បង្ហាញ​ពី​គំរូ​និង​វីរភាព



ផលិតករ​ថា​រឿង​«ខ្ញុំ​គឺ​ឈុត វុទ្ធី»​គួរ​ត្រូវ​អញ្ញាត​ឲ្យ​បញ្ចាំង​ព្រោះ​បង្ហាញ​ពី​គំរូ​និង​វីរភាព
21 មេសា 2016
នៅ វណ្ណារិន

លោក​ស្រី​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​ "I am Chut Wutthy (ខ្ញុំ​គឺ​ជា​ ឈុត​ វុទ្ធី​)" ក្រោយ​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦។​ ភាព​យន្ត​​ឯកសារ​នេះ​ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ហាម​មិន​ឲ្យ​បញ្ចាំង​ជា​សាធារណៈ​ នា​ពេល​ថ្មីៗ​នេះ។​ (នៅ​ វណ្ណារិន​/VOA)
លោក​ស្រី​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​ "I am Chut Wutthy (ខ្ញុំ​គឺ​ជា​ ឈុត​ វុទ្ធី​)" ក្រោយ​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦។​ ភាព​យន្ត​​ឯកសារ​នេះ​ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ហាម​មិន​ឲ្យ​បញ្ចាំង​ជា​សាធារណៈ​ នា​ពេល​ថ្មីៗ​នេះ។​ (នៅ​ វណ្ណារិន​/VOA)


បណ្ឌិត​ Fran Lambrick ​អ្នក​ដឹកនាំ​ផលិត​ភាពយន្ត​ឯកសារនេះ បាន​ប្រាប់​ VOA​ ​​ថា​ ភាពយន្ត​ឯកសារ​ស្តី​ពី​លោក​ឈុត វុទ្ធី​ ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​និង​​ពលិកម្ម​របស់​​សកម្មជន​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មិន​ខ្លាច​ក្នុង​ការ​ប្រឈម​នានា​ក្នុង​ការ​ការពារ​ព្រៃឈើ។


ភ្នំពេញ — voa

ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​វីរភាព​របស់​សកម្មជន​ការពារព្រៃឈើ​កម្ពុជា​ ​ដែល​បាន​ពលី​ជីវិត​ គឺ​លោក​ ឈុត វុទ្ធី​ ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចាក់​ផ្សាយ​ជា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នក​ដឹកនាំ​ផលិត​ឯកសារ​នេះ​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​ VOA ថា ​ភាពយន្ត​នេះ​និង​វីរភាព​របស់​លោក​ ឈុត វុទ្ធី​ នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​អ្នក​ស្រឡាញ់​ព្រៃ​ឈើ​គ្រប់រូប។

បួន​ឆ្នាំ​កន្លង​មក​ហើយ ​ដែលសកម្មជន​ព្រៃ​ឈើ​ដ៏​ក្លាហាន ​លោក​ ឈុត វុទ្ធី ​ត្រូវ​បានមន្ត្រី​នៃ​កងរាជអាវុធហត្ថ​ ​បាញ់​សម្លាប់​ក្នុង​ព្រៃ​នា​ខេត្ត​កោះ​កុង​ ​តែ​វីរភាព​នឹង​ការ​ប្តេជ្ញា​របស់​លោក​ ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​កម្ពុជា​នៅ​តែ​បន្ត។​

​លើស​ពី​នេះ​ទៀត​រឿងរ៉ាវ​របស់​លោក​ត្រូវ​បាន​គេ​ចង​ក្រង​ឡើងវិញ​ ធ្វើ​ជា​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​រយៈ​ពេល​ជិតមួយ​ម៉ោង។​ ក្នុង​នោះ​វា​បាន​រៀបរាប់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោកឈុត​ វុទ្ធី​ ក្នុង​ការ​ដឹកនាំ​សកម្មជន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ការ​តស៊ូ​មតិ​ និង​យាមល្បាត​ការពារ​ព្រៃ​ឡង់​ដែល​ពួក​គេ​ហៅ​ថា​ផ្ទះ​របស់​ពួក​គេ​នោះ។​ ​



បណ្ឌិត​ Fran Lambrick ​អ្នក​ដឹកនាំ​ផលិត​ភាពយន្ត​ឯកសារ​មាន​ចំណង​ជើង​ថា "I am Chut Wutty"​ ឬ​ជា​ភាសាខ្មែរ​ «ខ្ញុំ​គឺ​ឈុត វុទ្ធី»​ បាន​ប្រាប់​ VOA​ ​នា​សប្តាហ៍​នេះ​ថា​ ភាពយន្ត​ឯកសារ​ស្តី​ពី​លោក​ឈុត វុទ្ធី​ ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​និងពលិកម្ម​របស់សកម្មជន​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មិន​ខ្លាច​ក្នុង​ការ​ប្រឈម​នានា​ក្នុង​ការ​ការពារ​ព្រៃឈើ។​ ​

