ដោយ រដ្ឋា វិសាល
2016-03-26

សហគមន៍ភូមិគងធំ និងភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លើកបដាប្រឆាំងក្រុមហ៊ុនស្រាវជ្រាវរ៉ែរបស់ប្រទេសអូស្ត្រាលី កាលពីនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
RFA/Ratha Visal
ប្រជាពលរដ្ឋពីរភូមិ នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាង ១០០នាក់ បាននាំគ្នាដើរចេញពីកិច្ចប្រជុំស្វែងរកដំណោះស្រាយពាក់ព័ន្ធគម្រោងសិក្សាស្រាវជ្រាវរ៉ែលោហៈរបស់ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold)។ អ្នក ភូមិប្រកាន់ជំហរមិនអនុញ្ញាតឲ្យក្រុមហ៊ុនចូលទៅសិក្សាស្រាវជ្រាវរ៉ែលោហៈនៅក្នុងតំបន់អ្នកភូមិរស់នៅ និងតំបន់សហគមន៍អភិរក្ស។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការជិតស្និទ្ធជាមួយសហគមន៍ជនជាតិដើមភាគតិចភូមិគងធំ និងភូមិប្លង់ សំដែងការសោកស្ដាយ និងចាត់ទុកទង្វើសហគមន៍នាំគ្នាដើរចេញពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ថាជាចេតនាមិនល្អ មិនស្ដាប់ហេតុផលដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌ល្អនៃជនជាតិដើមភាគតិច។
អង្គការទាំង៤ ដែលសំដែងការសោកស្ដាយនេះមានការិយាល័យនៅខេត្តរតនគិរី រួមមានសមាគមខ្មែរលើ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការបណ្ដាញគាំទ្រសហគមន៍ជនជាតិដើមភាគតិច និងអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC)
ប្រធានសមាគមខ្មែរលើ អ្នកស្រី ដាំ ចន្ធី មានប្រសាសន៍បញ្ជាក់ថា គោលបំណងរបស់អ្នកស្រីគឺចូលរួមកិច្ចប្រជុំដើម្បីស្ដាប់ពីហេតុផលរបស់សហគមន៍ដែលជំទាស់មិនឲ្យក្រុមហ៊ុនចូលទៅស្រាវជ្រាវរ៉ែដើម្បីជួយស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះ ក៏ប៉ុន្តែអ្នកស្រីខកចិត្តដោយសារអ្នកភូមិមិនព្រមចូលរួមពិភាក្សាដោយសន្តិវិធី។
អ្នកស្រីបន្តថា នេះជាទង្វើថ្មីមួយទៀតដែលអ្នកភូមិប្រកាន់ជំហរដូចគ្នា គឺមិនទទួលជួបពិភាក្សាជាមួយមន្ត្រីសមាគមខ្មែរលើកន្លងទៅ៖ «សង្ឃឹមថា មកអង្គុយនៅពេលនេះយើងនឹងបានដឹងពីហេតុផលជាក់លាក់ជាមួយសហគមន៍ថា គាត់មានការលំបាកអ្វីខ្លះ បារម្ភអ្វីខ្លះ? ស្រាប់តែម្នាក់ៗយើងអត់ទាន់បញ្ចេញគំនិតយោបល់អ្វីផង គាត់នាំគ្នាចេញអស់ ខ្ញុំមិនធ្លាប់ឃើញដែរ»។
ដូចគ្នានេះដែរ មន្ត្រីអង្គការបណ្ដាញគាំទ្រជនជាតិដើមភាគតិចខេត្តរតនគិរី លោក វ៉ាត់ បូ កត់សំគាល់ថា អ្នកភូមិគួរតែចូលរួមស្ដាប់ហេតុផលពីភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែលចូលរួមសម្របសម្រួលទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។
