A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 April 2016

កុមារ​ជាង​១​ពាន់​នាក់​នៅ​ពោធិ៍សាត់​ស្ថិត​ក្នុង​ការ​តាមដាន​លើ​ភាព​លូតលាស់


ដោយ ជិន ជេដ្ឋា
2016-04-08

សិស្ស ពោធិ៍សាត់ ៨៥៥ ២០១៦
សិស្សានុសិស្ស តំណាង​សហគមន៍ អាជ្ញាធរ​ពាក់ព័ន្ធ ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​គម្រោង​បង្ការ​ភាព​ក្រិះ​ក្រិន​លើ​កុមារ នៅ​ខេត្ដ​ពោធិ៍សាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦។
 RFA/Chin Chetha


យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន រួម​បញ្ចូល​គ្នា​របស់​គម្រោង "នូរីស” ក្រោម​ប្រធាន​បទ "លូតលាស់​ទាំង​អស់​គ្នា" នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) កំពុង​តាមដាន​ដាន​លើ​ភាព​លូតលាស់​របស់​កុមារ​ក្រោម​អាយុ ២​ឆ្នាំ ជាង ១​ពាន់​នាក់​នៅ​ស្រុក​ចំនួន​ពីរ នៃ​ខេត្ត​ពោធិ៍សាត់ គឺ​ស្រុក​កណ្ដៀង និង​ស្រុក​បាកាន។

អាជ្ញាធរ និង​តំណាង​អង្គការ​មួយ​នេះ ប្ដេជ្ញា​រួម​គ្នា​ផ្ដល់​ចំណេះដឹង​ដល់​មាតាបិតា​នៅ​តាម​សហគមន៍​ក្នុង​ការ​ថែទាំ​កុមារ និង​ផ្ដល់​ចំណី​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ជំងឺ​ក្រិះ​ក្រិន ដែល​សម្ពោធ​ឲ្យ​ដំណើរ​ជា​ផ្លូវការ​គម្រោង​នេះ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា។

តំណាង​អង្គការ​សង្គ្រោះ​កុមារ បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ជំងឺ​ក្រិះ​ក្រិន​របស់​កុមារ​កម្ពុជា ដោយសារ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ ខណៈ​កុមារ​កម្ពុជា ចំនួន ៣២​ភាគរយ មាន​ស្ថានភាព​ក្រិះ​ក្រិន។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ខាតបង់​ថវិកា​ជាតិ​ប្រមាណ ១២៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ក្នុង​មួយ​ឆ្នាំៗ។

មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់ទំនង និង​គ្រប់គ្រង​ផ្នែក​ចំណេះដឹង​នៃ​អង្គការ​សង្គ្រោះ​កុមារ គឺ​អ្នកស្រី សេន ហ្សឺនសាហី មាន​ប្រសាសន៍​ថា គម្រោង​បង្ការ​ភាព​ក្រិះ​ក្រិន​ដំណើរការ​នៅ​ខេត្ត​ពោធិ៍សាត់ បាន ១​ឆ្នាំ​កន្លះ ហើយ​គម្រោង​នឹង​បន្ត​រយៈ​ពេល ៣​ឆ្នាំ​កន្លះ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព និង​ប្ដូរ​ឥរិយា​បទ​របស់​សហគមន៍។



អ្នកស្រី​ថា អង្គការ​បាន​ចាប់​ដៃគូ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​ចំនួន​បី​ទៀត គឺ​មន្ទីរ​សុខាភិបាល មន្ទីរ​អភិវឌ្ឍន៍​ជនបទ និង​មន្ទីរ​កសិកម្ម ដើម្បី​អនុវត្ដ​គម្រោង ឬ​យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន​លើ​កុមារ​នេះ៖ «បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ជួប​ប្រទះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយសារ​ក្នុង​ចំណោម​កុមារ​បី​នាក់ មាន​កុមារ​ម្នាក់​ហើយ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ មូលហេតុ​ដោយសារ​ស្ត្រី​មិន​បាន​ទទួល​អាហារូបត្ថម្ភ​គ្រប់គ្រាន់​នៅ​ពេល​មាន​ផ្ទៃ​ពោះ ហើយ​មិន​បាន​ទទួល​សេវា​សុខភាព​ប្រកប​ដោយ​គុណភាព និង​ទាក់ទង​នឹង​ស្ថានភាព​អនាម័យ​របស់​គាត់»។