​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ ​VOA​ កាល​ពី​ថ្ងៃ​អង្គារ​ កញ្ញា ​Fran Lambrick​ បាន​បញ្ជាក់​ថា៖​

«ខ្សែ​ភាពយន្ត​នេះ​និយាយ​អំពី​សកម្មជន​ព្រៃឈើ​ ដែល​ពួកគាត់​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា។ ដោយ​ចំពោះ​នោះ​ គឺ​ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​លោក ឈុត វុទ្ធី។​ ខ្ញុំ​បាន​ថត​គាត់​កាល​ពី​ឆ្នាំ២០១១។​ ខ្ញុំ​បាន​ជួប​គាត់​នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ថត​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃឡង់​ ដែលដើរ​ល្បាត​ព្រៃ។​ ពួកគេ​បាន​ស៊ើបអង្កេត​ការ​កាប់ព្រៃ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​មួយ​ដែល​ព្រៃឈើត្រូវ​បាន​កាប់​បំផ្លាញ​ជា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ»។​

​អ្នក​ផលិត​ភាពយន្តជន​ជាតិ​អង់​គ្លេស​រូប​នេះ​ ​ឲ្យ​ដឹង​ផង​ដែរ​ថា​ សារៈសំខាន់​របស់​ភាពយន្ត​ឯកសារ​ ​នេះ​មិន​មែន​បង្ហាញ​ត្រឹម​តែ​វីរភាព​របស់​លោក​ ​ឈុត ​វុទ្ធី​ នោះ​ទេ​ ក៏​ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ការ​ងើប​ឡើង​ ​នឹង​ការ​ចងក្រង​គ្នា​របស់​អ្នក​ស្រឡាញ់​ព្រៃឈើ​និង​អ្នក​រស់​នៅ​តំបន់​ព្រៃ​ឡង់​ ដើម្បី​ធ្វើ​ការ​ការពារ​និង​បញ្ឃប់​ការ​កាប់​ព្រៃ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃឡង់​ ​ដែល​លាត​សន្ធឹង​ដល់​បួន​ខេត្ត​ រួម​មានខេត្ត​កំពង់ធំ​ ​ខេត្ត​ក្រចេះ​ ខេត្ត​ស្ទឹងត្រែង ​និង​ខេត្ត​ព្រះវិហារ។​

បណ្ឌិត​ Fran Lambrick ថ្លែង​បន្ត​ទៀត​ថា៖

«ខ្ញុំ​យល់​ថា​ ភាពយន្ត​នេះ​ពិត​ជា​សំខាន់​ណាស់ ដោយសារ​តែ​វា​មាន​តួ​អង្គ​គំរូ​មួយ​ដែល​ជា​ស្នូល​នៃ​សាច់រឿង។ ដូច្នេះ ឈុត​ វុទ្ធី​ គឺ​ជា​តួអង្គ​ដែល​មាន​ភាព​ក្លាហាន និង​បាន​បំផុស​ស្មារតី​ទៅ​ដល់​មនុស្ស​ជា​ច្រើន​រយ​នាក់នៅ​កម្ពុជា​ដែល​បាន​ស្គាល់​គាត់​ ដែល​បាន​ធ្វើ​តាម​គាត់ និង​ចង់​ឲ្យ​គាត់​ជួយ​ ជាពិសេស​នៅ​ពេល​ដែល​ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​ឬ​ការកាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍​របស់​ពួកគេ។​ ភាពយន្ត​មួយ​នេះ​ បាន​បំផុស​គំនិត​មនុស្ស​ជា​ច្រើន​ ក៏ព្រោះ​តែ​លោក​ ឈុត​ វុទ្ធី​ គឺ​ជា​វីរជន​ ក៏ព្រោះ​តែ លោក ឈុត​ វុទ្ធី ​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវ»។​