លោកសំដែងការខ្មាសអៀនដែលលោកជាជនជាតិដើមមួយរូបបានឃើញទង្វើជនជាតិដើមភាគតិចដូចគ្នាប្រកាន់ជំហរមិនសមរម្យក្នុងកិច្ចដោះស្រាយបញ្ហាដោយសន្តិវិធី៖ «ឃើញស្ថានភាពបែបនេះ ខ្ញុំមិនដែលជួបប្រទះទេ ហើយក៏មានការខ្មាសអៀនក្នុងនាមជាជនជាតិដើមភាគតិចមួយរូបដែរ។ ទោះបីទទួល ឬមិនទទួល គួរតែគាត់ស្ដាប់ហេតុផលសិនដើម្បីមានការពិភាក្សាគ្នា»។
ក្រុមហ៊ុនអង្គរ ហ្គោល នៃប្រទេសអូស្ត្រាលី បានរៀបចំវេទិកាសម្របសម្រួលមួយដើម្បីពិភាក្សាជាមួយសហគមន៍ស្ដីពីការជំទាស់របស់អ្នកភូមិមិនឲ្យក្រុមការងារក្រុមហ៊ុនចុះស្រាវជ្រាវរ៉ែលោហៈក្នុងតំបន់ពួកគាត់រស់នៅ បើទោះបីក្រសួងរ៉ែ និងថាមពលចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនស្រាវជ្រាវក៏ដោយ។
អ្នកភូមិបាននាំគ្នាដើរចេញបន្ទាប់ពីអ្នកភូមិបង្ហាញបដាបីផ្ទាំងមានន័យបដិសេធមិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែជនជាតិដើមភាគតិចមានសិទ្ធិការពារដីធ្លីធនធានធម្មជាតិ និងចាត់ទុកធនធានធម្មជាតិជាអាយុជីវិតសហគមន៍៖ «នេះជាអាយុជីវិតជនជាតិដើមភាគតិច។ ជនជាតិដើមភាគតិចមានសិទ្ធិការពារដីធ្លី និងធនធានធម្មជាតិ»។
ទាក់ទិនការជំទាស់មិនចូលរួមពិភាក្សាគ្នានេះ មេឃុំប៉ាតេ លោក រម៉ាម យូត អះអាងថា កន្លងទៅអាជ្ញាធរមូលដ្ឋានភូមិឃុំបានអញ្ជើញអ្នកភូមិមកប្រជុំផ្សព្វផ្សាយពីគម្រោងសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន ក៏ប៉ុន្តែអ្នកភូមិតែងជំទាស់ ហើយចោទប្រកាន់មន្ត្រីអាជ្ញាធរថា ទទួលសំណូកពីក្រុមហ៊ុន។
លោកបន្តថា អាជ្ញាធរមូលដ្ឋានអស់លទ្ធភាពពន្យល់អ្នកភូមិ ទើបធ្វើរបាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរស្រុកជួយដោះស្រាយ៖ «គេនិយាយថា មិនព្រមៗ។ ខ្ញុំថា ទេ! ឥឡូវគេមកទទួលសំណូមពរសហគមន៍ មកទាំងអស់ទៅ។ ខ្ញុំប្រាប់ ខ្ញុំហៅហ្នឹង គេថាខ្ញុំស៊ុមគ្រលុំជាមួយក្រុមហ៊ុន»។
ក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន អង្គរ ហ្គោល សិក្សាស្រាវជ្រាវរ៉ែលោហៈលើផ្ទៃដីទំហំ ១៨៧គីឡូម៉ែត្រក្រឡា នៅតំបន់បរខាំ ស្រុកអណ្ដូងមាស ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ចាប់ពីថ្ងែចេញអាជ្ញាប័ណ្ណរហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦។ ក្នុងនោះបានហាមឃាត់ដាច់ខាតការស្រាវជ្រាវទៅលើដីកម្មសិទ្ធិរបស់រដ្ឋដែលកំណត់ថា ជាតំបន់វប្បធម៌ ទីតាំងប្រវត្តិសាស្ត្រ និងតំបន់បេតិកភណ្ឌជាតិ។ ដោយឡែកក្នុងការស្រាវជ្រាវទៅលើផ្ទៃដីជាកម្មសិទ្ធិឯកជន ក្រុមហ៊ុនត្រូវមានកិច្ចព្រមព្រៀងជាមួយម្ចាស់កម្មសិទ្ធិស្ដីពីមិនជ្រៀតជ្រែក និងប៉ះពាល់ទ្រព្យសម្បត្តិ ព្រមទាំងធ្វើការទូទាត់សំណងការខូចខាតទាំងឡាយដែលបណ្ដាលមកពីសកម្មភាពរបស់ក្រុមហ៊ុន។