ទាក់ទង​នឹង​ការ​អនុវត្ត​គម្រោង​នេះ អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ពេជ្រ ហន ថ្លែង​ថា សក្ដានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​ពោធិ៍សាត់ មាន​បី គឺ​វិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​លទ្ធភាព​រក​ប្រាក់ ឬ​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​សុខភាព​កូន​តូចៗ។ លោក​បន្ទោស​ថា ពលរដ្ឋ​ដែល​រស់នៅ​ជិត​ប្រភព​ទឹក ឬ​ត្រី​សាច់​ខ្លះ មិន​សូវ​ចេះ​កែច្នៃ ឬ​ផ្ដល់​អាហារ​ត្រឹមត្រូវ​ដល់​កូន​តូចៗ​នោះ​ទេ។

លោក ពេជ្រ ហន បញ្ជាក់​ថា រូប​លោក និង​អភិបាល​ខេត្ត​ពោធិ៍សាត់ នឹង​ជ្រោមជ្រែង​លើ​យុទ្ធនាការ​បង្ការ​ភាព​ក្រិះ​ក្រិន​របស់​កុមារ ដើម្បី​ឲ្យ​គម្រោង​នេះ​អប់រំ​ដល់​មាតាបិតា និង​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «យើង​ជំរុញ​តែ​រឿង​អាហារូបត្ថម្ភ។ ប៉ុន្តែ​អា​បញ្ហា​ចំណាក​ស្រុក​គួរ​លើក​ពី​បញ្ហា​នេះ! ដូច​កើត​កូន​បាន​បួន​ខែ​គាត់ (ម្ដាយ) យក​ទៅ​ផ្ញើ​យាយ ព្រោះ​ខ្ញុំ និង​ប្ដី​ទៅ​ដក​ដំឡូង​ឲ្យ​គេ ឬ​ធ្វើ​ចំណាក​ស្រុក​បាន​ផ្ញើ​លុយ​មក​ក្នុង​១​ខែ ២០ ឬ ៣០​ម៉ឺន​រៀល ម៉ែ​ជួយ​មើល​កូន​ទៅ គាត់​អត់​ដឹង​ពី​បញ្ហា។ ប៉ុន្តែ​បើសិនជា​ម្ដាយ​នៅ​អាច​ផ្ដល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់»។

តំណាង​សហគមន៍ និង​ជា​សមាជិក​ទ្រទ្រង់​សុខភាព​ភូមិ​កញ្ជរ​ម្នាក់​មក​ពី​ស្រុក​កណ្ដៀង គឺ​លោកស្រី ពុំ ពិចិត្ត ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​លោកស្រី​មាន​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ជា​ច្រើន​នាក់ ប៉ុន្តែ​កុមារ​ដែល​មាន​ស្ថានភាព​ក្រិះ​ក្រិន​​មាន​ពីរ​នាក់។ លោកស្រី​ថា នឹង​ផ្សព្វផ្សាយ​នូវ​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​អង្គការ និង​មន្ត្រី​ជំនាញ​សុខាភិបាល​ទៅ​អាណាព្យាបាល​កុមារ ដើម្បី​បង្ការ​ភាព​ក្រិះ​ក្រិន៖ «សព្វថ្ងៃ​នេះ​កុមារ​ក្នុង​សហគមន៍​ខ្ញុំ​មាន​ការ​ខ្វះខាត ប៉ុន្តែ​ចាប់​តាំង​ពី​ពួក​ខ្ញុំ​បាន​ចុះ​ផ្សព្វផ្សាយ​ក្នុង​សហគមន៍​មក មាន​មាតាបិតា​ហ្នឹង​ចេះ​អប់រំ​កូន និង​ចេះ​ធ្វើ​អាហារ​ដើម្បី​កូន​ហូប​ឲ្យ​មាន​សុខភាព​ល្អ ជៀស​ផុត​ពី​ភាព​ក្រិះ​ក្រិន»។

មន្ត្រី​អង្គការ​សង្គ្រោះ​កុមារ ឲ្យ​ដឹង​ថា គម្រោង​បង្ការ​ភាព​ក្រិះ​ក្រិន កំពុង​ត្រូវ​បាន​អនុវត្ត​នៅ​ខេត្ត​សៀមរាប បាត់​ដំបង និង​ខេត្ត​ពោធិ៍សាត់។ ជំងឺ​ក្រិះ​ក្រិន​ធ្វើ​ឲ្យ​កុមារ​មិន​លូតលាស់​ទាំង​រាងកាយ ស្មារតី និង​លទ្ធភាព​ការងារ ហើយ​មិន​អាច​ព្យាបាល​បាន​នោះ​ទេ។ ប៉ុន្តែ​ភាព​ក្រិះ​ក្រិន អាច​បង្ការ​បាន​នៅ​អំឡុង​ពេល ១​ពាន់​ថ្ងៃ​ដំបូង នៃ​ជីវិត គឺ​ចាប់​ពី​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ រហូត​ដល់​កុមារ​មាន​អាយុ ២​ឆ្នាំ៕

No comments: