ដោយ យ៉ង ចា

ក្រុមយុវជនចូលរួមវេទិកាយុវជន ស្ដីពីពរជ័យកំណប់ធនធាន នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) រៀបចំវេទិកាយុវជន ស្ដីពីពរជ័យកំណប់ធនធាន នៅព្រឹកថ្ងៃទី៣ មេសា នាវិទ្យាស្ថានជាតិអប់រំ ដើម្បីផ្តល់ឱកាសឲ្យយុវជនបានទទួលចំណេះដឹងពីការវិវឌ្ឍន៍នៃវិស័យប្រេងកាត ឧស្ម័ន និងរ៉ែនៅកម្ពុជា។ ក្រុមយុវជន បានសម្ដែងការព្រួយបារម្ភផ្សេងៗគ្នា ទាក់ទងនឹងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងតម្លាភាពនៃការគ្រប់គ្រងចំណូល។
ក្រុមយុវជនជាង ១០០នាក់ដែលរួមមានព្រះសង្ឃខ្លះផង ចូលរួមវេទិកា “ពរជ័យកំណប់ធនធាន” ដើម្បីស្វែងយល់អំពីយន្តការ និងយុទ្ធសាស្ត្រនានាក្នុងការគ្រប់គ្រងចំណូលពីវិស័យឧស្សាហកម្មនិស្សារណកម្មប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ពួកគេយល់ឃើញស្រដៀងគ្នាថា វិស័យឧស្សាហកម្មនិស្សារណកម្ម នឹងផ្តល់ប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋកម្ពុជា ទូទៅ បើសិនជារដ្ឋាភិបាលអាចគ្រប់គ្រងវិស័យនេះបានដោយត្រឹមត្រូវ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេក៏លើកឡើងពីការបាត់ទំនុកចិត្តមួយចំនួនដែរ ទាក់ទងនឹងការបិទបាំងព័ត៌មាន និងការរារាំងពីសំណាក់អាជ្ញាធរ មិនឲ្យពួកគេចុះទៅសិក្សាផ្ទាល់ដល់កន្លែងធ្វើអាជីវកម្មរ៉ែ។
យុវជនម្នាក់ គឺលោក តាក បូរាជ ដែលធ្លាប់បានចុះទៅដល់តំបន់ជីករករ៉ែមួយកន្លែងនៅខេត្តព្រះវិហារ ដែលត្រូវបានអាជ្ញាធរហាមឃាត់ បានលើកឡើងថា លោកពិបាកនឹងទទួលយកការបកស្រាយបែបវិជ្ជមានរបស់មន្ត្រីរដ្ឋាភិបាល ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មរ៉ែនៅតាមបណ្ដាខេត្ត ដោយហេតុថា ការធ្វើអាជីវកម្មខ្លះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនៅតំបន់នោះ៖ «»។
យុវជនរូបនេះ ចង់ឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានឲ្យបានទូលាយទៅកាន់សាធារណជន និងលើកទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើនក្នុងវិស័យឧស្សាហកម្មនិស្សារណកម្មនេះ៖ «»។

វេទិកាយុវជន ស្ដីពីពរជ័យកំណប់ធនធាន នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។ RFA/Yang Chandara
យុវនិស្សិតម្នាក់ទៀតឈ្មោះ ហឿ ប៊ុនហេង ដែលធ្លាប់ទៅកាន់តំបន់ជីករករ៉ែនៅខេត្តព្រះវិហារ ដែរនោះ បញ្ចេញយោបល់ថា រដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់នូវការធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ បើមិនដូច្នេះទេ ធនធានរ៉ែទាំងនោះនឹងត្រូវបាត់បង់ ឬអាចផ្តល់ផលតិចតួចប៉ុណ្ណោះដល់សង្គម៖ «»។
ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មរ៉ែ ចែងថា ការផ្តល់អាជ្ញាប័ណ្ណត្រូវបានបែងចែកជា ៦ប្រភេទរួមមាន អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ អាជ្ញាប័ណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្ម អាជ្ញាប័ណ្ណអាជីវកម្មរ៉ែត្បូងថ្មមានតម្លៃ អាជ្ញាប័ណ្ណកែច្នៃធនធានរ៉ែ អាជ្ញាប័ណ្ណស្វែងរុករក និងអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។
ទាក់ទិននឹងបញ្ហានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា អះអាងថា ក្រសួងបានដាក់អាទិភាពជាចម្បងក្នុងការលុបបំបាត់ការធ្វើអាជីវកម្មរ៉ែបែបអានាធិបតេយ្យ ប៉ុន្តែលោកបញ្ជាក់ថា កិច្ចការនេះជួបប្រទះបញ្ហាប្រឈមសំខាន់មួយ គឺកង្វះខាតព័ត៌មានស្ដីពីការធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់៖ «»។
លោក ឌិត ទីណា បញ្ជាក់ទៀតថា ប្រាក់ចំណូលមិនមែនពន្ធដែលក្រសួងរ៉ែ និងថាមពល ប្រមូលបានក្នុងឆ្នាំ២០១៥ មានចំនួនជាង ១៧លានដុល្លារ ហើយថវិកាទាំងនេះត្រូវបញ្ចូលទៅក្នុងខ្ទង់នៃថវិកាជាតិសម្រាប់ការចំណាយនៅឆ្នាំបន្ទាប់៖ «»។
ឯកសារទស្សនទានរបស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បញ្ជាក់ថា វិស័យប្រេងកាត ឧស្ម័ន និងរ៉ែ ឬដែលភាសាបច្ចេកទេសហៅថា ឧស្សាហកម្មនិស្សារណកម្ម គឺជាវិស័យដែលមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង។ ឧស្សាហកម្មនិស្សារណកម្ម គឺទាក់ទងទៅនឹងការដកហូតនូវវត្ថុធាតុដើម តាមរយៈប្រតិបត្តិការទាញយកនូវប្រេងកាត ឧស្ម័ន និងរ៉ែក្រោមដី ហើយវាគឺជាវិស័យមួយដែលអាចនឹងផ្តល់ពរជ័យ ឬវិនាសកម្មដោយផ្អែកទៅលើថា តើប្រទេសនោះមានយន្តការក្នុងការគ្រប់គ្រងការធ្វើអាជីវកម្ម និងប្រាក់ចំណូលបានកម្រិតណា៕
No comments:
Post a Comment