ឆ្លើយតបចំពោះបញ្ហានេះ អគ្គនាយកក្រុមហ៊ុន អង្គរ ហ្គោល លោក ម៉ាយ៍ខ វីកស័ (Mike Weeks) សំដែងការសោកស្ដាយដែរ ដែលអ្នកភូមិមិនទាន់បានស្ដាប់ហេតុផលក្រុមហ៊ុន មន្ត្រីអាជ្ញាធរ និងអង្គការសង្គមស៊ីវិលដែលចូលរួមសម្របសម្រួលបញ្ហា ហើយនាំគ្នាដើរចេញ។ លោកថា ក្រុមហ៊ុនអនុវត្តគោលការណ៍គោរពច្បាប់ សិទ្ធិដីធ្លី និងសិទ្ធិមនុស្សជាមូលដ្ឋាន បើទោះបីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្របច្បាប់រួចហើយក្តី។
លោកថ្លែងថា ក្រុមហ៊ុនប្រកាន់ជំហរមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ហើយរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុនគឺមានការឯកភាព និងចូលរួមពីសហគមន៍៖ «សិទ្ធិកាន់កាប់ដីធ្លីគឺជាសិទ្ធិបងប្អូនជនជាតិដើម គេគោរព គ្មានការរំលោភសិទ្ធិទេ»។
នេះជាលើកទីបីហើយដែលសហគមន៍ភូមិគងធំ និងភូមិប្លង់ ប្រឆាំងទៅនឹងគម្រោងស្រាវជ្រាវរ៉ែ។ កាលពីចុងខែកក្កដា ឆ្នាំ២០១៥ សហគមន៍ភូមិតាំម្លូ ឋិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស បានបដិសេធដាច់ខាតទៅនឹងការសម្របសម្រួលរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន និងមន្ត្រីអង្គការសង្គមស៊ីវិល ទាក់ទិនគម្រោងសិក្សាស្រាវជ្រាវរ៉ែមាសរបស់ក្រុមហ៊ុនអង្គរ ហ្គោល បើទោះបីការសម្របសម្រួលឈរលើគោលការណ៍បីចំណុចស្ដីពីដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋជាមុនក្ដី។
យ៉ាងនេះក្តី អភិបាលរងស្រុកអូរយ៉ាដាវ ដែលបានចូលរួមសម្របសម្រួលកិច្ចពិភាក្សានៅថ្ងៃទី២៥ ខែមីនា អំពាវសុំឲ្យអាជ្ញាធរ ក្រុមហ៊ុន និងសង្គមស៊ីវិល ពិភាក្សារកដំណោះស្រាយអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យចូលរួមបញ្ហានេះជាថ្មីទៀត។ លោកថា អ្នកភូមិគួរចូលរួមផ្ដល់មតិយោបល់ពាក់ព័ន្ធអ្វីដែលអ្នកភូមិតវ៉ាដើម្បីភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយ៖ «ទង្វើរបស់បងប្អូនប្រជាពលរដ្ឋយើងមិនទាន់បានបង្ហាញពីគោលបំណងជាក់លាក់ផង គាត់ធ្វើអ៊ីចឹង បានន័យថា ជាទង្វើអាក្រក់»។
ទោះជាយ៉ាងណា តំណាងអង្គការទាំង៤ សន្យាថា នឹងរៀបចំកិច្ចពិគ្រោះយោបល់រវាងអង្គការទាំង៤ ដើម្បីស្វែងរកដំណោះស្រាយសមស្របផ្សព្វផ្សាយឲ្យអ្នកភូមិបន្តចូលរួមវេទិកាពិភាក្សានៅពេលក្រោយទៀត៕
No comments:
Post a Comment