ដោយ យាង សុជាមេត្តា
2016-04-16

លោក ឈុត វុទ្ធី បង្ហាញរូបថតស្ដីពីសកម្មភាពកាប់ឈើនៅកម្ពុជា នៅក្នុងការិយាល័យរបស់លោក នារាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១។ RFA/Tin Zakariya
RFA/Tin Zakariya
មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) គ្រោងដាក់បញ្ចាំងវីដេអូឯកសារពីជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១២។
ក្នុងសេចក្តីប្រកាសដែលមជ្ឈមណ្ឌលមេត្តាហោស៍ ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន ឲ្យដឹងថា វីដេអូឯកសារនេះនឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃពុធ ទី២០ ខែមេសា នាមជ្ឈមណ្ឌលមេត្តាហោស៍ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់។
វីដេអូឯកសារដែលមានចំណងជើងជាភាសាអង់គ្លេសថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី គឺជាការផលិតរបស់ជនបរទេសឈ្មោះ ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks)។ ឯកសារនេះ នឹងបង្ហាញពីសកម្មភាពរបស់ លោក ឈុត វុទ្ធី មុនពេលលោកត្រូវបានឃាតកបាញ់សម្លាប់ ពីបទសម្ភាសន៍ជាមួយសកម្មជនការពារធនធានធម្មជាតិ និងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ។
លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់កាលពីខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង ក្នុងពេលលោកចុះស៊ើបអង្កេតករណីកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់មួយចំនួន។ លោកត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលបានធ្វើការយ៉ាងសកម្មក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា៕
No comments:
Post a Comment