ភាពយន្ត​ឯកសារ​រឿង​ “I am Chut Wutty"​ ឬ​ «ខ្ញុំ​គឺ​ ឈុត វុទ្ធី»​ ​បាន​ចាប់​ផ្តើម​ថត​នា​ចុង​ឆ្នាំ​ ​២០១១​ ​គឺ​ពេល​ដែល​លោក​ ឈុត វុទ្ធី ​និង​បណ្តាញ​ការពារ​ព្រៃ​ឡង់​ដែល​មាន​សមាជិក​រាប់​រយ​នាក់​ក្នុង​ខេត្ត​ចំនួន​៤​ ចាប់​ផ្តើម​យុទ្ធនាការ​ដើរ​ល្បាត​ព្រៃ​ ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​ដែល​ពួក​គេ​យល់​ថា​ បាន​ទន្ទ្រាន​ព្រៃ​និង​កាប់​ឈើ​ក្រៅ​ដីសម្បទាន ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ។​ ​ប្រាំ​ខែ​ក្រោយ​ពី​យុទ្ធនាការ​ដ៏​ធំ​នោះ​បានចាប់​ផ្តើម​ ​លោក​ ឈុត វុទ្ធី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ​ពេល​ដែល​លោក​នាំ​អ្នក​យក​ព័ត៌មាន​កាសែត ​The Cambodia Daily​ ​ទៅ​ខេត្ត​កោះកុង​នោះ។​ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​បាញ់​សម្លាប់លោក​ ឈុត វុទ្ធី។​

ទស្សនា​សម្រង់​សង្ខេប​នៃ​ភាពយន្ត​នេះ៖


​កញ្ញា​ Fran Lambrick​ យល់​ថា ​វីរភាព​របស់​ ​លោក​ វុទ្ធី​ បាន​ជំរុញ​ឲ្យសកម្មជន​ព្រៃ​ឈើ​កម្ពុជា​ យក​គំរូ​តាម​ ​ហើយ​ភាព​ក្លាហាន​របស់​លោក​នៅ​ជាមួយ​ព្រៃ​ឡង់។​ ហើយការ​ងើប​ឡើង​របស់​ប្រជាពលរដ្ឋ​ក្នុង​ព្រៃ​ឡង់​ ​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​យ៉ាង​ច្រើន​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កម្ពុជា​និង​សារៈសំខាន់​នៃ​ការ​ការពារ​ព្រៃឈើ​ខ្មែរ។​ បណ្ឌិត ​Lambrick​ បន្ត​ថា​ ភាពយន្ត​ឯកសារ​នេះ​ក៏​បាន​ជំរុញ​ឲ្យ​មាន​អ្នក​ស្រឡាញ់​និង​ការពារ​ព្រៃ​ឈើ​ច្រើន​ទៀត​ផង​ដែរ។​

ផលិតករ​ភាពយន្ត​រូប​នេះ​ពន្យល់​ថា៖

​«ខ្ញុំ​គិត​ថា​ ភាព​យន្ត​នេះ​ពិត​ជា​បាន​បំផុស​ស្មារតី​ដល់​អ្នក​ទស្សនា​ប្រាកដ​មែន។​ ជាក់ស្តែង​មាន​អ្នក​ទស្សនា​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា​ ពួក​គេ​យល់​ថា​ ភាពយន្ត​នេះ​មាន​ចំណុច​បំផុស​ស្មារតី​ដល់​ពួកគេ។​ អ្នក​ខ្លះ​យល់​ថា ​រឿង​នេះជា​សោកនាដកម្ម​ ព្រម​ទាំង​គួរ​ឲ្យ​ភ័យ​ខ្លាច​ខ្លះ​ផង​ ដោយសារ​តែ​មានឈុត​ លោក​ ឈុត វុទ្ធី​ រង​ការ​វាយ​ប្រហារ​ដោយ​អំពើ​ហិង្សា។ ​ខ្ញុំ​ក៏​យល់​ដូច​គ្នា​ដែរ​ ការ​ធ្វើ​ការ​ជិតស្និទ្ធ​ក្នុង​រឿង​នេះ​ ខ្ញុំ​ឃើញ​ថា​ មាន​ចំណុច​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លាច​ ​តែ​វា​ក៏​ជា​ចំណុច​ដែល​បំផុស​ស្មារតី​អ្នក​មើល​ដែរ។ ខ្ញុំ​យល់​ថា​ មនុស្ស​គួរ​តែ​អាច​ឆ្លង​ផុត​ពី​ភាព​ភ័យ​ខ្លាច​នោះ។ ​ហេតុ​នេះ​ ​ខ្ញុំ​គិត​ថា​ មនុស្ស​មាន​ប្រតិកម្ម​ឆ្លើយ​តប​ខុសៗ​គ្នា​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​នឹង​អាច​មាន​ការ​ឆ្លើយ​តប​កាន់​តែ​សកម្ម និង​ប្រសើរ​ឡើង»។​

