សំរាមដែលរាយប៉ាយនៅក្នុងបរិវេណអង្គរក្រោយពេលព្រឹត្តិការអង្គរសង្ក្រាន្ដ។ រូបថត ហ្វេសប៊ុក |
ក្លិនអសោចកេរ្តិ៍
Thu, 28 April 2016 ppp
«រមណីយដ្ឋានស្អាត សេវាល្អ» ជាពាក្យស្លោកសម្រាប់ដាស់អារម្មណ៍មនុស្សខ្មែរឱ្យយកចិត្តទុកដាក់សម្អាតលំនៅឋានទីសាធារណៈ និងរមណីយដ្ឋានឱ្យមានសោភណភាពល្អ និងខិតខំបម្រើសេវាគ្រប់ប្រភេទប្រកបដោយចរិយាធម៌ និងអំណររីករាយដល់ភ្ញៀវទាំងជាតិទាំងអន្តរជាតិដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ តាមរយៈពាក្យស្លោកនេះវាពិតជាបានជួយជំរុញឱ្យមានការកែលម្អខ្លះៗដែរទាំងផ្នែកសេវាកម្ម និងបរិស្ថាន។
តែហាក់មិនទាន់បានជ្រួតជ្រាបទូលំទូលាយនៅឡើយ ទាំងពលរដ្ឋសាមញ្ញ អាជ្ញាធរ និងថ្នាក់ដឹកនាំ។ ពេលមានកម្មវិធីធំម្តងៗគេសង្កេតឃើញមានកាកសំណល់រាយប៉ាយពាសវាលពាសកាល និងក្លិនគ្រប់រសជាតិមានទាំងស្អុយ ឆ្អេះ ជូរផ្អូម និងក្លិនផ្អួរ។ ជាក់ស្តែងក្នុងកម្មវិធីអង្គរសង្ក្រាន្តដែលបានរៀបចំនៅឯខេត្តសៀមរាបនាបរិវេណអង្គរវត្ត និងអង្គរធំនៅឆ្នាំនេះគឺមានករណីដូចខាងលើកើតឡើង។
តាមរយៈការចូលរួមផ្ទាល់ និងការសង្កេតតាមដានកម្មវិធីអង្គរសង្ក្រាន្តបីឆ្នាំជាប់ៗគ្នាឃើញថាការរៀបចំកម្មវិធីមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំផ្នែកទស្សនីយភាព និងសណ្តាប់ធ្នាប់ទាំងមុនពេល និងអំឡុងពេលដំណើរការកម្មវិធី។ តែផ្នែកអនាម័យ និងបរិស្ថានវិញទាំងក្នុងពេលដំណើរការ និងក្រោយពេលចប់កម្មវិធីនៅមានភាពខ្វះចន្លោះច្រើនស្ទើរពុំគួរឲ្យជឿ។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងជាតិទាំងអន្តរជាតិបានចូលរួមទស្សនាកម្សាន្តច្រើនកកកុញ។
អ្នកខ្លះបានចម្អិនម្ហូបយកមកពីផ្ទះ អ្នកខ្លះបានទិញនៅតាមស្តង់ ឬតូបលក់ម្ហូបអាហារហើយយកទៅញ៉ាំនៅតាមកន្លែងផ្សេងៗក្បែរបរិវេណប្រាសាទបុរាណដែលគេប្រារព្ធពិធីអង្គរសង្ក្រាន្ត។ ធម្មជាតិមនុស្ស សត្វគឺផឹកស៊ី ជុះនោម។
អាការធម្មជាតិនេះមានឥទ្ធិពលជាងបញ្ជាស្តេចទៅទៀតពេលវាបញ្ចេញអាការនេះហើយទាំងមនុស្ស ទាំងសត្វ ទាំងរាស្ត្រ ទាំងមន្ត្រី ទាំងស្តេច ត្រូវតែរកកន្លែងបន្ទោបង់ចេញ។
តែជាអកុសលសម្រាប់អ្នកចូលរួមកម្មវិធីអង្គរសង្ក្រាន្តមិនអាចរកបង្គន់សម្រាប់បន្ទោបង់បានទាន់ពេលឡើយព្រោះមិនមានចំនួនគ្រប់គ្រាន់ដោយអ្នករៀបចំកម្មវិធីមិនបានចាត់ចែងឲ្យមានបង្គន់ចល័តបន្ថែមលើបង្គន់ដែលមានស្រាប់ដ៏តិចតួច និងខ្លះមានតែបង្គន់តែមិនមានទឹកក្នុងបង្គន់ទេ។ ដូច្នេះគេមានតែបង្ខំចិត្តរកគុម្ពោតព្រៃ ឬកន្លៀតណាមួយដោះទាល់មួយគ្រាដើម្បីកុំឲ្យពិបាកត្បៀត និងក្តៅខ្លួនយូរ។
ចំណែកឯកាកសំណល់សំរាមវិញក៏មិនណយដែរបន្ទាប់ពីហូបចុកឆ្អែតអ្នកខ្លះក៏បានប្រមែប្រមូលទុកដាក់ដល់ធុងសំរាម និងខ្លះទៀតបានប្រមូលយកទៅទុកដែរតែធុងសំរាមពេញហៀរអស់ទៅហើយរីឯអ្នកខ្លះទៀតក៏បានបន្សល់ទុកកាកសំណល់រាយប៉ាយត្រង់នេះមួយដុបត្រង់នោះមួយដុបនៅតាមកន្លែងដែលពួកគេបានអង្គុយស៊ីរៀងៗខ្លួន។
ពេលវេលាកន្លងផុតទៅទាំងកាកសំណល់ដែលបានបញ្ចេញតាមទ្វារមុខ និងទ្វារក្រោយរបស់មនុស្សនិងកាកសំណល់ម្ហូបអាហារដែលនៅសល់សន្ធឹកសន្ធាប់បានសាយភាយនូវក្លិនអសោចគ្រប់រសជាតិនៅជុំវិញប្រាសាទបុរាណដែលជាទីសក្ការៈដ៏ស័ក្តិសិទ្ធិសម្រាប់ពលរដ្ឋខ្មែរគ្រប់រូបទីរមណីយដ្ឋានប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។
សរុបមកវិញល្មមដល់ពេលហើយដែលពលរដ្ឋខ្មែរម្នាក់ៗត្រូវចូលរួមសម្អាតបរិស្ថាន និងថែរក្សាអនាម័យទាំងនៅផ្ទះខ្លួនឯង និងនៅទីសាធារណៈផ្សេងហើយក៏ល្មមដល់ពេលដែរសម្រាប់អាជ្ញាធរ និងថ្នាក់ដឹកនាំក្នុងការចាត់ចែងផែនការការងារប្រកបដោយចំណេះដឹង សតិសម្បជញ្ញៈនិងមនសិការក្នុងការសម្អាតបរិស្ថាន និងអនាម័យសាធារណៈ។
រាល់កម្មវិធីត្រូវរៀបចំគ្រប់ជ្រុងឲ្យបានល្អទាំងមុនពេលអំឡុងពេលដំណើរការ និងក្រោយបញ្ចប់កម្មវិធី។ ត្រូវរៀបចំឲ្យបានល្អទាំងមុខ និងក្រោយឆាក។ សម្ដីបញ្ជ្រាបនយោបាយប៉ុន្មានម៉ាត់របស់ពួកពិធីករ និងពិធីការិនីមិនមានឥទ្ធិពលទេដោយសារតែភាពស្មោកគ្រោកនេះឯង៕
ខេមរា, អ៊ីមែលៈ khemraangkor@hotmail.com
No comments:
Post a Comment