​ក្នុង​ឈុត​មួយ​នៃ​ខ្សែ​ភាពយន្ត ​"I am Chut Wutty"​ គឺ​ក្រោយ​ពី​ហេតុការណ៍​ហិង្សា​លើ​រូប​លោក​ នា​ឆ្នាំ​២០១១​ លោក​ ឈុត វុទ្ធី ​បាន​ប្រាប់​នាង​ Fran Lambrick​ យ៉ាង​ដូច្នេះ​ថា៖

«ដូច​ព្រឹក​មិញ​អ៊ីចឹង​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​កន្លែង​នោះ​ ​ទីលាន​នោះ​មួយ​ ដើម្បី​ជូន​ដំណើរក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​ ដែល​គាត់​ខំ​ធ្វើ ​ជា​ពិសេស​ក្រុម​ការពារ​ព្រៃ​ឡង់​នោះ​ ជូន​ដំណើរ​គាត់​ ​គាត់​មាន​ការ​សប្បាយ​ចិត្ត ​ហើយ​គាត់​មាន​កា​ជូន​ពរ ​ការពារ​ ចង​សំបើម​ណាស់​ ជូន​ពរ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខ​ ​ហើយ​ថែរក្សា។​ ហើយ​បើ​អត់​មាន​ខ្ញុំ ​គាត់​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ។​ ម៉្លោះ​ហើយ​គាត់​អត់​មាន​សង្ឃឹម​អ្នក​ណា​ទេ​ ​ពេល​បច្ចុប្បន្ន​គឺ​សង្ឃឹម​លើ​ខ្ញុំ។​ អ៊ីចឹង​ជា​លក្ខណៈ​មួយ​ ខ្ញុំ​ចង់​បញ្ជាក់​ឡើង​វិញ​ថា​ ចំពោះ​ការងារ​នេះ​ ខ្ញុំ​ពិបាក​ក្នុង​ការ​ទម្លាក់​ចោល​ បើ​ខ្ញុំ​មិន​ធ្វើ​ មិន​សូវ​មាន​អ្នក​ចូល​ចិត្ត​ធ្វើ​ទេ​ ​ពី​ព្រោះ​គេ​ខ្លាច​ក្នុង​ការ​ធ្វើ​ការងារ​ហ្នឹង»។​

យ៉ាង​ណា​ក៏​ដោយ​ ភាពយន្ត​ឯកសារ​រឿង​«ខ្ញុំ​គឺ​ឈុត វុទ្ធី»​ នេះ​ គ្រោង​នឹង​បញ្ចាំង​ជា​សាធារណៈ​នា​ផ្ទះ​មេត្តា (Meta House) ​ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់​កម្ពុជា ​នា​ល្ងាចថ្ងៃ​ពុធ​នេះ​ ក៏​ប៉ុន្តែ​ការ​បញ្ចាំង​ជា​សធារណៈ​នេះត្រូវ​បាន​ហាមប្រាម​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។​

អ្នកនាំ​ពាក្យ​នៃ​ក្រសួង​វប្បធម៌​ ​និង​ ​វិចិត្រសិល្បៈ​ លោក​ ថៃ នរៈសត្យា​ បាន​អះអាង​ប្រាប់ ​VOA​ ថា​ការ​ដាក់​បញ្ចាំង​នេះ​ គឺ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ហើយ​ ​វា​ក៏​រំលោភ​លើ​អនុស្សរណៈ​របស់​ក្រសួង​និង​ផ្ទះ​មេត្តា​នៃ​ជា​មជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់។​

លោក​ ថៃ នរៈសត្យា ថ្លែង​ថា៖

«ឈរ​លើ​មូលដ្ឋាន​អត់​មាន​ច្បាប់​ហ្នឹង​ ​ហើយ​ដែល​យើង​ធ្វើ​ការ​ហាម​ឃាត់​ ​ហើយ​យើង​សុំ​ឲ្យ​គាត់​ ថ្ងៃ​ក្រោយៗ​ទៅ​អនុវត្ត​ច្បាប់​ផង។​ កុំ​ឲ្យ​តែ... ​កន្លង​មក វា​មាន​ហើយ​ ​មុន​ហ្នឹង​មាន​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង​ ​យើង​ឃើញ​ថា ​ធ្លាប់​មាន​ NGO ​មួយ​ចំនួន​ ​រួម​ទំាង ​Meta House​ ផង​ដែរ​ ​ដែល​មិន​បាន​រវី​រវល់​មិន​ពាក់​ព័ន្ធ​នឹង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ អំពី​ការ​កសាង​ស្នាដៃ​អំពី​ការ​កសាង​វីដេអូ​អី​នោះ​ទេ»។​

លោក​បន្ថែម​ថា៖​

«អញ្ចឹង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ​បាន​បញ្ជាក់​រួច​ហើយ​ថា​ នឹង​ចាត់​វិធាន​ការ​ម៉ឺងម៉ាត់តាម​ផ្លូវ​ច្បាប់​ក្នុង​ករណី​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​អាល្លឺម៉ង់​នៅ​តែ​រំលោភ​លើ​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

បើ​ទោះ​បី​ជា​លោកមិន​បាន​ទស្សនា​ភាពយន្ត​ឯក​សារ«ខ្ញុំ​គឺ​ឈុត វុទ្ធី»​ ​នេះ​ក៏​ដោយ​ លោក​ ​ថៃ​ ​នរៈសត្យា​ ឲ្យ​ដឹង​ផង​ដែរ​ថា​ ​ភាពយន្ត​ឯកសារ​នេះ​គឺ​ផលិត​ឡើងដោយ​មិន​មាន​ច្បាប់​អនុញ្ញាតិ​ ​និង​មិន​បាន​ធ្វើ​ការ​សុំ​សិទ្ធិ​ពី​ក្រសួង​នោះ​ទេ ហើយ​នេះ​គឺ​ជា​ការ​រំលោភ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

ឆ្លើយ​តបនឹង​ការ​បញ្ឈប់​និង​ការ​ហាមប្រាម​មិន​ឲ្យ​បញ្ចាំង​រឿង​នេះ​ ​បណ្ឌិត​ Fran Lambrick​ ​អ្នក​ដឹកនាំ​ផលិត​ភាព​យន្តឯកសារ "I am Chut Wutty"​ បា​និយាយ​ថា​ កញ្ញា​និង​ក្រុម​ការងារ​របស់​នាង​កំពុង​ទំនាក់ទំនង​និង​សុំ​ការ​អនុញ្ញាតិ​ពី​ក្រសួង​ឲ្យ​មានការ​ដាក់​បញ្ចាំង​រឿង​នេះ​ផងដែរ។​

​នាង​បន្ត​ថា៖

​«ខ្ញុំ​គិត​ថា​ ​ខ្សែ​ភាយន្ត​នេះ​គួរ​តែ​អនុញ្ញាតិ​ឲ្យ​ចាក់​បញ្ចាំង​ ពី​ព្រោះ​ភាពយន្ត​នេះ​ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា​ជា​ច្រើន។ ​វា​មិន​មែន​ជា​រឿង​ដែល​បង្ហាញ​ពី​ការ​គាប​សង្កត់​ដល់​វីរជន​នៃ​កម្ពុជា​នោះ​ទេ​ តែ​ជា​ការ​ឲ្យ​តម្លៃ​ពួក​គេ​ និង​ផ្សព្វផ្សាយអំពី​ពួកគេ​ទៅ​កាន់​ពិភពលោក»។​

កញ្ញា​ថា​ ដើម្បី​កាន់​ទុក្ខ​ខួប​បួន​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ ឈុត​ វុទ្ធី​ នា​ថ្ងៃ​ទី​២៦​ ខែ​មេសា​នេះ​ ​ក្រុម​ការងារ​របស់​នាង​នឹង​ដាក់​ខ្សែរ​ភាពយន្ត​នេះ​លើ​អ៊ីនធឺណិត​ ​ដែល​ជន​គ្រប់រូប​អាច​រក​មើល​បាន។​ ជាង​នេះ​ទៅ​ទៀត ​បណ្ឌិត ​Fran Lambrick ​ថា​ ក្រុម​ការងារ​នាង​នឹង​ធ្វើ​ការ​បង្ហោះ​វីដេអូ​ទាំង​អស់​លើ​បណ្តាញ Youtube ​និង ​Facebook។​

​បួន​ឆ្នាំ​បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក ​ឈុត វុទ្ធី ​ ​និង​ការ​ពុះពារ​ក្នុង​ការ​ថែរក្សា​ព្រៃ​ឈើ​របស់​បណ្ដាញ​សហគមន៍ព្រៃ​ឡង់​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ព្រៃ​ឡង់​ដែល​នៅ​សេសសល់​ជា​តំបន់​ព្រៃ​ការពារ​និង​អភិរក្ស៕

No comments: